រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ថាមិនអត់ឱនឲ្យមន្រ្តីរបបលោក ហ៊ុន សែន បំភិតបំភ័យសហគមន៍ខ្មែរ

លោក មួង ណារ៉េត
2018-11-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលី អ្នកស្រី ម៉ារីស ផេន (Marise Payne)(រូប​ជួរមុខខាង​ស្តាំបំផុត)​ឆ្លើយក្នុង​សវនាការ​របស់គណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និង ច្បាប់ពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអូស្រ្តាលី កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨។ ព្រឹទ្ធសភាអូស្រ្តាលី
រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលី អ្នកស្រី ម៉ារីស ផេន (Marise Payne)(រូប​ជួរមុខខាង​ស្តាំបំផុត)​ឆ្លើយក្នុង​សវនាការ​របស់គណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និង ច្បាប់ពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអូស្រ្តាលី កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨។ ព្រឹទ្ធសភាអូស្រ្តាលី


រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ថាមិនអត់ឱនឲ្យរបបលោក ហ៊ុន សែន ដែលបំភ័យសហគមន៍ខ្មែរ


រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បញ្ជាក់ជំហរ​របស់​រដ្ឋាភិបាល​អូស្រ្តាលី ថារដ្ឋាភិបាល​នេះ មិនអនុញ្ញាត​ឲ្យ​​មាន​សកម្មភាព​គម្រាម​កំហែង ដល់​សហគមន៍​ខ្មែរ​នៅ​អូស្រ្តាលីបាន​ជាដាច់ខាត៖ “យើង​មិនអត់ឱន ចំពោះសកម្មភាព​បែបនេះនោះឡើយ។ យើង​ចាត់វិធានការណ៍យ៉ាង​ម៉ឺងម៉ាត់ ចំពោះរឿងនេះ”។​

ថ្លែង​នៅក្នុ​ងសវនាការ​ របស់​គណៈកម្មាធិការ​កិច្ចកា​របរទេស ការពារ​ជាតិ និង ច្បាប់ពាណិជ្ជកម្ម​របស់ព្រឹទ្ធសភា​អូស្រ្តាលី​ កាលពីថ្ងៃទី ២៥ ខែ តុលា អ្នកស្រី ម៉ារីស ផេន (Marise Payne) បញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី បាន​លើកយក​បញ្ហានេះ ទៅជម្រាបឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅទីក្រុង កង់បេរ៉ា ប្រទេស​អូស្រ្តាលី កាលពីថ្ងៃទី ២១ ខែ សីហា និង ជម្រាប​ទៅ​របបលោក ហ៊ុន សែន តាមរយៈស្ថានទូត​អូស្រ្តាលីនៅភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ កញ្ញា កន្លងទៅនេះដែរ “យើង​យកចិត្ត​ទុកដាក់ ចំពោះការលើកឡើង ដែលថាមាន​បុគ្គលមួយចំនួន កំពុង​បង្កភាព​គម្រាមកំហែង​លើ​ទឹកដី​អូស្រ្តាលី។ ហេតុដូច្នេះហើយ ទើប​យើង​លើករឿងនេះ ទៅប្រាប់​របប​លោក ហ៊ុន សែន។ យើង​បាន​បញ្ជូន​សារគម្រាម​កំហែងទាំងអស់នេះ ទៅដល់​សមត្ថកិច្ច​អូស្រ្តាលី ​រួច​រាល់​អស់ហើយ”។

ការ​គម្រាម​កំហែង​របស់​មន្រ្តី​របបលោក ហ៊ុន សែន មកលើ​សហគមន៍ខ្មែរ នៅអូស្រ្តាលី កើតមាន​ឡើង​ តាំងពីសារ​គម្រាម​របស់​លោក ហ៊ុន សែន ដែល​ថានឹង​តាម​វាយ​ដល់​ផ្ទះ អ្នកដែល​ហ៊ាន​ធ្វើបាតុកម្ម​តវ៉ា និង ដុតរូប​ទីមោង​គាត់ កាលពី​ខែ មីនា មុន​ដំណើរទស្សនកិច្ច​របស់​លោក ទៅចូលរួម​ជំនួប​កំពុល​អាស៊ាន-អូស្រ្តាលី។ សារគម្រាមដទៃទៀត មាន​តាមរយៈ​លិខិតអនាមិក ដែល​គម្រាមសម្លាប់​តំណាងរាស្រ្ត​ខ្មែរអូស្រ្តាលី ដែលកំពុង​ចូលនិវត្ត គឺ​លោក ហុង លីម ប្រធានសមាគមន៍ខ្មែរ លោក ជា យូហ៊ន និង ភរិយា​លោកបណ្ឌិត​ កែម ឡី អ្នកស្រី ប៊ូ រចនា និង ពលរដ្ឋខ្មែរដទៃទៀត។ មិនតែប៉ុណ្ណោះ ការ​ពង្រីកបណ្តាញ​គណបក្សប្រជាជនកម្ពុជា​នៅអូស្រ្តាលី ដូចជាការ​បង្ខំ​ឲ្យ​និស្សិត​ខ្មែរ ឲ្យ​ចូលជាសមាជិកបក្ស និង វត្តមាន​របស់​មន្រ្តីរបបលោក ហ៊ុន សែន និង ក្រុម​គ្រួសារ​ និង​ការកកើតទ្រព្យ​យ៉ាង​សម្បើមនៅទីនោះ ក៏បង្ក​ការ​គម្រាម​កំហែងដល់​សហគមន៍នេះ យ៉ាង​ខ្លាំ​ងដែរ។

លោក ហុង លីម សារទរ​ចំពោះការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្រ្តាលី។ លោកថា ទឹកដីអូស្រ្តាលី មិនគួរ​ជាទីដែល​មន្រ្តី និង បក្សពួក​នៃ​របបលោក ហ៊ុន សែន សោយសុខ និង បង្កការ​គម្រាមកំហែង ដល់សហគមន៍ខ្មែរ​ ដូច​នៅ​កម្ពុជានោះទេ។ លោក ហុង លីម លើករណី​មួយ ក្នុង​ចំណោម​ករណីជាច្រើនផ្សេងទៀត ដែល​វត្តមានអ្នកទាំងនោះ ធ្វើ​ឲ្យ​សហគមន៍ខ្មែរ មិន​បាន​សុខ ពិសេសករណីដែលបង្ខំឲ្យ​និស្សិតខ្មែរ ដែលបានអាហារូបករណ៍ ​ទៅរៀននៅអូស្រ្តាលី ចូលជាសមាជិករបស់គណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​ឯកអគ្គរាជទូតខ្មែរលោក កុយ គួង ជាប្រធានគណៈបក្ស តំណាង​ឲ្យ​បក្ស​ មិន​មែន​តំណាង​ឲ្យ​ជាតិ​ខ្មែរទាំងមូលជាដើម “ព្រោះយុវជនទាំងអស់នោះ ធ្លាប់​មានទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍ខ្មែរ។ ពួកគាត់​ធ្លាប់​មក​ចូលរួម ជួយ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ មក​ជួយ​ធ្វើការ​នៅវត្ត និង មាន​ទំនាក់ទំនង​ស្និទ្ធស្នាល ហើយយើង​តែង​យក​ទីតាំង​សមាគមខ្មែរ​នៅ​ទីក្រុង​មែលប៊ន ខ្ញុំ​ជឿថា​នៅ​ក្រុង​ស៊ីដនី ក៏គេ​ធ្វើ​ដូច្នេះដែរ ដើម្បី​ស្វាគមន៍​ក្រុម​និស្សិត​ដែលមករៀងរាល់ឆ្នាំ តាមរយៈ​អាហាររូប​ករណ៍​របស់​អូស្រ្តាលី ហើយ​យើងធ្វើពិធី​ជប់លាងលាគ្នា។ យើង​ធ្លាប់​មក​ស្គាល់ជីវភាពពិត​ប្រាកដ របស់​អ្នកស្រុក​ខ្មែរនៅប្រទេសអូស្រ្តាលីហ្នឹង។ តាំង​ពី​មានការ​គាបសង្កត់​របស់​របបលោក ហ៊ុន សែន យ៉ាង​សាវហ្នឹង ដូចជាការ​គម្រាម​ថាបើ​និស្សិតទាំងនោះ នៅតែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយសង្គម​​ខ្មែរ​នៅអូស្រ្តាលី ទៅវិញនឹង​អត់​មានការ​ងារ​ធ្វើ ឬតាមដាន​។ ក្នុងន័យនេះហើយ ដែលបងប្អូនខ្មែរ ថា​មនុស្ស​របបលោក ហ៊ុន សែន មកបំបែកបំបាក់សង្គមខ្មែរ និង ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​​”។

អាស៊ីសេរី មិនទាន់អាចទាក់ទង​សុំការបំភ្លឺ ពី​តំណាង​ទូតខ្មែរ​នៅអូស្រ្តាលី ​បាន​នៅឡើយទេ។

នៅក្នុង​សវនាការ ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភាដដែល មន្រ្តីអូស្រ្តាលី ក៏បានប្រាប់​ឲ្យ​ដឹងថា អនុស្សារណៈយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀស​ខ្លួន​ ពី​ប្រទេស​អូស្រ្តាលី មក​កាន់កម្ពុជា ត្រូវ​បាន​បញ្ចប់ទៅហើយ ​តាំងពី​ខែ កញ្ញា មកម្ល៉េះ។

អាស៊ីសេរី មិន​អាច​សុំការបំភ្លឺពី​មន្រ្តីរបបលោក ហ៊ុន សែន ទាំងមន្រ្តីនាំពាក្យ​របបនេះ និង មន្រ្តីនាំពាក្យ​នៃ​ក្រសួង​មហាផ្ទៃ និង ក្រសួងការបរទេស បាន​នៅឡើយទេ ដោយ​មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ថា​លោក​មិនបាន​ដឹងរឿងនេះ ចំណែកឯ​មន្រ្តីនាំពាក្យ​ក្រសួង​ពីរ​ទៀត មិន​លើក​ទូរស័ព្ទ។

ទោះជាយ៉ាងនេះក្តី លោក ហុង លីម មានសុទ្ទិដ្ឋិនយម ថា​រដ្ឋាភិបាល​អូស្រ្តាលី នឹង​មិនបន្ត​កិច្ច​ព្រមព្រៀង​ជាមួយ​របបលោក ហ៊ុន សែន ទៀតទេ ដោយសារ​តែ​សម្ពាធ​ពី​ជុំទិស ជុំវិញ​ការ​រំលោភសិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជានោះ។

ម្យ៉ាង​ទៀត លោក​ជឿថា សម្ពាធអន្តរជាតិ ទុំជោរណាស់​ទៅហើយ ដែល​រដ្ឋាភិបាលប្រទេស​សេរីជាច្រើន រួមទាំង​រដ្ឋាភិបាល​អូស្រ្តាលីផង ក៏​រង​សម្ពាធផ្លូវ​សីលធម៌ និង​ នយោបាយ​ ក្នុងការ​ចាត់វិធានការលើ​របបលោក ហ៊ុន សែន ដោយ​អូស្រ្តាលី​​មិន​អាច​បន្តជល់កែវស្រាជាមួយរបបនេះ បានតទៅទៀតទេ ស្រប​ពេលដែលសហគមន៍អន្តរជាតិ​ កំពុងនាំ​គ្នា​ពិចាណា​​ដាក់ទណ្ឌកម្មលោករបបលោក ហ៊ុន សែន ជាបន្តបន្ទាប់​បែបនេះនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ថាមិនអត់ឱនឲ្យមន្រ្តីរបបលោក ហ៊ុន សែន បំភិតបំភ័យសហគមន៍ខ្មែរ"

  1. Anonymous says:

    We are khmer around the world so happy to hear that’ Please make sure bane all theses crooks people from dirty place (cambodia) who corrupted and transfer all money to OZ ‘ GOD bless Australa

Leave a Reply

Submit Comment