មន្ត្រី​រដ្ឋាភិបាល​ថា​ សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​មាន​​កម្រិត​នៅ​ឡើយ​


|

ការតាំងបង្ហាញផលិតផលបន្លែ ក្នុង​វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ (រូបភាព៖ ជន ចាន់រ៉ែន)


មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​សារ​ចំណេះ​ដឹង​ពល​រដ្ឋ និង​មនោសញ្ចេតនា​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​។

អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ស្តង់ដារ​កម្ពុជា​លោក លី ទីន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ថា​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​គឺ​ស្ថិត​ក្នុង​​ស្ថានភាព​មួយ​ដែល​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​សារ​ចំនួន​ចំណី​អាហារ​មាន​ច្រើន​ខណៈ​មន្ត្រី​អនុវត្តន៍​មាន​តិច ហើយ​ជា​ពិសេស​មាន​ជន​ខិលខូច​មួយ​ចំនួន​លួច​ផលិត​ដោយ​លាក់​បាំង​ពី​សមត្ថកិច្ច​ផង​ដែរ។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​អាហារ​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា​អាច​ទទួល​យក​បាន​ជាង​៧០​ភាគ​រយ​ហើយ។

លោក​ថា៖ « វាទាមទារឲ្យមានការអនុវត្តច្បាប់ឲ្យកាន់តែខ្លាំង តែសព្វថ្ងៃនេះការអនុវត្តន៍ច្បាប់របស់យើងនៅលាយឡំជាមួយមនោសញ្ចេតនា។ ឧទាហរណ៍សិប្បកម្មផលិតមួយ បើសិនជាយើងចាប់បង្ខំគាត់ឲ្យអនុវត្តទាំងស្រុងតែម្ដងបានន័យថាយើងធ្វើតាមស្តង់ដារគឺគាត់ខ្វះពីថវិកាឡើងទៅនិយាយពីកន្លែងផលិតរបស់គាត់។ អញ្ចឹងបើយើងបង្ខំគាត់ឲ្យធ្វើ១០០ភាគរយគឺគាត់ត្រូវដួលរលំហើយ។ អញ្ចឹងគឺយើងត្រូវ Update គាត់ឲ្យទទួលយកបានសិន ចាំយើងកែសម្រួលគាត់ឲ្យបានល្អឡើងឲ្យបានដល់កម្រិតស្តង់ដារ »

ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល​លោក ស៊ិន ស៊ីដេត ឯកភាព​ចំពោះ​ការ​ឡើង​​ដែល​ថា​សុវត្ថិភាព​ចំណី​អាហារ​កម្ពុជា​ស្ថិត​នៅ​មាន​កម្រិត តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ស្ថានភាព​នោះ​ស្ថិត​ក្នុង​កម្រិត​ណា​នោះ​ទេ ខណៈ​លោក​​ថា​សមត្ថកិច្ច​កំពុង​ចាប់​មាន​វិធាន​ការ​ឲ្យ​ខ្លាំង​ក្លា​ហើយ។

លោក​ថា៖ « អ្វីដែលយើងចាប់បានបែរជាធ្វើឲ្យប្រជាជនភិតភ័យថាទំនិញខូចគុណភាពច្រើន តែកុំភ័យ! វិធានការដែលសំខាន់គឺថាយើងចាប់ផ្តើមរឹតបន្តឹងអនុវត្តន៍ច្បាប់ ហើយបញ្ហាសុវត្ថិភាពចំណីអាហារនេះមិនមែនសម្រាប់តែកម្ពុជាទេ! សូម្បីតែនៅអាមេរិក១ឆ្នាំ៩៦ប៊ីលានដុល្លារចំណាយលើសុវត្ថិភាពចំណីអាហារ ការថែទាំអ្នកជំងឺអីហ្នឹង។ សរុបមកវិញ ខ្ញុំសំណូមពរថាយើងកុំមានគំនិតទិដ្ឋិនិយម អ្វីគឺមនុស្សអាចគ្រប់គ្រងបានទេ។ បើយើងពង្រឹងយន្តការច្បាប់ យើងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ តាំងពីតូចតាចដល់អាជីវករធំៗ ឲ្យមានក្រមសីលធម៌ »

ប្រធាន​វិទ្យាស្ថាន​មេគង្គ​ប្រចាំ​តំបន់​ឥណ្ឌូចិន​លោក វច្ឆិរ៉ា លីឡាវ៉ាត មាន​ប្រសាសន៍​ថា​កម្ពុជា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​សម្រាប់​សុវត្ថិភាព​ចំណី​អាហារ​របស់​ខ្លួន ដែល​បញ្ហា​នេះ​​ត្រូវ​ការ ​ការ​ចូលរួម​ឲ្យ​កាន់​តែ​ខ្លាំង​ពី​​រដ្ឋាភិបាល​ជាមួយ​សង្គម​ស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​។

លោក វិច្ឆារ៉ា ថា ៖ « ប្រសិនជាយើងអាចលើកកម្ពស់សុវត្ថិភាពចំណីអាហារយើងអាចបើកឱកាសដល់ប្រទេសយើងបន្ថែមទៀតក្នុងការនាំចេញទៅក្រៅប្រទេសជាពិសេសប្រទេសនៅអាស៊ាន ព្រោះឥឡូវគេលែងគិតពន្ធទៀតហើយ តែប្រទេសនីមួយមានស្តង់ដាររបស់គេដូច្នេះបើយើងអាចបើកទីផ្សារបាន វាត្រូវការឲ្យយើងមានសុវត្ថិភាពចំណីអាហារដែលមានគុណភាព »

​​​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​​និរទេស​ខ្លួន​ឯង​នៅ​​ក្រៅ​ប្រទេស បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ ដោយ​និយាយ​ថា ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​តែ​បង្កប់​សារធាតុ​គីមី ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ​ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ ខណៈ​ខ្លួន​បាន​បញ្ជាក់​ថា​ខ្លួន​មាន​បច្ចេកទេស​គ្រប់​គ្រាន់​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ៕

វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យាកម្ពុជា។ (រូបភាព៖ ជន ចាន់រ៉ែន)

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles