អង្គការ​មាតា​ធម្មជាតិ​ប្តឹង​ទៅ​សិង្ហបុរី​ពី​ការ​នាំ​មាស​រាប់​រយ​តោន​ចូល​កម្ពុជា

កម្ពុជា


រូបឯកសារ៖ គ្រឿង​អលង្ការ​ធ្វើ​ពី​មាស ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០០៩។


18 តុលា 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

អង្គការ​មាតាធម្មជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​កាលពី​ថ្ងៃពុធ​ទៅ​អាជ្ញាធរ​រូបិយវត្ថុ​ប្រទេស​សិង្ហបុរី​ឱ្យ​ស៊ើបអង្កេត​សកម្មភាពនាំ​មាស​ចំនួន​៣៧០តោន​ចូល​ប្រទេស​កម្ពុជា​ដោយ​គ្មាន​កត់ត្រា​នៅ​ចន្លោះពីឆ្នាំ​២០១២ដល់​២០១៧។

នៅក្នុង​ពាក្យ​បណ្តឹង​ដែល​វីអូអេ​ទទួលបាន​លោក​ អាឡិច សាន់ដឺ ហ្កុនសាឡេស​ ដេវិតសុន នាយកប្រតិបត្តិ​នៃអង្គការ​មាតា​ធម្មជាតិ​បាន​ហៅ​សកម្មភាព​នោះ​ថា​មានលក្ខណៈ«គួរឱ្យ​សង្ស័យ​ខ្លាំងបំផុត‍»ដែលអាច​ជា​ការប្រព្រឹត្តិបទល្មើស​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​នឹង​ការលាង​លុយ​កខ្វក់​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ​ឆ្លងដែន។

ការដាក់ពាក្យ​បណ្តឹង​នេះ​កើតមានឡើង​ក្រោយ​ពី​អង្គការ​មាតា​ធម្មជាតិ​បាន​ចេញ​ឃ្លីបវីដេអូមួយ​កាលពីដើមខែ​តុលានេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ក្នុងការ​នាំ​មាស​ដែលមាន​តម្លៃ​២០ពាន់លានដុល្លារ​ចូល​ក្នុង​ប្រទេស​កម្ពុជាហើយ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​បំភ្លឺ​ថា ​តើ​ហេតុអ្វី​បាន​ជា​មិន​មាន​ការកត់ត្រាចូល​បញ្ជីដើម្បី​បង់ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​សំណួររបស់​លោក​មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តបជាផ្លូវ​ការ​ក្រៅ​ពី​អត្ថាធិប្បាយ​មួយ​ចំនួន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ជាការចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ឬថា​កម្ពុជា​គ្រាន់តែ​ជា​ប្រទេស​ឆ្លងកាត់​ប៉ុណ្ណោះ។ ​

លិខិត​នោះ​បាន​បន្ថែម​ថា​អង្គការ​ដែល​តាម​ឃ្លាំ​មើល​បរិស្ថាននេះ​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​ដទៃ​ទៀត​របស់​ប្រទេស​សិង្ហបុរី​ដែល​ក្នុងនោះ​មាន​ក្រសួង​ពាណិជ្ជកម្ម ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ និង​ប៉ូលិស​សិង្ហបុរី​ផងដែរ៕

What Next?

Recent Articles