សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ

ដោយ ម៉ៅ សុធានី និង​ទីន ហ្សាការិយ៉ា
2018-10-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ទេព វន្នី សកម្មនារី​ផ្នែក​ដីធ្លី ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រលប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​ ២០១៨។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ​ច្រាយ នីម
អ្នកស្រី ទេព វន្នី សកម្មនារី​ផ្នែក​ដីធ្លី ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រលប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​ ២០១៨។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ​ច្រាយ នីម


អ្នកស្រី​ ទេព វន្នី ​ស្នើ​ឲ្យ​សភា​និង​ក្រសួង​ការ​បរទេស​អាមេរិក​ជួយ​ការពារ​សុវត្ថិភាព


សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក បាន​ស្នើ​សុំ​ក្រសួងការបរទេស​អាមេរិក និង​សមាជិក​រដ្ឋសភា ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នកស្រី និង​ក្រុម​គ្រួសារ និង​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ។

ប្រធាន​ចលនា​ស្ត្រី​បណ្ដាញ​សាកល អ្នកស្រី ជែនិត សេង ដែល​បាន​បកប្រែ​សម្រួល និង​ជូន​អ្នកស្រី​ទេព វន្នី ក្នុង​ជំនួប​ជាមួយ​តំណាង​ឲ្យ​តំណាងរាស្ត្រ​អាមេរិក​ថា អ្នកស្រី ទេព វន្នី នៅ​តែ​មិន​ទាន់​សំដែង​មតិ​ពេញលេញ​នៅឡើយ​ទេ៖ «អ្វី​ដែល វន្នី បារម្ភ គឺ​សុវត្ថិភាព​គាត់​និង​ក្រុម​គ្រួសារ។ គាត់​សុំ​ជំនួយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ មិនមែន​តែ​រូប​គាត់​ទេ គឺ​ពលរដ្ឋ​ទាំងមូល ឲ្យ​មាន​សិទ្ធិ​សេរីភាព ការ​បញ្ចេញមតិ។ រូប​គាត់​ផ្ទាល់​ពេល​ចេញ​ពី​ពន្ធនាគារ មិន​អាច​និយាយ​អ្វី​បាន​ទេ គ្រាន់តែ​និយាយ​អរគុណ ក៏​មិន​អាច​និយាយ​បាន​ដែរ..»

អ្នកស្រី​បន្ត​ថា ក្នុង​ជំនួប កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មន្ត្រី​ជាន់ខ្ពស់​អាមេរិកាំង​ទាំងពីរ បាន​បញ្ជាក់​ថា​តំណាងរាស្ត្រ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និង​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​ទៀត​ប្ដេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៨ លេខHR 5754 ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​របប​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់ៗ។

អ្នកស្រី ទេព វន្នី កាលពី​ថ្ងៃ​ទី១១ ខែ​តុលា ក៏បាន​ជួប​ជាមួយ​មន្ត្រី​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែល​បាន​ថត​ជា​ឯកសារ​វីដេអូ អំពី​ជីវប្រវត្តិ​សង្ខេប​របស់​អ្នកស្រី ទេព វន្នី ដែល​បាន​តស៊ូ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី និង​សិទ្ធិ​សេរីភាព​នានា និង​ប្រធាន​អង្គការ Vital Voices ដើម្បី​លើកទឹកចិត្ត​នូវ​ការ​ខំ​ប្រឹងប្រែង​តស៊ូ​របស់​អ្នកស្រី​ដើម្បី​សិទ្ធិ​រស់នៅ៖ «តាមពិត អង្គការ Amnesty International ជួយ​គាត់​ច្រើន​ណាស់ តាំងពី​គាត់​នៅ​ក្នុង​ពន្ធនាគារ​ក្តី មក​ខាងក្រៅ​ក្តី។ គេ​សួរ​គាត់​ពី​ស្ថានភាព​ក្នុង​ពន្ធនាគារ ហើយ​ចេញ​មក​ក្រៅ​ជួប​បញ្ហា​អ្វី​ខ្លះ​ទៀត ទាំង​រូប​គាត់​និង​ក្រុម​គ្រួសារ។ ចំណែក​អង្គការ Vital Voices គេ​ចង់​ដឹង​អំពី​ការចោទប្រកាន់​ចុងក្រោយ​មួយទៀត ដោយ​ព្យួរ​ទោស»

ក្រោយ​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី២០ ខែ​សីហា សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឲ្យ​មានទោស ៦​ខែ​បន្ត​ទៀត គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា តទៅ ប៉ុន្តែ​ក៏​ត្រូវ​ព្យួរទោស។

អ្នកស្រី ទេព វន្នី ថា សំណុំ​រឿង​នេះ​ភាគី​ដើម​បណ្តឹង​គឺ​អតីត​តំណាង​សកម្មជន​បឹងកក់ លោកស្រី លី មុំ បាន​ដក​ពាក្យ​បណ្ដឹង​រួចហើយ មិន​គួរ​ណា​តុលាការ​នៅ​បន្ត​សំណុំ​រឿង​នេះ​ទៀត​ទេ។

អ្នកស្រី ទេព វន្នី គ្រោង​ជួប​ជាមួយ លោក អាឡាន់ ឡូវែនថល តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិកាំង​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​រដ្ឋ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ចុង​សប្ដាហ៍​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី ទេព វន្នី បន្ថែម​ជុំវិញ​បទពិសោធន៍​របស់​អ្នកស្រី នៃ​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ក្នុងនាម​ជា​សកម្មជន​ដីធ្លី ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles