សមាគម​រោង​ចក្រ​កាត់​ដេរ​ថា​​ការ​បាត់បង់ ​EBA នឹង​ប៉ះពាល់រយៈពេលវែង​ដល់កម្មករនិងគ្រួសារពួកគេ​

| |
https://www.vodhotnews.com

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)


សមាគម​រោងចក្រ​កាត់​ដេរ​បាន​លើក​ឡើង​ពី​ក្តី​​បារម្ភ​របស់​ខ្លួន​លើ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់រយៈពេល​វែង​​ដល់​ជីវិត​កម្មករ គ្រួសារ​របស់​ពួកគេ ក៏​​ភាព​រីក​ចំរើន​របស់​កម្ពុជា​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ តុលា​ ឆ្នាំ២០១៨ ដែល​បាន​ផ្ញើ​ទៅ​កាន់​​ស្នង​ការ​ពាណិជ្ជ​កម្ម​គណៈ​កម្មការ​អឺរ៉ុប​ លោក​ស្រី Cecilia Malmström ប្រធាន​សមាគម​រោង​ចក្រ​កាត់ដេរ​ហៅ​កាត់​ថា​ GMAC លោក ខេន លូ បានលើកឡើងថា​ ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​គម្រោង​ EBA ឬ​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​​រយៈ​ពេល​​ខ្លី​ណា​មួយ​​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ដល់​​ជីវិត​របស់​កម្មករ​ ​និង​គ្រួសារ​របស់​ពួក​គេ​ ហើយ​​ភាព​រីក​ចម្រើន​ទាំង​អស់​ដែល​កម្ពុជា​​សម្រេច​បាន​​ក្នុង​រយៈ​កាល​២​ទសវត្សរ៍​កន្លង​មក​នេះ​អាច​នឹង​ត្រូវ​បាន​បំផ្លាញ​យ៉ាង​លឿន​។

បើ​តាម GMAC វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្ដល់​ការ​ងារ​​​ដោយ​ផ្ទាល់​ដល់​​ប្រជា​ពល​រដ្ឋ​ប្រមាណ​៧០​ម៉ឺន​​នាក់​ ដែល​ជាង​៨៥​%​ជា​​ស្ត្រី​មក​ពី​​បណ្ដា​ខេត្ត​ និង​ជន​បទ​ ហើយ​ប្រជា​ពល​រដ្ឋ​​២​លាន​នាក់​ដទៃ​ទៀត​ទទួល​ផល​ដោយ​ប្រយោល។ តាមប្រភពដដែល​ជា​រៀង​រាល់​ខែ ​ប្រាក់​ខែ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​​ត្រូវ​បាន​ចំណាយ​​ទៅ​លើ​​កម្មករ​ទាំង​នេះ​។

GMAC បន្ថែម​ថា​ការ​ប្រកាស​នា​ពេល​ថ្មី​ៗ​​នេះ​​ដោយ​សហភាព​អឺរ៉ុប​​ អំពី​លទ្ធ​ភាព​ក្នុង​​ការ​ព្យួរ​បណ្ដោះ​អាសន្ននៃ​ប្រព័ន្ធEBA សម្រាប់​​កម្ពុជា​ គឺ​ជា​ការ​ភ្ញាក់​ផ្អើល​​សម្រាប់​វិស័យ​ឯក​ជន​រួម​ទាំង​វិនិយោគិន កម្មករ ព្រម​ទាំង​អ្នក​បញ្ជា​ទិញ​ដែល​ទិញ​ពី​កម្ពុជា​។ ​

កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា​កន្លង​ទៅ គណៈកម្មការ​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​កម្ពុជា​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដោយ​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ សហភាព​អឺរ៉ុប​លើក​ឡើង​ថា កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន​ឡើយ​ បើ​ទោះបី​ជា​គណៈកម្មការ​ស្វែងរក​ការ​ពិត​របស់​អឺរ៉ុប​បាន​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ឲ្យ​មានការ​កែប្រែ​ក៏ដោយ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment