ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្តឹង​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​រៀបចំ​ផែនការ​ធ្វើបាប​ពួកគេ

ដោយ សេក បណ្ឌិត
2018-10-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo: RFA
មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo: RFA


ប្រជា​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន ដាក់ពាក្យ​ប្ដឹង​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​រៀបចំ​ផែនការ​ជួល​ក្រុម​ជនពាល​ឲ្យ​ធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ទេស ក្រោម​រូបភាព​បង្ក​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍។ មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុកថា បើ​ករណី​គំរាមកំហែង​នោះ​ជា​ការ​ពិត គឺ​ផ្ទុយ​ពី​ច្បាប់ ដែល​អាជ្ញាធរ​គួរតែ​ស៊ើប​អង្កេត​ចាត់ការ​តាមច្បាប់។

ប្រជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​ថ្កោលទោស និង​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​ចំពោះ​ខ្សែអាត់ សំឡេង​មួយ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ រៀបចំ ផែនការ​កម្ចាត់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។

តំណាង​ពលករ​នៅ​កូរ៉េ និង​ជា​សកម្មជន​បក្ស​សង្គ្រោះជាតិ លោក យឹម ស៊ីណន លើក​ឡើង​ថា ទោះបី ជា​លោក ហេង សួរ បដិសេធ​មិន​ទទួលស្គាល់​ខ្សែអាត់​សំឡេង​នោះ​ក្តី ប៉ុន្តែ​លោក​ជឿជាក់​សំឡេង​នោះ គឺជា​សំឡេង​របស់​លោក ហេង សួរ ពិតប្រាកដ។ លោក ចាត់​ទុក​ខ្សែអាត់​សំឡេង​នោះ​ថា ជា​សារ​គំរាមកំហែង ដ៏​ឃោរឃៅ​មួយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មិន​គាំទ្រ​របប​លោក ហ៊ុន សែន។ លោក យឹម ស៊ីណន បញ្ជាក់​ថា លោក​បាន​បកប្រែ និង​បញ្ជូន​ខ្លឹមសារ ព្រមទាំង​សំឡេង​ទាំងនោះ​ទៅកាន់​អាជ្ញាធរ​កូរ៉េ​រួចហើយ ដើម្បី​ជួយ​ធានា​សុវត្ថិភាព និង​ដឹង​លឺ​ថា ចាប់​ពី​ពេល​នេះ នៅ​ពេល​អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​ពលករ​ខ្មែរ​ណា​ម្នាក់ មាន​បញ្ហា​អ្វី​កើតឡើង​នោះ​បញ្ជាក់​ថា អ្នក​បញ្ជា​ពីក្រោយ​ខ្នង​គឺ​ច្បាស់​ជា​បុគ្គល​ក្នុង​សំឡេង​នោះ​ឯង៖ «បើ​សំឡេង​​នេះ​ជា​សំឡេង​លោក ហេង សួរ ពិត​នោះ ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​អី​ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ធ្លាប់​អោយ​តម្លៃ ធ្លាប់​គោរព ធ្លាប់​ជួប​គាត់​និយាយ ការងារ និង​រឿង​បុគ្គល​ដើម្បី​ប្រទេស​ជាតិ។ ខ្ញុំ​ហាក់​ដូចជា​មានការ​ភ្ញាក់ផ្អើល​ក្រោយពី​បាន​លឺ​សំឡេង ដ៏​សាហាវ​ជាង ប៉ុល ពត នេះ និយាយ​ពី​ការរៀបចំ​មនុស្ស​ដើម្បី​កៀប​សម្លាប់ ឬក៏​រៀបចំ​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​មនុស្ស ឬ​អ្នក​ដែល​ប្រឆាំង​ខ្លួន គឺ​ខ្ញុំ​គិត​ថា វា​មិន​សមជា​សម្តី​របស់​អ្នកចេះដឹង ដឹកនាំ​ជាតិ»

ជាមួយ​គ្នា​នេះ តំណាង​ពលករ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ក៏បាន ប្រកាស​ដាក់ពាក្យ​ប្ដឹង​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​លោក ហេង សួរ នេះ​ដែរ។ ក្នុង​បណ្ដឹង​នោះ លោក ហៃ វណ្ណា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ហាម​ម្ចាស់​សំឡេង​នោះ ចូល​ប្រទេស​ជប៉ុន​តទៅ​ទៀត៖ «ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មួយ​រូប ក៏​ជា​គណៈកម្មការ​រៀបចំ​បាតុកម្ម​កន្លង​ទៅ គឺ​ខ្ញុំ​នឹង​យក​ខ្សែ​អាត់​សំឡេង​និង​ជនសង្ស័យ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ជប៉ុន ដើម្បី​អោយ​គេ​ធ្វើ​កោសល្យវិច័យ​លើ​សំឡេង​នេះ។ យើង​ក៏​នឹង​ប្រាប់​ទៅ​រដ្ឋាភិបាល​ជប៉ុន អោយ​គេ ចាត់វិធានការ​លើ​បុគ្គល​ដែល​និយាយ​ពាក្យ​នេះ ហាម​មិន​អោយ​ចូល​ទឹកដី​ជប៉ុន​បានទេ។ ខ្ញុំ​សូម​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក យក​សំឡេង​នោះ​ទៅ​ប្ដឹង​ក្រសួងការបរទេស ប្រទេស នីមួយ​ដើម្បី​ចាត់ការ​លើ​បុគ្គល​និយាយ​ពាក្យ​ឧក្រិដ្ឋ​នេះ»

ថ្មីៗ​នេះ មាន​ខ្សែអាត់​សំឡេង​មួយ​មាន​រយៈពេល​ជាង ១​នាទី បាន​បែក​ធ្លាយ និង​ត្រូវ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​ព្រោងព្រាត ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និយាយ​ពី​ការរៀបចំ​ផែន​ការជួល​ក្រុម​ជនពាល ឲ្យ​បង្ក​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​លើ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ខ្លឹមសារ​នៃ​ខ្សែអាត់​សំឡេង​ដូច​តទៅ៖ «យើង​មិន​អាច​លើកលែង​ទោស​ចំពោះ​ពួក​អ្នក​ដែល​ហ៊ាន​ប្រមាថ​មេដឹកនាំ​យើង​ទេ។ ពិនិត្យមើល..យើង​នៅ​ហ្នុង​មាន​ស្គាល់​បណ្ដាញ​ខាង​ណា..អើ.ត្រូវ​ចាប់ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ អ៊ីចឹង គឺ​រក​ពួក​ជើង​កាង​មួយ​ចំនួន ..មើល​មុខ​សញ្ញា​ណា​ដែល​ចាំបាច់ យក​ជើង​កាង​ទៅ​វ៉ៃ​យ​វា​ទៅ ហើយ​ជើង​កាង​ត្រឡប់​មក​វិញ​យើង​ចិញ្ចឹម។ ធ្វើ​ម៉េច​អោយ​អាមួយ​ហ្នឹង​វា​ប្រកាច់ប្រកិន​នៅ​នោះ​ចុះ។ ពួក​អាជើងកាង​គេ​មិន​ដែល​ចាប់​ដាក់គុក​នៅ​ស្រុក​គេ​ទេ គេ​ចាប់​តែ​បន្តិច​គេ​ប្រលែង​មក​អោយ​ជាប់​គុក​ស្រុក​យើង ហើយ​ចាំ​ពេល​មក​ដល់​ស្រុក​យើង​ចាំ​យើង​ចិញ្ចឹម។ រឿង​នេះ​មិន​អាច​លេងសើច​បាន​ទេ ច្រើនដង ហើយ ..លើក​មុន​យើង​មិន​នេះ​ទេ ប៉ុន្តែ​លើក​នេះ ទៅ​គឺ​នៅ​ចំពោះ​មុខ ហើយ​គេ​ហ៊ាន​ជាន់​បែប​នេះ គឺ​យើង​មិន​អាច​លើកលែង​អោយ​វា​បាន​ទេ ។ ហើយ​បង​ស៊េង ថ្ងៃ​មុន​ថា អោយ​មុខ​សញ្ញា​អ្នក​ដែល ជា​សកម្មជន​ពួក​វា​ម៉ោ​ហ្នឹង​ណា ..ឥឡូវ​នេះ គឺ​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​បន្តិច ។ អា​នេះ​ម៉ោ​អោយ​វា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​នឹង​ទៅ»

ទោះ​យ៉ាង​ណា​ក្តី លោក ហេង សួរ បាន​ចេញមុខ​បដិសេធ និង​អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ថា ខ្សែអាត់​សំឡេង​ដែល​បង្ហោះ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ គឺជា​ការ​ប្រឌិត​របស់ ក្រុម​ប្រឆាំង ដើម្បី​វាយប្រហារ​លើ​រូបលោក​ប៉ុណ្ណោះ បន្ទាប់ពី​លោក​លើកឡើង​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​កម្ពុជា (EBA)

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ អគ្គស្នងការ នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ មិន​អាច​ទាក់ទង​បាន។

រីឯ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា សំឡេង​នោះ​ពិត​ឬ​មិន​ពិត​នោះ​ទេ ដោយ​លោក​អះអាង​ថា ព្រោះ​សម័យកាល​បច្ចេកវិទ្យា​នេះ ពិបាក​យក​ការ​បាន​ណាស់។ ទោះជា​យ៉ាងណា លោក​លោក ផៃ ស៊ីផាន ជំរុញ​ឲ្យ​ភាគី​ដែល​គិត​ថា ខ្លួន​អាច​រងគ្រោះ​ដោយសារ​សំឡេង​នេះ ទាំងសងខាង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ខ្លួន​ឯង ដើម្បី​ស្វែងរក​ការពិត ថា តើ​សំឡេង​នោះ ខុសច្បាប់​ឬ​យ៉ាងណា ចំណែក រដ្ឋាភិបាល​មិន​មាន​តួនាទី​ធ្វើការ​លើ​រឿង​នេះ​ទេ​​​​​​៖ «អ្នក​សាមីខ្លួន​ដែល​ថា បាន​ទទួល​ផល​ប៉ះពាល់ ពី​សំឡេង​នេះ អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ទៅ ព្រោះ​តុលាការ​គេ​មាន​វិធាន នៅ​ក្នុង​ការ​ចាត់​ការ ទៅ​តាម​នីតិវិធី ឬ​ច្បាប់​របស់​គេ។ ខ្ញុំ​ជា​នីតិប្រតិបត្តិ​មិន​អាច និយាយ​ជំនួស​តុលាការ​ហើយ​អ្នក​ដែល​ភ័យ​ព្រួយ​អ្នក​ដែល​ឃើញ​ថា សំឡេង​នេះ វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទាល់ខ្លួន គឺ​គេ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ដែរ»

រីឯ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា ខ្សែ​អាត់​សំឡេង​នោះ ពិត​ឬ​មិន​ពិត​ឡើយ ប៉ុន្តែ​បើជា​ការពិត វា​គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ពី​ច្បាប់​កម្ពុជា៖ «បើសិនជា​រឿង​នេះ​ជា​រឿង​ពិត ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​សកម្មជន​នយោបាយ និង​សកម្មជន​ផ្សេងៗ​ទៀត ដែល​ធ្វើ​ការ​តវ៉ា​បញ្ចេញ​មតិ​របស់​ខ្លួន។ ប្រសិនបើ​ការ​គំរាម​បែបនេះ ហើយ​ឈាន​ដល់​ការប្រព្រឹត្ត​នោះ​វា​គឺជា​រឿង​មួយ​ដែល​យើង ព្រួយបារម្ភ​អំពី​សុវត្ថិភាព​រាល់​ការ​ទាមទារ​តវ៉ា។ យើង​ឃើញ​ហើយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ទាមទារ​តវ៉ា​នៅ​ខាងក្នុង​ប្រទេស​នេះ គឺ​កំពុង​មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ហើយ​បែរ​ជា​ការ​ទាមទារ​សូម្បី​នៅ​ខាងក្រៅ​ប្រទេស ក៏​មាន​ការ​ត្រួតត្រា​តាមដាន និង​រហូត​ឈាន​ដល់​វាយប្រហារ​ពាក្យ​សម្តី​គំរាមកំហែង​បែប​នេះ។ ខ្ញុំ​យល់ថា វា​ជា​រឿង​មួយ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ឬក៏​ការ​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​សន្តិវិធី គឺ​មិន​មាន​ការ​បើក​ឱកាស​ទាល់​តែ​សោះ»

មួយ​រយៈ​ចុងក្រោយ​នេះ មានការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​ជា​ញឹកញាប់​ពី​ខាង​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន និង​ពី​ខាង​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ។ ទោះ​យ៉ាង​ណា​ក្តី មជ្ឈដ្ឋាន​ទូទៅ សង្កេត ឃើញ​ថា ចំពោះ​ខ្សែ​អាត់​សំឡេង​ដែល​បែក​ធ្លាយ គឺ​អាជ្ញាធរ​តែងតែ​អនុវត្ត​ស្តង់ដារ​ពីរ។ ប្រសិនបើ​មាន​សំឡេង​បែក​ធ្លាយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​របប​លោក ហ៊ុន សែន គឺ​អាជ្ញាធរ​មិន​ដែល​ចាត់វិធានការ​ច្បាប់​ឡើយ ថែមទាំង​ជួយ​ការពារ​ទៀត​ផង។ ផ្ទុយទៅវិញ ប្រសិនបើ​មាន​សារ​សំឡេង ដែល​បែក​ធ្លាយ​ពី​ខាង​គណបក្សប្រឆាំង​នោះ អាជ្ញាធរ តែងតែ​ចាត់វិធានការ​យ៉ាង​លឿន​និង តឹងរ៉ឹង​បំផុត​ដូចជា​ករណី​​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​គេ​សង្ស័យ​ថា លោក​បាន​សន្ទនា​ស្នេហា​ជាមួយ​នារី​ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រីមុំ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles