ពលរដ្ឋ​​ខេត្ត​ព្រះវិហារ ​ចោទ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ថា ឈូស​ឆាយ​ស្រូវ​កសិកម្ម និង​ដី​ស្រែ​ពួក​គាត់​ថ្មី​ទៀត

ដោយ វ៉ែន សុមេធ
2018-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth


ជនជាតិ​ដើម​ភាគ​តិច​កួយ​ រស់នៅ​ឃុំ​ប្រមេ ​ស្រុក​ត្បែងមានជ័យ ​ខេត្ត​ព្រះវិហារ ​ចោទ​ក្រុមហ៊ុន​ចិន​ហេង​ ហ្វូ ថា បាន​ឈូស​ឆាយ​ស្រូវ​កសិកម្ម​និង​ ដីធ្លី​អាស្រ័យ​ផល​របស់​ពួក​គាត់​អស់ ១០ហិកតារ​ជា​ថ្មី​ទៀត។ អ្នក​ភូមិ​ថា ពួក​គេ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​តែ​គ្មាន​ដំណោះ​ស្រាយ។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ រស់នៅ​ភូមិ​ស្រែ​ព្រាង​ ឃុំ​ប្រមេ ​លោក ខេ ហុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ​តុលា​ថា ស្រូវ​កសិកម្ម​របស់​លោក​កន្លះ​ហិកតារ ​ដោយ​ត្រៀម​ប្រមូល​ផល​ឆ្នាំ​នេះ​ ត្រូវ​ក្រុមហ៊ុន​ចិន​យក​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ចោល​អស់​ស្ទើរ​ទាំង​ស្រុង​ កាលពី​ថ្ងៃ​ទី​២១ តុលា។ លោក​បន្ថែម​ថា គ្រួសារ​លោក​បាន​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​មេឃុំ​ប្រមេ លោក ធាង ហេង ក៏​ប៉ុន្តែ​អាជ្ញាធរ​ឃុំ​រូប​នេះ បែរជា​​និយាយ​ថា ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​ចិន។ លោក​ថា គ្រួសារ​លោក​មាន​ដី​ ១៥ហិកតារ ​គ្រប់គ្រង​មុន​ឆ្នាំ​ ២០០០ ​ត្រូវ​ក្រុមហ៊ុន​ចិន​ឈួស​ឆាយ​បំពាន​យក​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​ ២០១២ ​អស់​ ១៤ហិកតារ ​ហើយ​មក​ទល់​ពេល​នេះ​ ​នៅ​សល់​ដី​ស្រែ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ៖ «»

បុរស​ដដែល​បន្ថែម​ថា ថ្មីៗ នេះ​ ក្រុមហ៊ុន​ចិន​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​អ្នក​ភូមិ​ផ្សេង​ទៀត​អស់​ ១០ហិកតារ​ជា​ថ្មី​ទៀត ហើយ​កន្លងទៅ​ពួក​គាត់​ធ្លាប់​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​បញ្ហា​នេះ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ជាតិ​ច្រើន​សារ​តែ​គ្មាន​ដំណោះ​ស្រាយ៖ «»

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ហេង ហ្វូ និង​អភិបាល​ស្រុក​ត្បែង​មានជ័យ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ តុលា។ រីឯ​មេឃុំ​ប្រមេ ​លោក ធាន ហេង ក៏​មិន​អាច​ទាក់ទង​បាន ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ ចំណែក​អភិបាល ​ខេត្ត​ព្រះវិហារ ​លោក អ៊ុន ចិន្ថា ធ្លាប់​លើកឡើង​ថា នឹង​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី​នោះ​ទេ។

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ លោកស្រី ទេព ទឹម មាន​ប្រសាសន៍​ថា សហគមន៍​បាន​ផ្តល់​ដំណឹង​នេះ​ ទៅ​អាជ្ញាធរ​ស្រុក​ ឲ្យ​ជួយ​អន្តរាគមន៍​ តែ​គ្មាន​លទ្ធផល។ លើស​ពី​នេះ​ សហគមន៍​បាន​ផ្តល់​ព័ត៌មាន​ទៅ​មេឃុំ​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នេះ​ដែរ​ តែ​អាជ្ញាធរ​ឃុំ​ហាក់​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ ក្តី​លំបាក​វេទនា​របស់​ពលរដ្ឋ​ ដែល​ខ្លួន​គ្រប់​គ្រង់​នោះ​ទេ។ ​លោកស្រី​បារម្ភ​ថា​ ​ពលរដ្ឋ​រងគ្រោះ​ ​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ ​ឲ្យ​ជួយ​ដោះស្រាយ​ទេ ​បើ​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ ​ដល់​ថ្នាក់​ជាតិ​សុទ្ធសឹងតែ​ ​មិន​អើពើ​ស្វែងរក​ដំណោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ពីសំណាក់​ក្រុមហ៊ុន​ចិន៖ «»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង​ ៤ម៉ឺន​ហិកតារ (៤២.០០០) តាំង​ពី​ឆ្នាំ ២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មេ ​និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​ ៥ ទៀត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​លោក សឹង សែន​ករុណា ទទូច​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើង​វិញ លើ​សកម្មភាព​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ​ដែល​កំពុង​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​កួយ និង​បាន​ប្រើ​ឥទ្ធិពល​ ​ធ្វើឲ្យ​ប៉ះពាល់​ជីវិត​រស់នៅ​អ្នកភូមិ​នៅ​តំបន់​នោះ​។ ​លោក​ថា ​អាជ្ញាធរ​ស្រុក និង​ខេត្ត​គួរតែ​ចុះ​ពិនិត្យ​រឿង​នេះ​ផ្ទាល់​ ​និង​ស្វែងរក​ដំណោះស្រាយ​យ៉ាងណា​ ​គិត​គួរ​ពី​ក្រពះ​របស់​ពលរដ្ឋ​ជាមុន​សិន៖ «»

លោក សឹង សែនករុណា បារម្ភ​ខ្លាំង​នៅ​គ្រា​ដែល​របប​ក្រុង​ភ្នំពេញ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ក្រុមហ៊ុន​ចិន​ ហេង​ ហ្វូ ​ក៏ប៉ុន្តែ​មិន​បាន​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​ឲ្យ​រួចរាល់​ជា​មុន​សិន​នោះ​ទេ បង្ក​ឲ្យ​ក្រុមហ៊ុន​នេះ​តែង​ធ្វើ​សកម្មភាព​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជាតិ​ ត្រូវ​អនុវត្ត​ច្បាប់​រឹង​តឹង​លើ​ក្រុមហ៊ុន​នេះ និង​គិត​គួរ ​ពី​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment