ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​ខេត្ត​រតនគិរី​​រង​ការ​បំផ្លាញ​ក្រោម​រូបភាព​ជួល​អ្នក​ភូមិ​កាប់

ដោយ មួង ណារ៉េត
2018-10-21
RFA

ព្រៃ​ឈើ​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​ឧកញ៉ា ជួន កុល ឈូស​ឆាយ​ដើម្បី​យក​ដី​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
ព្រៃ​ឈើ​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​ឧកញ៉ា ជួន កុល ឈូស​ឆាយ​ដើម្បី​យក​ដី​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA


ឈើ​មានតម្លៃ​ដូចជា ផ្ចឹក សុក្រំ ស្រឡៅ និង​គគីរ​ជាដើម មាន​មុខ​កាត់​ចាប់ពី ៥​តឹក ឡើង​ទៅ ឋិត​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ នៃ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​ទទួល​រង​ការ​អារ​រំលំ ធ្វើ​អាជីវកម្ម​យ៉ាង​ពេញទំហឹង។ អ្នកភូមិ​ថា ឈ្មួញ​បាន​ផ្ដល់​លុយ​អោយ​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ (១៨០) ដោយ​ក្នុង​មួយ​គ្រួសារ ៥០ ម៉ឺន​រៀល ជា​ថ្នូរ​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម រួច​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ នៅ​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ តុលា​ថា ពួកគេ​បាន​ឃាត់​ម៉ាស៊ីន​ត្រង់សឺន័រ​ពី​ក្រុម​ជនល្មើស ១១​គ្រឿង ដែល​កំពុង អារ​រំលំ​ឈើ​មូល​ធំៗ ក្នុង​ព្រៃ​សហគមន៍​លក់​ឲ្យ​ឈ្មួញ ដែល​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន រួច​ដឹក​តាមរយៈ​រថយន្ត​ប៉ាកុង ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ភូមិ​ប៉ាដល់ ឃុំ​សេសាន លោក រមាស់ ស្វិត ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ សំបូរ​ដោយ​ដើមឈើ​ធំៗ មានតម្លៃ​រាប់​រយ​ហិកតារ ដែល​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​គោរព​បូជា​ច្រើន​ជំនាន់​ហើយ​នោះ កំពុង​ទទួលរង​ការ​អារ​រំលំ​យក​ឈើ​មានតម្លៃ​ធ្វើ​អាជីវកម្ម គ្មាន​ការអនុវត្ត​ច្បាប់។ លោក​ថា ក្រុម​ឈ្មួញ​បាន​ផ្ដល់​លុយ​ជូន​ពលរដ្ឋ ១៨០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ចាប់ពី ៥០​ម៉ឺន​រៀល​រហូត​ជាង ១​លាន​រៀន ដើម្បី​ឲ្យ​ពលរដ្ឋ​ឯកភាព​លក់​ឈើ​មូល​ក្នុង​ព្រៃ​ឲ្យ​ខ្លួន។ លោក​បន្ថែម​ថា ជា​រៀងរាល់ថ្ងៃ អ្នកភូមិ​ប្រទះឃើញ ឈើ​មូល​ធំៗ ត្រូវ​គេ​ដឹក​តាម​រថយន្ត​ប៉ាកុង ចេញពី​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ ឆ្លងកាត់​ភូមិភិ ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម។

លោក​បារម្ភ​ថា ដើមឈើ​ធំៗ ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ នឹង​បាត់បង់​ទាំងស្រុង បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ប្រញាប់​ចុះ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ទេ៖ «ឈើ​ធំៗ ធម្មជាតិ​តាំង​ពី​ដើម​មក​ពី​ណា​ចូល​ទៅ​កាប់​ទេ តែ​ឥឡូវ​គេ​លក់​អស់ហើយ​មើល​ទៅ​ខាង​ភូមិ​ប៉ាដល់។ នៅសល់​ពីរ​កន្លែង ព្រៃ​រក​អនុផល និង ព្រៃ​អារក្ស តូច​មួយ​បើ​អស់ បាន​អី​ពឹង​ទៀត ពួក​ខ្ញុំ​ជនជាតិ​ដើម​ភាគតិច អាស្រ័យ​ផល​ព្រៃឈើ បើ​គេ​កាប់​ព្រៃឈើ​មានអី​ពឹង»

បុរស​ដដែល​អំពាវនាវ​ឲ្យ អាជ្ញាធរ​ខេត្ត​រតនគិរី​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ នៅ​តំបន់​នោះ ប្រសិនបើ​នៅ​អូស​បន្លាយ​ពេល ប្រហែល​ជាង ១​ខែ​ទៀត ដើមឈើ​ធំៗ​ផ្ដល់​ម្លប់​បៃតង និង​ជាទី​ស្នាក់​អាស្រ័យ​របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​វិនាស​អន្តរាយ​ទាំងស្រុង បង្ក​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «ព្រួយបារម្ភ​បើ​ព្រៃឈើ​គេ​កាប់​ទន្ទ្រាន​អ៊ីចឹង ខ្ញុំ​សំណូមពរ​សូម​អោយ​អាជ្ញាធរ ឃុំ និង​ស្រុក ក្នុង​ឃុំ​សេសាន ជួយ​ទប់ស្កាត់ កុំ​លក់​បន្ត​ទៀត»

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​នាំគ្នា​លក់​ឈើ​មូល​ក្នុង​ព្រៃ​ឲ្យ​ឈ្មួញ កាប់​យក​ឈើ​ធំៗ ក្នុង​តម្លៃ ៤ ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រាក់​ស្ថាបនា​ផ្លូវថ្នល់​មួយ​ខ្សែ ក៏ប៉ុន្តែ​ឈ្មួញ​បែរជា​លួច​អារ​រំលំ លើស​ពី​កិច្ចព្រមព្រៀង ធ្វើ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត និង​ប្រឡឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​អន្តរាគមន៍ ក៏ប៉ុន្តែ​ទម្រាំ​អាជ្ញាធរ​ចុះ​ដល់​ទីតាំង ព្រៃឈើ​ត្រូវ​គេ​កាប់​រំលំ​អស់​ជាច្រើន​ដើម។

រីឯ​មេឃុំ​សេសាន លោក សេវ ស្វែង ទទួល​ស្គាល់​ថា អ្នកភូមិ​ជាង ១ រយ​គ្រួសារ ពិតជា​បាន​ទទួល​ប្រាក់​ពី​ឈ្មួញ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​គេ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់។ យ៉ាងណា​អាជ្ញាធរ​ឃុំ មិន​គាំទ្រ​ចំពោះ​ការ​លក់​ព្រៃឈើ​នោះ​ទេ តែ​មិន​អាច​ហាមឃាត់​សហគមន៍​បាន ហើយ​លោក​បាន​ផ្តល់​ដំណឹង​រឿង​នេះ​ទៅ​ថ្នាក់លើ​ដែរ។ លោក​ថា ថ្មីៗ​នេះ អាជ្ញាធរ​បាន​ប្រជុំ​ក្រុម​ប្រឹក្សាឃុំ និង សមត្ថកិច្ច ឲ្យ​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឡើងវិញ និង​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​លក់​ឈើ​ក្នុង​ព្រៃ​ជាដាច់ខាត​៖ «ឥឡូវ​ខ្ញុំ​រៀបចំ ទប់ស្កាត់​ឡើងវិញ បើ​គេ​លក់​ប៉ុណ្ណឹង​ទៅ​ចុះ​។ ឈប់​ស្កាត់​កុំ​ឲ្យ​គេ​កាប់ និង​រុករាន​ទៀត កុំ​ឲ្យ​ធ្វើបាប​ព្រៃឈើ​ពេក»

ភូមិ​ប៉ាដល់ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ មាន​ភូមិសាស្ត្រ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម។ ព្រៃឈើ​នៅ​តំបន់​នោះ សំបូរ​ដោយ​ឈើ​មានតម្លៃ​ជាច្រើន​ប្រភេទ ដែល​សហគមន៍​នាំគ្នា​ថែរក្សា និង​អាស្រ័យ​ផល​បែប​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ។ សហគមន៍​ថា ថ្មីៗ​នេះ ក្រុម​អ្នក​មានអំណាច និង​ឈ្មួញ​វៀតណាម កំពុង​ដណ្តើម​គ្នា​លេប​ត្របាក់ ឈើ​មូល​មានតម្លៃ​ក្នុង​ព្រៃ​ទីនោះ ជា​បន្ត​បណ្ដើរៗ​។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​រស់​នៅ​ភូមិ​ប៉ាដល់ និង​មន្ត្រី​អាដហុក​នឹង​រួមគ្នា​ដាក់​បណ្ដឹង​បរិហារ​ទៅ​តុលាការ ខេត្ត​រតនគិរី នៅ​ពេល​ឆាប់ៗ​នេះ បំណង​ជំរុញ​ឲ្យ​មាន​អ្នកទទួលខុសត្រូវ ពី​វិនាសកម្ម​ព្រៃឈើ នៅ​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​នគរបាល​យុត្តិធម៌ គឺជា​អ្នក​ទទួលខុសត្រូវ​យ៉ាង​សំខាន់ មិន​គួរ​បណ្ដោយ​មានការ​លក់​ព្រៃ​អភិរក្ស​ខុសច្បាប់​នោះ​ទេ៖ «ចំពោះ​នៅ​ឃុំ​សេសាន ដែល​មួយ​គ្រួសារ​ទទួល​បាន ៥០​ម៉ឺន​រៀល​ហ្នឹង។ យើង​ឃើញ​ថា លិខិត​នៅ​ពេល​គេ​ចោះ​ដើមឈើ​អស់ ឃើញ​ថា ការ​លក់​ដី​ព្រៃ​ថែមទៀត។ ពី​ដំបូង​គេ​ចោះ​យក​ដើមឈើ​សិន បន្ទាប់មក​គេ​នឹង​ទន្ទ្រាន​យក​ដី​ជា​កម្មសិទ្ធិ»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា សមាគម​អាដហុក​រក​ឃើញ​ឯកសារ​មួយ​ច្បាប់ ដែល​ឈ្មួញ​ខ្ចី​ដៃ​ពលរដ្ឋ ស្នើសុំ​អភិបាលស្រុក​អូរយ៉ាដាវ កសាង​ផ្លូវ​មួយ​ខ្សែ ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ លោក​ថា ក្នុង​លិខិត​នោះ​អ្នកភូមិ​សង្ស័យ​ថា ការ​ស្ថាបនា​ផ្លូវ​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ការ​លក់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ ឲ្យ​ឈ្មួញ ដើម្បី​យក​ប្រាក់​កសាង​ផ្លូវ និង​អាច​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment