លោកស្រី រ៉ូណា ស្មីត ជំរុញ​កម្ពុជា​ឲ្យ​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្សជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប


| |
https://www.vodhotnews.com

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)


អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញ​ទៅ​​រដ្ឋាភិបាលកម្ពុជា ឲ្យ​កែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ខណៈដែល​សហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពីកម្ពុជានោះ។

អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បាន​ថ្លែង​បែប​នេះ នៅ​ក្រោយ​ជំនួប​ជាមួយប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១១​ថ្ងៃ​នៅ​កម្ពុជា​របស់​លោក​ស្រី។​

ឆ្លើយតបនឹងសំណួរក្រុម​អ្នកសារព័ត៌មាននៅ​ក្រោយជំនួបជាមួយ​លោក កែវ រ៉េមី នោះ លោកស្រី រ៉ូណា ស្មីត បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែចាត់វិធានការជាជំហ៊ានៗ ក្នុង​ការ​កែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះ​ពន្ធពីសហភាពអឺរ៉ុប។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

លោកស្រីបន្ដថា៖ «សម្រាប់ផ្នែកនៃការអភិវឌ្ឍណាមួយនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនោះ ខ្ញុំគិតថា មានច្រកមួយចំនួន ដែលរដ្ឋាភិបាលអាចធ្វើជាជំហានតូចៗ ដែលអាចអភិវឌ្ឍយ៉ាងច្រើនទៅលើញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស មិនមែនសម្រាប់តែអឺរ៉ុបទេ ប៉ុន្ដែ ក៏សម្រាប់ដៃគូអភិវឌ្ឍផ្សេងទៀតដែលចូលរួមអភិវឌ្ឍកម្ពុជា»។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានផងដែរនោះ លោក កែវ រ៉េមី ប្រាប់​ថា ចំណាត់ការរបស់សហភាពអឺរ៉ុបដែលព្រមានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពីកម្ពុជា គឺជារឿងពុំត្រឹមត្រូវ និងអយុត្តិធម៌ ដោយលោកថា សហភាពអឺរ៉ុបបែរជាផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេស ដែលមានអំពើរំលោភសិទ្ធិមនុស្សអាក្រក់ជាងកម្ពុជាទៅវិញ។

លោកអះ​អាង​ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានអភិវឌ្ឍបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនល្អប្រសើរ និងមិនមានការរំលោភសិទ្ធិមនុស្សដូចការចោទប្រកាន់នោះឡើយ។

លោកបន្ដថា៖ «ទិដ្ឋភាពទី១ គឺទាក់ទងនឹង EUនេះ ដោយសារតែការអនុគ្រោះពន្ធ EBA គឺមានសារៈប្រយោជន៍ដែលគាត់បានជួយប្រជាជនខ្មែរ [] ប៉ុន្ដែ គាត់បានអនុវត្តក្នុងការយកលេសទាក់ទងរឿងសិទ្ធិមនុស្សដើម្បីដកហូតនូវស្អីគេក៏ដោយ ប៉ុន្ដែ ខ្ញុំគ្រាន់តែឆ្លើយតបថា គាត់ធ្វើអត់ត្រឹមត្រូវ។ អ្វីដែលគាត់ជួយហើយ គាត់បំផ្លាញនូវអ្វីដែលគាត់បានជួយ»។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ១១​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

តាមសេចក្តីប្រកាស​ព័ត៌មាន លោកស្រី រ៉ូណា ស្មីត នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាង​អង្គការ​សង្គ​មស៊ីវិល និងតំណាង​ស្ថាន​ទូ​​​តនា​នាប្រចាំកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មុននឹង​ធ្វើរបាយការណ៍ប្រចាំឆ្នាំដាក់ជូន​ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ​ង្គកា​រសហ​ប្រ​ជាជា​តិ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោកស្រី រ៉ូណា ស្មីត ជំរុញ​កម្ពុជា​ឲ្យ​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្សជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប"

  1. Anonymous says:

    Don’t believe all these crooks people said so ‘ they are the worse communist mafia in khmer history and they are the same of leech

Leave a Reply

Submit Comment