ប្រជាសហគមន៍នៅឧត្តរមានជ័យថា បទល្មើសព្រៃឈើកើនឡើងដោយសារមានអ្នកកាងពីក្រោយ

| |
https://vodhotnews.com

ប្រជាសហគមន៍ព្រៃឈើរតនរុក្ខាក្នុងស្រុកសំរោង ចុះល្បាតក្នុងតំបន់អភិរក្សព្រៃឈើ ថ្ងៃទី ១៦ និង១៧ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ


ប្រជាសហគមន៍ព្រៃឈើក្នុងខេត្តឧត្តរមានជ័យ អះអាងថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ បទល្មើសព្រៃឈើក្នុងសហគមន៍របស់ពួកគេ មិនបានថយចុះនោះទេ ខណៈពួកគេរងការប្រមាថពីជនល្មើសមកវិញអំឡុង​ពេល​ចុះ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​នោះ។

ប្រធានចុះល្បាតនៅសហគមន៍ព្រៃឈើរតនរុក្ខាក្នុងស្រុកសំរោង លោក ថាន ញ៉យ ប្រាប់វីអូឌីថា តាមរបាយការណ៍ចុះល្បាតព្រៃឈើ តាំងពីខែមករារហូតមកដល់ខែកញ្ញាឆ្នាំនេះ លោកពិនិត្យឃើញថា បទល្មើសព្រៃឈើក្នុងសហគមន៍មួយ​នេះ បានកើតឡើងមិនថយនោះទេ ដោយលោកថា ពេលចុះល្បាតនោះសហគមន៍បានជួប និងបង្ក្រាបបទលើ្មសព្រៃឈើបានជាច្រើនករណី។

លោកបន្ថែមថា៖ «បញ្ហាប្រឈម វាតែងតែមានហើយ ការជេរប្រមាថ គេគំរាមកំហែង គេមើលងាយសព្វបែបយ៉ាងពីអ្នកល្មើស ព្រោះគេអាងខ្នងអ្នកមានអំណាចនៅពីក្រោយ គេម៉េចខ្លាចយើង! ព្រៃឈើក្នុងសហគមន៍បាត់បង់ច្រើនណាស់ គ្រាន់តែប៉ុន្មានថ្ងៃនេះ វាកាប់រាប់ពាន់ដើម។ ពួកយើងចុះល្បាតថ្ងៃ យប់ឡើង វាដាក់ម៉ាស៊ីនអា មួយយប់ទល់ព្រឹក វាមិនខ្លាចសហគមន៍ទេ។ ខ្ញុំពិចារណាមើលទៅ វាវេទនា វាលំបាកខ្លាំងពេក ព្រៃសហគមន៍ហ្នឹងនឹងរលាយ បើអត់ពីពួកខ្ញុំ ១០ ទៅ ២០នាក់នេះ»

សមាជិកសហគមន៍ព្រៃឈើក្នុងខេត្តឧត្តរមានជ័យ លោក ស្មិត តិ មានប្រសាសន៍ថា ក្នុងខេត្តឧត្តរមានជ័យ មានសហគមន៍ព្រៃឈើចំនួន ១៣ ប៉ុន្តែ លោកថា បច្ចប្បន្ន មានសហគមន៍ព្រៃឈើតែ២ប៉ុណ្ណោះ ដែលសល់ព្រៃឈើច្រើនជាងគេ គឺសហគមន៍ព្រៃឈើរតនរុក្ខា និងសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ហើយលោកថា សហគមន៍ទាំងពីរនោះក៏កំពុងប្រឈមនឹងការកាប់បំផ្លាញ់ព្រៃឈើជាបណ្តើរៗផងដែរ។

លោកបន្ថែមថា៖ «យើងសង្កេតមើលតាំងពីមុនថ្ងៃរៀបចំការបោះឆ្នោតរហូតមកទាល់បច្ចុប្បន្ននេះ ជនល្មើសធ្វើសកម្មភាពចូលកាប់បំផ្លាញ់ព្រៃឈើកាន់តែខ្លាំងឡើងៗ ហើយមួយទៀត ទាក់ទងនឹងជនល្មើសនោះ មិនមែនប្រជាពលរដ្ឋធម្មតាទេ សុទ្ធតែមាន​អំណាច មានលុយ ហើយយើងទប់ស្កាត់មិន​បាន ព្រោះមន្រ្តីជំនាញនោះអត់ជួយសហការជាមួយយើងទាន់ពេលវេលា។ កាលណាតែមានបទល្មើស សហគមន៍ចុះទៅទប់ស្កាត់ វាមិនខ្លាចទេ ហើយបញ្ហារបស់សហគមន៍មួយទៀតនោះ គឺខ្វះថវិកា និងមធ្យោបាយធ្វើដំណើរ»

បើតាមលោក ស្មិត តិ ឲ្យដឹងថា កាលពីឆ្នាំមុនសហគមន៍ព្រៃឈើរតនរុក្ខា និងសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ត្រូវបានផ្ទេរទៅជាតំបន់ដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

មន្រ្តីបរិស្ថានប្រចាំខេត្តឧត្តរមានជ័យ លោក សំ ណាង ទទួលស្គាល់ថា សហគមន៍ទាំងពីរនោះ គឺពិតជាកំពុងមានបទល្មើសព្រៃឈើកើតឡើងមែន ដោយលោកថា មួយរយៈចុងក្រោយនេះ មន្រ្តីបរិស្ថានបានសហការជាមួយប្រជាសហគមន៍ចុះទប់ស្កាត់​បទល្មើសបានច្រើនករណីដែរ។

លោកបន្តថា បញ្ហចុះទប់ស្កាត់យឺតយ៉ាវដោយសារតែមន្រ្តីបរិស្ថាននៅទីនោះមានចំនួនតិចតួចពេក និងម្យ៉ាងទៀត អ្នកប្រព្រឹត្តបទល្មើសភាគច្រើនជាទាហាន និងមន្រ្តីមានអំណាចដែលធ្វើរូបលោក និងសហគមន៍ពិបាកក្នុងការធ្វើសកម្មភាពទប់ស្កាត់។

លោកបន្ថែមថា៖ «តាំងពីតំបន់នោះដាក់ជាដែនជំរកសត្វព្រៃមក ពួកខ្ញុំចុះល្បាតតែរហូត។ ពេលខ្លះ ជួបបទល្មើស ពេលខ្លះអត់ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំបង្ក្រាបបានរហូត។ យើងជួបផលលំបាកដែរ ចុះបង្រ្កាបខ្លះ។ កាលណាជួបបទល្មើសមានអ្នកកាងពីក្រោយ យើងពិបាកធ្វើការដែរ ជាពិសេសពួកទាហាន យើងយ៉ាប់រឿងបង្រ្កាប»

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា មានប្រសាសន៍ថា ប្រសិនប្រជាសហគមន៍មានការលំបាក ឬខ្វះខាត ចង់ស្នើជំនួយអ្វី១ពីក្រសួងបរិស្ថាន គឺសហគមន៍ទាំងនោះអាចដាក់លិខិតតាមបែបរដ្ឋបាលទៅក្រសួង ដើម្បីឲ្យក្រសួងពិនិត្យ និងពិចារណាដោះស្រាយ។

លោកបន្ថែមថា៖ «ប្រសិនជាបងប្អូនមានសំណើ​អំពីបញ្ហាផ្សេងៗ ដែលស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ គឺគួរតែដាក់លិខិតជាផ្លូវការ ឬស្នើសុំជួបជាផ្លូវការជាមួយមន្រ្តីបរិស្ថានរបស់យើងនៅតាមខេត្ត ឬមួយក៏ដាក់តាមរយៈមន្រ្តីយើងមកកាន់ក្រសួងបរិស្ថាន។ បើសិនរឿងនោះពាក់ព័ន្ធរឿងបរិស្ថាន ហើយយើងនឹងពិនិត្យទៅលើសំណើហ្នឹង ហើយយើងនឹងដោះស្រាយទៅតាមសំណើតាមលទ្ធភាពរបស់យើង»

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ដើម្បីជំរុញទប់ស្កាត់​បទល្មើសព្រៃឈើនៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលបង្កើនកំលាំងមន្រ្តីការពារឲ្យបានច្រើន ធ្វើការផ្សព្វ​ផ្សាយរួមទាំងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅជុំវិញសហគមន៍នោះ ចេះស្រលាញ់ព្រៃឈើ និងចូលរួមការពារព្រៃឈើទាំងអស់គ្នា។

លើសពីនេះ លោកថា រដ្ឋាភិបាលគួរតែបង្កើតកញ្ចប់ថវិកាណាមួយ ឬសម្ភារដើម្បីជួយគាំទ្រ ឬ​លើកទឹកចិត្តដល់ប្រជាសហគមន៍ពេលចុះល្បាតព្រៃឈើក្នុងសហគមន៍។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋដែលរស់នៅជុំវិញព្រៃសហគមន៍ហ្នឹង លើកទឹកចិត្តគាត់ឲ្យមានការចូលរួមទៅ។ នេះជាចំណុចមួយល្អដែរព្រោះ បើពឹងលើកម្លាំងមន្ទីរបរិស្ថានហ្នឹង យើងមើលទៅកម្លាំងគាត់តិចណាស់ ហើយទំហំព្រៃឈើវាធំដល់អញ្ចឹងមិនអាចទប់ស្កាត់បានទាំងអស់ទេ។ ហើយចំណុចមួយទៀត ទាំងមន្រ្តីបរិស្ថាន និងសហគមន៍ បើចាប់បានបទល្មើស សូមកុំអនុគ្រោះ គឺត្រូវដាក់ទោសគាត់តាមច្បាប់​ ហើយសំខាន់មួយត្រូវមានកញ្ចប់ថវិកាណាមួយសម្រាប់សហគមន៍ព្រៃឈើគាត់ចុះល្បាត»

អង្គការ​ Global Witness ​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ជាច្រើន​ស្ដី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា បានរកឃើញថា ​វិនាសកម្ម​ព្រៃឈើ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច មាន​លុយ និង​មាន​ឥទ្ធិពល ហើយ​បុគ្គល​ទាំង​នោះ​ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

របាយការណ៍នេះបញ្ជាក់ថា ព្រៃឈើ​ត្រូវ​បាន​កាប់ និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ការពារ​ ឬ​តំបន់​អភិរក្ស ដូចជា តំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ផ្សេងទៀត ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជាជាប់​នឹង​ព្រំដែន​វៀតណាមជាដើម៕

អត្ថបទដែលទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles