កសិករ​និង​អ្នក​ជំនាញ​បារម្ភ​ពី​វិស័យ​កសិកម្ម ប្រសិនបើ​សហភាព​អ៊ីយ៉ុង​ដក EBA

ដោយ យន់ សាមៀន
2018-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) បណ្ឌិត សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) បណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA
(ពី​ឆ្វេង) បណ្ឌិត សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) បណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA


កសិករ និង​អ្នក​ជំនាញ​ខាង​វិស័យ​កសិកម្ម សម្ដែង​ក្តី​បារម្ភ​ថា វិស័យ​កសិកម្ម​នឹង​រង​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ បន្ថែម​លើ​វិស័យ​កាត់ដេរ ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA។ ការ​លើក​ឡើង​បែបនេះ ដោយសារ​ពួកគេ​យល់ថា ផលិតផល​កសិកម្ម​មួយ​ភាគ​ធំ ក៏បាន នាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដែរ។

ក្រុម​កសិករ និង​អ្នក​ជំនាញ​ខាង​វិស័យ​កសិកម្ម​យល់ថា ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ វិស័យ​កសិកម្ម នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ខណៈ​ដែល វិស័យ​កសិកម្ម​បច្ចុប្បន្ន​នេះ កំពុងតែ​គ្មាន​ទីផ្សារ​ស្រាប់​នោះ។

សមាជិក​បណ្ដាញ​កសិករ​ធម្មជាតិ និង​ជា​ក្រុម​ប្រឹក្សាឃុំ​ដំណាក់​សុក្រម ខេត្ត​កំពត លោក អ៊ួន សុផល រៀបរាប់​ថា វិស័យ​កសិកម្ម នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត បើ​គ្មាន​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​នោះទេ ព្រោះ​កន្លងមក កម្ពុជា បាន​នាំ​អង្ករ និង​កសិផល​មួយ​ភាគ​ធំ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដូចជា​អង្ករ​សេរី​រាង និង​អង្ក​ក្រអូប​ជាដើម​។ ផល​ប៉ះពាល់​បន្ថែម​ទៅលើ​បញ្ហា​ប្រឈម​របស់​កសិករ​ដូចជា​ខ្វះ​ប្រព័ន្ធ​ទឹក និង​ខ្វះ​ទុន​ជាដើម៖ «តម្លៃ​ដែល​យើង​ធ្លាប់​លក់​នោះ គឺ​លក់​អត់​បាន​ថ្លៃ​ទៀត​ទេ។ យើង​ពិបាក​ក្នុង​ការ​នាំចេញ​ទៀត គឺ​ធ្វើ​អោយ​យើង​ទិញ​ស្រូវ​ថោកៗ​ពី​កសិករ ដូច្នេះ​តម្លៃ ស្រូវ​ថោក​ហើយ កាលណា​យើង​ចំណាយ​តាំងពី​ការ​ដឹកជញ្ជូន តាំងពី​ការ​កុន​ជាដើម។ កាលណា​គេ​យកពន្ធ​ដោយ​មិន​អនុគ្រោះ​ពន្ធ​ទៀត​គឺ​ធ្វើអោ​យ​យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​វៀតណាម និង​ថៃ​បានទេ ហើយ​គេ​មក​ទិញ​ពី​យើង​វិញ គេ​កែ​ឆ្នៃ គេ​នាំចេញ ហើយ​ចាត់ទុកថា​ជា​អង្ករ​គេ អញ្ចឹង​កម្ពុជា អត់​មានមុខ​អី​ទេ ហើយ​កសិករ​រងគ្រោះ​ហើយ​។

លោក អ៊ួន សុផល បន្ថែម​ថា កម្ពុជា គឺ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ពី​សហភាព​អឺរ៉ុប​ជា​ចាំបាច់ ដើម្បី​ផ្ត ល់​ផលប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម និង​វិស័យ​ដទៃ​ទៀត៖ «យើង​ត្រូវ​ការនាំចេញ​ហើយ​ប្រទេស​យើង​ត្រូវការ​អនុគ្រោះ​ពន្ធ​ដែរ ដោយសារ​យើង​មិនទាន់​អាច​កែច្នៃ ឬ​មិនទាន់​ផលិត​ខ្លួនឯង​បាន យើង​ត្រូវ​ការនាំចេញ អ៊ីចឹង​យើង​ក៏​មិនទាន់​ប្រកួត​ប្រជែង​ទីផ្សារ​បាន​ដូច​ប្រទេស​គេ អ៊ីចឹង​យើង​ត្រូវការ​អនុគ្រោះ​ពន្ធ។ កាលណា​គេ​បិទ​អនុគ្រោះ​ពន្ធ វា​ធ្វើ​អោយ​ប៉ះពាល់​អ្នក​នាំចេញ កាលណា​ប៉ះពាល់​អ្នក​នាំចេញ គឺ​ប៉ះពាល់​ដល់​អ្នក​ផលិត អ៊ីចឹង​អ្នក​ផលិត ខំប្រឹង​ផលិត​អត់​តម្លៃ គឺ​គាត់​ត្រូវ​កាត់បន្ថយ អ៊ីចឹង​វិស័យ​កសិកម្ម​លែង​ជា​វិស័យ​អាទិភាព​ទៀតហើយ»

កសិករ​មួយ​រូប​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ មេន ក៏​អះអាង​ស្រដៀង​គ្នា​ដែរ ថា កសិករ​កំពុង​ធ្លាក់​ចុះ​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​ផលិតផល​កសិកម្ម​ដូចជា​ដំឡូង​មី ជ័រកៅស៊ូ និង​ម្រេច​ជាដើម លក់​មិនបាន​តម្លៃ​ថ្លៃ។ លោក​បារម្ភ​ប្រសិនបើ​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ទៀត​នោះ គឺ​កសិករ​កាន់តែ​លំបាក​ខ្លាំង ក្នុង​ជីវភាព៖ «ខ្ញុំ​គិត​ថា ប៉ះពាល់​ហើយ តែ​មិន​ដឹង​ថា​តិច​ឬ​ច្រើន ។​ម្យ៉ាង​រាល់ថ្ងៃ​នេះ គេ​មិនទាន់​ធ្វើ​កិច្ច​ការ​ដក​អនុគ្រោះ​ពន្ធ យើង​ប៉ះពាល់​ឬ​លំបាក​ក្នុង​ការ​លក់​ផលិតផល ទៅ​ហើយ»

សហភាព​អឺរ៉ុប​បាន​ដាក់​ឱសានវាទ​រយៈពេល ១២​ខែ ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ ដោយសារតែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ មិនទាន់​ត្រូវ​បាន​កែប្រែ​នៅឡើយ ជាពិសេស​ករណី​ចាប់​ប្រធាន​គណបក្សប្រឆាំង​ដាក់គុក និង​រំលាយ​បក្ស​ប្រឆាំង​ចោល។ មក​ទល់​ពេល​នេះ របប​លោក ហ៊ុន សែន មិនទាន់​បន្ទប់​ឥរិយាបថ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅឡើយ ហើយ​ថែម​ទាំង​ប្រកាស​មិន​ដោះលែង​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ថែម​ទៀត​ផង។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ប្រជា​កសិករ​ទូទាំង​ប្រទេស នឹង​កាន់តែ​ខ្វះ​ទីផ្សារ​សម្រាប់​លក់​កសិករ​ផល​បន្ថែម ជាពិសេស​ស្រូវ​អង្ករ ប្រសិនបើ​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ។ លោក​ថា មាន តែ​របប​លោក ហ៊ុន សែន នោះ​ទេ ដែល​អាច​ដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ជៀស​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ៖ «ខណៈ​បច្ចុប្បន្ន នាំ​ផលិតផល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ហើយ នៅតែ​កសិករ​មាន​វិបត្តិ​នៃ​ទីផ្សារ​លក់​ផលិតផល​បាន​តម្លៃ​ថោក ចុះ​ទម្រាំ​គេ​កាត់ផ្ដាច់​ទីផ្សារ គឺ​កសិករ កាន់តែ​លំបាក​លក់​កសិផល​ដែល​បាន​តម្លៃ​ខ្ពស់ ដើម្បី​រួច​ថ្លៃដើម។ លើសពីនេះ នៅ​ពេល​តម្លៃ​កាន់តែ​ថោក គឺ​កសិករ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​សង​ប្រាក់​ទៅ​មីក្រូហិរញ្ញវត្ថុ​ឬក៏​ធនាគារ​ដែល ពួកគាត់​ខ្ចី​មក​ធ្វើ​ដើម​ទុន​នោះ​ទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឡោ រស្មី និង​លោក ស្រី វុឌ្ឍី បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដោយ​លោក​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ។

រីឯ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​កសិកម្ម លោក យ៉ង សាំងកុមារ ទទួលស្គាល់​ថា ផលិតផល​កសិកម្ម​របស់​ប្រជាកសិករ​ខ្មែរ ដែល​នាំ​ចេញទៅ​លក់​នៅ​សហភាព​អឺរ៉ុប​ដោយ​ការ​អនុគ្រោះ​ពន្ធ អាច​នឹង​បាត់បង់ និង​បាត់បង់​សមត្ថភាព​ប្រកួត​ប្រជែង ជាមួយ​ប្រទេស​ជិតខាង បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

លោក​បញ្ជាក់​ថា ផលិតផល​កសិកម្ម​ខ្មែរ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ជាងគេ​គឺ​ស្រូវ​អង្ករ ដោយសារ កន្លង​មក​កម្ពុជា នាំចេញ​ស្រូវ​អង្ក​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង​៥០​ភាគរយ បន្ទាប់មក​គឺ​មាន​ជ័រកៅស៊ូ ម្រេច និង​បន្លែ​ផ្លៃ​ឈើ​មួយ​ចំនួន​ដូចជា​ស្វាយកែវ​រមៀត ព្រមទាំង​ស្ករ​អំពៅ​ជាដើម៖ «ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ស្រូវ​អង្ករ ដោយ​សរ​ខ្មែរ​យើង​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាងគេ ហើយ​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ថៃ​និង​វៀតណាម​បាន កាល​គេ មិន​យកពន្ធ។ បើ​ទៅ​ថ្ងៃមុខ​គេ​អោយ​ខ្មែរ​យើង​បង់​ព័ន្ធ​ដូច​ថៃ និង​វៀតណាម គឺ​ខ្មែរ​យើង​ពិបាក​នឹង​ប្រកួត​ប្រជែង នៅ​ក្នុង​ទីផ្សារ​ស្រូវ​អង្ករ ហើយ​ក្រៅ​ពី​នេះ ​ក៏មាន​ប៉ះពាល់​ផលិតផល​កសិកម្ម​អី ផ្សេង​ដែរ​ដូចជា​កៅស៊ូ ប៉ុន្តែ​កសិករ​ប៉ះពាល់​ដល់​កសិករ​តូចតាច​ច្រើន។ ថ្លៃ​ផលិត​ថ្លៃដើម ថ្លៃ​កែច្នៃ​ថ្លៃ​នាំចេញ​របស់​យើង​នេះ វា​ថ្លៃ​រួចហើយ អ៊ីចឹ​ង​នៅ​ពេល​មាន​ពន្ធ​ពីលើ​នេះ​ទៀត សមត្ថភាព​ប្រកួត​ប្រជែង យើង​នឹង​ត្រូវ​បាត់បង់ ដូច្នេះ​ត្រូវ​មាន​ការ​កែលម្អ​ច្រើន​ទៅ​ថ្ងៃ​ខាងមុខ ដើម្បី​ទប់ទល់​នឹង​ហា​នី​ភ័យ»

លោក យ៉ង សាំងកុមារ ស្នើសុំ​អោយ​របប​លោក​ហ៊ុន សែន ដោះស្រាយ​តាម​សំណើ​របស់​សហភាព អឺរ៉ុប ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​ពង្រឹង​សមត្ថ ភាព​ប្រកួត​ប្រជែង​អោយ​ខ្លាំង​ផង​ដែរ៖ «មានរឿង​ពីរ​ដែល​ត្រូវ​ដើរ​ទន្ទឹមគ្នា គឺ​ទី​១​រដ្ឋាភិបាល បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ទៅ​ដើម្បី​កុំ​អោយ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ព្រោះ​រឿង​កសិកម្ម ជា​រឿង មួយ​ដែល​សំខាន់​អាច​ជួយ​កម្ពុជា។ ទី​២​រដ្ឋាភិបាល ត្រូវ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​ដែរ ព្រោះ​ការ​អនុគ្រោះ​ពន្ធ​អនុគ្រោះ​ពន្ធ គេ​មិន​អោយ​យើង​មួយ​ជីវិត​ទេ ។​ធ្វើ​ម៉េច​អោយ​កសិករ សិប្បករ ឧស្សាហករណ៍ និង​ពាណិជ្ជករ មាន​សមត្ថភាព​ប្រកួត​ប្រជែង ធ្វើ​ម៉េច​អោយ​ថ្លៃ​ផលិត​យើង​ទាប ធ្វើ​ម៉េច​កុំ​អោយ​ថ្លៃ​នាំចេញ​យើង​វា​ថ្លៃ កាត់បន្ថយ​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន ដូច​ជា​ការ​ចំណាយ​ក្រៅ​ប្រពន្ធ និង​ការ​ចំណាយ​ផ្សេងៗ បូក​ផ្សុំ​នឹង​ការ​ចំណាយ​លើ​ការផលិត តាំងពី​និន្នាការ តាំងពី​អគ្គិសនី និង​ការ​ដឹកជញ្ជូន​អី​អញ្ចឹង​ហា»

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA របស់​សហភាព​អឺរ៉ុប​នេះ គ្រប់​ដណ្ដប់​ទៅលើ​ផលិតផល​ប្រមាណ​៧២០០​ប្រភេទ ក្នុង​នោះ ៩១៩​ប្រភេទ គឺជា​ផលិតផល​កសិកម្ម។

គេហទំព័រ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ធ្លាប់​ចុះផ្សាយ​កន្លងមក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប បាន​ផ្ដល់​ផលប្រយោជន៍​ច្រើន ដល់​វិស័យ​កសិកម្ម ជាពិសេស អង្ករ និង​ផលិតផល​សក្តានុពល មួយ​ចំនួនទៀត​។ ជាក់ស្ដែង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​បង្កើន​ការនាំចេញ អង្ករ​ច្រើន​ទៅ​សហភាព​អឺរ៉ុប ជាពិសេស​ប្រទេស​បារាំង អ៊ីតាលី ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment