អនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ​ថា លោក គង់ គាំ ផ្លាស់​ប្ដូរ​ជំហរ​នយោបាយ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន

ដោយ ទីន ហ្សាការីយ៉ា
2018-11-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA
អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA


ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និង​មន្រ្តី​នាំ​ពាក្យ​បក្ស​នេះ បាន​ខ្វែង​គំនិត​គ្នា អំពី​លោក គង់ គាំ ដែល​អតីត​ជា​ប្រធាន​គណបក្ស សម រង្ស៊ី។ លោក សុខ ឥសាន អះអាង​ថា លោក គង់ គាំ ជា​ចារកម្ម​សម្ងាត់​របស់​គណបក្ស ប្រជាជន​កម្ពុជា រី​ឯ​លោក ហ៊ុន សែន ប្រកែក​ថា មិន​មែន​ទៅ​វិញ។

ចំពោះ​សាមី​ខ្លួន​លោក គង់ គាំ វិញ បញ្ជាក់​ថា រូប​លោក ជា​ចារកម្ម មែន ឬ​មិនមែន​នោះ អាស្រ័យ​លើ​ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ។

អនុប្រធានគណបក្សសង្រ្គោះជាតិ អះអាងថា លោក គង់ គាំ បានផ្លាស់ប្ដូរជំហរនយោបាយ​របស់​ខ្លួន​គាំទ្រ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ២០១៨ ដែល​ជា​ការ​រៀបចំ​ឡើង​ដោយ​លោក ហ៊ុន សែន នោះ គឺ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស សង្រ្គោះ​ជាតិ ឲ្យ​ដឹង​ថា គ្មាន​អ្វី​ចម្លែក​ទេ សម្រាប់​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ដែល​ប្ដូរ​ជំហរ​របស់​ខ្លួន ទៅ​គាំទ្រ​លោក ហ៊ុន សែន នោះ ព្រោះ​ថា មន្រ្តី​គណបក្ស សង្រ្គោះ​ជាតិ មួយ​ចំនួន​ចាំ​ឆក់​ឱកាស និង​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន ដើម្បី​បុណ្យ​ស័ក្ដិ អំណាច និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ជា​ជាង​គិត​អំពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «លោក ហ៊ុន សែន គាត់​បាន​ឆ្លើយ​តប​ផ្ទុយ​ពី​លោក សុខ ឥសាន ព្រោះ​លោក គង់ គាំ បាន​និយាយ​គាំទ្រ​គោល​នយោបាយ​របស់​គាត់ តែ​លោក សុខ ឥសាន គាត់​មិន​ដឹង​រឿង​ហ្នឹង​ទេ ព្រោះ​គាត់​មិន​ជ្រៅ​លើ​រឿង​ហ្នឹង​ទេ ព្រោះ​រឿង​ហ្នឹង​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ»

ការលើកឡើងរបស់លោក អេង ឆៃអ៊ាង នេះ នៅ​ក្រោយ​ពី​លោក ហ៊ុន សែន និង​លោក សុខ ឥសាន បាន​ឆ្លើយឆ្លង​គ្នា​នៅ​ក្នុង​សារព័ត៌មាន​គាំទ្រ​របប​របស់​លោក​កាល​ពី​ថ្ងៃ​ទី៤ វិច្ឆិកា។ លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្រ្គាម (Telegram) ថា អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​នេះ មហាជន​នៅ​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​លោក គង់ គាំ ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស ប្រជាជន​កម្ពុជា បាន​ផ្ដាច់​ខ្លួន​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី។ ក៏​ប៉ុន្តែ​ការ​ងឿង​ឆ្ងល់​នេះ បាន​លាត​ត្រដាង តាម​រយៈ​កូន​ប្រុស​ពៅ​របស់​លោក គង់ គាំ បាន​បង្កើត​គណបក្ស ឆន្ទៈ​ខ្មែរ ដែល​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។

លោក បន្ថែមថា បើគ្មានការផ្ដួចផ្ដើមគំនិត​ពី​លោក គង់ គាំទេ បង្កើត​បក្ស​នេះ​ក៏មិនអាចទៅរួចដែរ។ ហើយ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ កក្កដា​នោះ លោក គង់ គាំ ក៏​បាន​បង្ហាញ​ជំហរ​ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ​ដែរ។ ចំណុច​ទាំង​អស់​នេះ លោក សុខ ឥសាន បញ្ជាក់ថា លោក គង់ គាំ ជា​រនុក​ក្នុង​គណបក្ស ប្រជាជន​កម្ពុជា ឬ​អាច​ជា CIA ឬ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​គណបក្ស ប្រជាជន​កម្ពុជា ដែល​ចូល​ទៅ​ក្នុង​ជំរុំ​របស់​គណបក្ស​ប្រឆាំង​តាំង​ពី​យូរ​មក​ហើយ។

រីឯលោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន​កម្ពុជា បាន​បដិសេធ​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ភ្លាមៗ ថា លោក គង់ គាំ គាំទ្រ​ការ​បោះ​ឆ្នោត​នេះ គឺ​ចេញ​ពី​ឆន្ទៈ​របស់​លោក​ផ្ទាល់ មិន​មែន​ជា​រនុក​ក្នុង​របស់​គណបក្ស​លោក​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី មិន​បាន​បំភ្លឺ​ថា តើ​លោក​ជា​ភ្នាក់ងារ​សម្ងាត់​របស់​គណបក្ស ប្រជាជន​កម្ពុជា​មែន ឬ​មិនមែន​នោះ​ទេ៖ «គាត់​ហៅ​ខ្ញុំ​ជា CIA ហ្នឹង​វា​មាន​វិជ្ជមាន និង​អវិជ្ជមាន គឺ​ខ្ញុំ​សូម​អរគុណ​ឯកឧត្តម សុខ ឥសាន ដែល​នៅ​ទុក​ខ្ញុំ​ថា នៅ​តែ​រាប់អាន​ខ្ញុំ​ធម្មតា​នៅ​ក្នុង​បក្ស ប្រជាជន​កម្ពុជា ហើយ​ជ្រុង​អវិជ្ជមាន​ហ្នឹង​បាន​កាល​ណា​ខ្ញុំ​ជា CIA របស់​គណបក្ស ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​គណបក្ស សម រង្ស៊ី និង​ពលរដ្ឋ​មក​លើ​ខ្ញុំ​ហ្នឹង​មាន​ការ​ខួចខាត»

លោក អេង ឆៃអ៊ាង បន្ថែម​ថា ចិត្ត​មនុស្ស​អាច​មាន​ការ​ប្រែប្រួល​ជំហរ​នយោបាយ​នៅ​នាទី​ចុង​ក្រោយ​បាន ដែល​ជា​ចរិក​ធម្មជាតិ​របស់​មនុស្ស ដើម្បី​មហិច្ឆតា​អំណាច ឬ​ទ្រព្យ​សម្បត្តិ ដូច​ជា​ករណី លោក គង់ គាំ ជា​ដើម ដែលលោកត្រូវការភាពស្របច្បាប់ពីការបោះឆ្នោតក្លែងក្លាយ ដែល​លោក​ត្រូវ​អូស​ទាញ​អ្នក​ឱកាសនិយម ដើម្បី​មក​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ៖ «ជន​ផ្ដាច់ការ លោក ហ៊ុន សែន ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត ដោយសារ​កម្ពុជា​សំបូរ​មនុស្ស​ឱកាសនិយម និង​អាត្មានិយម។ មនុស្ស​ឱកាសនិយម​ចាប់​យក​ឱកាស​ពី​លោក ហ៊ុន សែន ដើម្បី​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន មនុស្ស​អាត្មានិយម មិន​មែន​មិន​ដឹង​ថា​លោក ហ៊ុន សែន ធ្វើ​ខុស​ទេ គឺ​ដឹង ប៉ុន្តែ​សុខ​ចិត្ត​ឈឺ​ចាប់ ខាំ​ចិត្ត​ឈរ​ឱប​ដៃ​មើល​ការ​ឈឺ​ចាប់​នោះ»

ចំពោះការដែលលោក គាំទ្រ ការបោះឆ្នោតថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ នោះ លោក បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក កម្ពុជា គឺ​មាន​របប​មួយ ដែល​កំណត់​អាណត្តិ​រៀបចំ​ការ​បោះ​ឆ្នោត ៥ឆ្នាំ​ម្ដង។ នៅ​ត្រង់​ចំណុច​នេះ លោក គង់ គាំ សង្កត់​ធ្ងន់​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ មិន​មែន​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ទេ គឺ​មាន​មនុស្ស​ទៅ​បោះ​ឆ្នោត​ជាក់​ស្ដែង៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ទៀង​ទាត់​រៀង​រាល់ ៥ឆ្នំា​ម្ដង ដូច្នេះ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៩ ក្កដា ខ្ញុំ​ថា ជា​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ»

ទោះបីជាយ៉ាងនេះក្ដី នៅ​ក្នុង​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​នេះ នៅ​ក្រោយ​ពេល​លោក គង់ គាំ ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស ប្រជាជន​កម្ពុជា មក​ចូលរួម​ជាមួយ​គណបក្ស សម រង្ស៊ី នរណា​ក៏​ដឹង​ដែរ​ថា លោក គង់ គាំ គឺ​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រឆាំង ដែល​តែង​រិះគន់​របប​លោក ហ៊ុន សែន ជាពិសេស រិះគន់​ការ​បោះ​ឆ្នោត​ចំនួន ៥អាណត្តិ​កន្លង​មក​នេះ។ ពេល​ខ្លះ​លោក គង់ គាំ ក៏​ហៅ​លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់ការ​ទៀត​ផង។ លោក គង់ គាំ ត្រូវ​បាន​គណបក្ស សម រង្ស៊ី ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី នៅ​ក្រោយ​ពេល​គណបក្ស​នេះ និង​គណបក្ស​សិទ្ធិមនុស្ស​រូបរួម​គ្នា បង្កើត​ជា​គណបក្ស សង្រ្គោះ​ជាតិ ហើយ​លោក ក៏​ជា​អតីត​សមាជិក​មជ្ឈិម​បក្ស​គណបក្ស ប្រជាជន​កម្ពុជា តែ​លោក​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​បក្ស​នេះ តាំង​ពី​ឆ្នាំ១៩៩១ មក។

អ្នកវិភាគនយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​របស់​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង គឺ​លោក គង់ គាំ នៅ​ពេល​នេះ គឺ​ជា​ការ​ធ្វើ​ឡើង​ទាំង​បង្ខំ​ចិត្ត ដោយសារ​តែ​មាន​ការ​គាប​សង្កត់​ពី​លោក ហ៊ុន សែន និង​ការ​គំរាមកំហែង​ផង បន្លំ​បន្លាច រួមទាំង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​នោះ។ លោក គឹម​ សុខ បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត​បែប​នេះ​ទៀត ក្នុង​បំណង​កម្ទេច​បក្ស​ប្រឆាំង ដើម្បី​បន្ត​អំណាច​ទៅ​មុខ​ទៀត៖ «ការ​ប្រកាស​ប្ដូរ​ជំហរ ១៨០អង្សា​របស់​លោក គង់ គាំ គឺ​គាត់​ធ្វើ​ឡើង​ដោយ​បង្ខំ​ចិត្ត​ទេ ទី១ ដើម្បី​សន្តិសុខ​ផ្ទាល់​ខ្លួន ទី២ ដើម្បី​សន្តិសុខ គ្រួសារ និង​ទី៣ ដើម្បី​សន្តិសុខ​ទ្រព្យ បើសិន​ជា​គាត់​មិន​ធ្វើ​ទេ គាត់​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ណា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​បី​ហ្នឹង»

នេះ​មិនមែនជាលើកទី១ ទេ ដែល​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្រ្ត​បំបែក ដើម្បី​គ្រប់គ្រង លោក​ធ្លាប់​បាន​លេង​ល្បែង​នយោបាយ​នេះ ជោគជ័យ​តាំង​ពី​ជំនាន់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​លោក​បាន​កម្ទេច​គណបក្ស​រាជានិយម​មួយ​នេះ តាម​រយៈ​ការ​ផ្ដល់​បុណ្យស័ក្ដិ បន្លំបន្លាច និង​ផ្ដល់​ផល​ប្រយោជន៍ ដើម្បី​បំបែក​កម្លាំង ហ្វ៊ុនស៊ិនប៉ិច រហូត​ដល់​គណបក្ស ដែល​ធ្លាប់​គ្រប់គ្រង​អំណាច​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ រហូត​ដល់​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន កំពុង​ទ័លច្រក​នយោបាយ​ការ​បរទេស និង​មាន​ទំនាក់ទំនង​ការ​ទូត​មិន​ល្អ​ជាមួយ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដូចជា ការ​ប្រឈម​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ជា​ដើម។ លោក គឹម សុខ បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ គណបក្ស​ប្រឆាំង​មិន​ត្រូវ​លេង​តាម​ល្បែង​របស់​លោក ហ៊ុន សែន ដែល​កំណត់​ផ្លូវ​ឲ្យ​ដើរ​នោះ​ឡើយ គឺ​ត្រូវ​កំណត់​ពី​ទិសដៅ​ជាតិ​ឲ្យ​ច្បាស់ ហើយ​ត្រូវ​រួម​កម្លាំង​គ្នា ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​គណបក្ស សង្រ្គោះ​ជាតិ និង​ត្រូវ​ទាមទារ​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment