សង្គម​ស៊ីវិល​​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ផលិតផល​ឱសថ​ក្លែង​ក្លាយ​

ដោយ សន ចាន់រដ្ឋា
2018-10-22
RFA

ផលិត​ផល​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស ​ឈ្មោះ​ថា អ៊ិច ប៊ូស្ទ័រ (X-BOOSTER) ដែល​ក្រសួង​សុខាភិបាល​​ហាម​ឃាត់​។ រូប៖ ហ្វេសប៊ុក Yusa Shop
ផលិត​ផល​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស ​ឈ្មោះ​ថា អ៊ិច ប៊ូស្ទ័រ (X-BOOSTER) ដែល​ក្រសួង​សុខាភិបាល​​ហាម​ឃាត់​។ រូប៖ ហ្វេសប៊ុក Yusa Shop


អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ក្រសួង​សុខាភិបាល ដែល​បាន​ត្រឹម​តែ​ចេញ​សេចក្តីជូន​ដំណឹង​ហាម​ឃាត់​ការ​លក់​ដូរ និង​ចរាចរណ៍​ផលិត​ផល​ឱសថ​ក្លែង​ក្លាយ ប៉ុន្តែ​មិន​បាន​ចាត់​វិធានការណ៍តាម​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ចំ​ពោះ​​បញ្ហា​នេះ។ ក្រសួង​សុខាភិបាល​បាន​កំណត់​អត្តសញ្ញាណ​នៃ​ឱសថ​ក្លែង​ក្លាយ​នេះ​បាន​ជា​បន្ត​បន្ទាប់ និង​បាន​ហាម​ប្រាម​លែង​ឱ្យ​ចរាចរណ៍ និង​ប្រើប្រាស់​តទៅទៀត ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ជន​ណាម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ដោយសារ​ការ​នាំ​ចូល​ឱសថ​ក្លែងក្លាយ​ទាំង​នោះ​នៅ​ឡើយ​ទេ។

សង្គម​ស៊ីវិលសម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ឱសថ​ក្លែង​ក្លាយ​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា និង​​​ទាម​ទារ​ឱ្យ​ក្រសួង​សុខាភិបាល​ដាក់​ចេញ​នូវ​វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ជាក់​ស្តែងលើ​ក្រុម​ហ៊ុន ឬ​អ្នក​នាំ​ចូល​ផលិត​ផល​ឱសថ​ក្លែង​ក្លាយ​ ដោយ​សារ​នេះ​ជា​បញ្ហា​ធំ​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ។ ក្តី​បារម្ភនេះធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ជា​បន្តបន្ទាប់​អំពី​ផលិត​ផល​ឱសថក្លែង​ក្លាយ ដែល​កំពុង​ផ្សព្វផ្សាយ​​លក់​យ៉ាង​ទូលំ​ទូលាយ​ទាំង​នៅ​លើ​ទីផ្សារ និង​លើ​បណ្តាញ​សង្គម ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ជន​ណា​ម្នាក់ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់​ទោស​នៅ​ឡើយ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក​ សន​ ជ័យ យល់​ថា ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​ទាក់ទង​នឹង​ផលិតផល​ឱសថ​ក្លែង​ក្លាយ​នេះ​ គឺ​​ជាការ​រត់​តាម​ពីក្រោយ​ក្រុមហ៊ុន​ ឬ​អ្នក​ចែក​ចាយតែប៉ុណ្ណោះ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ មាន​ការ​រឹប​អូស​យក​ផលិត​ផល​ឱសថ​ក្លែង​ក្លាយ​ទៅ​បំផ្លាញ​ចោល ក៏​ប៉ុន្តែ​ម្ចាស់​ទីតាំង​ផលិត ឬ​នាំចូល​​ផលិត​ផល​ទាំង​នោះ កម្រ​នឹង​ឃើញ​ក្រសួង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ណាស់​ ដែល​ជា​ហេតុធ្វើ​ឱ្យ​ករណី​នេះ​នៅ​តែបន្ត​កើត​មាន។ លោក​ជឿជាក់​​ថា អំពើ​ពុក​រលួយ​ និង​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ គឺ​ជា​ដើម​ហេតុ​សំខាន់ ដែល​នាំ​ឱ្យ​មាន​ការ​​ហូរ​ចូល​ឱសថ​ក្លែង​ក្លាយចូល​មក​កម្ពុជា ហើយ​ម្ចាស់​ក្រុមហ៊ុន​ ឬ​អ្នក​នាំចូល​ទាំងនោះ ទំនង​ជា​មិនមែន​អ្នក​រក​ស៊ីធម្មតាឡើយ។ លោក​ជំរុញ​ឱ្យ​ក្រសួង​​សុខាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឺង​ និង​ជាក់​ស្តែង​ជាង​ពេល​បច្ចុប្បន្ន​ ដើម្បី​ធានា​ថា ឱសថ​ក្លែង​ក្លាយ​នឹង​អាច​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​បាន​តទៅ​ទៀត​ឡើយ៖ «វា​មាន​ទិដ្ឋភាព​ថ្មី​នៃ​ការ​លេច​ចេញ​នូវ​រូបភាព​ប្រភេទ​ពាក់​កណ្តាល​ឱសថ ពាក់​កណ្តាល​អាហារ​បំប៉ន​ ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រភេទ​ផលិត​ផល​ជួយ​កម្លាំង​ផ្លូវ​ភេទ​ជា​ដើម។ ពេល​ខ្លះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​ គេ​បង្ហាញ​ឱ្យ​ឃើញ​ថា វា​អាច​ព្យាបាល​ជំងឺ​បាន ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​​កម្ពុជា​យើង​ហ្នឹង​គាត់​កំពុង​មាន​បញ្ហា​ហ្នឹង​ស្រាប់ អ៊ីចឹង​ទៅ​លឺសូរ​គេ​ផ្សព្វផ្សាយ​អំពី​ភាព​អស្ចារ្យ​នៃ​ផលិត​ផល​នីមួយៗ ហ្នឹង​ ក៏​ចាប់​ផ្តើម​រក​ទិញ។ ពេល​ដែល​ឱកាស​នៃ​ចែក​ចាយ​ហ្នឹង​ វា​ទូលំទូលាយ​បែប​នេះ គឺ​ទាំង offline និង​ online ធ្វើ​ឱ្យ​វិធានការ​នៃ​ការ​បង្ក្រាប​ហ្នឹង វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​សារ​តែ​វិធានការណ៍​បង្រ្កាប​សព្វថ្ងៃនេះ​ នៅ​តែ​ជា​វិធានការ​បង្រ្កាប​បែប​ប្រពៃណី»

កាល​ពី​ពេល​ថ្មីៗនេះ ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ជាបន្ត​បន្ទាប់អំពី​ផលិត​ផល​ឱសថ​គ្មាន​ច្បាប់​អនុ​ញ្ញាតជាច្រើន​មុខ​ ​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា។ ផលិត​ផល​​ឱសថ​ទាំង​នោះ គឺ​ជា​ប្រភេទ​កាហ្វេ និង​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស។

ក្រសួង​រក​ឃើញ​ថា ផលិត​ផល​កាហ្វេម៉ាក ខូហ្វី ឡែក (Coffee Like) ឬ​កាហ្វេ​កម្លាំង​សេះ មាន​ផ្ទុក​សារធាតុ ស៊ីលឌែនណាហ្វីល (Sildenafil) និង ធេដាលើហ្វីល (Tadalafil) ដែល​ជា​ឱសថ​បង្កើន​ចំណង់​ផ្លូវ​ភេទ​បុរស។ កាហ្វេ​ប្រភេទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ប្រជាជន FM 91 MHz ជា​រៀង​រាល់​ថ្ងៃ​ថា ជួយ​បញ្ហា​ស្ទះ​ចរន្តឈាម​ ជួយ​ផ្លូវ​ភេទ​បុរស​ឱ្យ​បាន​ធំ រឹង យូរ ហើយ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ស្ករ និង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ទទួលទាន​បាន​ដែរ។ ក្រសួង​អះអាង​ថា នេះ​ជា​ការ​ផ្សាយ​ភូតកុហក និង​បំផ្លើស​ហួសពីការ​ពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ គ្មាន​ការ​ត្រួតពិនិត្យ​ និង​គ្មាន​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​ឡើយ។ ក្រសួង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់ការនាំចូល​ ​ការ​ផ្សព្វផ្សាយ និងការ​ចរាចរណ៍​ផលិត​ផល​នេះ ព្រម​ទាំង​ប្រមូល​ ​ផលិត​ផល​​កាហ្វេ Coffee Like ឬ​កាហ្វេ​កម្លាំង​សេះ​នេះ យក​មក​កម្ទេច​ចោល​ជា​បន្ទាន់។ ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ឱ្យ​ឈប់​ប្រើ​ផលិត​ផល​នេះ​តទៅ​ទៀត ដើម្បី​ចៀសវាង​ការ​ខាត​បង់​ប្រាក់​កាស និង​ការ​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​ដោយសារ​ការ​គាំង​បេះដូង​ក៏​ថា​បាន។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​ក្រុមហ៊ុន ឬអ្នក​​នាំចូល​ផលិត​ផល​កាហ្វេ ម៉ាក ខូហ្វី ឡែក (Coffee Like) ឬ​កាហ្វេ​កម្លាំង​សេះ នេះ​បាន​នៅ​ឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី២២ តុលា។

ស្របពេល​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាលក៏​បាន​ហាម​ឃាត់​ផលិត​ផល​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​មួយ​ប្រភេទ​ទៀត​ ដែល​មាន​ឈ្មោះ​ថា អ៊ិច ប៊ូស្ទ័រ (X-BOOSTER)។ ក្រសួង​អះអាង​ថា ផលិត​ផល​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​គណនី​ហ្វេស​ប៊ុក​ចំនួន​ ៤ គឺ មឺស ធៀ (Ms Thea) យូសា សប (Yusa Shop) រដ្ឋា អនឡាញហ្សប (Ratha Online Shop)​ និង​គណនី សុខភាព និង​​សម្រស់ (Beauty Shop)​ ថា ជួយ​ឱ្យ​រួម​ភេទ​បាន​យូរ​ជាង​មុន​ និង​ធ្វើ​ឱ្យ​ប្រដាប់​ភេទ​បុរស​ធំ​ជាង​មុន​ ជួយ​ប្រដាប់​ភេទ​ងើប​រឹង​ ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ​ ប៉ូវក្រលៀន បង្កើត​អ័រម៉ូន​ ជួយ​ឱ្យ​សរសៃ​ឈាម​រត់​ទៅ​ចិញ្ចឹម​​សរីរាង្គ​បាន​ល្អ និង​កាត់​បន្ថយ​ស្ត្រេស (Stress) ជាដើម។ ក្រសួង​សុខាភិបាល​ថា នេះ​ជា​ការ​ផ្សព្វ​ផ្សាយ​ភូត​កុហក​ និង​បំផ្លើស​ពី​ការ​ពិត ហើយ​ផលិតផល​នេះ​គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​​​ឡើយ។ ក្រសួង​បញ្ជា​ឱ្យ​ក្រុមហ៊ុន និង​ម្ចាស់​គណនី​ទាំង​៤ បញ្ឈប់​ការ​នាំ​ចូល ការ​ផ្សព្វផ្សាយ និង​ការ​ធ្វើ​ចរាចរណ៍​ផលិតផល​នេះ ព្រម​ទាំង​ប្រមូល​ផលិតផល​នេះ យក​មក​កម្ទេច​ចោល​ជា​បន្ទាន់។ ក្រៅ​ពី​នេះ ក្រសួ​ង​​ក៏​បាន​ហាម​ពលរដ្ឋ​ឱ្យ​ឈប់​ប្រើ​ផលិត​ផល​នេះ​ត​ទៅ​ទៀត ដើម្បី​ចៀសវាង​ការ​ខាត​បង់​ប្រាក់​កាស និង​ការ​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​ដោយសារ​ការ​គាំង​បេះដូង។

ម្ចាស់​គណនី​ហ្វេសប៊ុក​ មើស ធៀ (Ms Thea) អះអាង​ថា លោក​ស្រី​បាន​ឈប់​លក់​ផលិត​ផល​នេះ​ហើយ​ តាំង​ពី​មុន​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ទៅ​ទៀត ដោយសារ​ខាង​ក្រុម​គ្រួសារ​របស់​លោក​ស្រី​មិន​ពេញ​ចិត្ត​នឹ​ង​ការ​លក់​ដូរ​ផលិត​ផល​ជំនួយ​ផ្លូវ​ភេទ​របស់​បុរស​នេះ។ លោក​ស្រី​បញ្ជាក់​ថា លោក​ស្រី​បាន​ផុស​លក់​ផលិត​នេះ​នៅ​លើ​ហ្វេសប៊ុក​ ក៏​ប៉ុន្តែ​មិន​បាន​លក់​ចេញ​​ឡើយ​ ដោយ​សម្រេច​ចិត្ត​ឈប់​លក់​វិញ ហើយ​ក៏​មិន​មាន​ខាតបង់​ថវិកា​អ្វី​ឡើយ​ ព្រោះ​មិន​បាន​ទិញ​ផលិត​ផល​នោះ​យក​មក​ស្តុក​ទុក​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ស្រី​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ក្រុមហ៊ុន​នាំ​ចូល​ឡើយ​ ហើយ​បើ​មាន​ការ​សួរ​នាំ​ដោយ​ផ្ទាល់​ពី​ក្រសួង​សុខាភិបាល​ទើ​ប​លោក​ស្រី​និយាយ​ប្រាប់៖ «»

ចំណែក​ម្ចាស់គណនី​ហ្វេសប៊ុក​ យូសា សប (Yusa Shop) វិញ ឱ្យ​ដឹង​ថា មាន​គេ​ទាក់ទង​មក​រូប​គាត់​ដើម្បី​ឱ្យ​ទទួល​លក់​ផលិត​ផល​ អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះ រួច​លោកស្រី​ក៏​បាន​ផុស​លក់​ផលិត​នេះ។ ពេល​ផុស​ភ្លាម​ ខាង​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​រាំងខ្ទប់​មិន​ឱ្យ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​​ ហើយ​មក​ទល់​នឹង​ពេល​នេះការ​ផុស​នៅលើយ​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​​មិន​អាច​​បាន​ទៅ​ដល់​មនុស្ស​ច្រើន​គ្នា​ដូច​ពីមុន​ទៀត​ឡើយ។ លោក​ស្រី​អះអាង​ថា លោកស្រី​មិន​បាន​ដឹង​ថា ផលិត​ផល​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​ ព្រោះ​អ្នក​ដែល​ប្រាប់​លោក​ស្រី​ឱ្យ​ទទួល​លក់​ផលិត​ផល​នេះ អះអាង​ថា នេះ​ជា​ផលិត​ផល​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។ លោក​ស្រី​អះអាង​ថា លោក​ស្រី​បាន​ឈប់​លក់​ផលិត​ផល​នេះ​តាំង​ពី​ក្រសួង​ចេញ​លិខិត​ហាម​ឃាត់​មក​ម្ល៉េះ៖ «»

គណនី​ហ្វេសប៊ុក រដ្ឋា អនឡាញហ្សប (Ratha Online Shop)​ មិន​អាច​ទាក់ទង​បាន​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ ប៉ុន្តែ​គ្មាន​អ្នក​ទទួល។ រីឯ គណនី​ហ្វេសប៊ុក សុខភាព និង​សម្រស់ (Beauty Shop)​ វិញ អះអាង​ថា បាន​ឃើញ​ការហាម​ឃាត់​របស់​ក្រសួង​រួច​ហើយ ហើយ​ក៏​បាន​លុប​ចោល​ការ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​នោះ​ដែរ ក៏​ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​បន្ត​បន្ទាប់​ទៀត​ឡើយ។

អាស៊ីសេរី​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ក្រុមហ៊ុន ឬ​អ្នក​នាំចូល​ផលិតផល អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះ​បាន​ឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី២២ តុលា។

ក្រៅពី​ផលិត​ផល​ អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះ ក្រសួងសុខា​ក៏​បាន​ហាម​ឃាត់​គណនីហ្វេសប៊ុក​ឈ្មោះ ដុកទ័រ ឃែរ (Doctor Care) ផង​ដែរ ដោយ​ក្រសួង​បញ្ជាក់​ថា គណនីនេះ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ឱសថ និង​គ្រឿង​សម្អាង​ជា​ច្រើន​មុខ​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព គ្មាន​ចុះ​បញ្ជិកា គ្មាន​លេខ​ប្រវេទន៍​ គ្មាន​ក្រុមហ៊ុន​នាំ​ចូល​ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

ស្រ្តីម្នាក់​ដែល​បញ្ជាក់​ថា ខ្លួន​ជា​បុគ្គលិក​របស់​គណនី​ហ្វេសប៊ុក ដុកទ័រ ឃែរ (Doctor Care) បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ឡើយ ដោយ​អះអាង​ថា រង់ចាំ​ការ​សម្រេច​ពី​ប្រធាន​របស់​ខ្លួន ក៏​ប៉ុន្តែ​នៅ​ពេល​អាស៊ី​សេរី​ស្នើសុំ​លេខ​ទូរស័ព្ទ ដើម្បី​ទាក់ទង​ទៅ​​ប្រធាន​រូប​នោះ​ដោយ​ផ្ទាល់ ស្ត្រី​រូប​នោះ​ក៏​បាន​បដិសេធ​មិន​ផ្តល់​ឱ្យ​ដែរ៖ «»

ក្រសួង​សុខាភិបាល​អះអាង​ថា នឹង​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​ និង​ម្ចាស់​គណនី​ហ្វេសប៊ុក​ ដែល​នាំចូល​ ផ្សព្វផ្សាយ លក់​ឬ​ចែកចាយ​ផលិត​ផល​ខុស​ច្បាប់​ទាំង​អស់​នេះ​តាម​វិសោធនកម្ម​ច្បាប់​​​ស្តីពីការ​គ្រប់​គ្រង​ឱសថ​ជា​ធរមាន។ ទោះ​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​នាំ​ចូល​ផលិតផល​ទាំង​អស់​នេះ មិន​ទាន់​ឃើញ​ក្រសួង​នាំខ្លួន​ឱ្យ​មក​ទទួល​ខុស​ត្រូវ ឬ​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​ លោក​ សឺង សែនករុណា ថ្លែង​ថា រដ្ឋ​មាន​កាតព្វ​កិច្ច​តាម​ផ្លូវ​ច្បាប់ក្នុង​ការ​លុប​បំបាត់​ការ​ធ្វើ​ចរាចរណ៍ឱសថ​ក្លែងក្លាយ ឬ​ទំនិញ​​ក្លែង​ក្លាយ​ដទៃទៀត​ ដើម្បី​ធានា​សុខុមាល​ភាព និង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថា ក្នុង​ករណី​នេះ របប​ដឹក​នាំ​បច្ចុប្បន្ន​ត្រូវ​តែ​​នាំ​ខ្លួន​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​នាំ​ចូល​​ផលិត​ផល​ឱសថ​ក្លែងក្លាយ​ទាំង​អស់​នេះ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពិនិត្យ​ទៅ​ឃើញ​ថា ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មែន​នោះ​ មិន​មែន​ត្រឹម​តែ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​តែ​មួយ​មុខ​បែប​នេះ​ឡើយ៖ «ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​កុំ​ឱ្យ​ហូរ​ចូល​តែ​ម្តង ព្រោះ​យើង​មិន​ដឹង​ថា ការ​ដែល​ហូរ​ចូល​ហើយ​មិន​អាច​ចាប់​បាន​នោះ មិន​ដឹង​ប៉ុន​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា​ ពលរដ្ឋ​យើង​បាន​ប្រើប្រាស់​របស់​ ឬក៏​ឱសថ​ទាំង​អស់​ក្នុង​​កម្រិត​ណា​នោះ​ទេ។ ដូច្នេះ​យើង​ចង់​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​ព្រំដែន ឬក៏​ទីតាំង​ដែល​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​​ទាំងឡាយ​ហ្នឹង គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​តឹង​រ៉ឺង​មែន​ទែន​ ចៀសវាង​ឱ្យ​មក​ចរាចរ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​យើង​ ដែល​ប៉ះពាល់​ទៅ​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ។ នេះ​វា​ជា​កាតព្វកិច្ច​​​របស់​រដ្ឋា​ភិ​បាល ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​​​​​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក​ លី សូវ៉ាន់ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ តាំង​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃទី២២ តុលា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំ​វិញ​រឿង​នេះ ក៏​ប៉ុន្តែ​លោក​​មិន​លើក​ទូរស័ព្ទ​ឡើយ។

កាល​​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ ក្រសួង​សុខាភិបា​លក៏​បាន​ប្រកាស​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់ និង​ចរាចរណ៍​ប្រភេទ​​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ ឈ្មោះ រែប៊ីស​​ វែកស៊ីន (Rabies Vaccine) ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ផង​ដែរ​ ដោយសារ​ឱសថ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ខុស​លក្ខណៈ​ស្តង់ដារ។ ទោះ​ជា​យ៉ាង​ណា​ មក​ទល់​នឹង​ពេល​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​នាំខ្លួន​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​នាំចូល​ឱសថ​ក្លែង​ក្លាយ​នេះ​ឡើយ ហើយ​ក៏​មិនមាន​របាយការណ៍​បញ្ជាក់​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់ និង​ចំនួន​ពលរដ្ឋ​ដែល​រងគ្រោះ​ផង​ដែរ។ ផ្ទុយ​ទៅវិញ នៅ​ប្រទេស​ចិន​ឯ​ណោះ រដ្ឋាភិបាល​ចិន​​បាន​ផ្អាក​សកម្មភាព​​ក្រុមហ៊ុន ឆាងឈុន ឆាងសឹង ឡាយ​ហ្វ សាយអ៊ិន (Changchun Changsheng Life Sciences Ltd.) ដែល​ជា​សហគ្រាស​ផលិត​ឱសថ​ប្រភេទ​នេះ​ និង​បាន​ចាប់​​ខ្លួន​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​នេះ​​ចំនួន ១៥នាក់​ ដាក់​ពន្ធនាគារ​ផង​ដែរ។ របប​ក្រុង​ប៉េកាំង​បាន​ដាក់​វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​ធ្វើ​ចរាចរណ៍​ឱសថ​ក្លែង​ក្លាយ​ ហើយ​មនុស្ស​ជាច្រើន​ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ។ ដោយ​ឡែក​របប​ក្រុង​ភ្នំពេញ​ឯ​ណេះ​វិញ មិន​ទាន់​ឃើញ​មាន​ការ​នាំ​ខ្លួន​ជន​ណា​ម្នាក់​ឱ្យ​ទទួល​ខុស​ត្រូវ ឬ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចរាចរណ៍​ឱសថ​បង្ការ​ជំងឺ ឆ្កែ​ឆ្កួត​ក្លែង​ក្លាយ​នេះ​នៅ​ឡើយ​ទេ។

រដ្ឋធម្មនុញ្ញ​មាត្រា ៦៤ ចែង​យ៉ាង​ច្បាស់​ថា រដ្ឋ​ត្រូវ​ហាម​ឃាត់​ និង​ផ្តន្ទាទោស​ជា​ទម្ងន់​លើជន​​ដែល​នាំ​ចូល​ ឬ​ផលិត​​ទំនិញ​ក្លែង​ក្លាយ ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ប្រើប្រាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment