ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីថាបទល្មើសព្រៃឈើនៅតែកើតមាន​ទោះអាជ្ញាធរប្រកាសទប់​ស្កាត់


|
https://www.vodhotnews.com

កម្លាំងជំនាញបានប្រទះឃើញគំនរឈើ ប្រភេទឈើស្រឡៅចំនួន៥៧កំណាត់ ដែលក្រុមជនល្មើសយកលាក់ទុកនៅចំនុចភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំឡុងថ្ងៃទី ១៤ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Khlei Khloem Daily)


ប្រជាសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី អះអាងថា បទល្មើសព្រៃឈើនៅក្នុងខេត្តនេះ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយក្នុងមូួយ​យប់ៗមានរថយន្តដឹកជញ្ជូនឈើជាច្រើនគ្រឿងទៅលក់នៅប្រទេសវៀតណាម បើទោះបី​ជាកន្លងមករដ្ឋាភិបាលបានប្រកាសទប់​ស្កាត់បទល្មើសមិនឲ្យកើតមានបន្តទៀតក៏ដោយ។

តំណាងសហគមន៍ជនជាតិដើមភាគតិចពូនង នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ការកាប់បំផ្លាញព្រៃ​ឈើ និងដឹកជញ្ជូនឈើ កំពុងតែកើតមានឡើងដោយគ្មានការទប់ស្កាត់នោះឡើយ ដោយក្នុងមួយយប់ៗមានរថយន្តដឹកឈើ​ទៅលក់នៅប្រទេសវៀតណាមយ៉ាងតិច ៣០ គ្រឿង។ លោកបន្តថា ឈើដែលក្រុមឈ្នួញដឹកឈើ​ទៅលក់នៅប្រទេសវៀតណាមនោះ ភាគច្រើនគឺចេញពីតំបន់ដែនជម្រក​សត្វព្រៃ។

លោកថា៖«បើថាឃើញខ្ញុំមិនបាច់ចុះទៅក្នុងព្រៃក៏ឃើញដែរ ព្រោះគេដឹកកាត់មុខផ្ទះខ្ញុំហើយហ្នឹង។ ខ្ញុំមិនបាច់ចូលទៅក្នុងព្រៃក្នុងអីទេ។​ ខ្ញុំឃើញគាត់ដឹក និយាយឲ្យចំចាប់ពីម៉ោង ៧ យប់ ឡានចាប់ផ្ដើមចេញហើយ រហូតដល់ម៉ោង៤ ភ្លឺស្ងាត់អស់ហើយ។ អញ្ចឹងម៉ោង៥ ពេលភ្លឺលែងមានហើយ។ ព្រៃឈើដូចជានៅដែនជម្រសត្វ«ភ្នំណាំលៀ»ហ្នឹងលែងមាន អញ្ចឹងសកម្មភាពនៅ«ណាំលៀ»មិនសូវមានប៉ុនា្មនទេ ដោយសារ វាអស់ឈើ ឥឡូវខ្ញុំឃើញវាដឹកមកពីភ្នំពេ្រច និយាយឲ្យចំទៅអាណាធិបតេយ្យមែនទែនរាល់ថ្ងៃហ្នឹង និយាយឲ្យចំទៅសាហាវហ្មង»។

តំណាងសហគន៍ជនជាតិភាគតិចនៅស្រុកកោះញែក លោក គឹម សុភាព លើកឡើងថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់«ភ្នំព្រិច»​កំពុងកើតឡើងយ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមឈ្នួញ និងប្រជាពលរដ្ឋ។

លោកថា​៖«អូស!ច្រើនណាស់ អត់ហ៊ានចូលទៅទេ ព្រោះខ្លាចគេគុំសម្លាប់ ភាគច្រើនគឺនៅដែនជម្រកសត្វព្រៃភ្នំព្រិចហ្នឹង។ អ្នកកាប់ភាគច្រើននៅខាងស្រុកកោះញែកខ្លះ មកពីខាងខេត្តក្រចេះខ្លះ ។ ខ្ញុំកាក់ឡាន បាន២ ទៅ៣ គ្រឿងដែរ ថ្ងៃមុន កាក់នៅតំបន់ភ្នំព្រិចហ្នឹង ហើយនិងព្រំប្រទល់ដីសហគមន៍របស់ពួកខ្ញុំ ជារបស់ឧកញ៉ គេប្រាប់អញ្ចឹង របស់ឧកញ៉ានៅខាងខេត្តក្រចេះហ្នឹង»។

លោកស្នើទៅអភិបាលខេត្តមណ្ឌលគិរី និងក្រសួងបរិស្ថាន ឲ្យធ្វើការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ខណៈបច្ចុប្បន្ន​បទល្មើស​នេះ កំពុងកើតឡើងយ៉ាងខ្លាំង។ លោកបន្តថា ប្រសិនបើអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធមិនធ្វើការទប់ស្តាត់ទេ ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី នឹងត្រូវវិនាសនាពេលឆាប់ៗនេះ។

កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមាន និងបញ្ជាទៅអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ត្រូវចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តនោះជាបន្ទាន់ ដោយលោកថា បច្ចុប្បន្ននេះ បទល្មើសព្រៃឈើនៅតែបន្តកើតមាន។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុខ សារ៉ា ទទួលស្គាល់ថាបទល្មើសព្រៃឈើនៅក្នុងខេត្តនេះពិតជាមានមែន ប៉ុន្តែមិនច្រើនដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ ហើយបច្ចុប្បន្ននេះអាជ្ញាធរកំពុងធ្វើការទប់​ស្កាត់។

លោកថា៖ «ដូច្នេះនៅពេលដែលយើងដើរទាំងថ្ងៃទាំងយប់ គឺមិនមានបទល្មើសទេ។ ឯការមានគេលួចនៅពេលណា យើងមិនបានធ្វើសកម្មភាព ប្រឡោះនៅពេលណាមួយ!មូយព្រិចភ្នែក គឺគាត់លួច។ មិនមែនជាច្រើនគ្រឹកគ្រើង ដូចសារព័ត៌មានថានោះទេ ជួនការមានដឹកជាម៉ូតូ ជួនកាលជាឡាន១ ឬ២ »។

មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជាលោក ប៉ែន ប៊ុណ្ណារ៍​ បង្ហាញការងឿងឆ្ងល់ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត និងគណៈកម្មការជាតិមិនអាចទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី រួមទាំងខេត្តផ្សេងទៀតបាននោះទេ។

លោកថា៖ «សម្ដេចតេជោលោកបង្កើតគណៈកម្មការហើយអនុញ្ញាតឲ្យប្រើឧត្ថម្ភាគចក្រសម្រាប់បាញ់។ ប៉ុន្តែយើងឃើញថាមកដល់ពេលនេះ គណៈកម្មការស្ងាត់ជ្រៀបអញ្ចឹង ដូចមិនសូវមានសកម្មភាពអីទាំងអស់ លេចលឺតែតាមរយៈសារព័ត៌មានផ្សាយ ហើយរុញសំណុំរឿងសំណូមឲ្យលោក សៅ សុខា ចុះបង្រ្កាបបទល្មើសព្រៃឈើជាដើមហ្នឹង។ យើងលឺតែប៉ុណ្ណឹង។ »។

របាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើអារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម មាន​ទំហំ ជាង១សែន​ម៉ែត្រ​គូប ឬ​មាន​តម្លៃ​ប្រហែល ៤០​លាន​ដុល្លារ ដោយ​បាន​កើន​ឡើង​ដល់​ទៅ ១៧​ភាគរយ បើធៀប​នឹង​តួលេខ​នៃ​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៦៕​

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment