លោក ហ៊ុន សែន ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​សង្គ្រាម​ចិត្តសាស្ត្រ​វាយប្រហារ​របប​លោក

ដោយ ​យន់ សាមៀន
2018-10-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page (Photo: RFA)
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page (Photo: RFA)


មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន អះអាង​ថា មិន​ទាន់​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅឡើយ ហើយ​កម្មករ​នៅ​តែ​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់ខែ​ដដែល មក​ទល់​នឹង​ពេលនេះ។ លោក​ថា រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិនទាន់​សម្រេច​ថា យ៉ាងណា​នៅឡើយ​ទេ។ សហជីព​ថា នេះ​គ្រាន់តែ​ជា​សារ​នយោបាយ​បែប​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​ដំណើរការ​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​រួច​ទៅ​ហើយ។

មេដឹកនាំ​របប​ឯកបក្ស​លោក ហ៊ុន សែន បន្ត​អះអាង​ពី​រឿង​មិន​បារម្ភ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដដែល បើ​ទោះ​បី​ជា​នៅ​ពីក្រោយ​ឆាក​របប​របស់​លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​បែប​ណា​ក្តី។

ថ្លែងប្រាប់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ពី​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium) ដែល​ជា​មជ្ឈមណ្ឌល​នៃ​សហភាព​អឺរ៉ុប កាលពី​យប់​ថ្ងៃទី១៩ តុលា លោក​អះអាង​ថា មុន ឬ​ក្រោយ កម្ពុជា​គង់តែ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដដែល ដោយសារតែ​កំណើន​សេដ្ឋកិច្ច៖ «តើ​ពេលនេះ​បងប្អូន​បាន​បាត់បង់​ការងារ បាន​បាត់បង់​ប្រាក់ចំណូល​ហើយ​ឬ​នៅ? អត់​ទាន់​បាត់​អ្វី​ទាំងអស់ នៅ​មូល​ដូច​នំក្រូច​អ៊ីចឹង ប៉ុន្តែ​គេ​យក​ទៅ​ធ្វើជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ អ្នក​ដែល​ទទួល​ភាព​អនុគ្រោះ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)” គឺ​មានតែ​ប្រទេស ៣ ទេ គឺ​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា។ ហេតុអ្វី​បានជា​វៀតណាម ឥណ្ឌូណេស៊ី ឬ​ថៃ អត់​ទទួល​បាន? គឺ​ដោយសារ​កម្រិត​កើន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​គេ អ៊ីចឹង​កម្ពុជា​យើង មុន​នឹង​ក្រោយ​អាហ្នឹង (EBA) គង់តែ​បាត់​ទេ»

លោក​អះអាង​ទៀត​ថា ពន្ធគយ​ជិត ៧ រយ​លាន​ដុល្លារ​អាមេរិក ដែល​មិន​ត្រូវ​បាន​បង់​នោះ គឺជា​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​បើ​ទោះ​ជា​ត្រូវ​បាត់បង់ ៧​រយ​លាន​ដុល្លារ​អាមេរិក​នេះ​មែន ក៏​មិនមែន​មាន​ន័យថា កម្ពុជា​ត្រូវ​បាត់បង់​ទីផ្សារ​សម្រាប់​នាំ​ចេញទៅ​អឺរ៉ុប​នោះ​ដែរ។ លោក​ថា ផលវិបាក​ដែល​កើត​ចេញ​ពី​ការ​ដក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ គឺ​គ្រាន់តែ​ខាង​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណេញ​តិច​ជាង​មុន​ប៉ុណ្ណោះ៖ «អា​លុយ​ត្រូវ​បង់ពន្ធ​ឱ្យ​គេ​នេះ អា​ហ្នឹង​បើ​មិន​បង់ពន្ធ វា​ចំណេញ​ក្រុមហ៊ុន​ទេតើ។ គ្រាន់តែ​ក្រុមហ៊ុន​គេ​យក​ទៅ មួយ​ភាគ​គេ​ចំណេញ មួយ​ភាគ​គេ​យក​ទៅ​សង​ធនាគារ ហើយ​មួយ​ភាគ​គេ​យក​ទៅ​ដើម្បី​រួមចំណែក​ដំឡើង​បៀរ​វត្ស​ឱ្យ​កម្មករ​តែ​ប៉ុណ្ណឹង​ទេ។ បើ​បាត់​អាហ្នឹង ទីផ្សារ​ក៏​វា​នៅ​ដែរ។ ខ្ញុំ​សូម​ជម្រាប យើង​ធ្លាប់​បាត់​ហើយ​តើ។ យើង​ធ្លាប់​នាំទៅ​អាមេរិក​ដោយ​មិន​បង់ពន្ធ តែ​គេ​ឱ្យ​ត្រឹមតែ​រយៈពេល​ប៉ុណ្ណឹង គឺ​ត្រឹម​ឆ្នាំ២០០៤ គេ​បញ្ចប់។ ឥលូវ​យើង​នាំទៅ​អាមេរិក យើង​បង់ពន្ធ​តើ។ ឥលូវ យើង​ចោទ​ជា​សំណួរ​ថា ចុះ​ក្រុមហ៊ុន​នានា​ដែល​នាំទៅ​អាមេរិក បង់ពន្ធ​នោះ ម៉េច​ក៏​មាន​ប្រាក់ចំណេញ ហើយ​ចុះ​ក្រុមហ៊ុន​នានា​ដែល​នាំមក​អឺរ៉ុប បើ​ត្រូវ​បង់ពន្ធ ម៉េច​ក៏​មាន​ប្រាក់ចំណេញ? វា​គ្រាន់តែ​ចំណេញ​តិច​តែ​ប៉ុណ្ណឹង»

ការ​អះអាង​បែបនេះ ត្រូវ​បាន​ខាង​សហជីព​ឯករាជ្យ​ច្រានចោល និង​ចាត់ទុកថា គ្រាន់តែ​ជា​សារ​នយោបាយ​បែប​ប្រជាភិថុតិ មិន​ហ៊ាន​ប្រាប់​ការពិត​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា គ្មាន​អ្នកណាម្នាក់​យក​ការ​ព្រួយ​បារម្ភ​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​របប​លោក ហ៊ុន សែន ឡើយ។ លោក​ថា នេះ​បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈម ព្រោះ​សហភាព​អឺរ៉ុប​បាន​ព្រមាន​រួចហើយ​ថា ក្នុង​រយៈពេល ១២ខែ​ទៀត​នេះ បើ​របប​ដឹកនាំ​បច្ចុប្បន្ន​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ទេ​នោះ សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។ លោក​ថា ខាង​សហជីព​មិន​ចង់​ឃើញ​ពេលវេលា និង​ស្ថានភាព​អាក្រក់​ដ៏​អាក្រក់​នោះ​កើតឡើង​ឡើយ ហេតុ​ដូច​នេះ លោក​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ឆាប់៖ «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គេ​ផ្តល់​ជូន​ប្រទេស​ក្រីក្រ​ដូច​ប្រទេស​កម្ពុជា​អ៊ីចឹង។ ហើយ​បើ​យើង​យក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ជាង ៧% ពេល​ដែល​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ទៅ កម្ពុជា​យើង​មិន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​នេះ​បានទេ អ៊ីចឹង​វា​ត្រូវ​ធ្លាក់​គ្រប់​វិស័យ។ ដូច្នេះ​វា​ត្រូវ​មាន​ផល​ប៉ះពាល់​ដ៏​ធំ​មួយ​ទៅលើ​ការងារ​កម្មករ និង​អ្នក​ដែល​​ទទួល​ផល​ប្រយោជន៍​តាមរយៈ​កម្មករ​ហ្នឹង​វា​ត្រូវ​ប៉ះពាល់​ទាំងអស់​គ្នា។ អ៊ីចឹង​ហើយ​បានជា​យើង ក្រើន​រំឭក​ទាមទារ​ម្ដង​ហើយ​ម្តង​ទៀត​ឱ្យ​រដ្ឋាភិបាល​គិតពិចារណា។ ការ​ផ្ញើ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​គ្រាន់តែ​ជា​ប្រជាភិថុតិ និង​កេង​ចំណេញ​នយោបាយ​ប​តែ​ប៉ុណ្ណឹង​ទេ»

សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន រួចហើយ អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” នោះ​។ សហភាព​អឺរ៉ុប​ទុក​រយៈពេល ១២​ខែ ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ហើយ​បើ​ក្នុង​រយៈពេល​នេះ របប​ក្រុងភ្នំពេញ មិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ នោះ​សហភាព​អឺរ៉ុប​នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា សម្រេច​ដាក់​ចេញ​នូវ​វិធានការណ៍​នេះ ពី​ព្រោះតែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ មិនទាន់​ត្រូវ​បាន​កែប្រែ​នៅឡើយ​។ ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ និង​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ដល់​ប្រទេសកម្ពុជា មិនមែន​ដូច​ការចោទប្រកាន់​រប​ស់​របប​ក្រុងភ្នំពេញ​ដែល​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដោយ​លម្អៀង និង​តាម​ការ​ចង្អុល​បង្ហាញ​របស់​គណបក្សប្រឆាំង​នោះ​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិនមែន​ខាតបង់​តែ​ប្រយោជន៍​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​ប៉ះពាល់​ដល់​កម្មករ​-​និយោជិក​ទូទាំង​ប្រទេស ជាពិសេស​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។ លោក​ថា ប្រសិនបើ EBA ត្រូវ​បាន​ផ្តាច់ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នឹង​ធ្លាក់​ចុះ ពេលនោះ​ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​ដក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ប្រទេស​ដទៃ​វិញ ធ្វើ​ឱ្យ​កម្មករ​ជាច្រើន​នឹង​ត្រូវ​អស់​ការងារ​ធ្វើ៖ «EBA ហ្នឹង​សំខាន់ ព្រោះ​តាម​របាយការណ៍​ឆ្នាំ២០១៧ ប្រសិនបើ​យើង​អត់​មាន EBA យើង​បង់ពន្ធ​ទៅ គឺ​អស់​ជាង ៦ រយ​លាន ដែល​ជា​ចំនួន​ដ៏​ច្រើន។ វា​ជា​លុយ​ក្រុមហ៊ុន​មែន ជា​លុយ​ចំណេញ​របស់​ក្រុមហ៊ុន ប៉ុន្តែ​ពីមុន​វា​មាន​អាហ្នឹង ចុះបើ​គ្មាន​អាហ្នឹង តើ​គេ​បាន​អ្វី​ចំណេញ? មានតែ​រដ្ឋ​យើង​ព្យាយាម​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន អ៊ីចឹង​វា​ធ្វើ​ឱ្យ​ខាត​ដល់​រដ្ឋ​យើង​ដែរ។ តែ​មិន​ដឹង​ថា រដ្ឋ​យើង​មាន​មធ្យោបាយ​អ្វី?

ថ្វីដ្បិតតែ លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​មិន​ចុះ​ញ៉ម​នឹង​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ពិតមែន ក៏ប៉ុន្តែ​នៅ​ពីក្រោយ​ឆាក​វិញ លោក​ហាក់​បាន​ប្រឹងប្រែង​ណាស់​ដើម្បី​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ លោក​បាន​បញ្ជូន​គណៈប្រតិភូ​ពិសេស​មួយ​ក្រុម​ទៅ​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ទាំងឡាយ​របស់​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដាក់​ចេញ​នូវ​វិធានការ​ទណ្ឌកម្ម​នេះ កាលពី​អំឡុង​ខែ​មិថុនា​កន្លងទៅ ពោល​គឺ​នៅមុន​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ខែ​កក្កដា ឈាន​ចូល​មកដល់។ ក៏ប៉ុន្តែ​បេសកកម្ម​នេះ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ហើយ​ស្ថានភាព​ប្រែជា​អាក្រក់​ជាង​មុន​ទៅទៀត ក្រោយពេល​សហភាព​អឺរ៉ុប​បាន​បញ្ជូន​ប្រតិភូ​របស់​ខ្លួន​ឱ្យ​ទៅ​ពិនិត្យមើល​វិបត្តិ​ប្រជាធិបតេយ្យ​ដល់​ក្នុង​ប្រទេស​កម្ពុជា​តែម្ដង។ ដោយសារតែ​គ្មាន​ការ​កែប្រែ​ឱ្យ​ប្រសើរ​ឡើង សហភាព​អឺរ៉ុប​ក៏បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​របប​លោក ហ៊ុន សែន អំពី​ដំណើរការ​អនុវត្ត​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ និង​ទុក​ពេល ១២ខែ​ឱ្យ​របប​នេះ​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។

ក្រៅពី​ការ​បញ្ជូន​ប្រតិភូ​ឱ្យ​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​នេះ សហជីព​ជាច្រើន​ដែល​គាំទ្រ​របប​ក្រុងភ្នំពេញ​ក៏បាន​ដាក់​ញត្តិ​ជា​បន្តបន្ទាប់ សុំ​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ក្រសួងការបរទេស​វិញ សុទ្ធតែ​បាន​សំណូមពរ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ព្រោះ​ទណ្ឌកម្ម​នឹង​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា។

សហជីព​ឯករាជ្យ​ព្រមាន​ថា បើ​ប្រព័ន្ធ EBA នេះ​ត្រូវ​បាន​កាត់​ផ្តាច់​មែន កម្ពុជា​នឹង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ស្នើសុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​ថ្មី​ទៀត ទោះបី​ជា​មាន​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ក៏ដោយ ហេតុ​ដូចនេះ​ពួកគេ​អំពាវនាវ​​យ៉ាង​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​រក​ដំណោះស្រាយ​សមស្រប​ណាមួយ ដើម្បី​កុំ​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​បាន​កាត់​ផ្ដាច់ ព្រោះ​ទណ្ឌកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិខ្មែរ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​សង្គ្រាម​ចិត្តសាស្ត្រ​វាយប្រហារ​របប​លោក"

  1. Anonymous says:

    mr veitcong mafia dictator need to repair the brain because he killed democracy since 1997 coup and did a lot of criminal that we couldn’t counted’. Why are you accused EUROPE like that?? You been told too many time to respected democracy and human right but you head so stubborn that why you are punished with your groups ‘ this is your action ‘ KAMAR

Leave a Reply

Submit Comment