ពលរដ្ឋ​ប៉ោយប៉ែត​ត្អូញត្អែរ​ថា​ជនជាតិ​ចិន​បង្ក​អនាធិបតេយ្យ​កាន់តែ​ខ្លាំង​ប៉ះពាល់​ដល់​ការ​រស់នៅ

ដោយ វ៉ែន សុមេធ
2018-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ូលិស​អន្តោប្រវេសន្ត​ចាប់​ជនជាតិ​ដី​គោក​នៅ​បន្ទប់​ជួល​ជាប់​អូរ​ព្រំដែន ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៧។ Photo provided
ប៉ូលិស​អន្តោប្រវេសន្ត​ចាប់​ជនជាតិ​ដី​គោក​នៅ​បន្ទប់​ជួល​ជាប់​អូរ​ព្រំដែន ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៧។ Photo provided


ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា ជន​ជាតិ​ចិន​បង្ក​ជម្លោះ​អានាធិបតេយ្យ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ កាន់តែ​ខ្លាំង ហើយ​រំខាន​ដល់​ការរស់នៅ​ធ្វើ​ឲ្យ​អ្នកភូមិ មាន​ការ​ភ័យខ្លាច។ ការ​ត្អូញត្អែរ ដោយសារតែ​ជនជាតិ​ចិន​មាន​ជម្លោះ​ដោយ​ប្រើ​ដំបង​ឈើ បំពង់​ទីប​និង​កាំបិត​វាយដំ​គ្នា​នៅ​សង្កាត់​ប៉ោយប៉ែត​ជា​ញឹកញាប់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លើកឡើង​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កំណើន​ជនជាតិ​ចិន​ទៅ​រស់នៅ​ក្រុង​នេះ​កាន់តែ​ច្រើន​ឡើង ប៉ុន្តែ មិន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លោក គង់ វ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ តុលា ថា មួយ​រយៈ​ចុងក្រោយ​នេះ​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​បង្កជម្លោះ​កាន់តែ​ខ្លាំង ជាពិសេស​ការ​រំខាន​តាម​ដង​ផ្លូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច និង​មិនសូវ​ហ៊ាន​ដើរលេង​ពេលយប់​ដូច​ពេល​មិន​ទាន់​មាន​កំណើន​ជនជាតិ​ចិន​នោះ​ទេ៖ «ភាគច្រើន​វា​ឡូឡា​ដូចជា​ម្ចាស់​បូរី​អី គាត់​ជួល​ផ្ទះ​ឲ្យ​ចិន ហើយ​អ្នកណា​នៅក្បែរ​ចិន​គឺ​នៅ​មិន​បានទេ ដូច្នេះ​បើ​អ្នកធ្វើការ​ឬ​អ្នក​រកស៊ី​បើ​នៅ​ក្បែរ​ចិន​ត្រូវ​ប្ដូរ​ទីតាំង​ចេញ ដោយសារ​រស់នៅ​មាន​ភាព​រញ៉េរញ៉ៃ​ពេក​ជួន​កាល​មាន​សំឡេង​រំខាន​ដល់​អ្នកជិតខាង ហើយ​ជូន​កាល​គាត់​វាយ​គ្នា ហើយ​ពលរដ្ឋ​រស់នៅ​មានការ​ព្រួយបារម្ភ ហើយ​ជួន​កាល​មាន​ការ​កាប់​ចាក់​គ្នា​ធ្វើ​ឲ្យ​ភ័យខ្លាច»

ចំណែក ពលរដ្ឋ​ម្នាក់ទៀត លោក ឆេង ហាក់ អះអាង​ថា កំណើត​ជនជាតិ​ចិន​នេះ​មិនល្អ​ឡើយ​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សុវត្ថិភាព​ការរស់នៅ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្រុង​ប៉ោយប៉ែត ភាគច្រើន​ជា​មនុស្ស​កោងកាច ហើយ​តែង​ដើរ​ឡូឡា​រំខាន​ដល់​អ្នកស្រុក​ជាប្រចាំ៖ «ខ្ញុំ​ដល់ពេល​មាន​ជនជាតិ​ដទៃ​គេ​មក​រស់នៅ​ច្រើន​ដូច្នេះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ បញ្ហា​ជនអន្តោប្រវេសន៍​នេះ ព្រោះ​អី​ច្បាប់​មាន​តើ ហើយ​ខ្ញុំ​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​ទៅតាម​ផ្លូវច្បាប់​ផង។ ដល់​គេ​មក​រស់​នៅ​តាម​អំពើ​ចិត្ត​មាន​បង្ក​អសន្តិសុខ​ដូច្នេះ​ប្រជាពលរដ្ឋ​មាន​ការ​បារម្ភ និង​ភ័យខ្លាច​ណាស់ ព្រោះ​សូម្បី​ពេលយប់​មាន​កាន់​ដាវ​កាន់​កាំបិត​អូស​តាម​ផ្លូវ​ដូច្នេះ​អ្នកណា​មិន​ខ្លាច»

កាលពី​យប់​ថ្ងៃ​ទី​២០ តុលា សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​១៦​នាក់ ដោយសារ​ពួកគេ​កាន់ដំបង​ឈើ បំពង់​ទីប និង​កាំបិត​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិ​បាលិលេយ្យ​១​សង្កាត់​ប៉ោយប៉ែត។

អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែត ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​លោក អេង លីហួ មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ពួកគេ​មាន​ជម្លោះ​ជាមួយ​ជនជាតិ​ចិន​គ្នាឯង តែ​មិន​បង្ក​របួស​ស្នាម​ដល់​ពលរដ្ឋ​ខ្មែរ​ទេ ហើយ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​សួរចម្លើយ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ អធិការរង​រូប​នេះ​អះអាង​ទៀត​ថា ជនជាតិ​ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែត​មាន​ច្បាប់​ត្រឹមត្រូវ ក្នុង​នោះ​មាន​អ្នកខ្លះ​ស្នាក់នៅ​រយៈពេល​ខ្លី និង​រយៈពេល​វែង៖ «បើ​និយាយ​ទៅ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ទើបតែ​លើកទីមួយ​ទេ​ក្នុង​ស្ថានភាព​បែប​នឹង។ ហើយ​រាល់ថ្ងៃ​យើង​បង្ការ​ច្រើនជាង​បង្ក្រាប ដោយសារ​យើង​ប្រើ​រូបមន្ត​បង្ការ​គឺ​យប់​ឡើង​យើង​តែងតែ​ជិះ​ឡាន​ល្បាត​ដោយ​វេន​ប្រចាំការ​២៤​ម៉ោង សម្រាប់​រក្សា​សន្តិសុខ​នៅ​ក្រុង​ប៉ោយប៉ែត»

មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើង​ថា បញ្ហា​ជនជាតិ​ចិន​បាន​បង្ក​អសន្តិសុខ​នៅ​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​នៅ​ក្រុងព្រះសីហនុ ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ធូររលុង ហើយ​បញ្ហា​នេះ​បាន​រំខាន​ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន។

របាយការណ៍​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចំនួន​ជនជាតិ​ចិន​រស់នៅ​ក្រុង​ប៉ោយប៉ែត មាន​ប្រមាណ ២​ពាន់​នាក់ ក្នុង​នោះ​មាន​អ្នកធ្វើការ​នៅ​តាម​ក្រុមហ៊ុន​និង​អ្នក​ធ្វើ​អាជីវកម្ម។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​អះអាង​ថា ចំនួន​ជនជាតិ​ចិន​រស់នៅ​ក្រុង​មួយ​នេះ​មាន​ដល់​ទៅ​ជាង ៥​ពាន់​នាក់ ឯណោះ។

ចំណែក​របាយការណ៍​ប៉ូលិស​អន្តោប្រវេសន៍​វិញ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ជនជាតិ​ចិន​រស់​នៅ​មាន​ជាង ២១​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្លាំង​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ ដែល​មាន​ជនជាតិ​ចិន​ត្រឹមតែ​ជាង ១០ម៉ឺន​នាក់ ប៉ុណ្ណោះ​។ នៅ​ក្នុង​នោះ​ជនជាតិ​ចិន​ជិត ៧​ម៉ឺន​នាក់​រស់នៅ​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles