ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា អត្ត​សញ្ញាណ​បណ្ណ​គំរូ​ចាស់ នឹង​ត្រូវ​ផុត​កំណត់​នៅ​ដំណាច់​ឆ្នាំ​២០១៨​នេះ​

media
អត្តសញ្ញាណប័ណ្ណគំរូថ្មី
សហការី


អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​នៃ​ក្រសួង​មហា​ផ្ទៃ បាន​អំពាវ​នាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​បណ្ណ​គំរូ​ចាស់ ឲ្យ​មក​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ នេះ​បើ​តាម​សេចក្តី​អំពាវ​នាវ​ចុះ​ថ្ងៃ​ទី០៥ វិច្ឆិកា ដែល​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​នេះ​។ បើ​តាម​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម ​អត្តសញ្ញាណបណ្ណ​គំរូ​ថ្មី​មាន​ភាព​ទំនើប និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាង​គំរូ​ចាស់​។ 

អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា អត្ត​សញ្ញាណបណ្ណ ខ្មែរ​គំរូ​ចាស់​ទាំង​អស់ នឹង​ត្រូវ​អស់​សុពលភាព លែង​អាច​ប្រើប្រាស់​បាន នៅ​ត្រឹម​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ អត្ត​សញ្ញាណបណ្ណ​គំរូ​ចាស់ បោះពុម្ព​លើ​ក្រដាស​ប្រភេទ​ទន់ ងាយ​ស្រួល​រហែក​ទក់ទី ឬ​រលាយ​ដោយ​សារ​ទទឹក​។ អ្នក​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​ប្រភេទ​ចាស់​ភាគ​ច្រើន ត្រូវ​យក​លិខិត​សម្គាល់​ខ្លួន​នេះ ទៅ​ដាក់​ក្រប​រឹង ដើម្បី​បង្ការ​ការ​ខូច​ខាត​ជា​យថាហេតុ​។

អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​កំពុង​ប្រើ​ប្រាស់​អត្ត​សញ្ញាណបណ្ណ​ខ្មែរ​គំរូ​ចាស់​ទាំង​អស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥​ឆ្នាំ​ឡើង​ដែល​ពុំ​ទាន់​មាន​អត្ត​សញ្ញាណបណ្ណ​ខ្មែរ​គំរូ​ថ្មី ឲ្យ​រួសរាន់​ទៅ​បំពេញ​បែប​បទ​ស្នើ​សុំ​ផ្តល់​អត្តសញ្ញាណបណ្ណ​ខ្មែរ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

ការ​ស្នើ​សុំ​អត្ត​សញ្ញាណបណ្ណ​ខ្មែរ​គំរូ​ថ្មី​នេះ អាច​ធ្វើ​បាន​នៅ​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់ ឬ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី-ខេត្ត ដែល​ពលរដ្ឋ​រស់​នៅ ឬ​ក៏​ស្នាក់​ការ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​២សែន​សុខ រាជ​ធានី​ភ្នំពេញ​។ ការ​ស្នើ​សុំ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​ទៀត​សោត មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​អ្វី​ឡើយ​។

ដើម្បី​ស្នើ​សុំ​អត្ត​សញ្ញាណបណ្ណ​ខ្មែរ​គំរូ​ថ្មី​បាន គឺ​ប្រជាពលរដ្ឋ​សាម៉ី​ខ្លួន​ចាំ​បាច់​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​ឯកសារ​សំខាន់ៗ​ដូច​ជា សំបុត្រ​កំណើត​ឫ​សំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់ ឬ​លិខិត​បញ្ជាក់​ទីលំ​នៅ និង អត្ត​សញ្ញាណ​បណ្ណ​សញ្ញាតិ​គំរូ​ចាស់​។ ការ​តម្រូវ​ឲ្យ​យក​អត្ត​សញ្ញាណ​បណ្ណ​គំរូ​ចាស់​ទៅ​ជាមួយ​នេះ គឺ​ដើម្បី​អាច​យក​នូវ​លេខ​នៅ​អត្ត​សញ្ញាណបណ្ណ​គំរូ​ចាស់​មក​ប្រើ​ប្រាស់​លើ​អត្ត​សញ្ញាណបណ្ណ​គំរូ​ថ្មី​។ នេះ​បើ​តាម​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​។

អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ នៅ​សល់​តែ​ប្រជា​ពលរដ្ឋ​តិច​តួច​ប៉ុណ្ណោះ​ដែល​នៅ​ប្រើប្រាស់​អត្ត​សញ្ញាណបណ្ណ​គំរូ​ចាស់ ហើយ​មិន​ទាន់​មក​ធ្វើ​អត្ត​សញ្ញាបណ្ណ​គំរូ​ថ្មី​។ សូម​បញ្ជាក់​ថា អត្ត​សញ្ញា​បណ្ណ​គំរូ​ថ្មី មាន​លក្ខណៈ​ទំនើប ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ មាន​ប្រសិទ្ធ​ភាព និង​មាន​សុវត្ថិភាព​ជាង​អត្តសញ្ញាណ​បណ្ណ​គំរូ​ចាស់​។ នេះ គឺ​ដោយ​សារ​វា​បាន​បំពាក់​ភ្ជាប់​នូវ​បន្ទះ​ឈីប Chip ដែល​ងាយ​ស្រួល​ក្នុង​ការ​ផ្ទៀង​ផ្ទាត់ និង​គ្រប់​គ្រង​ជា​លក្ខណៈ​ប្រព័ន្ធ​៕

What Next?

Recent Articles