ក្រុម​សមាជិក​សភា​អាស៊ាន​ស្នើ​ឲ្យ​មេដឹកនាំ​អាស៊ាន​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ​ឡើងវិញ

ដោយ មួង ណារ៉េត
2018-11-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot
លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot


ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​ម៉ាឡេស៊ី​លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ កុំ​បណ្ដោយ​ឲ្យ​របប​លោក ហ៊ុន សែន រួចខ្លួន​ពី​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ស្រួលៗ​យ៉ាង​ដូច្នេះ​ឲ្យ​សោះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ លោក ឆាល សាន់ទីយ៉ាហ្គោ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​អាស៊ាន ធ្វើ​យ៉ាងណា​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​ជំរុញ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ឡើងវិញ ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌​ពិតប្រាកដ។

ប៉ុន្តែ ការ​ទាមទារ​បែបនេះ រង​ការរិះគន់​ពី​មន្ត្រី​របប​លោក ហ៊ុន សែន។ មន្ត្រី​នាំ​ពាក្យ​របប​នេះ គឺ​លោក ផៃ ស៊ីផាន ខឹង​សម្បារ​យ៉ាង​ខ្លាំង ទៅ​នឹង​ក្រុម​សមាជិកសភា​អាស៊ាន ដែល​ទាមទារ​ឲ្យ​អន្តរជាតិ ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។ មន្ត្រី​ដដែល បាន​ហៅ​ក្រុម​សមាជិកសភា​អាស៊ាន​ទាំងនេះ ថា​ជា​“​ឧទ្ទាម​បិសាច។ ប៉ុន្តែ លោក ផៃ ស៊ីផាន អះអាង​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង នៃ​ប្រទេស​សមាជិក​អាស៊ាន ជា​ខែល​ការពារ​កម្ពុជា មិន​ឲ្យ​ប្រទេស​ណាមួយ​ក្នុង​តំបន់​អាស៊ាន មាន​សិទ្ធិ​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ​បាន​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ឆាល សាន់ទីយ៉ាហ្គោ លើកឡើង​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង នៃ​ប្រទេស​សមាជិក​ដទៃ​បែបនេះ គឺជា​គោលការណ៍ ដែល​នាំ​ឲ្យ​មាន​ភាព​មហន្តរាយ​មួយ ព្រោះ​បញ្ហា​សិទ្ធិមនុស្ស កំពុង​រង​ការ​គំរាមកំហែង នៅ​ទូទាំង​ប្រទេស​អាស៊ាន។ ដូច្នេះ ប្រទេស​អាស៊ាន​ទាំងអស់ ត្រូវ​បញ្ឈប់​វប្បធម៌​មិន​ចាត់ការ ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​​​​​​​​​​​​​​​​​​​​​​​​​​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កំពុង​កើតមាន​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​ណាមួយ ដែល​ជា​រដ្ឋ​សមាជិក​បែប​នេះ។ មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ នឹង​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ាន នៅ​ប្រទេស​សិង្ហបុរី នៅ​សប្ដាហ៍​ក្រោយនេះ ចាប់ពី​ថ្ងៃទី១៣១៥ ខែ​វិច្ឆិកា។ លោក ហ៊ុន សែន ក៏​នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ។

ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ពីរ ដែល​កំពុង​មាន​វិបត្តិ​នយោបាយ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ដោយ​កម្ពុជា​រង​ការរិះគន់ និង​ដាក់ទណ្ឌកម្ម​ជុំ​ទិស ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដោយសារតែ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ឃុំ រម្លាយ​គណបក្ស​សង្គ្រោះជាតិ ហាមឃាត់​សិទ្ធិ​នយោបាយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ជាដើម ស្រប​ពេល​ដែល​ប្រទេស​ភូមា កំពុង​មាន​បញ្ហា​រំលោភ​សិទ្ធិ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា យ៉ាង​ដំណំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment