ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​នៅ​អឺរ៉ុប​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ក្រុង​ប្រ៊ុចសែល

ដោយ សុ ជីវី
2018-10-20
RFA


បាតុកម្ម​​ប្រឆាំង​លោក ហ៊ុន សែន នៅទីក្រុង​ប៊្រុចសែល ​ប្រទេស​បែលហ្ស៊ិក ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៨។ រូប៖ ហ្វេសប៊ុក​ Dara Sorn
បាតុកម្ម​​ប្រឆាំង​លោក ហ៊ុន សែន នៅទីក្រុង​ប៊្រុចសែល ​ប្រទេស​បែលហ្ស៊ិក ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៨។ រូប៖ ហ្វេសប៊ុក​ Dara Sorn


ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​នៅ​អឺរ៉ុប​ប្រមាណ​១​ពាន់​នាក់ ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​តវ៉ា ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM លើក​ទី​១២ កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក បាតុកម្ម​នេះ​ប្រព្រឹត្តិ​ទៅ​ខាង​មុខ​ទីស្នាក់ការ​កណ្ដាល​របស់​សហភាព​អឺរ៉ុប នៅ​អគារ​គណៈរដ្ឋមន្ត្រី​អឺរ៉ុប ជាទី​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM លើក​ទី​១២ កំពុង​ប្រព្រឹត្តិ​ទៅ។

ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ ដែល​ទៅ​ចូលរួម​បាតុកម្ម​នោះ ភាគច្រើន មកពី​បណ្ដា​រដ្ឋ​ឆ្ងាយ​ជិត​នានា​នៅ​អឺរ៉ុប ជាពិសេស​មកពី​ប្រទេស​បារាំង ប៊ែលហ្សិក ហូឡង់ អាល្លឺម៉ង់ អូទ្រីស ស្វីស និង​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប។ គោលបំណង​ចម្បង​​​​​ៗ​នៃ​ការចូលរួម​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២។

បាតុករ​បាន​នាំគ្នា​ស្រែក និង​លើក​បដា ដែល​មាន​ខ្លឹមសារ​មិន​ស្វាគមន៍​លោក ហ៊ុន សែន ព្រមទាំង​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ខុសច្បាប់​របស់ លោក ហ៊ុន សែន ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ពន្លឿន​ចំណាត់​នានា​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​វិល​ត្រលប់​មក​ស្តារ និង​គោរព​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ព្រះសង្ឃ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​យល់ថា កម្ពុជា​បច្ចុប្បន្ន​មិន​អាច​ចាត់ទុកថា មាន​សន្តិភាព​ពិតប្រាកដ ដូច​អ្វី ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​តែងតែ​លើកឡើង​នោះ​ឡើយ​។​

ព្រះ​ភិក្ខុ​បណ្ឌិត យស ហ៊ុត ដែល​គង់​នៅ​ប្រទេស​បារាំង មាន​ថេរដីកា​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃទី​១៩ ខែ​តុលា ថា​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មាន​សន្តិភាព​គ្រប់គ្រាន់​នៅឡើយ​ទេ៖ «តាម​អាត្មាភាព​មើល​ទៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​គឺ​មាន​សន្តិភាព គឺ​ការ​នៅ​ស្ងៀម មនុស្ស​ខ្លាចៗ​មិន​ហ៊ាន​បញ្ចេញ​មតិយោបល់ ស្ងាត់ៗ​ទៅ​គេ​ហៅ​សន្តិភាព។ អាត្មា​ហៅ​សន្តិភាព​ហ្នឹង​របៀប​ជា​បង្ខំចិត្ត ដូចជា​មិនល្អ​ទេ សន្តិភាព​បែប​ហ្នឹង​មិនមែន​ជា​សន្តិភាព​ពិតប្រាកដ​ទេ»

ព្រះតេជព្រះគុណ យស ហ៊ុត ពន្យល់​ន័យ​សន្តិភាព​នេះ​ថា គឺ​ត្រូវ​មាន​យុត្តិធម៌​សង្គម ការ​គោរព​ច្បាប់​ទម្លាប់ និង​ការ​ទទួល​ស្គាល់​តម្លៃ​របស់​មនុស្ស​ក្នុង​សង្គម៖ «សន្តិភាព​ពិតប្រាកដ​គឺ​សន្តិភាព ដែល​កើត​ចេញ​មកពី​មនុស្ស​ក្នុង​សង្គម​ហ្នឹង​មាន​មេត្តា អោយ​ចេះ​ជួយ​យក​អាសា​គ្នា ចែក​គ្នា​រស់ ជា​បង​ជា​ប្អូន អោយ​មាន​ករុណា​សេចក្ដី​អាណិតអាសូរ អោយ​ចែក​គ្នា​រស់។ សន្តិភាព​ហ្នឹង​គឺ​ការ​ទទួលស្គាល់​តម្លៃ​របស់​មនុស្ស​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ត្រូវតែ​បំពេញ​កុសលធម៌​គុណធម៌​ល្អៗ​ជាច្រើន​មាន​យុត្តិធម៌ ទើប​មាន​សន្តិភាព​យូរអង្វែង»

ជារឿយៗ​របប​ក្នុង​ភ្នំពេញ នៅ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន តែង​អះអាង​ពី​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា និង​ថា នឹង​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង ដើម្បី​ការពារ​សន្តិភាព ក្នុង​នោះ​អ្នក​ចេញ​មក​ការពារ​សន្តិភាព​សុទ្ធតែ​បាន​លើកឡើង​ពី​ការ​បង្ក្រាប ការរារាំង​មិន​អោយ​មាន​ក្រុម​ប្រឆាំង ហើយ​ថែមទាំង​មិន​អនុញ្ញាត​អោយ​ពលរដ្ឋ​បាន​ជួបជុំ​សម្ដែង​មតិ​ដោយ​យក​លេស​ការពារ​ការ​កើត​ឡើង​នៃ​បដិវត្ត​ពណ៌​ជាដើម។

បើទោះជា​យ៉ាងណា​ចំពោះ​ព្រះតេជព្រះគុណ យស ហ៊ុត ដើម្បី​រក្សា​សន្តិភាព​ចាំបាច់​ត្រូវ​អោយ​គ្រប់​ភាគី​មិន​ថា​អ្នក​ស្រប ឬ​អ្នកប្រឆាំង​ទេ ត្រូវតែ​អាច​រស់​នៅ​ក្នុង​ភាព​សុខដុម និង​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម​តែមួយ​ជាមួយគ្នា។

ស្រប​ពេល​ដែល​មាន​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ក៏​មាន​អ្នកគាំទ្រ​របប​លោក ហ៊ុន សែន ក៏បាន​ស្វា​គម​ន៏ លោក​ដែរ​ព្រមទាំង​មានការ​ជួបជុំ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​ផង។

ទាក់ទិន​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន សែន វិញ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​នៅ​អឺរ៉ុប​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​បាតុកម្ម​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ទៅតាម​ផែនការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន សែន ដូចជា​លោក គ្រោង​នឹង​ទៅ​ប្រទេស តួគី (Turkey) និង​ស្វីស (Swetzerland) ជាដើម។

ក្រុម​បាតុករ​ប្រកាន់​ជំហរ​ថា គេ​នឹង​បន្ត​ប្រាប់​អន្តរជាតិ​ថា មិន​គាំទ្រ​ការ​ឡើង​កាន់អំណាច​របស់​លោក ហ៊ុន សែន និង​មិន​អនុញ្ញាត​អោយ​របប​ក្រុងភ្នំពេញ​បន្លំ​ព័ត៌មាន​នៅ​លើ​ឆាក​អន្តរជាតិ តាមតែ​អំពើ​ចិត្ត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment