ចិន​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​មួយ​កម្ពុជា

ដោយ សឿង ភារៈ
21/10/2018
RFI

media
លោក ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា និងលោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន
FB: SPM


ប្រទេស​ចិន​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​មួយ​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​លី ខឺឈាង (Li Keqiang) នាយក​រដ្ឋ​មន្ត្រី​ចិន។ ជា​ការ​អះអាង​ដែល​ធ្វើ​ឡើង​ក្នុង​ជំនួប​ជា​មួយ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ប្រ៊ុចសែល​ ប្រទេស​បែល​ហ្សិក នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី១២​។

 

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ចិន China Daily នៅ​ថ្ងៃទី​២០ ខែ​តុលា, នាយក​រដ្ឋ​មន្ត្រី លី ខឺឈាង បញ្ជាក់​ថា​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​បន្ត​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ជា​មួយ​កម្ពុជា និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដើម្បី​បង្កើន​អត្ថប្រយោជន៍​សម្រាប់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក​អះអាង​ទៀត​ថា​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា ដើម្បី​ថែរក្សា​ស្ថិរភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើន​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​។ លោក​បាន​បន្ថែម​ថា​ប្រទេស​ទាំងពីរ​ចាំ​បាច់​ត្រូវ​ពង្រឹង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ និង​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី ហើយ​ប្រទេស​ចិន​ត្រៀម​ខ្លួន​ពង្រីក​ការ​នាំចូល​ផលិត​ផល​កសិកម្ម​របស់​កម្ពុជា និង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុនចិន​ទៅ​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​។

ជា​ការ​កត់​សម្គាល់​ការ​អះអាង​របស់​នាយក​រដ្ឋ​មន្ត្រី​ចិន​ធ្វើ​ឡើង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ដោយ​សហភាព​អឺរ៉ុប។ ​ការ​អនុគ្រោះ​ពន្ធ EBA បានផ្ដល់​ប្រាក់​ចំណេញ​ដល់ប្រទេសកម្ពុជា​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ប្រាក់​ចំណូល​ប្រហែល​៧​ពាន់​លាន​ដុល្លារតាមរយៈទំនិញ​នាំចេញ​ទៅ​កាន់​ប្រទេស​លោក​សេរី​​។

ក្នុង​ជំនួប​ជា​មួយ​នាយករដ្ឋ​មន្ត្រី​ចិន​នា​ពេល​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា​កម្ពុជា​នឹង​ធ្វើ​ការងារ​ជា​មួយ​ប្រទេស​ចិន ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ្នា​បន្ថែម​ទៀត​។ លោក ហ៊ុន សែន បន្ត​ថា​កម្ពុជា​នឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ស្វាគមន៍​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​។

លោក ​តេង ឌឺលុច​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា នេះ​គឺ​ជា​រឿង​ល្អ ដែល​ប្រទេស​ចិន​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ចិន​ក៏​ជា​មហា​អំណាច​មួយ តែ​ការ​វិនិយោគ​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទំហំ​ពាណិជ្ជ​កម្មរ​វាង​កម្ពុជា និង​ចិន មាន​ប្រមាណ​ជិត​៦ពាន់​លានដុល្លារ​កាល​ពី​ឆ្នាំ​២០១៧ បាន​កើន​ឡើង​ប្រមាណ​២២​ភាគ​រយ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹម​តែ​ជិត​៥ពាន់​លាន​ដុល្លារ​អាមេរិក​។ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​រួម​មាន​អង្ករ, ដំឡូងមី, និង​សម្លៀក​បំពាក់​ជា​ដើម។ ចំណែក​ទំនិញ ដែល​កម្ពុជា​នាំចូល​ពីចិន រួម​មាន​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​សម្លៀក​បំពាក់, គ្រឿង​បន្លាស់, គ្រឿង​អេឡិច​ត្រូនិច, ឱសថ, និង​គ្រឿង​សំអាង​ជា​ដើម​៕

What Next?

Recent Articles

Leave a Reply

Submit Comment