ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​សុំ​ឱ្យ​បញ្ឈប់​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដែល​មិន​ចាំបាច់

ដោយ អាស៊ីសេរី
2018-11-09

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA


ក្រសួង​យុត្តិធម៌អះអាងថា មុន​នឹង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្នលើ​ជន​ណាម្នាក់ ចៅក្រម​បាន​ពិចារណា​​យ៉ាងហ្មត់ចត់លើ​សំណុំ​រឿង​នោះ​ មិន​មែន​ចេះ​តែ​ធ្វើ​ឡើង​តាម​តែចិត្ត​នឹក​ឃើញ​ឡើយ។ ការ​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ក្តីបារម្ភ​របស់​របស់​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាជាតិ​ ជុំ​វិញនីតិវិធី​​​ឃុំ​ខ្លួន​បណ្តោះ​អាសន្នច្រើន​ហួស​ហេតុ​នៅ​ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា​។ ទោះ​ជា​យ៉ាងណា មិនមែន​មាន​តែអ្នក​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​ទេ ​ដែល​បាន​លើក​ឡើង​បែបនេះ សូម្បីតែ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​ក៏​ទទួល​ស្គាល់​ដែរ​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន គឺ​ជា​ផ្នែកមួយ​ដែល​ធ្វើ​ឱ្យ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែននោះ។

ក្រសួង​យុត្តិធម៌​ច្រាន​ចោល​សំណើសុំ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ចំពោះ​ករណីមិន​ចាំបាច់​​មួយ​ចំនួន ដែល​ត្រូវ​បាន​ស្នើឡើង​ដោយ​អ្នក​ស្រី រ៉ូណាស្មីត (Rhona Smith) និង​អង្គការ​​សិទ្ធិមនុស្ស​លីកាដូ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​​ថា ការ​អនុវត្ត​នីតិវិធី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ធ្វើ​ឡើង​ដោយ​​ផ្អែក​លើ​ហេតុផល​ច្បាស់លាស់ និង​ស្រប​តាម​បទដ្ឋាន​ច្បាប់​ជាតិ​ និង​អន្តរជាតិ។ លោក​បន្ត​ថា ​ការ​ដោះលែងឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្នចំពោះ​ករណី​មួយ​ចំនួននោះ ជា​រឿង​ដែល​មិន​អាច​ធ្វើ​បាន​ឡើយ​ ព្រោះការ​​​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​ក្តី និង​សុវត្ថិភាព​របស់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿង៖ «មូល​ហេតុ​ចម្បង​ គឺ​ដើម្បីរក្សា​សុវត្ថិភាព​អ្នក​ជាប់​ឃុំ​ ភាគីពាក់ព័ន្ធ និង​សាក្សី ហើយ​ក៏​ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណើរការ​នៃ​ការ​ស៊ើបសួរ និង​ស៊ើបអង្កេតនៃសំណុំ​រឿង​ផង​ដែរ​។ អ៊ីចឹង​លុះត្រាតែចាំបាច់​ណាស់ ទើប​គេ​ឃុំ ហើយ​មាន​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​បញ្ញតិ្ត​ច្បាប់ជាតិ និង​អន្តរជាតិ។ ការ​ដោះលែង​ជន​ទាំងនោះ​អាច​បង្កឱ្យ​មាន​ភាព​ចលាចល ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​សំណុំ​រឿង ហើយ​ក៏​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ ភាគីពាក់ព័ន្ធ និង​សាក្សីផង​ដែរ»

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ស្នើ​​ឱ្យ​របបលោក​ ហ៊ុន សែន ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ស្នើឱ្យ​តុលា​ការ​កម្ពុជា​ពិចារ​ណា​ឱ្យ​បាន​ច្បាស់លាស់ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ មុន​នឹង​​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្នលើជន​ណាម្នាក់។

ចំណែក​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) វិញ ក៏​បាន​ស្នើរបបក្រុង​ភ្នំពេញ​បញ្ឈប់​ការឃុំ​ខ្លួន​ដែល​មិន​ចាំ​បាច់​ទាំងឡាយផងដែរ បន្ទាប់​ពី​អង្គការ​នេះ​រក​ឃើញ​ថា នីតិវិធី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននេះ ត្រូវ​បាន​អនុវត្ត​យ៉ាង​​ច្រើន​លើសលប់ ដែល​ជា​​ផ្នែក​មួយ​​បង្ក​ឱ្យ​មាន​ស្ថាន​ភាព​ចង្អៀត​ណែននៅ​​ក្នុង​ពន្ធនាគារ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ទួល​ស្គាល់អំពី​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ប៉ុន្តែ​លោក​​បដិសេធ​ថា នេះ​មិន​មែន​មក​ពី​មូលហេតុ​នៃការឃុំ​ខ្លួន​បណ្តោះ​អាសន្នឡើយ។ លោកបន្ត​ថា ក្រសួង​កំពុង​ពិចារណាអំពី​​ជម្រើស​ផ្សេង​ទៀត ដូច​ជា ការ​អនុវត្តទោស​សហគមន៍​ជាដើម​ ដែល​ជន​ល្មើស​​​ត្រូវ​ធ្វើ​ការងារ​សហគមន៍​ ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​អាជ្ញាធរ​ ជំនួស​ការ​ជាប់ឃុំ។ លោក​ជឿជាក់​ថា ប្រសិន​បើ​យន្តការ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នោះ ស្ថានភាព​ចង្អៀត​​ណែន​ក្នុង​ពន្ធនាគារ​នឹង​អាច​ដោះស្រាយ​បាន​មួយ​ចំនួន​ធំ«បញ្ញតិ្ត​របស់​យើង គឺមាន​ចែង​អំពីការ​អនុវត្ត​ទោស​ដោយ​ជម្រើស​ផ្សេង​ទៀត ក្រៅពីពន្ធនាគារ​ មានន័យ​ថា មាន​ទោស​ដែរ ក៏​ប៉ុន្តែ​យើង​មិន​ដាក់​នៅក្នុង​ពន្ធនាគារ​ទេ។ យើង​យក​ទៅ​ដាក់​នៅកន្លែង​ផ្សេង ដូច​ជា តាម​រយៈទោស​សហគមន៍​ជាដើម គឺ​គាត់​មាន​ទោស ប៉ុន្តែ​មិន​នៅក្នុង​ពន្ធនាគារ​ទេ តែ​គាត់​ត្រូវ​ធ្វើ​ការ​នៅសហគមន៍ ក្រោម​ការ​តាម​ដាន​ត្រួត​ពិនិត្យ​យ៉ាងដិត​ដល់ពីអាជ្ញាធរ​ដែន​ដី និង​សមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ​ទៀត។ បញ្ញតិ្តនេះ​មាន​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​របស់​យើង ប៉ុន្តែ​យើង​អត់​ទាន់​អាច​អនុវត្ត​បា»

ទោះជាយ៉ាង​ណា លោក​មិន​ទាន់​អាច​កំណត់​បាន​ទេថា តើ​យន្តការ​នេះ​នឹង​អាច​អនុវត្ត​បាន​នៅពេល​ណាឱ្យ​ប្រាកដ​នោះ​ ព្រោះ​រឿង​នេះ​ទាម​ទារ​ឱ្យ​មាន​ការរៀបចំ​រចនាសម្ពន្ធ​ច្បាប់​ច្បាស់លាស់ និង​ត្រូវ​ផ្សព្វផ្សាយអប់​រំ​​ឱ្យ​សាធារណជន​បាន​យល់​ដឹង​ជា​មុន​សិន ដើម្បី​បញ្ចៀស​ការ​ចោទ​ប្រកាន់​លើ​ស្ថាប័ន​យុត្តិធម៌ និង​ជាពិសេស​ដើម្បី​​កុំ​ឱ្យ​ជន​ល្មើស​ត្រូវ​រង​អំពើ​ហិង្សា​ ឬ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ ជាដើម។

ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នេះ ក៏​ជាត្រូវ​បាន​លើក​ឡើង​ក្នុង​​ជំនួប​រវាង​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង និង​​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាល​ពី​ថ្ងៃទី៧ វិច្ឆិកា កន្លង​ទៅផង​ដែ។ លោក​ ស ខេង បាន​ទទួល​ស្គាល់​​ថា ការឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​ច្រើន​ករណី គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ បន្ថែម​ពី​លើការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ជនល្មើសក្នុង​សំណុំ​រឿង​គ្រឿងញៀន។ លោក​អះអាងប្រាប់​អ្នកស្រី រ៉ូណាស្មីត ថា ក្រសួង​មហាផ្ទៃនឹង​បើក​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីរួម​គ្នា​​ដោះស្រាយ​បញ្ហា​នេះ។

ប្រធាន​គ្រប់​គ្រង​ការិយាល័​យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​សព្វថ្ងៃ​នេះ​មាន​ចំនួន​ច្រើន​លើសលប់ ខណៈសំណុំ​រឿង​ខ្លះ​ជា​បទល្មើស​មជ្ឈិម​កម្រិត​ស្រាល​ ​ដែល​គួរ​តែត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ជន​សង្ស័​យ​ឱ្យ​នៅក្រៅឃុំ​ ដោយ​ភ្ជាប់នូវ​លក្ខខណ្ឌ ឬ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​​តាម​ផ្លូវ​ច្បាប់។ លោក​នៅ​តែ​ទទូចឱ្យ​តុលាការ​ពិចារណា​ទៅលើ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ ចំពោះ​ករណី​មិនចាំបាច់​មួយ​ចំនួន​ ដើម្បី​ជួយ​កាត់​បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ«យើង​ឃើញ​ហើយ​ ក្រម​នីតិវិធីព្រហ្មទណ្ឌ​មាត្រា ២០៣ ជាគោលការណ៍ជនជាប់ចោទ​ត្រូវ​តែមាន​ សេរីភាព បន្ទាប់មក​ទាល់​តែ​មាន​ករណី​ចាំបាច់​ ទើប​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន អ៊ីចឹង​បើមាន​ករណី​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​យើង​អាច​អនុញ្ញាតឱ្យ​នៅក្រៅឃុំ​បណ្តោះអាសន្នបាន យើង​អនុញ្ញាត​ទៅ​ក៏​​វាជួយសម្រាល​ដល់​ការ​ចង្អៀត​ណែននៅក្នុង​ពន្ធនាគារ​ហ្នឹង​ផងដែ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា ​ក្រសួងយុត្តិធម៌​​ធ្លាប់​បាន​ប្រកាសអំពី​គម្រោងអនុវត្តទោស​សហគមន៍​​នេះ​ជាយូរ​មក​ហើយ​ ប៉ុន្តែនៅ​តែ​មិន​ទាន់​អាចលេច​ចេញ​ជារូប​រាង​នៅឡើយ ដូច្នេះ​លោក​​ជំរុញ​ឱ្យ​ក្រសួង​​​ពន្លឿន​ដំណើរ​ការនេះ​​ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហាចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន។

កាល​ពី​សប្តាហ៍​មុន អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) បាន​សេចក្តីថ្លែងការណ៍​សម្តែង​ក្តីព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​​​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ជាប់​ឃុំ​បាន​កើន​ឡើង​ជាគំហុក​ មិន​ធ្លាប់មាន​ពីមុន​មក​។ ពន្ធនា​គារ​ចំនួន​១៨ ក្នុង​ចំណោម​ ២៨​កន្លែ​ង​​នៅ​ទូទាំង​ប្រទេស មាន​អ្នក​ជាប់​ពន្ធនាគារ​ច្រើន​ជាង​មួយ​ភាគបី គឺ​ជា​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ។ ដោយ​ឡែក​ ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង ១៨​នោះ មាន​ចំនួន​ជិត ២ ម៉ឺន ៦ ពាន់​នាក់ (២៥,៩២៦០) ក្នុង​នោះ​ជិត ១​ម៉ឺននាក់ (៩,៥២៧) គឺ​ជាអ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន ហើយ​នៅ​​ក្នុង​ពន្ធនា​គារ​មួយ​ចំនួន​ ​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ពាក់កណ្តាល​ មិន​ទាន់​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះនៅ​ឡើយ។

អង្គការ​លីកាដូថ្លែង​​ថា អ្នក​ដែល​​ប៉ះពាល់​ខ្លាំងគេអំពី​ស្ថានភាព​ចង្អៀត​ណែន​នេះ គឺ​កុមារ​ដែល​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ និង​​ស្ត្រីមាន​ផ្ទៃពោះដែល​សម្រាល​កូន​ក្នុង​ពន្ធនាគារ។ អង្គការ​នេះ​​​រក​ឃើញ​​​ថា បច្ចុប្បន្ន​មាន​ស្ត្រីមាន​ផ្ទៃពោះ​ចំនួន ៣០​នាក់ ម្តាយ​ចំនួន ១៣៥​នាក់ និង​កុមារ​អាយុក្រោម​ ៣ ឆ្នាំចំនួន ១៣៨​នាក់ កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨ កន្លែង​នៅ​ទូទាំង​ប្រទេស។ ក្នុង​ចំណោម​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំ​​ទាំង​​នោះ ​ជាង​ពាក់កណ្តាល​មិន​ទាន់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទល្មើសអ្វី​ជាក់​លាក់​​​នៅឡើយ​ទេ​ ហើយអំ​ឡុង​​ពេល​​នៃ​ការ​វិវឌ្ឍរបស់​កុមារ ស្ត្រីមាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​នោះ​​ ពួក​គេ​មិន​សូវ​ទទួល​បាន​អាហារ​រូបត្ថម្ភ​បន្ថែម​ឡើ​យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment