មជ្ឈដ្ឋាន​ទូទៅ​បន្ត​ទាមទារ​ឲ្យ​ស៊ើបអង្កេត​សារ​គំរាម​សម្លាប់​ដែល​សង្ស័យ​ថា​ជា​របស់​លោក ហេង សួរ

ដោយ មួង ណារ៉េត
2018-10-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo: RFA
មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo: RFA


មជ្ឈដ្ឋាន​ទូទៅ នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​ករណី​សារ​គំរាម​សម្លាប់ ដែល​សង្ស័យ​ថា ជា​សំឡេង របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ គឺ​លោក ហេង សួរ។ ពួកគាត់​ចាត់​ទុក ការ​មិន​ព្រម​បើក​ការស៊ើបអង្កេត គឺជា​ការ​បង្ហាញ​ថា រឿង​នេះ ជា​រឿង​ពិត ហើយ​វប្បធម៌​និទ្ទណ្ឌភាព កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា។

ទាំង​មន្ត្រី​តំណាង​សហជីព​កម្មករ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង សុទ្ធតែ​សម្ដែង​ការ​ងឿងឆ្ងល់ និង​សង្ស័យ​អំពី​សុចរិត​ភាព​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​ចាត់ការ​ស៊ើបអង្កេត ករណី​បែក​ធ្លាយ​សារ​សំឡេង ដែល​សង្ស័យ​ថា ជា​សំឡេង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ នោះ។

ក្នុង​ស្ថានភាព ដែល​សហភាព​អឺរ៉ុប កំពុងតែ​ដាក់​សម្ពាធ​ខ្លាំង លើ​របប​លោក ហ៊ុន សែន ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​ដក​ការ​អនុគ្រោះ​ពន្ធ ប្រធាន​សហភាព​សជីព​កម្ពុជា​លោក រ៉ុង ឈុន កាន់តែ​ព្រួយបារម្ភ​ខ្លាំង ថា​ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ ដែល​មិន​អើពើ​ក្នុង​ការ​ស៊ើបអង្កេត​សារ​សំឡេង ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រសួង​ការងារ​បែបនេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស កាន់តែ​អាក្រក់៖ «ខាង​សហគមន៍​អឺរ៉ុប គេ​ចង់​ឲ្យ​មានការ​គោរព​សិទ្ធិ​កម្មករ និង​គោរព​សិទ្ធិ​ពលករ និង​ប្រជាធិបតេយ្យ សេរីភាព​សហជីព ក៏ដូចជា​ឲ្យ​សហជីព​មាន​សិទ្ធិ ក្នុង​ការ​ការពារ ដល់​កម្មករ​កម្មការិនី។ អាហ្នឹង​វា​កាន់តែ​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​ហើយ ចំពោះ​បញ្ហា​ការណ៍​ដែល​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ»

កាល​ដើមខែ​តុលា​នេះ មាន​ខ្សែអាត់​សំឡេង​មួយ មាន​រយៈពេល​ជាង ១​នាទី បាន​បែក​ធ្លាយ និង​ត្រូវ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​ព្រោងព្រាត ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និយាយ​ពី​ការរៀបចំ​ផែនការ​ជួល​ក្រុម​ជនពាល ឲ្យ​បង្ក​អំពើ​ហិង្សា និង​បង្កើត​ជា​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដើម្បី​ធ្វើ​បាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ខឹង​សម្បារ​រហូត ដល់​ចេញ​សារ​ព្រមាន អំពី​ការ​បង្ក្រាប និង​ប្រមាថ​ដល់​ជីវិត​បែបនេះ គឺ​សំដៅ​ទៅលើ​ព្រឹត្តិការណ៍ តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ដែល​បាតុករ​ខ្លះ បាន​យក​ជើង​ជាន់​រូបលោក ហ៊ុន សែន៖ «ការណ៍​ដែល​វា​យក​រូប មក​ជាន់​បែបនេះ គឺជា​ការប្រមាថ។ អ៊ីចឹង យើង​មិន​អាច​លើកលែងទោស ឲ្យ​អា​ពួក​ដែល​វា​ហ៊ាន​ប្រមាថ​មេដឹកនាំ​យើង​ទេ។ ពិនិត្យមើល​! មិន​ដឹង​ថា យើង​នៅ​ហ្នឹង មាន​ស្គាល់​បណ្ដាញ​ខាង​ណា​! ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ អ៊ីចឹង គឺ​រក​ពួក​ជើងកាង​មួយ​ចំនួន ..​មើល​មុខ​សញ្ញា​ណា​ដែល​ចាំបាច់ យក​ជើងកាង​ទៅ​វ៉ៃ​វា​ទៅ ហើយ​ជើងកាង​ត្រឡប់​មកវិញ​យើង​ចិញ្ចឹម។ ធ្វើ​ម៉េច​ឲ្យ​អា​មួយ​ហ្នឹង​វា​ប្រកាច់ប្រកិន​នៅ​នោះ​ចុះ។ ពួក​អា​ជើងកាង​គេ​មិនដែល​ចាប់​ដាក់គុក​នៅ​ស្រុក​គេ​ទេ គេ​ចាប់​តែ​បន្តិច​គេ​ប្រលែង​មក​អោយ​ជាប់គុក​ស្រុក​យើង​ហើយ​ចាំ​ពេល​មក​ដល់​ស្រុក​យើង​ចាំ​យើង​ចិញ្ចឹម។ រឿង​នេះ​មិន​អាច​លេងសើច​បានទេ ច្រើនដង ហើយ ..​លើក​មុន​យើង​មិន​នេះ​ទេ ប៉ុន្តែ​លើក​នេះ ទៅ​គឺ​នៅ​ចំពោះ​មុខ ហើយ​គេ​ហ៊ាន​ជាន់​បែបនេះ គឺ​យើង​មិន​អាច​លើកលែង​អោយ​វា​បានទេ។ ហើយ​បង​ស្រេង ថ្ងៃមុន​ថា អោយ​មុខសញ្ញា​អ្នក​ដែល ជា​សកម្មជន​ពួកវា​មក​ហ្នឹង​ណា ..​ឥឡូវនេះ គឺ​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​បន្តិច។ អានេះ​មក​អោយ​វា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​នឹង​ទៅ»

អាស៊ីសេរី នៅតែ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហេង សួរ បាន​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ ទោះ​បាន​ព្យាយាម​ច្រើនដង ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្ត កាលពី​ថ្ងៃទី១២ ខែ​តុលា ភ្លាមៗ​ក្រោយ​ការ​បែក​ធ្លាយ​សារ​សំឡេង​នេះ លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក ដោយ​មិន​បាន​ប្រកែក​ថា សំឡេង​នោះ មិនមែន​ជា​សំឡេង​គាត់​នោះ​ឡើយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក​ថា ក្រុម​ប្រឆាំង​ប្រឌិត​ក្លែងក្លាយ ដើម្បី​ផ្សព្វផ្សាយ​បរិហារ​ដល់​រូបលោក។

កន្លងមក​របប​លោក ហ៊ុន សែន រង​ការសង្ស័យ ថា​ជា​អ្នក​នៅ​ពីក្រោយ នៃ​ការជួល​ជើងកាង ឬ ជន​អន្ធពាល ដូចជា​ក្មេង​ហិតកាវ ឬ អ្នក​ញៀន​គ្រឿងញៀន ឬ ជួល​ពួក​បាតដៃ​ទី​បី ដើម្បី​ធ្វើបាប​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ។

អង្គរក្ស​លោក ហ៊ុន សែន រួមមាន លោក សុត វណ្ណនី ចាយ សារិទ្ធ និង ម៉ៅ ហឿន ដែល​បាន​វាយដំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​គឺ​លោក គង់ សភា និង លោក ញ៉យ ចំរើន យ៉ាង​ដំណំ នៅ​ក្បែរ​រដ្ឋសភា កាលពី​ខែ​តុលា ឆ្នាំ​២០១៥ ត្រូវ​បាន​ដំឡើង​ឋានៈ ក្រោយ​តុលាការ​ព្យួរទោស និង ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ជន​ដៃដល់​ជាច្រើន​ទៀត ដែល​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​ទាំងពីរ រួចខ្លួន​រហូតដល់​សព្វ​ថ្ងៃ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ប្រដូច​របប​សព្វថ្ងៃ ទៅ​នឹង​របប​ខ្មែរក្រហម ដែល​ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដោយសារតែ​វប្បធម៌​និទ្ទណ្ឌភាព និង​ការ​បែក​ធ្លាយ​នៃ​គម្រោង​ធ្វើ​បាប​អ្នកប្រឆាំង៖ «នោះ​មានន័យថា គេ​ពាក់អាវ​ប្រជាធិបតេយ្យ ពាក់​មួយ​ប្រជាធិបតេយ្យ ដើម្បី​បំភាន់​ប្រជារាស្ត្រ និង​ពិភពលោក ក៏ប៉ុន្តែ នៅ​ពីក្រោយ​ហ្នឹង គេ​ប្រើ​ចុង​កាណុង គេ​ប្រើ​ល្បិចកល​សម្ងាត់ ដូចដែល​យើង​ឮ​អំពី​ការ​ចេញ​ខ្សែអាត់​សំឡេង​ហ្នឹង ដើម្បី​បង្ក្រាប​ប្រជារាស្ត្រ ក្នុង​ហេតុផល​នៅ​បន្ត​អំណាច។ ចំណុច​សំខាន់​របស់​គេ គឺ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​អំណាច​របស់​គេ​តែ​ប៉ុណ្ណឹង»

លោក គឹម សុខ នៅតែ​អះអាង​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ប្រព័ន្ធ​មួយ ក្រោម​ការគ្រប់គ្រង​របស់​របប​បច្ចុប្បន្ន​នេះ ដែល​បណ្ដោយ​ឲ្យ​មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនដែល​ឃើញ។ ក្នុង​ន័យ​នេះ លោក​បញ្ជាក់​ថា របប​នេះ​មិន​អើពើ ខ្វះ​ការ​យកចិត្តទុកដាក់ ឬ​គ្មាន​សមត្ថភាព​ក្នុង​រក​ឃាតក​ឲ្យ​ឃើញ៖ «រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​កំពុង​គ្រប់គ្រង​ប្រទេស នៅ​ពេល​មាន​ប្រព័ន្ធ​ហ្នឹង​មួយ​ហើយ សម្លាប់​តាំង​ពី​ដើម​មក មនុស្ស​ច្រើន​ណាស់ តាំងពី​បោក​គ្រាប់បែក​ករណី​លោក សម រង្ស៊ី ៣០ មីនា លោក ធន់ ប៊ុនលី អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច មក​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះអង្គ សំ ប៊ុនធឿន ច្រើន​មែន​! ប៉ុន្តែ តើ​រក​ឃាតក​ឃើញ​ទេ​? ខ្ញុំ​អា​ហ្នឹង​វា​មាន​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស»

ទោះបីជា​ប្រភព​នៃ​អ្នក​បញ្ចេញ​ខ្សែអាត់​សំឡេង មិនទាន់​ត្រូវ​បាន​បង្ហាញ​យ៉ាង​ណា​ក្តី លោក គឹម សុខ កោត​សរសើរ​ពី​ភាព​ក្លាហាន នៃ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​ខ្សែអាត់​នោះ។ លោក គឹម សុខ ថា​ព្រលឹង​ជាតិ​ខ្មែរ មិន​សាបសូន្យ​ទេ ដរាបណា នៅ​មាន​មនុស្ស​ដែល​មាន​មនសិការ ស្នេហា​ជាតិ ចង់​បកអាក្រាត​អំពើ​អាក្រក់ របស់​របប​ដឹកនាំ​បច្ចុប្បន្ន៖ «អ្នក​បញ្ចេញ​ខ្សែអាត់​សំឡេង គាត់​ដឹង។ គាត់​ដឹង​ថា គាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ប៉ុនណា។ ប៉ុន្តែ គាត់​នៅតែ​ហ៊ាន​បញ្ចេញ ដើម្បី​ឲ្យ​ប្រជារាស្ត្រ និង មនុស្ស​ខ្មែរ និង​ពិភពលោក​ដឹង ថា​របប​បច្ចុប្បន្ន​អាក្រក់​ប៉ុនណា។ នោះ​មានន័យថា គាត់​នៅ​គិត​ជាតិ​ខ្លាំង​ណាស់។ បាន​ន័យ​ថា ខ្មែរ​នៅ​គ្រប់​ទីកន្លែង ទោះបីជា​ខំ​ដើម្បី​ជាតិ កម្រិត​ណា ក៏​នៅតែ​គិត​ជាតិ»

ក្រោយ​បែក​ធ្លាយ​សារ​សំឡេង​គំរាម​នេះ តំណាង​យុវជន និង​ពលករ​ខ្មែរ​ទាំង​នៅ​ប្រទេស ជប៉ុន កូរ៉េ និង ថៃ សុទ្ធតែ​ប្រតិកម្ម​ខ្លាំង​ៗ ដោយ​ថ្កោលទោស និង​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ដោយ​ឯករាជ្យ​មួយ។ តំណាង​ពលករ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា បាន​ដាក់​ពាក្យ​ប្ដឹង​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​លោក ហេង សួរ នេះ​ដែរ ទៅ​ប៉ូលិស​ជប៉ុន។ លោក ហៃ វណ្ណា ជឿជាក់​ថា បច្ចេកវិទ្យា​ទំនើប អាច​ផ្គូរ​ផ្គង​សំឡេង​នេះ ទៅ​នឹង​សំឡេង​របស់​លោក ហេង សួរ ដែល​ធ្លាប់​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នា​ពេល​កន្លងមក៖ «ធ្វើ​កោសល្យវិច័យ​ទៅលើ​សំឡេង​ហ្នឹង​! ប្រសិនបើ​សំឡេង​ហ្នឹង​ជា​សំឡេង​ពិត នោះ​ជនសង្ស័យ ហេង សួរ នឹង​ត្រូវ​ប៉ូលិស​ជប៉ុន​ចាប់​សួរ។ ដូច្នេះ លោក ហេង សួរ ប្រសិនបើ​គាត់ មាន​វត្ត​មាននៅ​លើទឹក​ដី​ជប៉ុន មិន​ថា​គាត់​ជា​មន្ត្រីរាជការ​កម្រិត​ណា​ទេ ក្នុង​ករណី​គាត់​ចង់​សម្លាប់​មនុស្ស​បែបនេះ គាត់​មិន​អាច​រត់​រួច​ពី​សំណាញ់​ច្បាប់​របស់​ប្រទេស​ជប៉ុន​បានទេ»

កន្លងមក​របប​លោក ហ៊ុន សែន រង​ការរិះគន់​យ៉ាង​ខ្លាំង ថា​អនុវត្ត​ស្តង់ដារ​ពីរ ពោល​គឺ​បើ​មាន​ករណី​គំរាម​សម្លាប់​មន្ត្រី ឬ​សកម្មជន​បក្ស​កាន់អំណាច នោះ​អាជ្ញាធរ​ចាត់ការ​យ៉ាង​ប្រញាប់ប្រញាល់។ ផ្ទុយទៅវិញ បើ​រឿង​នេះ​កើតឡើង​ចំពោះ​មន្ត្រី ឬ​សកម្មជន​បក្ស​ប្រឆាំង គឺ​គ្មាន​ចំណាត់​ការ​អ្វី​ទាំងអស់។

ក្នុង​ករណី​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង មិន​ភ្ញាក់​ផ្អើល​ទេ។ លោក​ថា ខ្សែអាត់​សំឡេង ច្បាស់​ជា​សំឡេង​ពិត​របស់​លោក ហេង សួរ មែនហើយ ទើប​អាជ្ញាធរ មិន​ហ៊ាន​បើក​ការស៊ើបអង្កេត ព្រោះ​ខ្លាច​បែក​ការណ៍​សម្ងាត់ អំពី​គម្រោង​ធ្វើបាប ឬ សម្លាប់​មនុស្ស​បក្ស​ប្រឆាំង​នេះ៖ «ប្រសិនបើ​ករណី​ហ្នឹង ជា​ករណី​ក្លែងក្លាយ ករណី​ក្លែងបន្លំ ច្បាស់​ជា​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ច្បាស់​ជា​ស៊ើបអង្កេត។ ប៉ុន្តែ​អាហ្នឹង​ជា​ការ​ពិត បាន​ជា​អាជ្ញាធរ​នៃ​ពួក​លោក ហ៊ុន សែន អត់​ធ្វើការ​ស៊ើបអង្កេត។ រឿង​ហ្នឹង​ជា​រឿង​បទឧក្រិដ្ឋ។ ការ​គំរាម ការប្រមាថ​ជីវិត​មនុស្ស ទោះបី​រឿង​ហ្នឹង​មិនទាន់​ប្រព្រឹត្ត​ក៏ដោយ ក៏​ការ​និយាយ​ហ្នឹង​គឺជា​គម្រោង​រៀបចំ​ជាក់លាក់»

លោក អេង ឆៃអ៊ាង បន្ថែម​ថា លោក​គ្មាន​ទំនុក​ចិត្ត លើ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ក្នុង​ការ​ចាត់ការ​រឿង​ធំ​នេះ​ទេ។ ដូច្នេះ​លោក​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​តំណាង​ពលករ​ខ្មែរ​ក្រៅ​ប្រទេស ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស ដែល​ខ្លួន​កំពុង​ស្នាក់នៅ​នោះ ដើម្បី​រក​យុត្តិធម៌ និង​ដាក់​សម្ពាធ​ឲ្យ​របប​លោក ហ៊ុន សែន បើក​ការស៊ើបអង្កេត​ពិតប្រាកដ​មួយ ឲ្យ​ដឹង​ស​ខ្មៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

4 Responses to "មជ្ឈដ្ឋាន​ទូទៅ​បន្ត​ទាមទារ​ឲ្យ​ស៊ើបអង្កេត​សារ​គំរាម​សម្លាប់​ដែល​សង្ស័យ​ថា​ជា​របស់​លោក ហេង សួរ"

  1. Free Cambodia says:

    Wishing you good luck, Eng Chay Eang for a “real black and white investigation.”

  2. Anonymous says:

    Believe me’ when ever who ever working with this beast regime ‘ they never wrong’ even they killed opposition or jail ‘ so this guy never wrong because he is the bunch of Veitcong mafia dictator’

  3. Anonymous says:

    I do not know why HUN SEN supporter never understand my word said ( walking naked) let make a satisfactory that can make all kind of human being satisfy the true situation in KAMPOUCHEA. as a Cambodian born I felling so sorry for my own nation to have HUN SEN as a leader of this problem nation. one very important question to my mind is >> did KAMPOUCHEA having only one man HUN SEN that can lead this poor nation???? another question>> what made Cambodian think HUN SEN was only their good GOD????? for me I see HUN SEN is nothing in comparison to world leader . if I speak in Cambodian word is>> MONOUS BATPHSA, PORHEIN KOUNGKANH , ACSOROUS not having a bit of quality to be a leader. over all I can say the leader came from hell not thing else beside the word killed that made him staying in powers for this long. please think over about the word>> walking naked<< this expression that can make every one find out what wrong in KAMPOUCHEA. GOD bless KAMPOUCHEA

  4. so socheath says:

    ក្នុងពាក្យពេជន៍ ដែលខ្ញុំបានតបតក្នុងcomment
    ប្រឆាំងតបជាមួយក្រុមជនក្បត់ជាតិទាំងនេះ ទាំងនៅក្នុង
    facebook និងcamnews ខ្ញុំជឿថាពួកវាទាំងនេះស្អប់ខ្ញុំ
    ខ្លាំងណាស់ ។
    នាងមួយដែលនៅក្នុងរូបទី៥ ខឹងខ្ញុំប្លុកខ្ញុំ ឯពួកខាងលើ
    កាន់តែស្អប់ខ្ញុំ ហួសវិស័យនឹងនិយាយទៅហើយ ។
    ពិតណាស់ពាក្យសម្តីខ្ញុំក្នុងfacebookក្តី ក្នុងcamnewsក្តី
    គឺពេញដោយពាក្យអសុរស តែសមហេតុផលដែលត្រូវ
    តបត ។
    ពួកក្បត់ជាតិបានប្រើពាក្យមួលបង្កាច់ កុហកបោកប្រាស
    គ្រប់បែបយ៉ាង ប្រមាថរាជរដ្ឋាភិបាល
    ប្រមាថប្រមុខដឹកនាំជាតិ ប្រមាថក្រុមគួសារថ្នាក់ដឹកនាំ ដើម្បីបំបែក
    បំបាក់ បង្ករអសន្តិសុខដល់សង្គមជាតិ ហើយដែលការ
    មួលបង្កាច់ការពិតបែបនេះ វាគួរឲ្យខ្លាចជាងការស្លាប់
    ទៅទៀត ។
    ក្នុងជិវិតខ្ញុំផលប្រយោជន៍ជាតិ វាពិតជាសំខាន់ជាងឆន្ទះ
    ខ្ញុំទៅទៀត ។ ខ្ញុំមិនរស់ ក្នុងឋានៈជាអ្នកកំដរ នរណាទេ។
    តែខ្ញុំស្ម័គ្របំរើដោយត្រង់ ដោយគ្មានទាមទារផលប្រយោជន៍
    សម្រាប់មេដឹកនាំដែលខ្ញុំគោរព ហើយដែលខ្ញុំបានដាក់
    ដម្កល់លោកជាបិតាសន្តិភាព ជាមហាបុរសជាតិ សម្រាប់
    សន្តិភាពនិងការអភិវឌ្ឍន៍ដោយពិតប្រាកដសម្រាប់ជាតិ
    កម្ពជាយើង។
    ខ្ញុំនិងមិនដកថយ អ្វីដែលជាការតបតរបស់ខ្ញុំទៅកាន់អ្នក
    បើទោះអ្នកស្អប់ខ្ញុំក៏ដោយចុះ ៕