លោក ហ៊ុន សែន ​ឲ្យ​បញ្ចប់​រឿងក្ដី​មេ​សហជីព​ដើម្បី​បើក​ចំហ​សេរីភាព​វិញ

លោក ប៉ាវ ស៊ីណា ថ្លែង​ទៅ​កាន់​អ្នកកាសែត​ក្នុង​ឆ្នាំ​ ២០១៤ ​នៅ​មុខ​តុលាការក្រុង​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

តាកែវៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​សាធារណជន​ដោយ​បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​ ឬ​តម្កល់ទុក​មិន​ចាត់​ការ​លើ​សំណុំ​រឿង​ប្តឹង​មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ដែល​បាន​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ដើម្បី​បើកចំហ​សេរីភាព​សម្រាប់​កម្មករ ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៃ​ផលិតផល​នាំចូល​ពី​កម្ពុជា ដោយសារ​តែ​បាន​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​រួមទាំង​សិទ្ធិ​ការងារ​។

ការផ្ដល់​ភាព​អនុគ្រោះ​ពី​លោក ហ៊ុន សែន គឺ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង​ ២៣០០០ ​នាក់​នៅ​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «​អ៊ីចឹង​សុំ​ឲ្យ​ឯកឧត្តម អ៊ិត សំហេង (​និង​) ឯកឧត្តម អង្គវង្ស វឌ្ឍានា ជម្រាប​ទៅ​តុលាការ​ថា ឲ្យ​ពិនិត្យ​មើល​រឿង​បណ្ដា​សហជីព ប្រធាន​សហជីព​មាន​រឿង​ស្អីៗ​។ រឿង​ណា​ដែល​គួរ​ចាត់ការ​ក៏​ចាត់ការ​ឲ្យ​វា​ស្រូត​ទៅ​។ រឿង​ណា​ដែល​វា​មិន​ចាត់​អាច​គេ​ហៅថា លើកលែង​ការចោទប្រកាន់ ឬ​តម្កល់ទុក​មិន​ចាត់ការ​។ អ៊ីចឹង​ទេ​ឲ្យ​វា​ចប់​រឿង​ទៅ ដើម្បី​ឲ្យ​សហជីព​ទាំងនោះ​កុំ​ឲ្យ​មាន​អារម្មណ៍​ថា ទេ​អញ​ធ្វើការ​រាល់​ថ្ងៃ​ដូចជា​ចំណាប់ខ្មាំង​អញ​ធ្វើ​មិន​ស្រួល​គេ​យក​អញ​ទៅ​កាត់ទោស​»​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្មករ​សហជីព និង​ម្ចាស់​រោងចក្រ​សាមគ្គី​គ្នា​ដោយ​ពិភាក្សា​ចរចា​គ្នា​ដោះស្រាយ​បញ្ហា​ជា​ជាង​យក​បញ្ហា​ទៅ​តុលាការ​។ លោក​ក៏​បាន​ស្នើ​ទៅ​ភាគី​សហជីព និង​អង្គការ​សង្គមស៊ីវិល​កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ៊ីចឹង​នេះ​ក៏​សង្ឃឹម​ថា នេះ​ជា​ការបើក​ចំហ​សេរីភាព​នៃ​សហជីព​មួយ​ដែរ​ក្នុង​ចំណោម​បញ្ហា​ដែល​វា​កើតមាន​។ ព្រោះ​ឥឡូវ​នេះ​សហជីព​នីមួយៗ​ចេះ​គ្រប់គ្រង​ខ្លួនឯង សហជីព​នីមួយៗ​ចេះ​សាមគ្គី​ជាមួយ​កម្មករ សហជីព​នីមួយៗ​ចេះ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ ថៅកែ​រោងចក្រ​ក៏​ចេះ​ធ្វើការ​ជាមួយ​នឹង​កម្មករ​ហើយ​ជាមួយ​សហជីព​។ ដូច្នេះ​យក​ការស្រុះស្រួល​យក​ការ​យោគយល់​គ្នា​ជា​សំខាន់​»​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​កាលពី​មុន​ឮថា​ស្អី​លោក​ មឿន តុលា អ៊ីចឹង​ជាប់​បណ្ដឹង​មួយ​ទៅ​រួច​ហើយ​គ្រាន់តែ​លើកលែង​ការចោទប្រកាន់​ចំពោះ​លោក​ មឿន តុលា ​មួយ​ឃើញ​គេ​នាំ​គ្នា​ស្វាគមន៍ បើ​អ៊ីចឹង​ខ្ញុំ​ក៏​នឹក​ឮ​ថា​ អាត់ ធន់ ក៏​មាន យាំង សុភ័ណ្ឌ ក៏​មាន​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​កម្មករ​ថា ពួកគេ​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ និង​ការរក្សា​សន្តិភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ដែល​កម្មករ​មាន​ប្រាក់ខែ​ទាប​ជាង​កម្ពុជា​មាន​ដូចជា​បង់ក្លាដែស ឡាវ វៀតណាម មីយ៉ាន់ម៉ា ស្រីលង្កា ឥណ្ឌា ប៉ាគីស្ថាន ជាដើម​។

លោក​ថ្លែង​ថា​៖ «​ហើយ​បើ​រវល់​ទ្រឹល​ចុះ​ទ្រឹល​ឡើង (​ទ្រេតទ្រោត​) គេ​ដក​រោងចក្រ​ចេញ​ទៅ​វិនិយោគ​ប្រទេស​ដទៃ​ដែល​មាន​ស្ថិរភាព​ជាង​នេះ​»​។

មេ​សហជីព​ធំៗ​ចំនួន​ ៣ កាលពី​ម្សិលមិញ​សម្ដែង​ការស្វាគមន៍​ចំពោះ​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដោយ​ពួកគេ​ចាត់ទុក​ថា​វា​ជា​អ្វី​ដែល​ពួកគេ​បាន​ស្នើសុំ​ជា​យូរ​មក​ហើយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ដែល​មាន​សហជីព​នៅ​តាម​រោងចក្រ​ចំនួន​ ៤៨ ក្នុង​ចំណោម​រោងចក្រ​ដែល​មាន​នៅក្នុង​ប្រទេស បាន​ឲ្យ​ដឹង​ថា​ការសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើឲ្យ​សហជីព​របស់​លោក​អាច​ធ្វើការ​បម្រើ​ផលប្រយោជន៍​កម្មករ​ដោយ​គ្មាន​ការភ័យខ្លាច​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​គំនាប​លើ​សហជីព​។

លោក ស៊ីណា បាន​អះអាង​ថា​លោក​បាន​ជាប់​បណ្ដឹង​ចំនួន​ ៧ ​ដែល​មាន​បទចោទប្រកាន់​ពាក់ព័ន្ធ​ជាមួយ​ការ​ញុះញង់​ ក្លែង​ឯកសារ និង​រារាំង​អាជ្ញាធរ​សាធារណៈ​។

ស្រដៀង​គ្នា​នេះ​លោក អាត់ ធន់ ប្រធាន​សម្ព័ន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​ដែល​មាន​កម្មករ​ ៨ ​ម៉ឺន​នាក់​ជា​សមាជិក​បាន​ថ្លែង​ថា លោក​បាន​ជាប់​បណ្ដឹង​ចំនួន​ប្រមាណ​ ៧ ​ដែរ ដែល​មាន​បទ​ញុះញង់ បទ​បង្ក​របួសស្នាម​លើក​ម្មករ និង​បទ​រារាំង​អាជ្ញាធរ​សាធារណៈ​។ ក្រៅពី​បណ្ដឹង​ទាំង​ ៧ ​លើ​រូបលោក ក៏​មាន​បណ្ដឹង​ប្រមាណ​ ៤០ ​ទៀត​ដែល​បាន​ប្តឹង​លើ​សហជីព​​មូលដ្ឋាន​ដែល​នៅ​ក្រោម​ចំណុះ​របស់​លោក​។

លោក អាត់ ធន់ និយាយ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ថ្នាក់ដឹកនាំ​និយាយ​ដូច្នេះ​។ យើង​បាន​ស្នើសុំ​យូរហើយ​។ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​លោក​ទើប​សម្រេច​ចិត្ត​ពេល​នេះ​ទេ​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ប្រហែល​ជា​ដឹង​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​ពី​មុន​គឺជា​ការរឹតត្បិត​សេរីភាព​របស់​កម្មករ ហើយ​ពេល​នេះ​គាត់​ចង់​ផ្ដល់​សេរីភាព​ដល់​កម្មករ​»​។

ទោះ​យ៉ាង​ណា​លោក អាត់ ធន់ ថ្លែង​ថា​ដើម្បី​ឲ្យ​កម្មករ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការទាមទារ​សិទ្ធិ​សេរីភាព​ការងារ រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ជាច្រើន​នៅ​ក្នុង​ច្បាប់​ស្តីពី​សហជីព ជាពិសេស​មាត្រា​១៣ និង​ ១៤ ដែល​លោក​អះអាង​ថា មាន​ការ​រឹតត្បិត​ក្នុង​ការបង្កើត​សហជីព និង​រារាំង​ការធ្វើ​បាតុកម្ម​ទាមទារ​ផលប្រយោជន៍​របស់​កម្មករ​។

ខណៈ​លោកស្រី យាំង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ថ្លែង​ថា លោកស្រី​ជាប់​បណ្ដឹង​ចំនួន​ ៧ ​ដែរ​ដោយ​មាន​មួយ​បណ្ដឹង​នោះ​លោកស្រី​ត្រូវ​បាន​កាត់​ឲ្យ​ចាញ់ក្តី​ដោយ​ត្រូវ​បង់ប្រាក់​សំណង​ប្រមាណ​ ៤០ ​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​លោកស្រី​បាន​ប្តឹង​ឧទ្ធរណ៍​រួចហើយ​ករណី​នេះ​។

លោកស្រី​រំពឹង​ថា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្តតាម​ដោយ​លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ប្រសិន​បើ​ករណី​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​។ អ្វី​ដែល​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​នេះ​គឺ​ដូចជា​ការងារ​ស្ម័គ្រចិត្ត ពីព្រោះ​ដើម្បី​ផលប្រយោជន៍​សង្គម​ឲ្យ​សង្គម​រីកចម្រើន​ដោយ​ការគោរព​សិទ្ធិ​កម្មករ​។ យើង​អត់​ប្រឆាំង​នឹង​ច្បាប់​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​» ឬ EBA ពី​កម្ពុជា​ដោយ​លើក​ឡើង​ពី​ការរំលោភ​សិទ្ធិមនុស្ស ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​សិទ្ធិ​ការងារ​ផងដែរ​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅ​តែ​ទុក​ឱកាស​ឲ្យ​កម្ពុជា​កែប្រែ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​បច្ចុប្បន្ន​មុន​ពេល​ដែល​ការសម្រេច​ដក​អាច​ចូល​ជា​ផ្លូវការ​រយៈពេល​ ១៨ ​ខែ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ក៏​បាន​ថ្លែង​សាជាថ្មី​ថា អ្វី​ដែល​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង EBA នេះ​គឺជា​សង្គ្រាមចិត្តសាស្ត្រ​។

លោក​ថ្លែង​ថា​៖ «​ហើយ​កុំ​ខ្វល់​ពី​សង្គ្រាម​ចិត្តសាស្ត្រ អ្នកណា​និយាយ​អី​និយាយ​ទៅ (​អំពី​ EBA) ប៉ុន្តែ​បាត់​ហើយ​ឬ​នៅ បើ​មិន​ទាន់​បាត់​ទេ​ធ្វើ​តទៅទៀត​ទៅ កុំ​ឆ្ងល់​ច្រើន​ពេក​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​អះអាង​ថា​ការសម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន នៅពេល​នេះ​ទំនង​ជា​ដោយសារ​តែ​ឥទ្ធិពល​នៃ​ការដក EBA និង​ដើម្បី​ទាញ​ការគាំទ្រ​ពី​កម្មករ នៅ​ខណៈ​ពេល​ដែល​លោកស្រី រ៉ូណា ស្ម៊ីត អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ការអត់ឱន​របស់​លោក​នាយករដ្ឋមន្ត្រី​យើង​ទៅ​លើ​សហជីព ទំនង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក​ដើម្បី​ទាញ​យក​ការគាំទ្រ​ពី​កម្មករ​។ ពេលវេលា​នៃ​ការប្រកាស​នេះ​ក៏​អាច​ជា​ស្រមោល​ទៅ​លើ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃស្អែក (​ព្រហស្បតិ៍​) របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កម្ពុជា​ផង​ដែរ​»​។

គួរ​រំឭក​ផង​ដែរ​ថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​លទ្ធផល​បោះឆ្នោត ហើយ​អាជ្ញាធរ​នៃ​គណបក្ស​កាន់​អំណាច​បាន​ចាប់ផ្ដើម​រឹតបន្តឹង​ដល់​សកម្មភាព​នានា​របស់​មេដឹកនាំ​សហជីព​រហូត​មាន​ការ​ប្ដឹង​ទៅ​តុលាការ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​មួយ​ចំនួន​ដូចជា ញុះញង់ ក្លែង​ឯកសារ និង​បង្ក​ហិង្សា​ជាដើម ហើយ​ពាក្យ​បណ្ដឹង​ទាំងនោះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​៕


Contact author: នៀម ឆេង

What Next?

Recent Articles

Leave a Reply

Submit Comment