អ្នកភូមិ​​នៅកោះកុងព្រម​ទទួលសំណងពី​អង្គការសត្វព្រៃដែល​​បំផ្លាញ​ដំណាំខ្លួន​


|
https://www.vodhotnews.com

ទីតាំងដំណាំប្រជាពលរដ្ឋ រួមមាន ដើមស្វាយ ដើមធូរ៉េន និងដំណាំផ្សេងទៀត អស់ប្រមាណ២០០ដើម មន្ត្រីអង្គការវាយអេដ សហការជាមួយមន្ត្រីអាវុធហត្ថ និងមន្ត្រីក្រសួងបរិស្ថាន ចុះកាប់បំផ្លាញ ដោយថា ពលរដ្ឋទន្ទ្រានយកដីនៅតំបន់អភិរក្ស។​ (រូបភាព៖ Mother Nature Cambodia)


គ្រួសារមួយដែល​ជាអ្នកភូមិនៅខេត្ត​កោះកុង បាន​យល់ព្រម​​ទទួលយកសំណង និងទទួលយកលក្ខ​ខណ្ឌ​មួយចំនួន​ទៀត ពីអង្គការ ​ «សម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា» ក្រោយពីអង្គការនេះបានកាប់បំផ្លាញដំណាំរបស់គាត់។

លោក សេង ថេត អះអាងថា ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិទំនាប ឃុំត្រពាំងរូង ​ដែលរងគ្រោះដោយសារបុគ្គលិកអង្គការ ​ «សម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា» កាប់បំផ្លាញដើមស្វាយ និងធុរេន អស់ប្រមាណ២០០ដើម កាលពីថ្ងៃទី០៦ ខែវិច្ឆិកា បានរៀប​រាប់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញនេះ អភិបាលរង​ខេត្តកោះកុងបានហៅភាគីទាំងពីដោះស្រាយ​គ្នា ដោយដាក់លក្ខខណ្ឌចំនួន៤ចំណុច​រួមមាន អង្គការព្រមផ្តល់សំណង៣០០០ដុល្លារដល់ម្ចាស់ដំណាំ អង្គការមិនប្តឹងប្រជាពលរដ្ឋដែលដុតរថយន្តរបស់អង្គការទៅតុលាការ មិនទាមទារសំណងពីពលរដ្ឋ និងលក្ខខណ្ឌចុងក្រោយ មិនឲ្យពលរដ្ឋទៅបង្កបង្កើនផលលើដីជិតមួយហិចតានោះទេ​ ដោយថារង់ចាំមានដំណោះស្រាយ​ស្របច្បាប់ណាមួយពីស្ថាប័នពាក់ព័ន្ធសិន។​

លោក ថេត អះអាងថា ព្រមទទួលយកលក្ខខ័ណ្ឌ៣ចំណុច ប៉ុន្តែចំណុចទី៤ចុងក្រោយ លោកថាស្នើសុំប្រមូលផលផ្លែ​ម្នាស់ប្រហែលជា១០០០គុម្ពសិន ដើម្បីយកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលនៅសេសសល់ប៉ុន្មាន​ លូតលាស់មក​ប៉ុន្មានយើងថែទាំប៉ុណ្នឹង។ ហើយដំណាំដែលយើងអាស្រ័យផលរាល់ថ្ងៃ​យើងថែទាំតែប៉ុណ្នឹង ដើម្បីទ្រទ្រង់ជីវ​ភាព​គ្រួសារ​ យើងបានផលតិចតួចលក់ដូរតាមផ្លូវ​ ក្រែងលក់បានខ្លះ​ ព្រោះកូនរៀន»

វី.អូ.ឌីមិនអាច​សុំការបំភ្លឺពីភាគី​អង្គការ​ «សម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា)» បានទេ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋកាន់កាប់នោះស្ថិតនៅក្នុងតំបន់អភិរក្សជាដីរបស់ឧទ្យានជាតិ ប៉ុន្តែកន្លែងមក​និស្សិតបានចុះវាស់វែងនោះមិនទាន់ចេញប្លង់កម្មសិទ្ធិឲ្យនៅឡើយ។ ករណីនេះលោកស្រីថា ក្រុម​ការងារកំពុងធ្វើការនេះ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីទាំងសងខាង។

លោកស្រីមានប្រសាសន៍ថា៖ «វាស់ដោយយុវជនមិនទាន់ចេញ[ប្លង់​]ពេញសិទ្ធិដោយរដ្ឋទេ ត្រូវ​ការត្រួតពិនិត្យថា ដីហ្នឹងត្រូវ​បានទទួលមែនឬអត់ ព្រោះអីដី គេបានប្តឹងជំទាស់​ហើយ។ គេអត់ទាន់ចេញប្លង់ ​មានបណ្តឹង​ត្រូវ​តែមានដោះស្រាយ​តាមបណ្តឹង​សិន​​ ចប់បណ្តឹង​បានចេញ ប័ណ្ណជូន»

ដោយឡែក រឿង​ប្រជាពលរដ្ឋស្នើសុំប្រមូលផល​ផ្លែម្នាស់​ លោកស្រីអិ​ភិបាលខេត្តថា នឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធសិន ដោយថា គួរឲ្យបន្តប្រមូលផលឬមិនឲ្យ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ដើម្បីឲ្យដំណោះស្រាយឲ្យភាគីទាំងពីរទទួលបានយុត្តិធម៌ សមត្ថកិច្ចត្រូវ​ស្រាវជ្រាវឯកសារឲ្យច្បាស់​លាស់ កុំឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល ដោយសារពលរដ្ឋទាំងនោះមានសាលកប័ត្រដីដែល​ក្រុ​មនិស្សិតរបស់រដ្ឋាភិបាលចេញឲ្យរួចហើយ។

ប្រជាពលរដ្ឋរស់​នៅភូមិទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានអះអាងថា ក្រុមនិស្សិតរបស់រដ្ឋាភិបាលបានចុះវាស់វែងដីរាប់រយហិចតា និងចេញសលកប័ត្រក្បាលដីឲ្យប្រជាពលរដ្ឋប្រហែល៥០០គ្រួសារដែលកំពុងមាន​បញ្ហាជាមួយ​អង្គការ​«សម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា» រួច​ហើយ ប៉ុន្តែរហូតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពួកគេ​មិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles