សង្គម​ស៊ីវិល​ស្នើ​អនុវត្ត​ច្បាប់​ឱ្យ​ត្រឹមត្រូវ​ករណី​ព្រួត​សម្លាប់​អ្នក​តាក់ស៊ី​ម្នាក់​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាវិត

ដោយ ថន ថារ៉ូ
2018-10-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ២០១០។ Photo: RFA
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ២០១០។ Photo: RFA


មន្ត្រី​សិទ្ធិមនុស្ស សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​ជនសង្ស័យ​មួយ​ក្រុម បាន​ព្រួត​គ្នា​វាយ​សម្លាប់​អ្នក​បើក​តាក់ស៊ី​ម្នាក់​រួច យក​សាកសព​ទៅ​បោះចោល​ក្នុង​ព្រៃ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ករណី​នេះ ដើម្បី​លុបបំបាត់​វប្បធម៌​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ តែ​ត្រូវ​ទុក​លទ្ធភាព​ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​រឿង​នោះ។ លោក​ពន្យល់​ថា ជន​ណាមួយ​ដែល​លើកគ្នា​ទៅ​ព្រួត​វាយ​ទាំង កម្រោល​ទៅលើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បណ្ដាល​ឲ្យ​ស្លាប់ គឺ​អាច​នឹង​ត្រូវ​ជាប់ទោស​ពី​បទ សម្លាប់​មនុស្ស​ដោយ​ចេតនា ដែល​ប្រឈម​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ ២០​ឆ្នាំ ឬ​អស់​មួយ​ជីវិត៖ «ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ត្រូវ​បាន​គេ​វាយ​របួសធ្ងន់ ឬក៏​ស្លាប់​នោះ គឺ​យើង​ឃើញ​កើតឡើង​ញឹកញយ​ណាស់​នៅ​កម្ពុជា។ ចំពោះ​ផ្លូវច្បាប់ បើ​ទោះបី​ជា​គាត់ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ក៏ដោយ ក៏​គាត់​ស្ថិត​ក្នុង​បទល្មើស​មនុស្សឃាត ឬ​បង្ក​របួស​ដោយ​អចេតនា​ទេ ដែល​យើង​គ្មាន​សិទ្ធិ​ទៅ​វាយ​គាត់​ទេ ហើយ​បើ​អ្នកណា​ប្រព្រឹត្ត​ហិង្សា​លើ​គាត់ បណ្ដាល​អោយ​ស្លាប់​វិញ ត្រូវ​ទទួលខុសត្រូវ​នឹង​បទល្មើស​មនុស្សឃាត​ដោយ​ចេតនា​វិញ។

ការ​លើកឡើង​នេះ បន្ទាប់ពី​អ្នក​បើក​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ព្រួត​វាយ​រហូតដល់​ស្លាប់ ហើយ​អូស​សាកសព​យក​ទៅ​ចោល​នៅ​ក្នុង​ព្រៃ​អាកាស្យា ដោយសារ​ជនរងគ្រោះ​បើក​រថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ​បាក់​ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ ស្ថិត​នៅ​ភូមិ​កម្ពោធលៀប សង្កាត់​ព្រៃអង្គុញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែ​តុលា វេលា​ម៉ោង​១០​កន្លះ​យប់ អ្នក​បើក​តាក់ស៊ី និង​ជា​ជនរងគ្រោះ ឈ្មោះ គុជ សំអៀត បើក​រថយន្ត​ទៅ​បុក​មួយ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ដែល​បើក​ឆ្លង​ផ្លូវ​ចេញពី​កន្លែង​ផឹក​ស៊ី​មួយ​កន្លែង។

ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​វាយ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះ មិនបាន​បើក​រត់គេច​ទេ ដោយ​បាន​ឈប់​រថយន្ត ហើយ​ចុះទៅ​ជួយ​លើក ជនរងគ្រោះ ប៉ុន្តែ​ត្រូវ​បាន​មិត្តភ័ក្ដិ​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ នៅ​កន្លែង​ផឹកស៊ី ព្រួត វាយ​អ្នក​បើក​រថយន្ត​តាក់ស៊ី​បណ្ដាល​ឲ្យ​ស្លាប់​រួច​អូស​សព ទៅ​ចោល​ក្នុង​ព្រៃ​ដើម​អាកាស្យា​ចម្ងាយ ប្រមាណ​១​គីឡូម៉ែត្រ។

អាស៊ីសេរី​មិន​ទាន់​អា​ចរក​ប្រភព​ទាក់ទង​គ្រួសារ​ជនរងគ្រោះ​ទាំងពីរ​បានទេ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។

រីឯ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មិន​ទទួល​ទូរស័ព្ទ ខណៈ​នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង លោក អ៊ុច សារ៉ន បដិសេធ​​និយាយ​ជាមួយ​អាស៊ីសេរី​នោះ​ទេ ហើយ​បាន​ចុច​បិទ​ទូរស័ព្ទ​វិញ។

ចំណែក មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្ត​ស្វាយរៀង លោក កុយ សុភាព អះអាង​ថា ច្រឡំ​លេខ ហើយ​លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ៖ «បង​ឯង​ខល (ហៅ​ទូរស័ព្ទ​មកពី​ហុងកុង ខ្ញុំ​ដឹង​តើ។ ខ្ញុំ​នៅ​រៀន​ភ្នំពេញ អត់​ដឹង​ផង។ បង​ហ្អែង​ច្រឡំ​លេខ​ហើយ ខ្ញុំ​មិន​ដែល​បាន​ទាក់ទង​ជាមួយ​ហ្វ្រែសញ៉ូវ​ផង»

ទោះ​យ៉ាង​ណា​ក្តី លោក កុយ សុភាព បាន​ឲ្យ​ប្រព័ន្ធ​ឃោសនា​របប​លោក ហ៊ុន សែន ថា ស្នងការ​រង​នគរបាល​ខេត្ត​បាន​បើក​កា​រសើប​អង្កេត និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ៣​នាក់​ហើយ និង​បាន​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត។

ពាក់ព័ន្ធ​ករណី​នេះ អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​អធិការ​ក្រុង​បាវិត លោក កែវ គង់ បាន​ដែរ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ក្រោយ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​មូលហេតុ​សំខាន់​ពីរ គឺ​ទី​មួយ ការ​យល់ដឹង​របស់​ពលរដ្ឋ​អំពី​រឿង​ច្បាប់​នៅ​មាន​កម្រិត និង​ការ​បាត់​ជំនឿ ទៅលើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ។ លោក​បន្ត​ថា ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន អាជ្ញាធរ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​ស្មើភាព​គ្នា​ដោយ​គ្មាន​ការលើកលែង៖ «ពេល​ចាប់​បាន​អ្នក​ប្រព្រឹត្ត ព្រួត​វាយ​អ៊ីចឹង គឺ​ត្រូវ​អនុវត្ត​ច្បាប់​អោយ​បាន​តឹងរ៉ឹង ច្បាស់លាស់ ជៀសវាង​ដោះស្រាយ​នៅ​លើ​តុ ឬ​ក្រោម​តុ។ បន្ទាប់​មក គួរតែ​មាន​ការផ្សាយ​ទៅតាម​ព័ត៌មាន​ថា ជន​ប្រព្រឹត្ត​នេះ ត្រូវ​បាន​ផ្ដន្ទាទោស​តាមច្បាប់។ដូច្នេះ​អ្នកដទៃ​ទៀត ដែល​ឃើញ​អ៊ីចឹង​ថា រឿង​នេះ​ខុសច្បាប់ គាត់​នឹង​មានការ​រាងចាល»

កាលពី​ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅ ក៏​ធ្លាប់​មាន​ករណី​ហ្វូង​មនុស្ស​មួយ​ក្រុម ដេញ​ព្រួត​វាយ​ទៅលើ​គ្រូបង្រៀន​ម្នាក់​នៅ​សាកលវិទ្យាល័យ​កម្ពុជា គឺ​លោក ស៊ុយ សារ៉េត ស្ទើរតែ​បាត់បង់​ជីវិត​ដោយ​ក្រុម​ជន​ដៃដល់​បាន​ចោទ​លោក​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រួច​បើក​រត់​គេច​ខ្លួន។

ករណី​ទាំងអស់​នេះ កើតឡើង​ញឹកញាប់ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​អស់សង្ឃឹម​ទៅលើ​សមត្ថកិច្ច និង​តុលាការ ដែល​តែងតែ​ប្រព្រឹត្ត​អំពើពុករលួយ និង​បញ្ចប់​សំណុំរឿង​ក្រៅច្បាប់ ហើយ​ធ្វើ​ឲ្យ​គ្រួសារ ជនរងគ្រោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពេញលេញ។

កាលពី​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ រថយន្ត​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកសភា លោក ជាម យៀប បាន​បើក​រត់គេច ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​បាត់បង់​ជីវិត នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ កាលនោះ លោក ជាម យៀប បាន​ដោះសា​ថា ការ​បើក​រត់គេច​នេះ​ដោយសារ​លោក​មាន​អភ័យឯកសិទ្ធិ និង​ខ្លាច​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិនបើ​លោក​ឈាន​ជើង​ចេញពី​រថយន្ត។ លោក ជាម យៀប មិន​ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​មក​កាត់ទោស​រឿង​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ផ្ដល់​លុយ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ចំនួន ១​ពាន់​ដុល្លារ ជា​ការ​ស្រេច។

រឿង​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន ជាពិសេស អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន​នាក់ សម្ដែង​ការ​មិន​ពេញចិត្ត និង​ខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​ដែល​មិន​បាន​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ ដោយសារ​លោក ជាម យៀប ជា​បុគ្គល​មាន​លុយ និង​មានអំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles