មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​កម្ពុជា​បន្ត​គាំទ្រ​អាណិកជន​វៀតណាម

ដោយ ម៉ៅ សុធានី
2018-10-27
RFA

ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


មន្ត្រី​ជាន់ខ្ពស់​វៀតណាម ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បន្ត​ការ​គាំទ្រ​ដល់​អាណិកជន​វៀតណាម ដែល​កំពុង​រស់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

កាសែត​ក្នុង​ស្រុក ចុះ​ផ្សាយ​ថា ក្នុង​ជំនួប​នៅ​ថ្ងៃសុក្រ ទី២៦ ខែ​តុលា​នេះ សមាជិក​ការិយាល័យ​លេខា​មជ្ឈិមបក្ស នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម អ្នកស្រី ទ្រួង ធីម៉ាយ (Truong Thi Mai) បាន​ស្នើសុំ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ឲ្យ​បន្ត​ការ​គាំទ្រ និង​យកចិត្តទុកដាក់ ដល់​អាណិកជន​វៀតណាម និង​អ្នក​វិនិយោគិន​វៀតណាម នៅ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​មុន​នេះ​បន្តិច​ថា សំណើ​របស់​ភាគី​វៀតណាម​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា របប​ក្រុង​ភ្នំពេញ នៅ​តែ​ជំពាក់​គុណ​វៀតណាម ដែល​បាន​ជួយ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ប៉ុល ពត៖ «សម្រាប់​ខ្ញុំ យល់​ឃើញ​ថា ការ​លើក​ជា​សំណូមពរ​បែបនេះ វា​ជា​ប្រភេទ​មួយ បង្ហាញ​ឲ្យ​ឃើញ​ថា ការ​នៅ​តែ​ភ្ជាប់​គុណបំណាច់ របស់​វៀតណាម​មក​លើ​កម្ពុជា ក្នុង​ន័យ​នេះ​ដែរ គុណ​នេះ ត្រូវ​បាន​រំលឹក និង​លើក​ជា​ហូរហែ ដាក់​ក្នុង​របៀបវារៈ​ជជែក​ពិភាក្សា​គ្នាផ្សេងៗ។ នេះ​យើង​អាច​គិត​ថា ជា​ការ​ក្រើនរំលឹក ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​ច្រើន ទោះបីជា​យើង​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់»

ក្នុង​ជំនួប​នេះ​ដែរ អ្នកស្រី ទ្រួង ធីម៉ាយ ក៏​បាន​បញ្ជាក់​ថា កម្ពុជា និង​វៀតណាម មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា ជា​យូរ​មក​ហើយ ដូចនេះ ប្រទេស​ទាំងពីរ​ នឹង​បន្ត​រួមគ្នា​កសាង​និង​អភិវឌ្ឍ​​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ព្រមទាំង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។ ក្រុមហ៊ុន​វៀតណាម មាន​គម្រោង​បោះ​ទុន​វិនិយោគ​ចំនួន ២០៦​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣ពាន់លានដុល្លារអាមេរិក ​នៅ​កម្ពុជា។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ខ្លាំង​ ដែល​មាន​ទិសដៅ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​នេះ ឲ្យ​បាន​ទំហំ​ទឹកប្រាក់ ៥ពាន់ លាន​ដុល្លារ​ នា​ពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment