ពលករ​ខ្មែរ​នៅ​ថៃ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ស្នើ​សមត្ថកិច្ច​ថៃ​ការពារ​សុវត្ថិភាព​របស់​ខ្លួន

ដោយ អាស៊ីសេរី
2018-10-20
អាស៊ីសេរី

ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA
ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA


ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​២​នាក់​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​ប្ដឹង​ទៅ​ប៉ូលិស​ថៃ​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​របស់​ពួកគេ និង​តាម​ចាប់​ម្ចាស់​ហ្វេសប៊ុក ឈ្មោះ​តាវ៉ាន់ សម័យតេជោ ដែល​បាន​ផ្ញើ​សារ​គំរាម​តាម​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃ​ទី​១៨ តុលា កន្លងទៅ។

លោក ស៊ុន សីហា ថ្លែង​ថា​លោក ព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រោះ​អ្នក​គំរាម​នោះ ជា​ក្រុម​បក្សពួក​របស់​មន្ត្រី​ក្រសួង​ការងារ​ខ្មែរ ដោយសារ​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក នេះ​មាន​រូបថត​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ដែល​បាន​ចុះ​ជួប​ពលករ​នៅ​ប្រទេស​ថៃ​កាលពី​ថ្មីៗ​នេះ៖ «មិន​ដឹង​គេ​ចង់​មានន័យថា គេ​​ង់​ប្រើ​អំពើ​ហិង្សា​សម្លាប់​ពួក​ខ្ញុំ​ក៏​មិន​ដឹង ដូច្នេះ​យើង​ជា​បុគ្គល​ដែល​រស់នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ យើង​ត្រូវតែ​ប្ដឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ឲ្យ​គេ​ទទួល​ដឹង ហើយ​ចង់​ឲ្យ​អាជ្ញាធរ​តាមដាន​បុគ្គល​ពួក​នេះ ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​សុវត្ថិភាព​របស់ខ្ញុំ»

សារ​គំរាម​នៅ​ក្នុង​ហ្វេសប៊ុក​នោះ និយាយ​ថា សូម​ផ្ញើ​ជូន​ទៅ​ក្រុម​អា​ពួក​អង្គែស៊ី​ប៉ុន្មាន​ក្បាល​នេះ ពួក​ឯង​មិន​រួចខ្លួន​ទេ ចាំតែ​មើល​ទៅ ជាពិសេស​ក្រុម​អាម្រាមដៃ​ស្អាត​នៅ​ថៃ​នេះ។ ឯង​ចាំ​មើល​គង់​មាន​ថ្ងៃ​ជួប​អញ​ទេ។

ពលករ​រូប​នេះ​អះអាង​ទៀត​ថា សមត្ថកិច្ច​ថៃ​បាន​ទទួល​បណ្ដឹង​របស់​ពួកគេ​រួចហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ហើយ​ប៉ូលិស​ថៃ​ក៏បាន​ឲ្យ​ពួកគេ​រាយការណ៍​ទៅ​សមត្ថកិច្ច​ថៃ​ជាបន្ទាន់ ប្រសិនបើ​មានការ​គំរាម​ទៅ​ថ្ងៃក្រោយ​ទៀត ឬក៏​ប្រទះ​ឃើញ​ម្ចាស់​ហ្វេសប៊ុក​នេះ ដើម្បី​នឹង​ចាប់​ជន​នោះ​ចាត់​វិធានការ​តាម​ច្បាប់៕


What Next?

Recent Articles

Leave a Reply

Submit Comment