រដ្ឋាភិបាលបញ្ជាទិញម៉ាស៊ីនបូមសំរាមមាត់សមុទ្រតម្លៃជាងកន្លះលានដុល្លារ

| |
https://vodhotnews.com

ម៉ាស៊ីនសម្អាតនៅតាមឆ្នេរសមុទ្រក្នុងប្រទេសអូស្ត្រាលី


រដ្ឋាភិបាលកំពុងបញ្ជារទិញឧបករណ៍​ប្រមូល​សំរាម​តាមមាត់​សមុទ្រ បន្ទាប់ពីមានបញ្ហាកំប្លោកអណ្តែតចូល​ក្នុង​ផ្ទៃសមុទ្រខេត្តព្រះសីហនុធ្វើឲ្យខូចសោភ័ណភាព។

ផុសនៅលើ Facebook កាលពីយប់មិញ សមាជិកព្រឹទ្ធសភា លោកឧកញ៉ា ម៉ុង ឫទ្ធី ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងដែនដីបានសួរយោបល់លោកទិញម៉ាស៊ីន​ប្រមូល​សំរាម​តាមមាត់​សមុទ្របីគ្រឿងពីប្រទេសអាល្លឺម៉ង់ដើម្បីយកទៅដាក់ប្រើនៅខេត្តព្រះស៊ីហនុ ខេត្តកំពត និងខេត្តកែប។

លោកឧកញ៉ា ម៉ុង រិទ្ធី ឲ្យ VOD ដឹងបន្ថែមនៅព្រឹកនេះថា លោកកំពុងបញ្ជាទិញឧបករណ៍គ្រឿងចក្រសម្រាប់ប្រើសំអាតសំរាមតាមឆ្នេរសមុទ្ររួមមានត្រាក់ទ័រអូសបីគ្រឿង ម៉ាស៊ីនបូមសំរាមបីគ្រឿង និងឡានបែនបីគ្រឿង។ លោកបញ្ជាក់ថា បើសរុបតម្លៃម៉ាស៊ីនទាំងអស់នេះគឺប្រហែលជាជាងកន្លះលានដុល្លារ ដោយថានេះគឺជាតម្លៃដើម។

លោកឲ្យដឹងទៀតថា គ្រឿងចក្រទាំងអស់នេះមកដល់ស្រុកខ្មែនិងដាក់ដំណើរការក្នុងរយៈពេល១០អាទិត្យខាងមុខនេះ ហើយលោកសង្ឃឹមថា បន្ទាប់ពីមានឧបករណ៍គ្រឿងម៉ាស៊ីនសំអាតសំរាម គឺមិនមានអ្នកមកថតរើសសំរាមបង្ហោះតាមFacebook និងតិះទៀនបញ្ហាសំរាមនៅឆ្នេរសមុទ្រទៀតហើយ។

ចាប់តាំងពីថ្ងៃទី៩រហូតមកដល់ថ្ងៃទី១១តុលានេះ មានកំប្លោករសាត់អណ្តែតពាសពេញផ្ទៃសមុទ្រនិងបានមកទើនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភ ដោយថា​កំប្លោក​ទាំងនោះ​នឹង​មិនធ្វើឲ្យខូចគុណភាពទឹកសមុទ្រឬឆ្នេរខ្សាច់នោះទេ​។ រដ្ឋបាលខេត្តនេះក៏បាន​បញ្ជាក់​បន្ថែម​ថា​ កំប្លោកទាំងនោះគ្រាន់​តែ​ធ្វើ​ឲ្យបាត់​បង់​សោភ័ណភាពឆ្នេរ​មួយរយៈពេល​ខ្លីប៉ុណ្ណោះ ហើយក្រោយពីការសម្អាតរួចរាល់ ​ឆ្នេរខ្សាច់​នឹងមាន​សភាពស្រស់​ស្អាតដូចដើម​វិញ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles