អ្នកកាសែត​ម្នាក់​ប្តឹង​អាវុធហត្ថ​ ក្រោយពី​ទាហាន​កងពល​​តូច​លេខ​ ៧០ ​វាយ​ឲ្យ​របួស

លោក​ ម៉ឹង វុទ្ធី អ្នកកាសែត​ដែល​ត្រូវ​បាន​ក្រុម​ទាហាន​វាយ​ឲ្យ​របួស​កាលពី​យប់​ថ្ងៃទី​ ៣ វិច្ឆិកា​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​កាសែត​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្តឹង​ប្រឆាំង​នឹង​ក្រុម​ទាហាន​កងពលតូច​ «​ង​ ៧០» ដែល​លោក​ចោទថា​បាន​រួម​ដៃ​គ្នា​ប្រើ​ហិង្សា​វាយ​មក​លើ​រូបលោក បណ្តាល​ឲ្យ​ហូរឈាម​តាម​មាត់ ច្រមុះ និង​សន្លប់ ក្រោយពី​លោក​បាន​ថត​សកម្មភាព​ក្រុម​ទាហាន​នៅ​អង្គភាព​ខាង​លើ​វាយ​បុរស​ម្នាក់​ឌុប​ប្រពន្ធ​មាន​ផ្ទៃពោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃទី​ ៣ វិច្ឆិកា​។

លោក​ ម៉ឹង វុទ្ធី ជា​អ្នក​កាសែត​នៅ​អង្គភាព​គេហទំព័រ​ឈ្មោះ​ «​ស្ពាន​មាស​» ហើយ​ដែល​ជា​អតីត​មន្ត្រី​យោធា​នៅ​អង្គភាព​កងពល​តូច​លេខ «៧០» ​ផង​ដែរ​នោះ​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដោយ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នេះ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​ដែល​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​ទាហាន​ខាង​លើ​។

លោក​ ម៉ឹង វុទ្ធី បញ្ជាក់​ថា​៖ «​យើង​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​វាយ​បែក​មុខមាត់​។ យើង​ដាក់​ពាក្យ​ប្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​យើង​សង្ឃឹម​ថា​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​ជួយ​​ស្វែងរក​យុត្តិធម៌​ជូន​យើង​»​។

លោក​បន្ថែម​ថា​លោក​បាន​ថត​ក្រុម​នាយទាហាន​នៅ​កងពល​តូច «​ង ​៧០» ដែល​បាន​ប្រើ​អំពើហិង្សា​ទៅ​លើ​បុរស​ម្នាក់​ដែល​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​បាន​ទៅ​បុក​នឹង​ម៉ូតូ​របស់​គាត់ ដែល​ធ្វើឲ្យ​ម៉ូតូ​របស់​បុរស​នោះ​ខូចខាត និង​រងរបួស ប៉ុន្តែ​បែរ​ជា​ក្រុម​កងពលតូច​លេខ​ «៧០» ​បាន​ស្តីបន្ទោស និង​ខឹងសម្បា​ជាមួយ​គាត់ ហើយ​វាយ​ទៅ​លើ​បុរស​រូប​នោះ​ទៅ​វិញ​។

លោក​បន្ត​ថា​៖ «​ពេល​ដែល​ខ្ញុំ​ឃើញ​ហេតុការណ៍​បែប​នេះ ខ្ញុំ​ក៏​ចុះ​សួរ ហើយ​ក៏​ទាញ​កាមេរ៉ា​ថត​ទាំង​ម៉ូតូ​ដែល​ខូច និង​ម៉ូតូ​ដែល​ជិះ​ដោយ [​ទាហាន​] ​កងពល​តូច​លេខ​ ៧០ ហើយ​និង​សកម្មភាព​ជុំវិញ​។ បន្ទាប់មក​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ដើរ​ចេញ​មកពី​បន្ទាយ​វាយ​ទៅ​លើ​ប្តី ហើយ​គេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​វាយ​មក​លើ​រូបខ្ញុំ​ដើម្បី​បំបិទមាត់​»​។

លោក​បញ្ជាក់​ថា​នៅពេល​ដែល​លោក​បាន​និង​កំពុង​ថត​សកម្មភាព​គ្រោះថ្នាក់​ចរាចរណ៍​នោះ ស្រាប់​តែ​ពួក​ទាហាន​កងពល​តូច​លេខ​ ៧០ ប្រមាណ​ជា​ ២០ ​នាក់​កញ្ឆក់​យក​ទូរស័ព្ទ​របស់​លោក ដើម្បី​យក​ទៅ​លុប​វីដេអូ​ដែល​លោក​បាន​ថត​ពី​សកម្មភាព​អាក្រក់​របស់​ពួកគេ ប៉ុន្តែ​លោក​មិន​ព្រម​ឲ្យ​លុប ពួកគេ​បាន​ស្ទុះ​មក​វាយ​លើ​រូបលោក​បណ្ដាល​ឲ្យ​ដួល រងរបួស​ធ្ងន់ធ្ងរ​ហូរឈាម​តាម​ច្រមុះ និង​មាត់ក​ក្លាក់​។

ពាក់ព័ន្ធ​នឹង​ហិង្សា​នេះ​លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ករណី​ហិង្សា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ជនរងគ្រោះ​អាច​ដាក់​បណ្តឹង​ប្តឹង ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធ្វើការ​ដោះស្រាយ​។

ទាក់ទង​ព័ត៌មាន​ខាង​លើ​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច «​ង​ ៧០» បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង ហ៊ី មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "អ្នកកាសែត​ម្នាក់​ប្តឹង​អាវុធហត្ថ​ ក្រោយពី​ទាហាន​កងពល​​តូច​លេខ​ ៧០ ​វាយ​ឲ្យ​របួស"

  1. Anonymous says:

    ha ah you do anything against mafia groups you will be punish because you in the cage of veitcong mafia dictator and his groups

Leave a Reply

Submit Comment