តុលាការកោះហៅសកម្មជនដីធ្លីអតីតអ្នក​បឹងកក់​និង​បុរីកីឡាបីនាក់ឲ្យចូលបំភ្លឺនៅ​ដើមខែវិច្ឆិកា

| |
https://www.vodhotnews.com

ពលរដ្ឋមកពីបុរីកីឡា មកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (រូបភាព៖ ហួត វុទ្ធី)


សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅសកម្មជនដីធ្លីអតីតអ្នក​បឹងកក់​និង​បុរីកីឡាបីនាក់​ឲ្យចូលបំភ្លឺនៅដើមខែវិច្ឆិកាខាងមុខនេះ ពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ​ដែលប្ដឹងដោយម្ចាស់​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច ។

សកម្មជនដីធ្លីដែលត្រូវបានតុលាការកោះហៅទាំងនោះរួមមាន ឈ្មោះ អ៊ីម ស្រីទូច , ភោគ សុភីន និង ស៊ា ណារ៉េត។ ពួកគាត់ជាញឹកញាប់ បាន​នាំគ្នាទៅតវ៉ានៅមុខគេហដ្ឋាន​អ្នកស្រី ស៊ុយ សុផា ដែលជាម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដើម្បីទាមទារឲ្យដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់​ និងដោះស្រាយសំណងបន្ថែមដល់ពួកគាត់​។

សកម្មជនដីធ្លីអតីតបឹងកក់ម្នាក់អ្នកស្រី អ៊ីម ស្រីទូច ដែលត្រូវបានតុលាការកោះហៅប្រាប់វីអូឌីថា អ្នកស្រីទទួលបានដីកាកោះហៅពីតុលាការហើយ ដោយថា អ្នកស្រីនឹងចូលបំភ្លឺករណីនេះ។ អ្នកស្រីចាត់ទុកការកោះហៅថា ដើម្បីដាក់សម្ពាធ និងគំរាមកំហែងមកលើពួកគាត់ដែលជាអ្នករងគ្រោះដីធ្លី។

អ្នកស្រី អះអាងថា ពួកគាត់ទៅតវ៉ានៅមុខគេហដ្ឋាន​អ្នកស្រី ស៊ុយ សុផា កន្លងមក គឺដើម្បីទាមទារម្ចាស់ក្រុមហ៊ុននេះ ដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់តែប៉ុណ្ណោះ មិនបានទៅបំផ្លិចបំផ្លាញទ្រព្យ ឬធ្វើទៅតាមបញ្ជាអ្នកណានោះទេ។

អ្នកស្រីថា៖«នាងខ្ញុំចាំច្បាស់ខ្លួនឯងទោះបីជានាងខ្ញុំទៅតស៊ូ សុំដំណោះស្រាយគឺដោយអហិង្សា គឺមិនបានទៅប៉ះពាល់អ្វីសូម្បីតែបន្តិចក៏គ្មានគឺមានតែអ្នកស្រី ស៊ុយ សុផាន ប្រលែងឆ្កែឲ្យខាំខ្ញុំទៀត។ ចាសដល់ថ្ងៃទី២ ខែវិច្ឆិកា នាងខ្ញុំនឹងចូលទៅបំភ្លឺ ដោយសារ ខ្ញុំមើលទៅបទចោទហ្នឹង នាងខ្ញុំមិនបានប្រព្រឹត្តអ្វីដូចបទចោទរបស់អ្នកស្រី ស៊ុសុផាន»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បានទេ ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូល លោក អំ សំអាត ចាត់ទុកការប្ដឹងប្រជាពលរដ្ឋនេះ ថាជាការគំរាមកំហែងប្រជាពលរដ្ឋ។ លោកបន្តថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែរួមគ្នាធ្វើការដោះស្រាយបញ្ចប់បញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋជាជាងការប្ដឹងប្រជាពលរដ្ឋបែបនេះ ដោយថាមិនចំណេញអ្វីទៅរដ្ឋាភិបាលនោះទេ។

លោកថា៖«ប្រជាពលរដ្ឋរងសម្ពាធលោកតែងតែធ្វើការទាមទាររកយុត្តិធម៌ ឬសុំកិច្ចអន្តរាគមន៍ផ្សេងៗ អាហ្នឹងវាអាចបង្កើតជាបាតុភាពនៃការតវ៉ាផ្សេងៗតទៅទៀត ដែលធ្វើឲ្យបញ្ហាដីធ្លីនេះ កាន់តែមានទ្រង់ទ្រាយធំៗទៅ ។ កន្លងមក យើងឃើញហើយឲ្យតែមានបញ្ហាដីធ្លី មានការចោទ​ប្រកាន់ប្ដឹងទៅតុលាការ អ្នកដែលរងផលប៉ះពាល់គឺរដ្ឋាភិបាល និងអាជ្ញាធរ ពីព្រោះគេរិះគន់ គេចោទប្រកាន់គឺទៅលើអាជ្ញាធរ។ អញ្ចឹងបញ្ហាទាំងអស់ហ្នឹង យើងគួរតែពិនិត្យពិចារណាហើយ ស្ថាប័នដែលពាក់ព័ន្ធត្រូវតែរកវិធីដោះស្រាយបញ្ចប់ជម្លោះហ្នឹង ដើម្បីកុំឲ្យជម្លោះហ្នឹង កាន់តែរីកទៅហើយបង្កជាបញ្ហាធំៗទៅ»។

ការប្ដឹងប្រជាពលរដ្ឋអតីតសហគមន៍បឹងកក់​ និងបុរីកីឡានេះ ធ្វើឡើងបន្ទាប់ពីពួកគេតែងតែនាំគ្នាទៅតវ៉ានៅមុខផ្ទះរបស់អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផាន អ៊ីម៉ិច ដើម្បីទាមទារសំណងបន្ថែម និងឲ្យម្ចាស់ក្រុមហ៊ុននេះ ដោះស្រាយបញ្ចប់បញ្ហាដីធ្លីដែលសល់ដល់ពួកគាត់​។

នៅចុងឆ្នាំ២០០៨ រដ្ឋាភិបាលផ្ដល់ដីសម្បទានសង្គមកិច្ចឲ្យក្រុមហ៊ុន ស៊ូកាកូអ៊ីន ធ្វើការអភិវឌ្ឍនៅតំបន់បឹងកក់បានប៉ះពាល់ជាង៤០០០គ្រួសា ពេលនោះក្រុមហ៊ុនបានបូមខ្សាច់បានចាក់ពន្លិចនិងបណ្ដេញពលរដ្ឋចេញពីភូមិ ។ បើតាមពលរដ្ឋ ពួកគេ ៣ ០០០ គ្រួសារត្រូវបានអាជ្ញាធរ បណ្ដេញចេញទាំងបង្ខំ ដោយផ្ដល់សំណងឲ្យក្នុងមួយគ្រួសារ ៨០០០ ដុល្លារ និងលុយខ្មែរ២លានរៀល។

ចំណែកឯ​ក្រុមពលរដ្ឋអតីតបុរីកីឡាវិញ អះអាងថា ក្រុមហ៊ុន​ ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១៧៧៦គ្រួសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ។

នៅឆ្នាំ២០១២ ក្រុមហ៊ុនបានធ្វើឈូសឆាយ និងបណ្ដេញប្រជាពលរដ្ឋសហគមន៍បុរីកីឡា​ ៣៨០ គ្រួសារ ចេញទាំងបង្ខំ ដោយក្នុងនោះជាពលរដ្ឋជាង ១០០គ្រួសារ ត្រូវក្រុមហ៊ុនដឹកឲ្យទៅឲ្យរស់នៅខេត្តកណ្ដាល​ និងសល់ជាង១០០ បាននាំគ្នាធ្វើតវ៉ារហូតដល់អ្នកខ្លះទទួលបានសំណង ហើយអ្នកខ្លះអះអាងថាមិនទាន់ទទួលបានសំណងនៅឡើយ៕​

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment