សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ទទូច​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​​ដាក់​សម្ពាធ​លើ​កម្ពុជា​និង​ភូមា ក្នុង​ជំនួប​កំពូល​នៅ​សិង្ហបុរី

អាស៊ី​អាគ្នេយ៍


លោក Charles Santiago ​ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)


10 វិច្ឆិកា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

ក្រុម​សមាជិកសភា​មួយ​ចំនួន​នៅ​សមាគម​អាស៊ាន​ បាន​ទាម​ទារ​មេដឹកនាំ​ទាំង​ឡាយ​ក្នុង​សមាគម​នេះ​ ​ឱ្យ​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ ការ​លុបបំបាត់​ចោល​សារព័ត៌មាន​ឯករាជ្យ​ ​ការ​ដាក់​ឃុំឃាំង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង។

មេដឹកនាំ​នៅ​ក្នុង​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា​ ​អាស៊ាន (ASEAN) ត្រូវ​តែ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​នោះ​មាន​វិបត្តិ​នៅ​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​ ​ឲ្យ​ស្ថិត​លើ​ចំណុច​កំពូល​នៃ​របៀបវារៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹងធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​នៅប្រទេស​សិង្ហបុរី​នា​សប្ដាហ៍​ខាងមុខនេះ។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា​ ​APHR ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ។​

ការ​ស្នើ​របស់​ក្រុម​សមាជិកសភាអាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ​ដែល​ដឹកនាំ​ដោយ​លោក​ Charles Santiago ​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ឡើង​នៅ​ចំ​ពេល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ ពី​ប្រទេស​បារាំង។​ ​ក្រុម​សមាជិក​សភា​ដដែល​នេះ​ ក៏​បាន​លើកឡើង​ថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​នឹង​ធ្វើ​នៅ​សិង្ហបុរីនៅ​សប្ដាហ៍​ក្រោយ គឺជា​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​បង្អស់​ ​ចាប់តាំង​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជាកាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ​ដែល​បាន​ប្រែក្លាយ​ប្រទេស​នេះ​ ​ឲ្យ​ទៅ​ជា​រដ្ឋ​មួយ​ ដឹកនាំ​ដោយគណបក្ស​តែ​មួយ​ដោយ​រលូន។​

លោក​ ​Charles Santiago​ ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ APHR ត្រូវ​បាន​គេ​ស្រង់​សំដី​ក្នុង​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី​៩​ ​ខែ​វិច្ឆិកា​ ​តាម​ន័យ​ដើម​ថា៖​

«សិទ្ធិ​មនុស្ស​បាន​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។​ ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ដ៏​បំផ្លិចបំផ្លាញ​របស់​អាស៊ាន​ មានន័យថា​ ប្លុក​នេះ​ មិន​មាន​ទាំង​ឆន្ទៈ​ និង​លទ្ធភាព​ដើម្បី​ចាត់​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​នានា​នោះ​ទេ។​ ​កង្វះ​នៃ​ចំណាត់​ការ​នេះ​ ត្រូវតែ​បញ្ចប់។ សិទ្ធិ​មនុស្ស​គួរ​តែ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​ការប្រជុំ​នៅ​សិង្ហបុរី​សប្ដាហ៍​ខាង​មុខ​នេះ»។​

លោក​ ​Charles Santiago ​បាន​ថ្លែង​បញ្ជាក់​ដល់​ស្ថានភាព​កម្ពុជា​តាម​ន័យ​ដើម​ថា៖​

«មេដឹកនាំ​អាស៊ាន​មិន​អាច​បណ្ដោយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​រួច​ខ្លួន​យ៉ាង​ស្រួល​ជាមួយ​ការ​ធ្វើ​ឲ្យ​អន្តរាយលទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។​ ​ពួកគេ​ត្រូវ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បញ្ចប់​ការ​បង្ក្រាប​លើ​អ្នករិះគន់​រដ្ឋាភិបាល​ និង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ​ដែល​ពិតប្រាកដ​ សេរី​ ​និង​យុត្តិធម៌»។​

​សេចក្ដី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ពណ៌នា​បន្ថែម​ថា​ ​លោក​ ​ហ៊ុន សែន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ​បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោកបាន​ឈ្នះ​យក​អាសនៈ​តំណាង​រាស្ត្រ​ទាំង​១២៥​នៅ​រដ្ឋសភា​ជាតិ​ ​នៅ​ខែ​កក្កដា​ ក្រោយ​ការ​បោះ​ឆ្នោត​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បោក​បញ្ឆោត។​

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ ​គណបក្ស​ប្រជាជន​ បាន​បង្កើន​តាក់តិច​គាបសង្កត់​ក្រុម​ជំទាស់​ ​ដោយ​ការ​បំបាត់​ចោល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​តិចតួច​ និង​ការ​បៀតបៀន​ ឃុំឃាំង​សកម្ម​ជន​សិទ្ធិមនុស្ស។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ក៏បាន​ថ្កោលទោស​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​នេះ​ គឺ​លោក ​កឹម សុខា​ ពី​បទ​ក្បត់​ជាតិ​ ដែល​ផ្ដើម​ចេញ​ពី​ហេតុផល​នយោបាយ។ ពួកគេ​លើក​ឡើង​ថា បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កន្លងទៅ​ លោក​ ហ៊ុន សែន​ បាន​ផ្ដល់​សម្បទាន​ដោយអន្លើ​ តាម​ទម្រង់​នៃ​ការ​ដោះលែងដែល​មាន​កំណត់​នូវអ្នកទោសនយោបាយ​ ប៉ុន្តែ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​ និង​នាំ​ឱ្យ​មាន​ការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ទាំងនោះ​នៅ​បន្ត​មាន​នៅ​ឡើយ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ ស៊ីផាន​ ​ទាត់​ចោល​ការ​អធិប្បាយ​នានា​របស់​លោក ​Charles Santiago។​

លោក​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖

«លោក​ម្នាក់​ហ្នឹងដែល​លើក​ឡើង​ ជា​គំនិត​បិសាច​ប្រឆាំង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​លោក​គ្មាន​សិទ្ធិ​អី​មក​ជ្រៀតជ្រែក​បញ្ហា​នេះ​ទេ​ ហើយ​អាស៊ាន​មិន​ទាន់​មាន​សមាជិក​ មិនទាន់​មាន​សភា​អាស៊ាន​នៅឡើយទេ​ ក៏ប៉ុន្តែ​គ្រាន់​តែ​ជា​សមាគម​តែ​ប៉ុណ្ណោះ។ ការ​លើកឡើង​ជា​គំនិត​ ប្រកបដោយ​ការ​ឆ្កួតវង្វេង​ តែប៉ុណ្ណោះ​បាទ»។​

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​ ​ក៏​បាន​ចំអក​ដល់​មេដឹកនាំ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ជា​ក្រុម​ដែល​មិន​យល់​គោល​ការណ៍​របស់​សមាគម​អាស៊ាន​ ហើយ​ថា​ ​ក្រុម​នេះ​ជា​សម្ព័ន្ធ​មិត្ត​ពួក​ឧទ្ទាម។​

«​គាត់​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ហ្នឹង​ ​ក្រុម​ឧទ្ទាម។ អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង​ជា​គំនិត​បិសាច​ប្រឆាំង​នឹង​សន្តិ​ភាព​ ប្រឆាំង​នឹង​ឯករាជ្យភាព​ ប្រឆាំង​នឹង​អាស៊ាន​ ជា​គោលការណ៍​មិន​លូក​ដៃ​នៅ​ មិន​ជ្រៀត​ជ្រែក​ជាមួយ​អ្នកណា​ទេ​ គាត់​គ្រាន់តែ​ជា​បិសាច​ឧទ្ទាមម្នាក់​ប៉ុណ្ណោះ»។​

ក្រៅពី​បញ្ហា​កម្ពុជា​ តំណាង​រាស្ត្រ​ក្នុង​តំបន់​បាន​សង្កត់​ធ្ងន់​ថា​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​ត្រូវតែ​ដាក់​បញ្ចូល​ផង​ដែរ​នូវ​វិបត្តិ​ក្រុម​អម្បូរ​ ​Rohingya​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​របៀប​វារៈ​របស់​ខ្លួន។​ ​កាល​ពី​ខែ​កញ្ញា​ ​ក្រុម​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ឯករាជ្យ​ចាត់តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​ ចំពោះ​ការ​រំលោភ​បំពាន​យ៉ាង​សម្បើម​នៅ​ក្នុង​រដ្ឋ​ Rakhine Kachin និង​ Shan។​ ​ក្រុម​បេសកកម្ម​បាន​ស្នើ​ឲ្យ​មន្ត្រី​យោធា​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​ត្រូវ​ទទួលការ​ផ្ដន្ទាទោស​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ប្រល័យ​ពូជ​សាសន៍។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ដដែល​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹង​ដែរ​ថា កន្លងមក​ខ្លួន​ធ្លាប់​បាន​ទទូច​សុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​ឱ្យ​យក​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផង​ដែរ៕

What Next?

Recent Articles

One Response to "សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ទទូច​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​​ដាក់​សម្ពាធ​លើ​កម្ពុជា​និង​ភូមា ក្នុង​ជំនួប​កំពូល​នៅ​សិង្ហបុរី"

  1. Anonymous says:

    Cambodia and her people are suffer in the hand of veitcong mafia dictator since 1997 coup so this country still can’t do anything unless international digging up Parish accord and just kick this fake government out of international and isolate this mafia groups then cambodia will free ‘

Leave a Reply

Submit Comment