ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​រាប់ពាន់​នាក់​សម្រុក​ឆ្លង​ដែន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ប្រទេស​ថៃ

ដោយ ម៉ៅ សុធានី
2018-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​កក​ស្ទះ​នៅ​មុខ​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ពលរដ្ឋ​ចេញ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ អង្គការ អាដហុក
ទិដ្ឋភាព​កក​ស្ទះ​នៅ​មុខ​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ពលរដ្ឋ​ចេញ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ អង្គការ អាដហុក


ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​មាន​រាប់​រយ​នាក់​ ដោយ​អ្នក​ខ្លះ​​ធ្វើ​ដំណើរ​តាម​គោយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ នៅ​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​បាន​នាំគ្នា​ចូល​ទៅ​ទិញ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ផ្សារ​ប្រទេស​ថៃ​នៅ​ជាប់​ព្រំដែន​ឃុំ​អូរ​បី​ជាន់ ហើយ​កក​ស្ទះ​នៅ​ច្រក​ព្រំដែន​ ដោយសារ​តែ​ទំនិញ​ថៃ​មាន​តម្លៃ​ថោក ហើយ​មាន​គុណភាព​ល្អ។

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​អូរជ្រៅ​លោក ផល សារ៉ន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ថា ជាទូទៅ​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ក្នុង​ស្រុក​មួយ​នេះ និង​មួយ​ចំនួន​ទៀត មក​ពី​ខេត្ត​បន្ទាយមានជ័យ តែង​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ក្នុង​ទឹក​ដី​ថៃ​​ក្នុង​មួយ​សប្ដាហ៍​ម្ដង​ជា​រៀងរាល់​ថ្ងៃ​សុក្រ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា​ ចំពោះ​ថ្ងៃ​ស្រុក​ទី​៩ វិច្ឆិកា​នេះ​ សមត្ថកិច្ច​ថៃ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​ទំនិញ​​​ប្រហែល​នៅ​​ម៉ោង​ ១០កន្លះ​ព្រឹក​ ដែល​ខុស​ពី​ពេល​មុនៗ​ ដែល​ថៃ​តែងតែ​បើក​ច្រក​ឲ្យ​ឆ្លងដែន​តាំង​ពី​ម៉ោង ៧ព្រឹក។ ដូច្នេះ​​ធ្វើ​ឲ្យ​គោយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ចត​បន្ត​កន្ទុយ​គ្នា​ ហើយ​កក​ស្ទះ​នៅ​ច្រក​ព្រំដែន​អូរបីជាន់៖ «ចូល​ទៅ​ទិញ​របស់​ប្រើប្រាស់​នឹង​ដូច​ជា​ពូក​ដេក ហើយ​ខ្លះ​ក៏​ទិញ​ជី​ដាក់​ស្រូវ​​ ហើយ​មាន​ចាន​ឆ្នាំ​កន្ទេល​ខ្នើយ​គ្រប់បែប​យ៉ាង​។ផ្សារ​គេ​នឹង​ធំ​ដី​ប្រហែល​មួយ​ហិកតារ​ ហើយ​មាន​លក់​តែ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នឹង​ទេ​ ជនជាតិ​ថៃ​គេ​រៀបចំ​លក់​ឲ្យ​ខ្មែរ​យើង»

លោក ផល សារ៉ន បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ពួក​គាត់​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ​ ដោយសារ​ទំនិញ​មាន​គុណភាព​ល្អ​ និង​មាន​តម្លៃ​ថោក​ជាង​ទំនិញ​ ដែល​ឈ្មួញ​នាំ​ចូល​មក​លក់​​នៅ​ក្នុង​ស្រុក​ប្រមាណ​ពី​១៥​ ទៅ​ ២០​ភាគ​រយ​ឯណោះ។ ដូច្នេះ​ទិញ​នៅ​ថៃ​ចំណេញ​ជាង​ទិញ​នៅ​ក្នុង​ស្រុក។

មេឃុំ​អូរ​បី​ជាន់​លោក តុល សំរិទ្ធ​ មាន​ប្រសាសន៍​ថា​ ទំនិញ​ដែល​ពលរដ្ឋ​ចូល​ទៅ​ទិញ​ក្នុង​ផ្សារ​ថៃ​ ភាគ​ច្រើន​ជា​របស់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ដូច​ជា ប្រេង ខ្លាញ់ ត្រី​ខ​កំប៉ង់ នំ​ចំណី​ និង​របស់​កសិកម្ម​រួម​មាន​ជី​ដាក់​ដំណាំ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម។ លោក​អះអាង​ថា ទំនិញ​ទាំង​នេះ​ពលរដ្ឋ​ទិញ​សម្រាប់​តែ​ប្រើ​ប្រចាំ​សប្ដាហ៍​ ឬ​ប្រចាំ​ខែ​មិន​មែន​ទិញ​សម្រាប់​យក​ទៅ​លក់​ដូរ​នោះ​ទេ​ ហើយ​ពេល​ប្រើ​អស់​ទើប​​ពួកគាត់​ទៅ​ទិញ​សា​ជា​ថ្មី​ទៀត៖ «គេ​ហៅ​ផ្សារ​ណាត់​មាន​តែ​ថ្ងៃ​សុក្រ​ទេ​ ហើយ​ខែ​ធ្វើ​ស្រែ​ពលរដ្ឋ​គាត់​អាច​ចូល​ទៅ​ទិញ​ជី​មក​បាន​ប្រហែល ៣ការ៉ុង​អី​ទៅ​ ព្រោះ​គេ​ឲ្យ​គោយន្ត​ចូល​ទៅ​បាន​ ហើយ​កាល​ពី​មុន​គេ​ឲ្យ​ឡាន​ចូល​ទៅ​បាន​ តែ​ក្រោយ​មក​គេ​ឈប់​ឲ្យ​ចូល​ដោយសារ​ពលរដ្ឋ​ខ្លះ​បាន​បើក​ឡាន​ចូល​ទៅ​ឆ្ងាយ​ហួស​ពី​កន្លែង​កំណត់​ ហើយ​ខាង​ថៃ​គេ​ចាប់​បាន​ម្ដង​ ក៏​ឈប់​ឲ្យ​ចូល​តែ​ម្ដង»

លោក​បន្ថែម​ទៀត​ថា​ រដូវ​នេះ​មិន​សូវ​អ្នក​ចូល​ទៅ​ផ្សារ​ថៃ​ច្រើន​ដូច​រដូវ​ធ្វើ​ស្រែ ​និង​រដូវ​ដាំ​ដុះ​នោះ​ទេ ព្រោះ​ទំនិញ​មួយ​ចំនួន​ ដូច​ជា​ ជី​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អ មិន​មាន​តម្រូវ​ការ​ច្រើន​ដូច​កាល​ពី​ដើម​រដូវ​វស្សា​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ឆ្លងកាត់​តំបន់​ព្រំដែន​ស្រុក​អូរជ្រៅ​នោះ​ លើក​ឡើង​ថា​ លោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ពលរដ្ឋ​រាប់​រយ​នាក់​សម្រុក​ឆ្លង​ដែន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ ព្រោះ​​នាំ​ឲ្យ​ខាត​សេដ្ឋកិច្ច​ជាតិ ដោយសារ​ពលរដ្ឋ​បាន​យក​ប្រាក់​ទៅ​ចាយ​វាយ​នៅ​ក្រៅ​ប្រទេស​ ដែល​របស់​មួយ​ចំនួន​ខ្មែរ​ផលិត​បាន​ហើយ​លក់​មិន​សូវ​​ដាច់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ទៀត​ថា​ នៅ​តាម​ព្រំដែន​អាជ្ញាធរ​គួរតែ​មាន​ផ្សារ​ដែល​អាច​ទាក់ទាញ​​ឲ្យ​ជនជាតិ​ថៃ​ចូល​មក​ទិញ​ទំនិញ​ខ្មែរ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ព្រោះ​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​មាន​ការងារ​ធ្វើ​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចំរើន៖ «ថា​តើ​ខ្មែរ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្មែរ​រក្សា​នៅ​ក្នុង​ប្រទេស​ហើយ​មាន​ទំនិញ​គ្រប់គ្រាន់​ឲ្យ​ពួកគាត់​ទិញ​ ឬ​ក៏​យើង​គ្រាន់​តែ​បញ្ចេញ​សាច់ដុំ​អួត​រឿង​ឈ្លោះ​គ្នា​អួត​រឿង​វាយ​គ្នា​ទើប​ជា​ការ​ប្រសើរ? យើង​គួរ​តែ​ខ្មាស​ប្រទេស​ជិត​ខាង​ផង​ ព្រោះ​យើង​គិត​ថា​គ្រាន់​តែ​ជា​ទំនិញ​ប៉ុន្តែ​​ការផលិត​មិន​មាន​ធ្វើ​នៅ​ក្នុង​ស្រុក​ ហើយ​ប្រទេស​មាន​សន្តិភាព​ជិត​ ៤០​ឆ្នាំ​ហើយ​ តើ​កម្ពុជា​រីក​ចម្រើន​បាន​ប៉ុណ្ណា មិន​មែន​យើង​ពឹងផ្អែក​តែ​ទំនិញ​របស់​គេ​ហើយ​ប្រទេស​ជិត​ខាង​គេ​ចំណេញ​កប់​ក្ដោង​ទេ»

មេឃុំ​អូរ​បី​ជាន់​លោក​ តុល សារិទ្ធ​​ ឲ្យ​ដឹង​ថា ផ្សារ​ថៃ​ដែល​ពលរដ្ឋ​ទៅ​ទិញ​ទំនិញ​នេះ​​មាន​ចំងាយ​ប្រមាណ​ ៤គីឡូម៉ត្រ​ពី​ព្រំដែន​ខ្មែរ​ និង​​មាន​ពលរដ្ឋ​​ប្រមាណ​ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​ចូល​ទៅ​ទិញ​ទំនិញ​​ក្នុង​ផ្សារ​នេះ។ លោក​ថា ​ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់​អាច​ជិះ​ម៉ូតូ​ ឬ​បើក​គោយន្ត​ចូល​ទៅ​ដល់​ផ្សារ​ដោយ​មិន​បាច់​មាន​សំបុត្រ​នោះ​ទេ ហើយ​​ចំពោះ​ពលរដ្ឋ​ ដែល​មក​ពី​តំបន់​ផ្សេង​ត្រូវ​ធ្វើ​សំបុត្រ​ពី​សាលា​ឃុំ​អូរ​បី​ជាន់​ទើប​អាច​ឆ្លងដែន​ទៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment