អ្នកស្រី រូណា ស្មីត ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​ជៀស​ផុត​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

ដោយ ទីន ហ្សាការីយ៉ា
2018-11-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


អ្នកស្រី រ៉ូណា ស្មីត ឲ្យគណៈកម្មាធិការសិទ្ធិមនុស្សប្រាប់ទៅរដ្ឋាភិបាលឲ្យគោរពសិទ្ធិមនុស្ស


អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានប្រាប់ទៅគណៈកម្មាធិការសិទ្ធិមនុស្សរបបលោក ហ៊ុន សែនថា ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និង​សន្តិភាព មិនមែនតែមានសារៈសំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរប៉ុណ្ណោះទេ គឺវាមានសារៈសំខាន់សម្រាប់ដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា។

ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អះអាងថា កម្ពុជា ជាប្រទេស​គោរព​សិទ្ធិ​មនុស្សនិងប្រជាធិបតេយ្យស្រាប់ហើយ។ ប៉ុន្តែ អ្នកវិភាគថា កម្ពុជា​នឹង​រផលប៉ះពាល់​ខ្លំាង​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ បើសិនជារបបលោកហ៊ុន សែន មិននៅតែមិនទទួលស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន ដែល​បំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ។

អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីជំនួប លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅថ្ងៃទី៥វិច្ឆិកាថា អ្នកស្រីរំពឹងថា ក្នុង​រយៈ​ពេល​ពី ៤ទៅ ៥ខែទៅមុខទៀត កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញនូវស្ថានភាពគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។

អ្នកស្រី មានប្រសាសន៍ថា គ្រប់ភាគីអភិវឌ្ឍន៍នានា បានព្រួយបារម្ភអំពីស្ថានភាពរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នកស្រីបន្ថែមថា បញ្ហាគោរពសិទ្ធិមនុស្ស និង យុត្តិធម៌សង្គម គឺជាបញ្ហា​ចម្បង ដែល​របប​លោក ហ៊ុន សែន អាច​កែប្រែ​ស្ថានការណ៍​ជា​ជំហ៊ានៗ ដើម្បី​ងាក​មក​គោរពសិទ្ធិមនុស្សវិញ នៅគ្រាដែលសហភាពអឺរ៉ុបកំពុង​តែ​ដំណើរ​ការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា​នេះ ព្រោះ​ថា បញ្ហា​សិទ្ធិ​មនុស្ស​មិនមែនតែសម្រាប់សហភាពអឺរ៉ុបប៉ុណ្ណោះទេ គឺសម្រាប់ដៃគូដទៃទៀត ដែល​​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា៖ «ខ្ញុំ​គិត​ថា បញ្ហា​នានា តែង​តែ​កើត​មាន​ឡើង​ ហើយ​បញ្ហា​ប្រឈម​ក៏​តែង​កើត​មាន​ឡើង​ដូច​គ្នា។ អ្នកជ្រើសរើសយកចំណាត់ការតាមរបៀបមួយ អ្នកក៏អាចជួបបញ្ហា​ប្រឈម​តាម​របៀប​ផ្សេង​មួយ​ទៀត។ វា​តែង​តែ​មាន​រឿងដូច្នេះកើតឡើង ជាមួយនឹងវិស័យសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាល អាច​ប្រាកដ​ថា ប្រសិនបើខ្លួនជ្រើសរើសយកការកែលម្អស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នោះបន្ទាប់មក វានឹង​មិន​មាន​បញ្ហា​ច្រើន ពាក់ព័ន្ធ​នឹង​ករណី​ប្រព័ន្ធ​អនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA ឬក៏ថា មាន​បញ្ហា​ជាមួយ​ភាគី​ដទៃណាមួយនោះទេ»

ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ទទួលស្គាល់ថា ការ​ផ្ដល់ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺមានប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា​ពិសេស​ទៅ​លើ​កម្មករ ប៉ុន្តែលោក កែវ រ៉េមី មិន​ទទួល​ស្គាល់​ថា កម្ពុជា​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ឡើយ។ លោកបន្ថែមថា បញ្ហាកម្មករនេះ ត្រូវបានរបបក្រុងភ្នំពេញយកចិត្តខ្លាំងជាងពេលណាទាំងអស់ ពិសេស​លោក ហ៊ុន សែន បានចុះជូបកម្មករជាទៀងទាត់ជាដើម៖ «»

ទោះបីជាលោក កែវ រ៉េមី លើកមិនចំឈ្មោះ​ប្រទេស​បែប​ក្ដី​នេះ​ក្ដី ប៉ុន្តែលោក កែវ រ៉េមី ហាក់​ចង់​សំដៅ​ទៅ​ប្រទេស​វៀតណាម ដែលជាប្រទេសត្រូវបានសហភាពអឺរ៉ុប ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដែរនោះ។ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ បញ្ជាក់ថា ថ្វីដ្បិតតែវៀតណាម ជាប្រទេសកុម្មុយនីស្ដពិតមែន ក៏​ប៉ុន្តែរដ្ឋាភិបាលវៀតណាមគិតគួពីប្រទេសជាតិ និងពរដ្ឋរបស់ខ្លួន ខណៈដែល​អ្នកវិនិយោគ​មួយ​ចំនួន​កំពុង​តែ​សម្រុកចូលទៅប្រទេសវៀតណាមវិញនោះ៖ «»

សហភាព​អឺរ៉ុបកាលពីដើមខែតុលា ​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ក្នុង​លិខិត​មួយ​ដល់​របប​ក្រុង​ភ្នំពេញ​ថា ការ​អនុវត្ត​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ ត្រូវ​ប្រើរយៈ​ពេល​ ​ពី ៦ខែ ទៅ ១​ឆ្នាំ គឺ​ចាប់​ពី​ខែ​តុលា​ត​ទៅ មុន​នឹង​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​​ពី​​កម្ពុជា​​ជា​​ផ្លូវការ។

ក្នុងរយៈពេល ៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងទុកពេលឲ្យរបបលោក ហ៊ុន សែន គោរពកិច្ចសន្យា​របស់​ខ្លួន​ឡើង​វិញ ទាក់ទងនិងការគោរពលក្ខខណ្ឌការងារ គោរសពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោល​គឺ ត្រូវ​ផ្ដល់​និតិសម្បទា​ដល់​មន្រ្តី​បក្ស​ប្រឆាំង​ទាំង ១១៨រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ ផ្ដល់​អាសនៈ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ជូន​គណបក្ស​ប្រឆាំង​ឡើង​វិញ​ជា​ដើម។ ប៉ុន្តែ​ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ សហភាព​អឺរ៉ុប​នឹង​ត្រួត​ពិនិត្យ​លើ​ការ​កែប្រែ​ឥរិយាបទ​របស់​របបលោក ហ៊ុន សែន ថា តើ​គេ​នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬ​បន្ត​ឲ្យ​ទៀត ឬ​យ៉ាង​ណា?

​​របាយការណ៍របស់ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​របបលោក ហ៊ុន សែន​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ មាន​ទឹក​ប្រាក់​ដល់ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើននៃ​ទំនិញ​​ទាំង​នោះ​ គឺ​ជា​ផលិត​​ផល​វាយនភណ្ឌ សម្លៀក​បំពាក់​ និង​​ស្បែក​ជើង ព្រម​ទាំង​​ផលិតផល​កសិកម្ម​ជា​ដើម។

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ឬ​មិន​គិត​ពន្ធ​ ​ក្រោម​គម្រោង​ «អ្វីៗទាំង​អស់​លើកលែង​តែ​អាវុធ» (Everything But Arms, EBA) របស់​សហភាព​អឺរ៉ុប​ តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ មក។ កម្ពុជា គឺ​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ ៤៨ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច។ នៅ​អាស៊ី​អាគ្នេយ៍​ ក្រៅ​ពី​កម្ពុជា​ ​មាន​ប្រទេស​ឡាវ​ មីយ៉ាន់ម៉ា ​ឬ​ភូមា ​និង​ប្រទេស​ទីម័រ​ខាង​កើត​ ​ដែល​ទទួល​បាន​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​នេះ។ បន្ទាប់​ពី​កម្ពុជា នៅ​ប្រទេស​ភូមា ក៏​ជា​ប្រទេស​មួយ ដែល​សហភាព​អឺរ៉ុប​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ដោយសារ​តែ​របប​នេះ ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya)

លោក ហ៊ុន សែន បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា មក​ទល់​ពេល​នេះ វិស័យ​កាត់​ដេរ​មិន​ទាន់​ប៉ះពាល់​នៅ​ឡើយ ហើយថា និយោជកបានព្រមព្រៀងជាមួយក្រសួងការងារ និងតំណាងសហជីព តំឡើងប្រាក់ឈ្នួលជូនកម្មកររួចរាល់ហើយដែរ៖ «»

លោក គឹម សុខា​ ពន្យល់ថា លោក ហ៊ុន សែន បានយកចិត្តទុកដាក់កម្មករ ឬចុះជូបកម្មករនោះ គ្រាន់​តែ​ជា​រូបភាព​ក្លែងក្លាយ​ទេ ព្រោះ​ថា លោកដឹកនាំប្រទេសជាង៣០ឆ្នាំមកហើយ ពិសេស​នៅ​ក្នុង​អាណត្តិ​ទី៤ ដែល​បក្ស​លោក​ទទួល​អាសនៈ​ជាង ៩០ នៅ​ក្នុង​សភា​នោះ លោកមិនបានគិតគួរឡើយ លើស​ពី​នេះ​ទៀត អាជ្ញាធររបស់លោកតែងតែបង្រ្កាបកម្មករធ្វើបាតុកម្ម និង បានបាញ់​សម្លាប់​កម្មករ ដូចជា ករណី​នៅ​ផ្លូវ វេង ស្រេង ឆ្នាំ២០១៤ ជាដើម៖ «»

អ្នកស្រី រូណា ស្មីត លើកឡើងទៀតថា សម្រាប់ដៃគូអភិវឌ្ឍន៍ណាមួយរបស់កម្ពុជា ដែលព្រួយបារម្ភ​អំពី​បញ្ហាសិទ្ធិមនុស្ស តែងតែមានមធ្យោបាយ ដែល​រដ្ឋាភិបាលអាចចាត់ចំណាត់ការ​ជា​ដំណាក់​កាល​តូចៗ ដែល​អាច​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា​វិញ​បាន ពោល​គឺ មិន​មែន​តែ​សម្រាប់​សហភាព​អឺរ៉ុប​ទេ ដែលត្រូវការឲ្យកម្ពុជាស្ដារឡើងវិញប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នោះ ក៏​ប៉ុន្តែសម្រាប់ដៃគូអភិវឌ្ឍន៍ដទៃទៀតដែលជាជម្រើសរបស់កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៩ តុលា អ្នកស្រី រ៉ូណា ស្មីត បានជូបតំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួនដែរ ដើម្បី​ទទួលរបាយការណ៍ ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន ការ​ប្រមូល​ផ្តុំ និង​សកម្មភាព​ការងារ​របស់សង្គមស៊ីវិល ដែល​ទទួល​​រង​នូវ​​ការ​រឹតត្បិត និង​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ ក្រោយ​បញ្ចប់​បេសកម្ម​របស់​​អ្នក​ស្រី​នៅកម្ពុជារយៈពេល ១១ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកស្រី រូណា ស្មីត ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​ជៀស​ផុត​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ"

  1. Anonymous says:

    Dear’ ms smith you can’t do anything because cambodia is in the cage of theses bunch of mafia groups so they said law’ but their mafia law ‘they never respected human right or democracy or law&order or constitution so it useless to tell the bunch of veitcong mafia dictator ‘

Leave a Reply

Submit Comment