ស្ថាប័ន​ជំនាញ​បន្ត​ព្រមាន​ពី​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​បើ​​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (ភាគ​បញ្ចប់)

ដោយ មាន ឫទ្ធិ
2018-11-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European  parliament
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European parliament


ស្ថាប័ន​ជំនាញ និង​អ្នក​ពាក់ព័ន្ធ បន្ត​ព្រមាន​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ខណៈ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការចរចា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​អឺរ៉ុប​។ អ្នកវិភាគ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ជួប​មហន្តរាយ​ធ្ងន់ធ្ងរ ប្រសិនបើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​​អឺរ៉ុប​នេះ។

នេះ​ជា​ភាគ​ទីពីរ ដែល​ជា​ភាគ​បញ្ចប់ នៃ​សេចក្តី​រាយការណ៍​ពិស្តារ​របស់​លោក មាន ឫទ្ធិ ជុំវិញ​បញ្ហា​នេះ ដែល​លោក​នឹង​ពិនិត្យមើល​លើ​អំណះអំណាង​របស់​របប​លោក ហ៊ុន សែន ឆ្លើយតប​ទៅ​នឹង​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ខណៈ​អ្នក​វិភាគ​​មើល​ឃើញ​ថា វិបត្តិ​នេះ​នឹង​រុញច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដំណើរ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច ដែល​ទំនងជា​ពិបាក​នឹង​ងើប​ផុត​ពី​ស្ថាន​ភាពជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត បាន​ឆាប់រហ័ស​នោះ​ឡើយ។

របប​ក្រុងភ្នំពេញ បាន​ចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ ថា​ជា​អំពើ «​អយុត្តិធម៌​បំផុត» ដោយ​ចោទ​សហភាព​អឺរ៉ុប​ថា ធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយ​លំអៀង និង​ខ្វះ​តម្លាភាព។ របប​ក្រុងភ្នំពេញ​ព្រមាន​ទៅ​សហភាព​អឺរ៉ុប​វិញ​ថា ការសម្រេច​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ «​បាត់បង់​ទាំងស្រុង​នូវ​លទ្ធផល​ជា​វិជ្ជមាន​ដ៏​ច្រើន​នៃ​គោល​នយោបាយ​អឺរ៉ុប ដែល​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​រហូត​មក​ដល់​ពេល​នេះ​» និង​ថា​ការ​ជ្រើសរើស​យក​វិធានការ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​របស់​សហភាព​អឺរ៉ុប​បែបនេះ អាច​នឹង​ផ្ដល់​ផល «​អវិជ្ជមាន​បញ្ច្រាស» មកវិញ​ទេ ព្រមទាំង​នឹង​រឹត​ធ្វើ​ឲ្យ​កម្ពុជា តាំងចិត្ត «​កាន់តែ​មុតមាំ​ថែមទៀត​» ក្នុង​ការ​ការពារ និង​រក្សា​សកម្មភាព​របស់​ខ្លួន។

បន្ថែម​ពីលើ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ហៅ​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប ថា​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ធ្វើជា «​សង្គ្រាមចិត្តសាស្ត្រ​» ដើម្បី​វាយប្រហារ​លើ​របប​របស់​លោក។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាង​​ថា មិន​យូរ​មិន​ឆាប់​កម្ពុជា នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា កើន​ឡើង​ដល់​កម្រិត​ខ្ពស់ ដែល​មានន័យថា រួច​ផុត​ពី​ចំណាត់ថ្នាក់​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច(LDC)«នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង ១០ អ្នក​​ដែល​ទទួល​ភាព​អនុគ្រោះ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ មានតែ​ប្រទេស ៣ ទេ គឺ​មាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក៏​ស្ថិត​ក្នុង​ស្ថានភាព​ដូច​កម្ពុជា តែ​មីយ៉ាន់ម៉ា ក៏​នៅតែ​នាំចេញ។.. សួរ​ថា​ហេតុ​អី​ប្រទេស​ផ្សេងទៀត មិន​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ីប៊ីអេ គឺ​ដោយសារតែ​ការ​កើនឡើង​នៃ​របស់​ប្រទេស ៧ នោះ​។ អីចឹង កម្ពុជា​យើង​មុន​និង​ក្រោយ អា​ហ្នឹង វា​គង់​នឹង​បាត់​ទេ។ សូម្បី​អត្រាការ​ប្រាក់​អនុគ្រោះ តែ​ដល់​ម៉ោង​បាត់ វា​បាត់​ហើយ នៅ​ពេល​យើង​លើក​សេដ្ឋកិច្ច​របស់​យើង​ដល់​កម្រិត​មួយ ទៅ​ខ្ចី​លុយ​គេ គេ​មិន​ឲ្យ​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​នោះ​ទេ គឺ​ត្រូវ​ខ្ចី​តាម​អត្រា​ការប្រាក់​ពាណិជ្ជកម្ម ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ការ​មុន​មួយ​ជំហាន ជាមួយ​ជប៉ុន ជាមួយ​កូរ៉េខាងត្បូង ជាមួយ​ចិន ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់ខ្ញុំ​កើន​ឡើង សូម​មេត្តា​ឲ្យ​ខ្ញុំ​បាន​ខ្ចី​ប្រាក់​ដែល​មាន​អត្រា​ការប្រាក់​សម្បទាន»

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ ឲ្យ​ដឹង​ថា របប​ក្រុងភ្នំពេញ មាន​ផែនការ​រួចជាស្រេច​ហើយ ប្រសិនបើ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ពី​កម្ពុជា។ បើ​តាម​លោក ផៃ ស៊ីផាន ផែនការ​នេះ គឺ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​លោក​សម្អាង​ហេតុ​ថា កម្ពុជា​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​តែ​លើ​ចំណូល​បាន​មកពី​វិស័យ​វាយនភណ្ឌ​នេះ ជា​រៀង​រហូត​នោះ​ទេ៖ «ប្រសិនបើ​ដក EBA នេះ រដ្ឋាភិបាល​មាន​ផែនការ​រួចជាស្រេច​៖ យើង​មាន​ដូចជា​យើង​ធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ច​ហ្នឹង គឺ​យើង​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​នឹង​ចំណូល ៤០ ភាគរយ​មកពី​កម្មន្តសាល​វាយនភណ្ឌ និង​កាត់ដេរ​ស្បែកជើង។ យើង​មាន ពិពិធ​កម្ម​ផ្សេង ដូចជា​ការលើកតម្កើង​កសិផល រក​ទីផ្សារ​ដទៃ​ទៀត ពីព្រោះ​យើង​ជា​សមាជិក​នៃ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​នឹង​ដៃគូ​សេដ្ឋកិច្ច​ដទៃ​ទៀត។ យើង​ត្រៀម​លក្ខណៈ​តាំងពី​យើង​ចូលឆ្នាំ​នេះ​មក នៅ​ពេល​ដែល​វាយ​តម្លៃ​ថា​ប្រជាពលរដ្ឋ​លោក​រក​បាន ១.៥០០ ពី​ធនាគារ​ពិភពលោក និង​រូបិយប័ណ្ណ​អន្តរជាតិ ដែល​គេ​វាយតម្លៃ​។ យើង​ដឹង​ថា តែ​កាលណា​យើង​ចំណូល​បាន​ប៉ុណ្ណឹង​ហើយ យើង​មិន​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​គ្រប់បែប​យ៉ាង​នោះ​ទេ ក៏ប៉ុន្តែ​នៅ​មាន​វិស័យ​ដទៃ​ទៀត​យើង​នឹង​ទទួល​បាន​បន្ត​ទៀត​។ ប៉ុន្តែ​ក្នុង​វិស័យ​កម្មន្តសាល វា​ត្រូវ​មាន​លក្ខខណ្ឌ​ដទៃ​ទៀត»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក អ្នកវិភាគ​គោលនយោបាយ​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល មើល​ឃើញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា ពិបាក​នឹង​សម្រេច​បាន​កំណើន​ខ្លាំង ដើម្បី​រួចផុត​ពី​ចំណាត់ថ្នាក់​ជា​ស្ថានភាព​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ណាស់។ លោក​ថា ចំណូល​ជាតិ​សរុប (GNI) ក្នុង​មនុស្ស​ម្នាក់ៗ​របស់​កម្ពុជា ត្រូវការ​កំណើន​យ៉ាងហោចណាស់ ១៥ % ទៀត ទើប​ប្រទេស​កម្ពុជា​អាច​រួច​ផុត​ពី​ចំណាត់ថ្នាក់​ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ជា​លក្ខខណ្ឌ​សំខាន់​មួយ​ក្នុង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ។

កម្ពុជា គឺជា​ប្រទេស​មួយ ក្នុងចំណោម ៤៨ ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ ដែល​គឺជា​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត​។ នៅ​អាស៊ីអាគ្នេយ៍ ក្រៅពី​កម្ពុជា មាន​ប្រទេស​ឡាវ មីយ៉ាន់​ម៉ា ឬ​ភូមា និង​ប្រទេស​ទីម័​រ​ខាងកើត ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ សហភាព​អឺរ៉ុប បាន​បង្កើត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើង​ក្នុង​ឆ្នាំ ២០០១ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត​នៅ​លើ​ពិភពលោក នូវ​ការ​មិន​គិត​ពន្ធ ឬ​ទទួល​បាន​ប្រព័ន្ធ​កូតា​សេរី ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់ ចេញទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​ចំណេញ​ពី​ការ​មិន​ចាំបាច់​​បង់ពន្ធ ក្នុង​តម្លៃ​ដល់​ទៅ​ជិត ៧០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ នៅ​រៀងរាល់ ៣ ឆ្នាំ​ម្ដង គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍ ឬ Committee for Development Policy (CDP) របស់​អង្គការសហប្រជាជាតិ តែង​ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​ប្រាក់ចំណូល​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដើម្បី​កំណត់​ពី​ចំណាត់ថ្នាក់​នៃ​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត​។ ការវាយតម្លៃ​ចុងក្រោយ​របស់​គណៈកម្មាធិការ​នេះ ដែល​ធ្វើឡើង​កាល​ពី​ដើម​ឆ្នាំ ២០១៨ នេះ កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ មក។

តាម​ការ​ប៉ាន់ស្មាន យ៉ាងហោចណាស់​ទាល់តែ​ដល់​ក្រោយ​ឆ្នាំ ២០២៥ ទើប​កម្ពុជា​អាច​រួច​ផុត​ពី​ចំណាត់ថ្នាក់​ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ការ​ប៉ាន់ស្មាន​នេះ នៅ​មិនទាន់​គិត​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារតែ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ EBA នេះ​នៅឡើយ​ផង។ បណ្ឌិត អៀ សុផល គូស​បញ្ជាក់​ថា បើ​ទោះ​ជា​សន្មត​ថា ការ​ប៉ាន់ស្មាន​រយៈពេល ៧ ឆ្នាំ​ខាងមុខនេះ​ជា​ការ​ត្រឹមត្រូវ បូករួម​នឹង​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​នោះ​ផង តាម​ការ​ជាក់ស្ដែង កម្ពុជា​អាច​ត្រូវការ​រយៈពេល​ដល់​ទៅ ១ ទសវត្សរ៍​ទៀត​ឯណោះ ទើប​អាច​រួច​ផុត​ពី​ចំណាត់ថ្នាក់​ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត​បាន។ បណ្ឌិត អៀ សុផល ដាក់​ជា​ចម្ងល់​ថា គេ​អាច​ស្រមៃ​មើល​បាន​ថា សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​នេះ ដែល​កម្ពុជា​ពុំ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​មួយ​កម្រិត​ទៀត ពេលនោះ ហេតុការណ៍​នេះ នឹង​បំផ្លាញ​ការ​ព្យាយាម​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

បើ​ទោះ​ជា​លោក ហ៊ុន សែន និង​មន្ត្រី​របប​របស់​លោក​អះអាង​ពី​ការ​មិន​ព្រួយបារម្ភ ឬ ពេលខ្លះ​ធ្វើជា​ឌឺដង​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់ទណ្ឌកម្ម​កម្ពុជា​កាន់​តែ​ឆាប់ ឬ​ថា​មិន​ខ្ចី​ឱន​ក្បាល ឬ​យក​អធិបតេយ្យ​កម្ពុជា ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស ឬ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ​ក៏ដោយ ក្រោយ​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ដែល​ត្រូវ​គេ​ចាត់ទុកថា «​ក្លែងក្លាយ​» រួចមក របប​ថ្មី​របស់​លោក ហ៊ុន សែន បាន​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន​ជា​បន្តបន្ទាប់ ព្រមទាំង​បើក​ឲ្យ​មាន​ការ​បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទា​ហ៊ាន​អាមេរិក​បាត់​ខ្លួន​កាលពី​សម័យ​សង្គ្រាម​ឡើងវិញ ដែល​ទំនងជា​ការ​បន្ទន់​ឥរិយាបថ​រួច​ទៅ​ហើយ ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច និង​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ​ណាមួយ​ដែល​កំពុងតែ​ថ្កោលទោស​របប​នេះ​ស្រាប់។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជព្រះគុណ ប៊ុត ប៊ុនតិញ ហៅ​ការ​បន្ទន់​ឥរិយាបថ​របស់​លោក ហ៊ុន សែន នេះ ថា​ជា «​ល្បិច​ទុច្ចរិត​» របស់​លោក ហ៊ុន សែន ក្នុង​ការ​លួងលោម​សហគមន៍​អន្តរជាតិ ឲ្យ​ទទួលស្គាល់​របប​​របស់​លោក និង​ព្យាយាម​បញ្ចៀស​ហានិភ័យ​នានា​តាម​ដែល​អាច​ទៅ​ធ្វើ​បាន៖ «លោក ហ៊ុន សែន នឹង​លេង​ដើម្បី​លួង​សហគមន៍​អឺរ៉ុប​តទៅទៀត ដើម្បី​ស៊ីពេល​ក្នុង ៦ ខែ​ហ្នឹង កែខ្លួន​។ ហើយ​ហ៊ុន សែន ប្រើ​ល្បិច​ហ្នឹង កាលណា​យើង​ចាញ់ល្បិច ហ៊ុន សែន កែ​ឲ្យ​ទាល់តែ​រួច​ហ្នឹង ហើយ​ឲ្យ​ទទួលស្គាល់​ល្បិច​ដែល​គាត់​ធ្វើ​ហ្នឹង។ ក្នុង​ល្បិច​ទុច្ចរិត​ហ្នឹង គឺ​ចាប់ផ្ដើម​បញ្ចប់​នីតិវិធី តាម​ផ្លូវ​តុលាការ​ដោះលែង​លោក កឹម សុខា ហើយ​ពន្យារ​ពេល​មួយ​រយៈ បើ​មានការ​គំរាមកំហែង​ពី​អាមេរិក​មួយ​ជំហាន​ទៀត ឬ​ពី​ប្រទេស​ណាមួយ​ទៀត​។ …​គាត់​លើកលែង ១១៨ នាក់​បន្ថែម អ៊ីចឹង លោក កឹម សុខា ក៏​មាន​សេរីភាព ១១៨ នាក់​ក៏បាន​មាន​សេរីភាព​មកវិញ​វិល​មក​ធ្វើ​នយោបាយ គេ​អាច​បន្ធូរ គេ​អាច​បន្ទន់ អញ្ចឹង ហ៊ុន សែន នឹង​បន្ត​រឿង​នេះ​ត​ទៅ​ទៀត»

ព្រះអង្គ ប៊ុត ប៊ុនតិញ ឈ្វេង​យល់​ឃើញ​ថា ល្បិច​ទុច្ចរិត​ចុងក្រោយ​ដែល​លោក ហ៊ុន សែន នឹង​យក​មក​ប្រើ​នៅ​ពេល​ទទួលរង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ នោះ​គឺ​ការ​ធ្វើ​ជា​យល់ព្រម​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាងណា​ព្យាយាម​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​ជិត​ចប់​អាណត្តិ​ទី ៦ នៃ​របប «​ខុសច្បាប់​» របស់​លោក។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM លើក​ទី ១២ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ក្នុង​ជំនួប​ទ្វេភាគី​មួយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សហ​ភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី១៩ តុលា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បរាជ័យ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចៀស កុំ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​នីតិវិធី​ឈាន​ទៅ​រក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា។ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា មូហ្គឺរីនី (Federica Mogherini) នៅតែ​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​ដែល​របប​ក្រុងភ្នំពេញ ត្រូវតែ​ស្តារ​ស្ថានភាព​នយោបាយ​ជា​អវិជ្ជមាន​នៅ​កម្ពុជា និង​ធ្វើការ​ស្វែង​រក​​ដំណោះស្រាយ​នយោបាយ ដែល​មាន​លក្ខណៈ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រសិនបើ​កម្ពុជា​ចង់​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ពី​អឺរ៉ុប​។ ការ​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ជា​ជំហរ​ចង់បាន​របស់​សហភាព​អឺរ៉ុប រួមមាន ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាមរយៈ​ការ​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី ដែល​ជា​​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​អ្នកនយោបាយ​បក្ស​ប្រឆាំង ការលុបចោល​ការ​ហាម​ប្រាម​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង ១១៨ រូប និង​ផ្តល់​នីតិសម្បទារ​ឡើងវិញ​ដល់​មន្ត្រី​មូលដ្ឋាន​​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត​ចំនួន ៥០០៧​រូប។ ក្រៅ​ពី​នេះ សហភាព​អឺរ៉ុប ក៏​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ត្រូវតែ​ធានា​នូវ​ការ​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ប្រកបដោយ​សុវត្ថិភាព​របស់​មន្ត្រី​នយោបាយ​គណបក្សប្រឆាំង សកម្មជន​អង្គការ​​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​បញ្ចៀស​ពី​ការ​ចាប់ខ្លួន​ណាមួយ​នោះ ព្រមទាំង​ការធានា​ថា ច្បាប់ និង​បទបញ្ញត្តិ​នានា ដែល​របប​នេះ​បាន​តាក់តែង និង​បង្កើត​ឡើង ក្នុង​គោលដៅ​រឹតត្បិត​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ត្រូវតែ​ធ្វើការ​សើរើ​ឡើងវិញ និង​ធ្វើការ​កែសម្រួល​ផង​ដែរ។

លោក​បណ្ឌិត អៀ សុផល យល់ថា ដំណោះស្រាយ​ឈ្នះៗ​តែមួយគត់​សម្រាប់​គ្រប់​ភាគី គឺ​របប​ក្រុងភ្នំពេញ​ត្រូវតែ​បោះបង់ចោល​នូវ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ដោយ​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ស្តារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា នោះ​ទើប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប នឹង​មិន​ត្រូវ​បាន​ព្យួរ ហើយ​អ្នក​ដែល​ឈ្នះ​ពិតប្រាកដ​គឺជា​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ។ ផ្ទុយទៅវិញ លោក​ព្រមាន​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ នឹង​រុញច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដំណើរ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រទេស​កម្ពុជា នឹង​នៅតែ​មិន​អាច​ងើប​ផុត​ពី​ស្ថាន​ភាពជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត​បាន​ឡើយ។ បណ្ឌិត អៀ សុផល ហៅ​ហេតុការណ៍​នេះ​ថា ជា​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយ​នៅ​កម្ពុជា ដោយសារតែ​សេដ្ឋកិច្ច​ប្រទេស​នេះ មិន​អាច​រស់រាន​បាន​ដោយ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ណាស់។ លោក​ដាក់​ជា​សំណួរ​ទៅវិញ​ថា ប្រសិនបើ​មន្ត្រី​របប​លោក ហ៊ុន សែន ពិត​ជា​មាន​ទំនុក​ចិត្ត​មែន ហើយ​មិន​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ហេតុអ្វី​បានជា​ពួកគេ​មិន​ប្រាប់​ទៅ​សហភាព​អឺរ៉ុប ឲ្យ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​តែម្តង​ទៅ​? ជា​ការ​ពិត លោក​ថា របប​ក្រុងភ្នំពេញ ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​ចាំបាច់ ព្រោះថា​បើ​ទោះ​ជា​នៅ​មាន​ប្រព័ន្ធ​នេះ​ក៏ដោយ ក៏​នៅ​មាន​រោងចក្រ​មួយ​ចំនួន​បាន​បិទទ្វារ ហើយ​របប​ក្រុងភ្នំពេញ បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ចេញ​ប្រាក់​ឈ្នួល​សង​ដល់​កម្មករ​និយោជិក។

របាយការណ៍ ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រាប់​ឆ្នាំ ២០១៦ ២០១៧ របស់​គណៈកម្មការ​អឺរ៉ុប ដាក់​ជូន​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប ឲ្យ​ដឹង​ថា កម្ពុជា​គឺជា​ប្រទេស​នាំចេញ​ធំ​ទីពីរ​ដែល​ទទួល​បានការ​អនុគ្រោះ​ពន្ធ EBA មាន​ចំណែក​ទីផ្សារ ១៨% ពោល​គឺ​នៅ​ក្រោម​ប្រទេស​បង់ក្លាដេស ដែល​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៦៦%​។ កន្លងទៅ​សហភាព​អឺរ៉ុប ធ្លាប់​បាន​ជំរុញ​ឲ្យ​កម្ពុជា បង្កើត​យន្តការ​ប្រកប​ដោយ​តម្លាភាព ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នានា​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី ដោយសារ​​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​ស្ករអំពៅ ដែល​ត្រូវ​ក្រុម​អង្គការ​សិទ្ធិមនុស្ស ចាត់ទុកថា​ជា «​ស្ករ​ឈាម​» រួម​ទាំង​បញ្ហា​រំលោភ​សិទ្ធិ​ការងារ​ផ្សេងៗ​ទៀត។

បើ​តាម​ស្ថិតិ​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ២០១៧ សហភាព​អឺរ៉ុប​នាំចូល​ទំនិញ​ពី​កម្ពុជា ក្នុង​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៥,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ទំនិញ​នាំចូល​វិស័យ​កសិកម្ម​មានតម្លៃ​ជាង ២០៥ លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​វាយនភណ្ឌ និង​សំលៀកបំពាក់ មានតម្លៃ​ជាង ៤​ពាន់​២​រយ លាន​ដុល្លារ​អាមេរិក ដែល​វិស័យ​នេះ មាន​កំណើន​ជា​មធ្យម​ប្រមាណ ២០,% ក្នុង​មួយឆ្នាំៗ។ កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ជាប់​ចំណាត់ថ្នាក់​លេខ ៥៦ នៃ​ទំហំ​ពាណិជ្ជកម្ម​ទាំងមូល និង​ជាប់​លេខ ៤៦ នៃ​ការ​នាំ​ទំនិញ​ចេញទៅ​កាន់​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង​ធំ​បំផុត​ទី១ របស់​កម្ពុជា ដែល​បាន​ស្រូប​យក ៤៦ ភាគរយ នៃ​ផលិតផល​នាំ​ចេញពី​វិស័យ​​នេះ ក្នុង​ឆ្នាំ ២០១៧ របស់​កម្ពុជា ខណៈ​សហរដ្ឋអាមេរិក ឈរ​នៅ​លំដាប់​ទី​ពីរ ដោយ​បាន​ស្រូប​យក ២៤ ភាគរយ ក្នុង​រយៈពេល​ដដែល។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៧ កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន ជាង ១​ពាន់ ៥រយ (.៥២២) រោងចក្រ ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​កាបូប មាន​ចំនួន​ជាង ១​ពាន់ ( .០៣១) រោងចក្រ​។ ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ពី​កម្ពុជា នោះ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ទី ៤ ហើយ​ដែល​រង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​សហភាព​អឺរ៉ុប ក្រៅពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បេឡារូស និង​ប្រទេស​ស្រីលង្កា ដោយសារតែ​ហេតុផល​នៃ​ការ​មិន​គោរព​សិទ្ធិមនុស្ស​នេះឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment