“សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តង់ដារ​២​ករណី​ប៉ូលិស​វាយ​ពលរដ្ឋ​រហូត​សន្លប់​ហើយ​រួចខ្លួន”

ដោយ ថន ថារ៉ូ
2018-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ខេត្ត​បន្ទាយមានជ័យ (Photo: RFA)
តុលាការ​ខេត្ត​បន្ទាយមានជ័យ (Photo: RFA)


មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ សោកស្ដាយ​ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ករណី​ប៉ូលិស​ស្រុក​ស្វាយចេក ចាប់​ពលរដ្ឋ​ម្នាក់​យក​ទៅ​វាយ​ធ្វើ​ទារុណកម្ម​នៅ​អធិការ​នគរបាល​ស្រុក ដោយ​មិន​មាន​ចំណាត់​ការ​ផ្លូវច្បាប់។ ការ​ធ្វើ​ទារុណ​កម្ម​នេះ​កើតឡើង ក្រោយពី​ជនជាតិ​ថៃ មាន​គ្នា​ចំនួន​៣​នាក់​ស្រវឹង​ស្រា ហើយ​បាន​បើក​រថយន្ត​ទៅ​កៀរ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​ស្វាយចេក កាលពី​ថ្ងៃ​ទី​៨ តុលា ក្រោយមក​ជនជាតិ​ថៃ​ក៏បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្លាប់​ស្គាល់​គ្នា​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​លើ​រឿង​នេះ ហើយ​ជនជាតិ​ថៃ​ទាំងនោះ​រួចខ្លួន ចំណែក​ពលរដ្ឋ នៅ​ឃុំ​ស្វាយចេក​ម្នាក់​រង​ការ​ធ្វើ​ទារុណកម្ម។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយចេក​ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ធ្វើ​ទារុណកម្ម​អះអាង​ថា រឿង​នេះ លោក​បាន​ប្ដឹង​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​វិធានការ​លើ​មន្ត្រី​ប៉ូលិស​ទាំងនោះ​តាមច្បាប់​ហើយ។

លោក ទឿង សុផល​បន្ថែម​ទៀត​ថា ក្រោយពី​លោក​ប្ដឹង​រួចមក​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម បាន​ហៅ​លោក​ទៅ​សម្របសម្រួល​ជាមួយ​មន្ត្រី​ប៉ូលិស​ស្រុក​ស្វាយចេក ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១៦ លាន​រៀល។ ពលរដ្ឋ​វ័យ ២៩​ឆ្នាំ​រូប​នេះ​បន្ត​ថា ដំបូង​ឡើយ​លោក​មិន​ចង់​បញ្ចប់​ត្រឹម​ការ​សម្របសម្រួល​នោះ​ទេ ពីព្រោះ​សមត្ថកិច្ច​បាន​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ខ្លួន ប៉ុន្តែ​លោក​បាន​យល់ព្រម​តាម​ការ​ដោះស្រាយ​របស់​ស្នងការ​នេះ ទាំង​ការ​ទើសទាល់​ចិត្ត ព្រោះ​ខ្លាច​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​ដោយសារ​ជន​ដែល​ប្រព្រឹត្ត​ជា​មន្ត្រី​ប៉ូលិស៖ «លោក ជា ស្លូញ គាត់​សុំ​ថា​ប៉ុណ្ណឹង​ទៅ​ដើម្បី​អធ្យាស្រ័យ​គ្នា​ទុក​រាប់អាន​ទៅ​ថ្ងៃក្រោយ កុំ​មាន​បញ្ហា​ការ​គំនុំគំកួន​គ្នា។ ខ្ញុំ​សម្រួលៗ​ហើយ ប៉ុន្តែ​ទាល់តែ​មាន​ការ​ដកហូត​តំណែង និង​ដាក់ទោស​មន្ត្រី​ទាំងនោះ​តាម​វិន័យ​របស់​ប៉ូលិស​ជា​លាយលក្ខណ៍អក្សរ​បាន​ខ្ញុំ​ព្រម»

លោក ទឿង សុផល រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ តុលា ជនជាតិ​ថៃ​ចំនួន​៣​នាក់​ផឹក​ស្រា​ស្រវឹង​បាន​បើក​រថយន្ត​បុក​ចន្ទល់​ទ្វារផ្ទះ​បងថ្លៃ​របស់​ខ្លួន នៅ​ភូមិ​ចំការគរ ឃុំ​ស្វាយចេក​ហើយ ព្រួត​គ្នា​វាយ​បងថ្លៃ​លោក​ចំ ២​ដៃ​បណ្ដាល​ឲ្យ​ឈាម​ក្រអូម​ម៉ាត់​ខាងក្នុង។ លោក​ថា ក្រោយ​មក​ជនជាតិ​ថៃ​ក៏បាន​ទៅ​ប្ដឹង​មេភូមិ​ចំការ​គរ​ដែល​ជា​អ្នក​ស្គាល់​គ្នា​ស្និត ប៉ុន្តែ​មេភូមិ​មិន​អាច​ដោះ​ស្រាយ​បាន ក្រោយ​មក​មេភូមិ​ក៏បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​ប៉ូលិស​ឃុំ និង​ប៉ូលិស​ស្រុក​ស្វាយចេក​ឲ្យ​មក​​ជួយ​អន្តរាគមន៍។ លោក​អះអាង​ទៀត​ថា ប៉ូលិស​បាន​បង្ខំ​ឲ្យ​លោក​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ទៅ​ជនជាតិ​ថៃ​ចំនួន ៥​ពាន់​បាត ឬ​ប្រហែល​៦០​ម៉ឺន​រៀល តែ​លោក​មិន​ព្រម ដោយ​លោក​អះអាង​ថា ខ្លួន​គ្មាន​កំហុស ហើយ​ប៉ូលិស​មាន​គ្នា​៧​នាក់​ក៏បាន​ចាប់​រូបលោក​វាយ​ខ្លោះ​ដៃ​ទៅ​ខាង​ក្រោយ រួច​រុញ​បញ្ចូល​រថយន្ត។ លោក​បន្ថែម​ថា​នៅ​ក្នុង​រថយន្ត​ប៉ូលិស​បាន​ដាល់​មុខ​លោក​ជាច្រើន​ដៃ​រហូតដល់​សន្លប់ រួច​យក​ទៅ​ដាក់​ខ្នោះជើង​នៅ​អធិការ​នគរបាល​ស្រុក​ស្វាយចេក​អស់​មួយ​យប់៖ «ខ្ញុំ​ជាប់​ខ្នោះ​មាន​ធ្វើ​អី​កើត​ចង់​យកដៃ​រង​ក៏​មិន​កើត គេ​វាយ​ហើយ​ប្រមាថ​ខ្ញុំ​គំរាម​ថា​ក្បាល​អាឯង​តម្លៃ​ប៉ុន្មាន គេ​វាយ​ប៉ាំង​ៗ ហើយ​ខ្ញុំ​ស្រែក​សុំ​អង្វរ​សុំ​កុំ​ធ្វើបាប​ខ្ញុំ​ក៏​គេ​មិន​ស្ដាប់​ខ្ញុំ​សោះ ហើយ​ថា ទៅដល់​ប៉ុស្តិ៍​ប៉ូលិស​វាយ​បន្ថែម​​ទៀត​រហូត​ខ្ញុំ​សន្លប់​តែម្ដង»។​

មេភូមិ​ចំការ​គរ លោក ហែម សុផាន់ មាន​ប្រសាសន៍​ថា ករណី​នេះ​គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ហើយ​ជនជាតិ​ថៃ​ទាំងនោះ​ពិតជា​ស្រវឹង​ស្រា​ប្រាកដ​មែន ប៉ុន្តែ​រឿង​ការ​វាយ​ធ្វើ​ទារុណកម្ម​ពលរដ្ឋ​នោះ​លោក​ថា​មិន​បាន​ដឹង​ទេ ព្រោះ​សមត្ថកិច្ច​បាន​ដឹក​ពលរដ្ឋ​រូប​នោះ​តាម​រថយន្ត​ចេញ​ពី​ផ្ទះ​របស់​លោក​បាត់​ទៅ​ហើយ៖ «ហើយ​វា​សុទ្ធតែ​ថា ខ្ញុំ​មិន​ដោះស្រាយ ចុះ​បើ​មិន​ដោះស្រាយ! ខ្ញុំ​ហៅ​មក​ផ្ទះ​ខ្ញុំ​ធ្វើ​អី។រឿង​នេះ​បើសិនជា​ដួល​វា​មាន​ស្លាកស្នាម​ហើយ តែ​នេះ​គឺ​វា​មាន​រូបភាព​បញ្ជាក់​មក​មាន​គេ​វាយ​តែម្ដង តែ​ខ្ញុំ​មិន​បាន​ឃើញ​ទេ មិន​ដឹង​ថា បងថ្លៃ​វា​វាយ ឬ​លោក ទឿង សុផល ជា​អ្នក​វាយ​ទេ»

ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក លោក ខែត សឿម ហៅ​ចក់ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា បើ​ទោះ​បី​ជា​ប៉ូលិស​ប៉ុស្តិ៍​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​មែន ប៉ុន្តែ​ប៉ូលិស​មិន​បាន​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំណែក​រឿងរ៉ាវ​យ៉ាង​នោះ លោក​មិន​បាន​បំភ្លឺ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​អធិការ​នគរ​ស្រុក​ស្វាយចេក​ជំនួស​វិញ៖ «គ្នា​ក៏​មិនបាន​វាយ​អី​ធ្ងន់ធ្ងរ​ដែរ​គ្រាន់តែ​គ្នា​រុញ​ឲ្យ​ចូល​រថយន្ត ព្រោះ​សាមីខ្លួន​មិន​ព្រម​ចូល​ឡាន​សមត្ថកិច្ច ដើម្បី​យក​ទៅ​សួរនាំ ហើយ​ការ​ចោទ​ប្រកាន់​ខាងដើម​បណ្ដឹង​ដូចជា​ហួសហេតុ​ពេក រឿង​នេះ​បើសិនជា​ប៉ូលិស​វាយ​មែន សួរ​ថា​តើ​មាន​រូបថត ឬ​វីដេអូ​មាន​យក​មក​បង្ហាញ​ទេ តែ​វា​មិន​មាន​សោះ​ហើយ​ចេះតែ​ចោទ​ប៉ូលិស​ទៅ»

អធិការ​នគរបាល​ស្រុក​ស្វាយចេក​លោក ជា ស្លូញ អះអាង​ថា លោក​មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ទេ ហើយ​លោក​ក៏​មិន​ដឹង​ថា ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​យ៉ាង​ណា​ដែរ​។​អធិការ​រូប​នេះ​បន្ថែម​ទៀត​ថា ខាង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះស្រាយ​សម្របសម្រួល​គ្នា​រួចរាល់​ហើយ៖ «ថ្ងៃ​នឹង​ខ្ញុំ​រវល់​ទៅ​ដាក់​បាត នៅ​ព្រះនេត្រព្រះ​មាន​បាន​ដឹង​ណា។ខាង​ខេត្ត​ណោះ​គាត់​បាន​សម្របសម្រួល​ឲ្យ​កម្លាំង​សុំទោស​សុំ​អី​គេ និង​បាន​បញ្ឈរ​ជើង​កងកម្លាំង​ដែល​វាយ​ពលរដ្ឋ ដោយសារ​គាត់​ល្មើស​វិន័យ​កងកម្លាំង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា សំណុំ​រឿង​នេះ​មិន​អាច​បញ្ចប់​ត្រឹម​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ទេ ព្រោះ​ប៉ូលិស​បាន​អនុវត្ត​តួនាទី​ខុសច្បាប់ ដោយ​បាន​វាយ​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ទៀត​ថា អ្នក​ដែល​ប្រព្រឹត្ត​ខុស​លើ​សំណុំ​រឿង​នេះ ត្រូវតែ​ទទួលទោស​តាមច្បាប់ ដោយ​មិន​អាច​លើកលែង​បាន​ទេ ម្យ៉ាងទៀត​សមត្ថកិច្ច​ក៏​មិន​ត្រូវ​អនុវត្ត​ច្បាប់​ស្ដង់ដារ​២​ដែរ៖ «ការ​ដក​បុណ្យស័ក្ដិ​អី​ទាំងអស់​នេះ គ្រាន់តែ​វិន័យ​រដ្ឋបាល​របស់​សមត្ថកិច្ច​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ទេ ប៉ុន្តែ​ជន​ដែល​ប្រព្រឹត្ត​ត្រូវតែ​ទទួលទោស បើ​មិន​មានទោស​ទេ​គឺជា​និទ្ទណ្ឌភាព​នៅ​កម្ពុជា​ហើយ ដូច្នេះ​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ស្តង់ដារ​២ ដោយ​សមត្ថកិច្ច​មាន​ទោស​ហើយ​រួចខ្លួន សម្រាប់​ពលរដ្ឋ​ក្រីក្រ​ត្រូវ​ជាប់គុក»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២០ តុលា ដោយ​ទូរស័ព្ទ​ទាក់ទង​មិនបាន។ ប៉ុន្តែ កាលពី​ថ្មីៗ​នេះ លោក អាត់ ខែម បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក សុំទោស​ប្រជាពលរដ្ឋ​ចំពោះ​ទង្វើ​របស់​ប៉ូលិស​មួយ​ចំនួន​តូច​នៅ​អធិការ​នគរបាល​ស្រុក​ស្វាយចេក​ដែល​បាន​ធ្វើ​ទៅលើ​ពលរដ្ឋ​នៅ​ភូមិ​ចំការគរ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​មានការ​ឈឺចាប់​កន្លងមក ចំណែក​មន្ត្រី​ប៉ូលិស​ដែល​ប្រព្រឹត្ត​ខុស​និង​ទទួល​វិន័យ​តាម​ទង្វើ​ដែល​បាន​ធ្វើ​ខុស។

លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា រឿង​នេះ​ត្រូវតែ​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​ស្ថាប័ន​តុលាការ មិនមែន​ត្រឹម​ការ​ពិន័យ​ហើយ​ចប់​រឿង​នោះ​ទេ។ កន្លងមក​សំណុំរឿង​ដែល​សមត្ថកិច្ច​វាយ​ពលរដ្ឋ​ឲ្យ​រង​របួស​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ជាច្រើន​ករណី​ហើយ ប៉ុន្តែ​មិនទាន់​ឃើញ​តុលាការ​ផ្ដន្ទាទោស​លើ​សមត្ថកិច្ច​ដែល​ប្រព្រឹត្ត​ខុស​បាន​ម្នាក់​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment