អ្នក​បឹង​កក់​មួយ​គ្រួសារ​ ក្រាញននៀល​រស់​នៅ​កណ្ដោចកណ្ដែង​​កណ្ដាល​វាល​ខ្សាច់​ជាង​ ១០​ឆ្នាំ​​ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​សាលា​ក្រុង​ភ្នំពេញ

2018-10-22
RFA

លោក ឃឹម ចន្ថា និង​គ្រួសារ ដែល​ក្រាញ​នៅ​ផ្ទះ​នាតំបន់​បឹងកក់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ស៊ូកាគូ ចាក់​ខ្សាច់​លុប។ Photo: RFA
លោក ឃឹម ចន្ថា និង​គ្រួសារ ដែល​ក្រាញ​នៅ​ផ្ទះ​នាតំបន់​បឹងកក់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ស៊ូកាគូ ចាក់​ខ្សាច់​លុប។ Photo: RFA


ជាង១០​ឆ្នាំ​កន្លង​មក​នេះ តំបន់​បឹង​កក់ ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កន្លែង​ដ៏​ចម្រូងចម្រាស​មួយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​លើ​អ្នក​បឹង​កក់​ ដោយ វាយ ចាប់ និង​ដាក់​ក្នុង​ពន្ធនាគារ​ជា​ដើម ដោយសារ​តែ​បញ្ហា​ដីធ្លី។ មក​ដល់​ពេល​នេះ​ នៅ​សល់​អ្នក​បឹង​កក់​មួយ​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​កណ្ដាល​វាល​ខ្សាច់ ​នៅ​មិន​ទាន់​ទទួល​បាន​ដោះ​ដំណោះ​ស្រាយ​សមរម្យ ពី​សាលា​រាជ​ធានី​ភ្នំពេញ។ គ្រួសារ​មួយ​នេះ​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​លំបាក បាត់បង់​មុខ​របរ​ចិញ្ចឹមជីវិត​ ដោយ​សារ​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​សម្បែង​របស់​គាត់ ដើម្បី​អភិវឌ្ឍ​តំបន់​បឹង​កក់។ តើ​ជីវិត​អ្នក​បឹង​កក់​មួយ​គ្រួសារ​នេះ​រស់​នៅ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ខណៈ​ទន្ទឹម​រង​ចាំ​ដំណោះ​ស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ ​អស់​ជាង​១​ទសវត្ស​មក​នេះ?

ពេល​ធ្វើ​ដំណើរ​ទៅ​ប៉ែក​ខាង​ត្បូង​របង​វិហារ​ឥស្លាម​បឹង​កក់​ក្នុង​ក្រុង​ភ្នំពេញ នោះ​គេ​នឹង​ឃើញ​ផ្ទះ​អ្នក​បឹង​កក់​មួយ​គ្រួសារ ត្រូវ​ខ្សាច់​លេប​ត្របាក់​នៅ​សល់​តែ​ដំបូល​ផ្ទះ ដែល​មាន​មនុស្ស​ ៦នាក់​ កំពុង​រស់​នៅ​យ៉ាង​លំបាក។ នោះ​គឺ​ជា​ផ្ទះ លោក ឃឹម​ ចន្ថា និង​ភរិយា​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ រួម​នឹង​កូន​៤នាក់​ទៀត។ ដោយ​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ​ពី​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ជាង ​១០ឆ្នាំ​មក​នេះ ​គ្រួសារ​លោក ឃឹម​ ចន្ថា ត្រូវ​បង្ខំ​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​បាក់​បែក​មួយ​នេះ ក្រោយ​ពី​ក្រុម​ហ៊ុន ស៊ូកាគូ ​របស់​ឧកញ៉ា ឡាវ ម៉េង​ឃីន ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល បូម​ខ្សាច់​លុប​បឹង​កក់​ដើម្បី​អភិវឌ្ឍ ​កាល​ពី​ឆ្នាំ​២០០៨។

លោក ឃឹម ចន្ថា ឲ្យ​ដឹង​ថា ​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ខូចខាត​ដោយ​ការ​បូម​ខ្សាច់​ពន្លិច ​មិន​អាច​ជួស​ជុល​វិញ​បាន​ ព្រោះ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ ស៊ូកាគូ ហាម​គាត់​មិន​ឲ្យ​ធ្វើ​លើ​ដី​របស់​ខ្លួន។ លើស​ពី​នេះ ដីធ្លី​ផ្ទះ​សម្បែង​របស់​គាត់​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន ធ្វើ​របង​​ព័ទ្ធ​ជុំ​ជិត​ថែម​ទៀត។ ការ​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ប្រពន្ធ​និង​កូន​ដែល​កំពុង​រស់​នៅ​រាល់​ថ្ងៃ៖ «»

បុរស​វ័យ​ជាង​ ៥៥​ឆ្នាំ​រូប​នេះ លើកឡើង​ថា ស្ថានភាព​រស់​របស់​​ក្រុម​គ្រួសារ​គាត់ នា​ពេល​សព្វថ្ងៃ​នេះ គឺ​មិន​ខុស​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ប៉ុន្មាន​ឡើយ ព្រោះ​គ្មាន​ទឹក​ គ្មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​សូកាគូ​អ៊ីន ​របស់​លោក​ឧកញ៉ា ឡាវ ម៉េង​ឃីន ធ្វើ​របង​ហ៊ុមព័ទ្ធ ​បិទ​មិន​ឲ្យ​ចេញ​ចូល​បាន​ស្រួលបួល​ឡើយ៖ «»

ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​ ធ្វើ​ឲ្យ​គ្រួសារ​លោក ឃឹម ចន្ថា ធ្លាក់​ខ្លួន​ក្រលំបាក ត្រូវ​ដើរ​រើស​​អេតចាយ មាន​សំបក​កំប៉ុង ដប​ទឹក​សុទ្ធ ក្រដាស​កេស​ស្រា​បៀរ និង​របស់​ផ្សេង​ទៀត​ យក​ទៅ​លក់ ដូរ​យក​លុយ​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ ដោយ​សារ​ចំណូល​ពី​របរ​នេះ មិន​អាច​បំពេញ​តម្រូវ​ការ​ក្នុង​គ្រួសារ​បាន​ លោក​ ឃឹម ចន្ថា ដែល​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ប្រពន្ធ​កំពុង​មាន​ជំងឺ​និង​កូន​ ៤​នាក់​ទៀត​នោះ ត្រូវ​ឆ្លៀត​ពេល​ទៅ​បោស​សំរាម និង​លាង​ចាន​នៅ​វត្ត​ គ្រាន់​នឹង​បាន​អាហារ​ខ្លះ​ យក​មក​ឲ្យ​កូន​និង​ប្រពន្ធ​ហូប ដើម្បី​ដោះ​ទ័ល​ភាព​ស្រេកឃ្លាន​ប្រចាំ​ថ្ងៃ។ ពេល​គាត់​ចេញ​ទៅ​រើស​អេតចាយ គាត់​តម្រូវ​ឲ្យ​ប្រពន្ធ​គាត់​ គឺ​លោក​ស្រី ង៉ន វណ្ណា​ នៅ​ចាំ​ផ្ទះ​បាក់​បែក​នោះ ក្រែង​មាន​សន្តិសុខ​ខាង​ក្រុមហ៊ុន​មក​ឈូស​ឆាយ រុះរើ​បំបាត់​ភស្តុតាង នោះ​ដំណោះស្រាយ​នឹង​មិន​មាន​សម្រាប់​គ្រួសារ​គាត់​ឡើយ៖ «»

សំណង​ដែល​គ្រួសារ​លោក ឃឹម ចន្ថា ចង់​បាន​ពី​សាលា​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន គឺ​ស្រប​ទៅ​តាម​ចំណារ​លិខិត អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​ដែន​ដី​នគរោបនីយកម្ម​និង​សំណង់ លោក សេង ឡូត សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ក្រុង​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា​ ឆ្នាំ​២០១៨។

នៅ​ក្នុង​ចំណារ​លិខិត ដែល​លោក ឃឹម ចន្ថា និង លោក​ស្រី​ ង៉ន វណ្ណា ទទួល​បាន​ពីក្រសួង​ដែន​ដី ហើយ​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ គឺ​សុំ​ផ្ដល់​សំណង​សមរម្យ​ និង​ផ្ដល់​ទឹកប្រាក់​ចំនួន ​១ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ពួកគាត់ ដែល​មាន​ដី​កម្មសិទ្ធិ​ចំនួន​ ៣​ប្លង់​ ​នៅ​ក្បែរ​អ្នក​ស្រី គឹម វន្នី ដោយ​ត្រូវ​បាន​ក្រុមហ៊ុន ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​ដី​ និង​ផ្ទះ​កាល​ពី​ ១០​ឆ្នាំ​មុន។

បន្ទាប់​ពី​លិខិត​នោះ​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ លោក ឃឹម​ ចន្ថា ឲ្យ​ដឹង​ថា មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​ហៅ​គាត់​ទៅ​ពិភាក្សា​ និង​ផ្ដល់​សំណង​ តែ​គាត់​បដិសេធ​មិន​ទទួល​យក​ ព្រោះ​សំណង​នោះ​មិន​ធ្វើ​តាម​ចំណារ​របស់​ក្រសួង​ដែន​ដី៖ «»

ជុំវិញ​ដំណោះស្រាយ​សម្រាប់​គ្រួសារ​លោក ឃឹម​ ចន្ថា ដែល​រស់​នៅ​កណ្ដាល​វាល​ខ្សាច់​ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្រុងភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​ទេ ដោយ​សារ​តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

តំណាង​សហគមន៍​បឹង​កក់ លោក ចាន់ ពុទ្ធិសក្តិ ដែល​តែងតែ​ឆ្លៀត​ពេល​មក​សួរ​សុខ​ទុក្ខ​លោក ឃឹម ចន្ថា ​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​ថា ស្ថានភាព​រស់​នៅ​របស់​អ្នក​បឹង​កក់​មួយ​គ្រួសារ​នេះ ពិត​ជា​លំបាក​វេទនា ដោយ​ត្រូវ​ដេក​ក្នុង​ផ្ទះ​បាក់​បែក កណ្ដោច​កណ្ដែង​ដាច់​ឆ្ងាយ​ពី​អ្នកភូមិ​ផ្សេង​ទៀត ខណៈ​ដំណោះ​ស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ​ នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។ តំណាង​អ្នក​បឹង​កក់​រូប​នេះ បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​លោក ឃឹម ចន្ថា ទាំង​ផ្ទះ​មិន​អាច​ជួល​ជុល​ឡើង​វិញ​បាន ហើយ​ថែម​ទាំង​គ្មាន​ទឹក​ភ្លើង​ប្រើប្រាស់​ដូច​អ្នក​ភូមិ​ផ្សេង​ទៀត៖ «»

ចំណែក ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត យល់​ថា សាលា​រាជធានី​ភ្នំពេញ​ គួរ​ប្រញាប់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​គ្រួសារ​លោក ឃឹម ចន្ថា ដើម្បី​ចៀស​វាង​ហានិភ័យ​ណា​មួយ ដែល​អាច​នឹង​កើតមាន​ចំពោះ​ពួកគាត់ ដោយ​សារ​តែ​ផ្ទះ​របស់​គាត់​ចាស់​ទ្រុឌទ្រោម​នៅ​កណ្ដាល​វាលខ្សាច់​នោះ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ​ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ពន្លឿន​ដោះស្រាយ​ជូន​ក្រុម​គ្រួសារ​លោក ឃឹម ចន្ថា ដោយ​សន្តិវិធី​និង​អាច​ទទួល​យក​បាន ដើម្បី​ឲ្យ​គាត់​បាន​តាំង​ទីលំនៅ​ថ្មី និង​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ដូច​ ពលរដ្ឋ​ឯទៀត៖ «»

ជម្លោះដីធ្លី​ដ៏​ចម្រូង​ចម្រាស​នៅ​តំបន់​បឹង​កក់​នេះ លោក ហ៊ុន សែន ​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ បញ្ជា​ទៅ​សាលា​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​ជម្លោះ​ឲ្យ​ពលរដ្ឋ តាមរយៈ​នយោបាយ​ស្បែក​ខ្លា​ដែល​ត្រូវ​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ដែល​ចង់​រស់​នៅ និង​អភិវឌ្ឍ​នៅ​ហ្នឹង​កន្លែង ​តាម​អនុក្រឹត្យ​លេខ​១៨៣ ផ្ដល់​ដី​ទំហំ​ ១២,៤៤​ហិកតារ កាល​ពី​ឆ្នាំ​២០១១។

ប៉ុន្តែ​ចំណាក់​ការ​ដោយ​មាន​ដាក់​ចេញ​ជា​អនុក្រឹត្យ​ផង​នោះ ហាក់​គ្មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ចប់​ជម្លោះ​​បាន​ទាំង​ស្រុង​​ឡើយ ខណៈ​តំណែង​អភិបាល​ក្រុង​ភ្នំពេញ​ ត្រូវ​បាន ​លោក​ ហ៊ុន សែន ដោះ​ដូរ​ដល់​ទៅ​បី​លើក​ ចាប់​តាំង​ពី​លោក កែប ជុតិមា មកដល់​ លោក ប៉ា សុជាតិវង្ស រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ លោក ឃួង ស្រេង។

ទោះបី​ជា​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​របៀប​នេះ​តទៅ​មុខ​ លោក ឃឹម ចន្ថា និង​គ្រួសារ​ថា នៅ​តែ​បន្ត​រស់​នៅ​លុះ​ត្រា​តែ​ទទួល​បាន​ដំណោះស្រាយ​ ជា​ដី​និង​ថវិកា​មួយ​ចំនួន។ អ្នក​បឹង​កក់​មួយ​គ្រួសារ​នេះ ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឲ្យ​គាត់​ផង ដើម្បី​ឲ្យ​កូន​គាត់​មាន​ឱកាស​រៀន​សូត្រ និង​រស់​នៅ​ក្នុង​ភាព​ថ្លៃ​ថ្នូរ ដូច​អ្នក​បឹង​កក់​ផ្សេង​ទៀត ដែល​ទទួល​បាន​ដី​និង​ប្លង់​ហើយ​នោះ។ សព្វ​ថ្ងៃ​នេះ ដោយ​ត្រូវ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ខ្វះ​ខាត​និង​លំបាក​ខ្លាំង លោក ឃឹម ចន្ថា ស្នើ​សុំ​សប្បុរស​ជន​នានា ​មេត្តា​ជួយ​ផ្ដល់​ស្បៀង​អាហារ ដល់​ក្រុម​គ្រួសារ​គាត់ លុះ​ត្រា​ទទួល​បាន​សំណង​ ដូច​អ្នក​បឹង​កក់​ផ្សេងទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នក​បឹង​កក់​មួយ​គ្រួសារ​ ក្រាញននៀល​រស់​នៅ​កណ្ដោចកណ្ដែង​​កណ្ដាល​វាល​ខ្សាច់​ជាង​ ១០​ឆ្នាំ​​ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​សាលា​ក្រុង​ភ្នំពេញ"

  1. Anonymous says:

    Sorry’ you ask this beast government ?? no way ‘ they will rob you soon

Leave a Reply

Submit Comment