សហគមន៍ព្រៃឡង់ថាបច្ចេកវិទ្យាចូលរួមចំណែក​ ក្នុងការការពារ​ព្រៃឈើនៅតំបន់ព្រៃឡង់

ដោយ សន ចាន់រដ្ឋា
2018-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃឡង់រៀនប្រើប្រាស់កម្មវិធីព្រៃឡង់ (RFA/Sorn Chanratha)
សហគមន៍​ព្រៃឡង់រៀនប្រើប្រាស់កម្មវិធីព្រៃឡង់ (RFA/Sorn Chanratha)


បណ្តាញ​សហគមន៍​ព្រៃឈើ​​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ព្រៃឡង់ លើក​​ឡើង​​​ថា​​​បច្ចេកវិទ្យា​​​​ទូរស័ព្ទ​​​​​បាន​​​រួម​ចំណែក​យ៉ាង​ច្រើ​ន​​ក្នុង​ការ​ជួយ​​ការពារ​​ធនធាន​​ធម្មជាតិ​​ក្នុង​​តំបន់​​ព្រៃឡង់​។

ក្រុម​​សហគមន៍​​​អះអាង​​​ថា​ បច្ចេកវិទ្យា​ទូរស័ព្ទដែល​ពួក​គេ​បាន​ប្រើ បាន​នាំ​មក​នូវ​វិធីសាស្ត្រថ្មី​បន្ថែម​ទៀត ទៅ​លើ​របៀប​ធ្វើ​ការ​របស់​ពួក​គេដែល​ធ្លាប់​បាន​ប្រើប្រាស់​កាល​ពី​ពេល​កន្លង​ទៅ។

បច្ចេកវិទ្យា​ទូរស័ព្ទ​ដែល​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​ ​ក្នុង​តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ ​មាន​ខេត្ត​ក្រចេះ​ ​ខេត្ត​ស្ទឹងត្រែង ​ខេត្ត​កំពង់ធំ​ និង​ខេត្ត​ព្រះវិហារ ​បាន​ប្រើ​ដើម្បី​ការពារ​ព្រៃ​ឡង់​នោះ​ ​គឺ​សំដៅ​ដល់​កម្មវិធី​ទូរស័ព្ទ​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ “​ព្រៃ​ឡង់​”​


កម្មវិធី​ដែល​ផលិត​ឡើង​ដោយ​មាន ការសហការ​ពី​សកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ ​ដាណឺម៉ាក​ ​អង្គការ​ ​ដាន​ម៉ិស​សិន ​អង្គការ​ស្ពាន​សន្តិភាព​ ​និង​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ​ មួយ​នេះ​ ត្រូវបាន​សហគមន៍​មូលដ្ឋាន​ទាំង​បួន​ខេត្ត​ ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ប្រើប្រាស់​នៅ​រាល់​ពេល​ដែល​ពួកគេ​ចុះល្បាត​ព្រៃ​សហគមន៍​របស់​ពួក​គេ​។​


hoeun sopheapតំណាង​សហគមន៍​ព្រៃ​ឡង់ ​ខេត្ត​កំពង់ធំ​ លោក​ ​ហឿន​ ​សុភាព​ ​ឱ្យដឹង​ថា​នៅពេល​ចុះល្បាត​ព្រៃ​ ​ក្រុម​សហគមន៍​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ថត​រូប​ និង​រាយការណ៍​ព័ត៌មាន​អំពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ ​ការគម្រាម​កំហែង​ និង​ប្រមូល​ព័ត៌មាន​អំពី​ប្រភេទ​ធនធាន​ធម្មជាតិ​ ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ព្រៃ​ឡង់​។​


លោក​ថា​ការប្រើប្រាស់​កម្មវិធី​នេះ​ ​ដើម្បី​ផ្តិត​យក​រូបភាព​បទល្មើស​ និង​រាយការណ៍​គឺ​ងាយស្រួល​ជាង​ កាលពី​មុន​ដែល​ក្រុម​សហគមន៍​ចង​ក្រង​របាយការណ៍​ សរសេរ​ដោយ​ដៃ​ផ្ទាល់​។


អ្វី​ដែល​ជា​ការ​កត់សម្គាល់​របស់​ខ្ញុំ យើង​ប្រមូល​តាម​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​ ងាយស្រួល​ជាង ងាយស្រួល​ក្នុង​ការ​សរសេរ​ ព្រោះ​បណ្ដាញ​ព្រៃឡង់​មិនសូវ​មាន​អ្នកណា​ចេះ​អក្សរ​ប៉ុន្មាន​ទេ​ ភាគ​ច្រើន​សំបូរ​តែ​អ្នក​មិនសូវ​ចេះ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ប្រើប្រាស់​ កម្មវិធី​ព្រៃឡង់​ (អ្នក)​មួយ​ចំនួន​ដែល​គាត់​មិន​សូវ​ចេះ​សរសេរ ប៉ុន្តែ​គាត់​ចេះ​អាន ហើយ​គាត់​អាច​ផ្សំ​ពាក្យ​មួយ​ចំនួន ក្នុង​នោះ​អាច​សរសេរ​កត់​ជា​របាយការណ៍​ទៅ​ក្នុង​នោះ​បាន


អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​ “​ព្រៃ​ឡង់​” ​បាន​ប្រើប្រាស់​រូបភាព​ ​និង​ភ្ជាប់​ជាមួយ​នឹង​អក្សរ​ទៅ​តាម​ប្រភេទ​នៃ​សម្មភាព​បទល្មើស​ ប្រភេទ​សត្វ​ រុក្ខជាតិ​ ​និង​សកម្មភាព​គម្រាម​កំហែង​ដែល​ធ្វើអោយ​សហគមន៍​មូលដ្ឋាន​ងាយស្រួល​ស្វែងយល់​ ​និង​ប្រើប្រាស់​កម្មវិធី​នេះ​។


លោក​ ​ហឿន​ ​សុភាព​ ​ឱ្យដឹង​ទៀត​ថា​ចាប់តាំងពី​ផ្តើម​ប្រើប្រាស់​កម្មវិធី​ព្រៃ​ឡង់​នេះ​ តាំងពី​ឆ្នាំ ២០១៥ មក​ ក្រុមការងារ​របស់​លោក​ប្រមូល​បាន​ព័ត៌មាន​ភាគ​ច្រើន​ ​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​ ​ដូចជា​សំណាក​ដើមឈើ​ដែល​ត្រូវបាន​គេ​អារ​ច្រៀក​ រណា​អារ​ឈើ​ ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​គល់​ឈើ​ដែល​ក្រុម​ជនល្មើស​បាន​កាត់ផ្តាច់​។

srey thei
ស្រដៀង​គ្នា​នេះ​ដែរ​ ​តំណាង​សហគមន៍​ព្រៃ​ឡង់ ​ខេត្ត​ព្រះវិហារ ​លោកស្រី​ ​ថី ​ឱ្យដឹង​ថា​ក្រុម​សហគមន៍​របស់​លោក​បាន​ធ្វើការ​កត់ត្រា​រាល់​សកម្មភាព​ទាំងអស់​ដែល​បាន​ជួបប្រទះ​នៅពេល​ចុះល្បាត​។​ ក្រៅពី​នេះ​ក្រុម​សហគមន៍​ ​ក៏​ប្រើ​កម្មវិធី​នេះ​ដើម្បី​ថត​មុខ​ជនល្មើស​ដែល​ពួកគេ​ចាប់បាន​ដើម្បី​ទុក​ជា​ភស្តុតាង​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​ទៀតផង​។


យើង​ថត​ទាំង​ឈើ ថត​ទាំង​សត្វ ជួន​កាល​យើង​ចាប់​ទាំង​បទល្មើស​ហើយ​ យើង​ថត​រូបភាព​ជា​ភស្តុតាង​ឱ្យ​សមត្ថកិច្ច​គេ​សម្គាល់​មុខ (ម្នាក់)នេះ​ប៉ុន្មាន​ដង​ហើយ​ដែល​ចូល​អារ​ក្នុង​ព្រៃឈើ​នេះ ប៉ុន្តែ​យើង​ធ្វើ​ទៅ​លើ​បទល្មើស​ជួន​កាល​យើង​ទុក​ឱកាស​ឱ្យ​គាត់​ ទី​មួយ​ធ្វើ​កិច្ច​សន្យា​ ឬ​ផឹក​ទឹក​សម្បថ​ឱ្យ​រាងចាល ហ្នឹង​ក៏​ដាក់​ក្នុង​ប្រព័ន្ធ App (កម្មវិធី​ទូរស័ព្ទ) យើង​ដែរ​ ឱ្យ​គាត់​ផ្តិត​មេ​ដៃ​មក ឱ្យ​គាត់​បញ្ឈប់។ លើក​ទី​ពីរ​ឱ្យ​សមត្ថកិច្ច​គេ​ដោះស្រាយ​ចុះ​យើង​អត់​ធ្វើ​ទេ ព្រោះ​យើង​អត់​មាន​ដែន​សមត្ថកិច្ច​ដល់​ហ្នឹង​ទេ


របាយការណ៍​ដែល​ក្រុម​សហគមន៍​ធ្វើ​ការចងក្រង​ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​នេះ​មាន​ភ្ជាប់​ជាមួយនឹង​រូបភាព​ ​សំឡេង​ ​កំណត់ហេតុ​ ​និង​ភ្ជាប់​ជាមួយនឹង​បច្ចេកទេស​ចាប់​យក​អាសយដ្ឋាន​ទីតាំង​កើត​ហេតុ​ជាក់លាក់​។


នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព​ ​ដែល​ចូលរួម​ក្នុង​ការផលិតកម្មវិធី​ទូរស័ព្ទ​ “​ព្រៃ​ឡង់​” ​លោក​ ​ស៊ុម ​ច័ន្ទ​មុនី ​បញ្ជាក់​ថា​របាយការណ៍​ដែល​ ក្រុម​សហគមន៍​មូលដ្ឋាន​ប្រមូល​បាន​ ​នៅពេល​ចុះល្បាត​ ​នឹង​បញ្ជូន​មកកាន់​ទីតាំង​ផ្ទុក​ទិន្នន័យ​រួម​ ​ដែល​មាន​ក្រុមការងារ​បច្ចេកទេស​របស់​ពួកគេ​ជា​អ្នក​ប្រមូល​ ​និង​បូកសរុប​ សម្រាប់​ផ្សាយ​ជា​សាធារណៈ​ និង​ដាក់​ជូន​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការដោះស្រាយ​។


ព័ត៌មាន​ហ្នឹង​វា​ចូល​ទៅ​ក្នុង database (ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ) ខាង​សាកល​វិទ្យាល័យ​ដែល​នៅ​ប្រទេស​ដាណឺម៉ាក​គេ​ប្រមូល​ទិន្នន័យ​ហ្នឹង​មក​ចងក្រង​ជា​ឯកសារ​។ គល់​ឈើ​ដែល​គាត់​រាប់ ជន​ល្មើស​ដែល​ចាប់​បាន​ វត្ថុ​តាង​ផ្សេងៗ កិច្ចសហការ​ជាមួយ​អាជ្ញាធរ ឡើងចុះ​យ៉ាងម៉េច គេ​វិភាគ ប្រៀបធៀប​ជា​មួយ​របាយការណ៍​មុន ទើប​គេ​បញ្ចេញ​របាយការណ៍​ថ្មី”

កាលពី​ដើម​ខែកញ្ញា​ ​សហគមន៍​ព្រៃ​ឡង់​បាន​ចេញផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​ ​ដែល​បាន​ប្រមូល​តាំងពី​ឆ្នាំ​ ២០១៥ ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​គេហទំព័រ​របស់​ខ្លួន​។​ របាយការណ៍​នេះ​បង្ហាញ​ថា​ ​សកម្មភាព​បទល្មើស​ដែល​ក្រុម​សហគមន៍​ព្រៃ​ឡង់ ​ទាំង​បួន​ខេត្ត​ ​បាន​រកឃើញ​មាន​ជិត​ ៣ ពាន់​ ​( ២៩២៦ )​ ករណី​។


របាយការណ៍​ដដែល​បង្ហាញ​ថា​ ​សកម្មភាព​ល្មើស​ច្បាប់​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​ជិត ៣ ពាន់​ ​( ២៩២៦ )​ករណី​ ​ដែល​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​រកឃើញ​ ​ភាគ​ច្រើន​គឺ​នៅក្នុង​ខេត្ត​កំពង់ធំ​មាន​ជាង​ ​មួយ​ពាន់​ ​( ១០១៩ ) ​ករណី ​ខេត្ត​ក្រចេះ​មាន​ចំនួន​ ៩១១ ករណី​ ​ចំណែក​ខេត្ត​ស្ទឹងត្រែង​មាន​ ៥៦៨ ករណី​ ​និង​ខេត្ត​ព្រះវិហារ​មាន​ចំនួន​ ៤២៨ ករណី​។


បើ​ទោះបីជា​របាយការណ៍​ដែល​ក្រុម​សហគមន៍​មូលដ្ឋាន​បាន​រកឃើញ​ ​និង​ចង​ក្រង​ដាក់​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​ ​មាន​ភ្ជាប់​ជាមួយនឹង​រូបភាព​ដែល​ក្រុម​សហគមន៍​បាន​ទៅ​ដល់​ទីតាំង​ផ្ទាល់​យ៉ាងណា​ក្តី​ ​ប៉ុន្តែ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​បាន​បដិសេធ​ចំពោះ​របាយការណ៍​របស់​ពួក​គេ​។


តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ​ខេត្ត​កំពង់ធំ​ លោក​ ​ហឿន​ ​សុភាព​ ​ថ្លែង​ថា​លោក​មាន​ការសោកស្តាយ​ ​ដែល​របាយការណ៍​ដែល​ពួក​គេ​ប្រមូល​បាន​ពី​ការចុះ​ទៅ​ល្បាត​នៅក្នុង​ព្រៃ​ដោយ​ផ្ទាល់​នោះ​ ត្រូវបាន​អាជ្ញាធរ​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​បដិសេធ​ ​និង​ចាត់ទុក​ថា​ជា​របាយការណ៍​មិន​ត្រឹមត្រូវ​។

គេ​នៅ​តែ​និយាយ​ថា ពួក​យើង​ធ្វើការ​របៀប​ផ្ចាញ់ផ្ចាល របៀប​ប្រឆាំង របៀប​បក្ខពួក​និយម​ផ្សេងៗ ចង់និយាយ​ថា​ធ្វើ​ចង់​បំបាក់​ម្ខាងៗ ប៉ុន្តែ​ធាតុ​ពិត​ពួក​ខ្ញុំ ដូចជា​មិន​មាន​ធ្វើ​អ្វី​លើស​លុប​នោះ​ទេ យើង​មិន​ធ្វើ​ពាក់ព័ន្ធ​​នឹង​រឿង​នយោបាយ យើង​មិន​ធ្វើ​ទាក់ទង​នឹង​ក្រម​សីលធម៌​របស់​ក្រសួង​ណា​នោះ​ទេ អ្វី​ដែល​យើង​ចុះ​ជាក់​ស្ដែង ​អ្វី​ដែល​យើង​ប្រមូល​ជាក់​ស្ដែង គឺ​ក្រុម​យើង​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក បាន​ថត បាន​ស្ទាប បាន​អង្អែល និយាយ​ឱ្យ​ចំ​វិញ្ញាណ​ទាំង៥ អត់​តែ​លិឍ​ទេ ដែល​អត់​បាន​លិឍ”


លោក​ ​ហឿន​ ​សុភាព​ ​ស្នើ​ដល់​អាជ្ញាធរ​ និង​ក្រសួង​ឱ្យ​បញ្ឈប់​ការលាប​ពណ៌​ក្រុម​របស់​លោក​ ​ទៅ​នឹង​រឿង​នយោបាយ​។ ​លោក​ថា​ការប្តេជ្ញា​របស់​ក្រុម​សហគមន៍​នៅក្នុង​ការការពារ​ធនធាន​ធម្មជាតិ​ ​និង​ព្រៃឈើ​នេះ​ ​គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ផ្ទាល់​ ​ដោយសារ​ធនធាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ ​និង​ជា​អាយុ​ជីវិត​របស់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​


ម្យ៉ាង​វិញ​ទៀត​ ​លោក​ ​ហឿន​ ​សុភាព ​បាន​ស្នើ​ដល់​ប្រមុខរបប​ក្រុង​ភ្នំពេញ​ ​លោក​ ហ៊ុន ​សែន ​ឱ្យ​ជួយ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ​មួយចំនួន​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​ក្រុម​ឈ្មួញ​ ​បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​ទន្ទ្រានព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​តាម​អំពើចិត្ត​។​


ទោះយ៉ាងណា​ក្រុម​សហគមន៍​ក៏​បាន​កោតសរសើរ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស​មួយចំនួន​ដែល​បាន​សហការ​ជាមួយ​ក្រុម​សហគមន៍​ក្នុង​ការចុះល្បាត​ ​និង​បង្ក្រាប​បទល្មើស​។​


បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ​គឺ​កើត​ចេញ​ពី​ប្រជា​សហគមន៍​មូលដ្ឋាន​សកម្ម​ប្រមាណ​ ​បួន​រយ ​( ៤០០ )​នាក់​ ​ដែល​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​បរិវេណ​ព្រៃ​ឡង់ ​ពី​ការកាប់​បំផ្លាញ​ដោយ​ខុស​ច្បាប់​ ​និង​កសិកម្ម​ឧស្សាហកម្ម​ទាំងឡាយ​។​ ក្រុម​សហគមន៍​ទាំងនេះ​បាន​ធ្វើ​ការប្រមូល​ ​និង​ចង​ក្រង​រាល់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅក្នុង​ព្រៃ​ឡង់ ​ដោយ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​មួយ​ឈ្មោះ​ថា​ Prey Lang ។​


គិត​មក​ទល់​ថ្ងៃ​នេះ​ ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នេះ​បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ ៣ ​ដែល​ពានរង្វាន់​ទាំងនេះ​គឺ​ផ្តល់​ចំពោះ​សកម្មភាព​របស់​ពួកគេ​ ​ដែល​ធ្វើការការពារ​ព្រៃឈើ​។ ​ចំណែក​អ្នក​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ “​ព្រៃ​ឡង់​” ​និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​សកល ​នៃ​សាកលវិទ្យាល័យ​ កូប៉េនហាហ្គេន ​( University of Copenhagen ) ​នៃ​ប្រទេស​ដឺណា​ម៉ាក ​ក៏​ទទួលបាន​ពានរង្វាន់​ពី​សាកលវិទ្យាល័យ​នេះ​ ​ផងដែរ​ ​ទាក់ទង​នឹង​គម្រោង​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ប្រទេស​កម្ពុជា​។​


ព្រៃ​ឡង់​ត្រូវបាន​គេ​ដឹង​ថា​ជា​ជម្រក​នៃ​ពលរដ្ឋ​ជាង​ពីរ​សែន​នាក់​ ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ និង​ជា​ជម្រក​របស់​សត្វ​ និង​រុក្ខជាតិ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ផងដែរ​៕

preylang app inter


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment