អ្នកមានជម្លោះដីធ្លីមកពី​ខេត្តក្រចេះថា នឹងបន្តស្នាក់នៅភ្នំពេញបើគ្មានដំណោះស្រាយពីអាជ្ញាធរ

| |
https://www.vodhotnews.com

អភិបាលរងខេត្តក្រចេះលោក ខាន់ ចំណាន ចុះជួយសម្របសម្រួលពលរដ្ឋដែលមានជំលោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ មកពីស្រុកស្នួល ខេត្តក្រចេះ នៅវត្តសាមគ្គីរង្សី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)


អ្នកមានជម្លោះដីធ្លីមកពីស្រុកស្នួលខេត្តក្រចេះដែលកំពុងស្នាក់នៅវត្តមួយក្នុងរាជធានីភ្នំពេញ អះអាងថា នឹងបន្តស្នាក់នៅភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ បន្ទាប់ពីគ្មានកិច្ចសន្យាដោះស្រាយជាក់លាក់ណាមួយពីអាជ្ញាធរខេត្ត។

ពលរដ្ឋជាង១០០នាក់នៅឃុំ២ធ្នូ ស្រុកស្នួល កាលពីម្សិលមិញបានឡើងមកតវ៉ាដីធ្លីនៅភ្នំពេញជាថ្មីទៀត ដោយអះអាងថា រង់ចាំដំណោះស្រាយពីអាជ្ញាធរខេត្តយូរពេក។ ក្រុម​ពលរដ្ឋទាំងនោះបានប្រមូលផ្តុំគ្នាស្នាក់នៅវត្តសាមគ្គីរង្សី ប៉ុន្តែនៅថ្ងៃនេះអាជ្ញាធរខេត្តក្រចេះបានចុះមកសម្របសម្រួលដល់វត្តដូចសព្វមួយដងដោយ​​ឲ្យពលរដ្ឋត្រឡប់ទៅវិញ ប៉ុន្តែក្រុមអ្នកភូមិមិនព្រមត្រឡប់ទៅវិញនោះទេដោយសារគ្មានកិច្ចសន្យាជាក់លាក់ពីអាជ្ញាធរពាក់ព័ន្ធ។

ពលរដ្ឋដែលមានជំលោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ មកពីស្រុកស្នួល ខេត្តក្រចេះ នៅវត្តសាមគ្គីរង្សី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

លោក ភិន ធា ដែលអះអាងថា ជាតំណាងពលរដ្ឋមានប្រសាសន៍ថា អ្នកភូមិប្រមាណ៥០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់តាំងពីខែមីនា ដោយពួកគេបានឡើងមកភ្នំពេញចំនួន៧ដងហើយ ដើម្បីសុំទៅស្ថាប័នរដ្ឋកំពូលៗជួយដោះស្រាយ។

លោកបន្តថា ពេលឡើងមកម្តងៗអាជ្ញាធរខេត្តតែងតែចុះមកសម្របសម្រួលឲ្យពួកគាត់ត្រឡប់ទៅវិញ ដោយសន្យាពន្លឿនជួយដោះស្រាយ ប៉ុន្តែរយៈពេលកន្លងមកអាជ្ញាធរបានត្រឹមតែសន្យាប៉ុណ្ណោះទើបអ្នកភូមិនាំគ្នាឡើងមកម្តងទៀតបែបនេះ។

លោកបន្ថែមថា៖«សុំឲ្យគាត់ឲ្យចែកដាក់លក្ខខណ្ឌឲ្យច្បាស់២ហិកតាកន្លះដីភូមិដូចដែលគាត់ [អភិបាលខេត្ត] សន្យាពួកខ្ញុំស្នើសុំប៉ុណ្ណឹងមិនចង់បានដីដូចដើមវិញទេ។ ដីដែលគាត់បិទផ្សាយតាមផែនទីមាន៧ពាន់ហិកតា បើបែងចែកឲ្យពួកខ្ញុំទៅនៅសល់ដីទៀត។ ដល់ពេលថ្មីៗនេះ ប្រធានមន្ទីរខេត្តគាត់មកនិយាយបកស្រាយថាដីហ្នឹងសល់៣ពាន់ហិកតា […] និយាយទៅមកៗឆ្លើយថា អត់ដឹងដីនៅណា»

ពលរដ្ឋម្នាក់ទៀត​អ្នកស្រី ចាន់​ ស្រស់ និយាយថា ការពន្យាពេលមិនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនគាត់នេះ បានធ្វើឲ្យគ្រួសារគាត់ជួបផលលំបាកជាច្រើនដូចជាខ្វះដីបង្កបង្កើនផល គ្មានផ្ទះសម្បែងស្នាក់នៅ និងគ្មានប្រាក់សងបំណុលគេជាដើម ដោយថា ផ្ទះ និងដំណាំផ្សេងៗរបស់គាត់ត្រូវក្រុមហ៊ុនចម្ការកៅស៊ូមេមត់ឈួសឆាយចូលអស់ហើយ។

អ្នកស្រីបន្តថា ប្រសិនបើពុំមានកិច្ចសន្យាជាក់លាក់ណាមួយពីអាជ្ញាធរពាក់ព័ន្ធក្នុងការពន្លឿនដោះស្រាយទេ គឺពួកគាត់មិនត្រឡប់ទៅវិញឡើយ។

អ្នកស្រីបន្ថែមថា«ពួកខ្ញុំលំបាកណាស់គ្មានលុយគ្មានកាក់អីទេ អញ្ចឹងហើយបានខំមកហ្នឹង។ បើគេមិនដោះស្រាយឲ្យគ្មានលុយចាយទេ។ បើមិនដោះស្រាយឲ្យខ្ញុំទេពួកខ្ញុំមិនទៅវិញទេ។ ធ្វើកិច្ចសន្យាឲ្យជាក់លាក់ឲ្យពួកខ្ញុំសិនមក ខ្ញុំអស់ជំនឿលើអាជ្ញាធរខេត្ត ហើយសន្យារហូត។សូមឲ្យសម្តេចជួយដោះស្រាយដល់ពួកខ្ញុំនៅស្រុកស្នួលខេត្តក្រច្រះនេះផង»

អភិបាលរងខេត្តក្រចេះលោក ខាន់ ចំណាន ដែលចុះសម្របសម្រួលបានថ្លែង​ចំពោះមុខពលរដ្ឋថា អាជ្ញាធរខេត្តកំពុងដំណើរការដោះស្រាយជូនពលរដ្ឋទាំងនោះហើយ ដោយបញ្ជាក់ថាមូលហេតុយឺតយ៉ាវដោយសារមន្រ្តីអាជ្ញាធរខេត្តត្រូវ​កែតម្រូវឈ្មោះខុសរបស់ពលរដ្ឋមួយចំនួន និងកំពុងដំណើរការពិនិត្យអត្តសញ្ញាណកម្មក្បាលដីឲ្យបានច្បាស់លាស់។ លោក ខាន់ ចំណាន បានសន្យាចំពោះមុខពលរដ្ឋថា នឹងដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឲ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្ថែមថា៖«បងប្អូនមិនច្បាស់អីរឿងការងារហ្នឹងបងប្អូនអាចជួបជាមួយលោកអភិបាលខេត្ត បងប្អូនមិនច្បាស់អីរឿងការងារ ពីមួយដំណាក់កាលទៅមួ​យ​ដំណាក់កាលបងប្អូនទៅជួបការងារដោះស្រាយដីធ្លីខេត្ត។ ខ្ញុំចង់ឲ្យតែលឿនទេខ្ញុំនោះ។ នេះបងខាងមន្រ្តីក្រសួងជួយដឹងលឺ គ្រាន់តែខ្ញុំថាដោះស្រាយឲ្យនៅខែប្រាំងនេះគាត់ខ្លាចយើងមិនទាន់ទៀត»

បើទោះបីជាមានការសម្របសម្រួលបញ្ចុះបញ្ចូល និងសន្យាពន្លឿនដោះស្រាយពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីក្រសួងរៀបចំដែនដីយ៉ាងណាក៏ដោយ គឺពលរដ្ឋទាំងនោះមិនព្រមត្រឡប់ទៅវិញតាមការស្នើសុំឡើយ ដោយក្រុមពលរដ្ឋទាមទារទៅអាជ្ញាធរខេត្ត និងមន្រ្តីក្រសួងធ្វើកិច្ចសន្យាចុះដោះស្រាយជាក់លាក់មួយជូនពួកគេ ប៉ុន្តែមន្រ្តីពាក់ព័ន្ធទាំងនោះមិនបានធ្វើកិច្ចសន្យាឡើយ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា មួយរយៈចុងក្រោយលោកសង្កេតឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋបណ្តាខេត្តបានច្រើន។ លោក ក៏ជំរុញទៅក្រសួងរៀបចំដែនដី ត្រូវខិតខំដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ផ្សេងទៀត ដោយថាដើម្បីជៀសវាងកើតមានបាតុភាពផ្សេងៗពេលដែលពលរដ្ឋទាំងនោះឡើងមកតវ៉ាដល់ភ្នំពេញ។

លោកបន្ថែមថា៖«បើសិនជាគាត់ឡើងមកហើយការសន្យាយើងមិនបានដោះស្រាយទេ នោះប្រជាពលរដ្ឋលោកនៅតែបន្តឡើងមកតវ៉ាអត់ចប់ទេ។ ហើយវាអាចហ្នឹងបង្កឲ្យមានបាតុភាពផ្សេងៗ។ យើងបារម្ភថា វាអាចកើតមានអំពើហិង្សាផ្សេងកើតឡើងពេលដែល គាត់ឡើងមកតវ៉ាជាពិសេសលោកអស់ជំនឿគាត់ធ្វើតវ៉ាទាមទារដោយក្រាញននៀលដែលបង្កើតឲ្យអំពើហិង្សានេះជាការបារម្ភ។ ហើយអ្វីដែលសំខាន់ខ្ញុំគិតថាអាជ្ញាធរដែលពាក់ព័ន្ធគួរតែពិនិត្យមើល ហើយនាំគ្នាដោះស្រាយជូនប្រជាពលរដ្ឋដើម្បីបញ្ចប់វិបត្តិវិវាទដីធ្លីនេះ»

កាលឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗទៅលើ​មន្រ្តីក្រោមឱវាទរបស់ខ្លួនដែលមិនព្រមដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ។

លោកបន្ថែមថា៖«គាត់ដាំដុះនៅកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹងប្រគាល់ឲ្យគាត់ទៅ ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះនោះ បើក្នុងគណបក្សខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែលោកឯងហី ? បានប្រកាច់ខំទុកធ្វើអី? មិនចែកឲ្យប្រជាជនទៅ! អាហ្នឹងនិយាយឲ្យពិត វាដូចជាហួស ស្រលាញ់ដីហួស ដីម៉ែលោកឯងហី ម៉េចមិនចែកឲ្យប្រជាជនទៅ»

កាលពីថ្ងៃទី០៨ ខែមីនា អ្នកភូមិជាច្រើននាក់នៅភូមិជើងក្លេរ ឃុំ២ធ្នូ បានរងរបួសនៅ​ពេល​ប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្កាកៅស៊ូមេមត់ ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំពួកគេ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment