ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ ​រិះគន់​សមត្ថកិច្ច​ករណី​បង្ក្រាប​អាជីវកម្ម​កាយ​ថ្មភ្នំ​ថា​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​ល្អ​មើល​តែ​គ្មាន​ប្រសិទ្ធភាព​

2018-11-09
RFA

សកម្មភាពក្រុមហ៊ុន គង់ មាន បោះ​ទីតាំង​វាយ​ថ្ម​ភ្នំ​តាដុង ឃុំតាផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ ២០១៨។ រូបថតផ្ដល់ដោយពលរដ្ឋ
សកម្មភាពក្រុមហ៊ុន គង់ មាន បោះ​ទីតាំង​វាយ​ថ្ម​ភ្នំ​តាដុង ឃុំតាផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ ២០១៨។ រូបថតផ្ដល់ដោយពលរដ្ឋ


ប្រជាពលរដ្ឋ​នៅ​ជាប់​ជើង​ភ្នំ​​ក្នុង​ក្រុង​​សិរីសោភ័ណ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​បន្ទាយមានជ័យ​រិះគន់​សមត្ថកិច្ច​ខេត្ត​នេះ​ថា​ បណ្ដោយ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​កាយ​ថ្មភ្នំ​យ៉ាង​​អាធិបតេយ្យ​ ហើយ​​ធ្វើ​ឲ្យ​ភ្នំ​ខូច​រូប​រាង​និង​ប្រឈម​ការ​ហិនហោច​នៅ​ពេល​ខាង​មុខ​។ ការ​រិះ​គន់​នេះ​ ដោយ​សារ​តែ​សមត្ថកិច្ច​ទើប​តែ​ទប់ស្កាត់​ទីតាំង​កាយ​ថ្មភ្នំ​មួយ​កន្លែង​នៅ​​ក្រុង​សិរីសោភ័ណ​កាល​បី​ថ្ងៃ​ទី​៧ ​វិច្ឆិកា ហើយ​ចាប់​បាន​តែ​កម្មករ​ ដែល​​មិន​ចាប់​​ម្ចាស់​ក្រុម​ហ៊ុន​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​ថា​ វិធានការ​ទប់ស្កាត់​របស់​សមត្ថកិច្ច​​នេះ​ គ្រាន់​តែ​ជា​ការ​ធ្វើឲ្យ​​ល្អ​មើល​ ដើម្បី​កុំឲ្យ​ថ្នាក់លើ​​ស្ដីបន្ទោស​និង​កាត់បន្ថយ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​ជើង​ភ្នំ​កងវ៉ា សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ អ្នក​ស្រី ណែម ឈុន រៀបរាប់​ឲ្យ​ដឹង​ថា ភ្នំ​នៅ​ក្បែរ​ផ្ទះ​អ្នក​ស្រី​ត្រូវ​បាន​ក្រុម​ហ៊ុន​ គង់ មាន​ និងក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​បាន​ជីកកកាយ​យក​ដី​និង​ថ្មភ្នំ​យក​ទៅ​លក់​ដើម្បី​បម្រើ​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ ហើយ​សព្វ​ថ្ងៃ​​បាន​ខូច​រូប​រាង​ភ្នំ​អស់​ប្រហែល ​៣៥​ភាគរយ​ហើយ​។ ពលរដ្ឋ​រូប​នេះ​សម្ដែង​ការ​សោក​ស្ដាយ នៅ​ពេល​ដែល​​អស់​ភ្នំ​មួយ​នេះ ​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​នៅ​ជុំ​វិញ​ភ្នំ​មិន​អាច​ទៅ​រក​អនុផល​ព្រៃភ្នំ​ ដូច​ជា​បោច​វ័រ​ និង​រក​អុស​​​ដើម្បី​យក​ទៅ​លក់​រក​ប្រាក់​ដោះស្រាយ​ជីវភាព​បាន​ដូច​ពេល​មុន​នោះ​ទេ៖ «ហើយ​ទី​ពីរ​ទៀត​ ហុយ​ខ្លាំង​ណាស់ ហុយ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​មួយ​ទៀត​ភ្នំ​ក្រហេងក្រហូង​បាក់​ធ្លាក់​មក​ ហើយ​ពេល​ចុះ​មក​ក្រោយ​ខូច​អស់​ភ្នំ​ ហើយ​វា​អស់​ផ្លូវ​បូរាណ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ភូមិ​គេ​កាយ​ដី​យក​ទៅ​លក់​អស់​ហើយ»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ពួកគាត់​បាន​ត្រឹម​តែ​សោកស្ដាយ​ និង​ខឹង​សម្បា​រ​ជា​មួយ​ក្រុម​ហ៊ុន​ តែ​មិន​អាច​បញ្ឈប់​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ទេ ព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ ហើយ​គ្មាន​អំណាច រីឯ​ម្ចាស់​ក្រុម​ហ៊ុន​ទាំង​នោះ​វិញ​ មាន​លុយ​មាន​អំណាច​ ហើយ​​អាច​គាស់កកាយ​ថ្ម​ភ្នំ​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្លាច​ច្បាប់​ទម្លាប់​នោះ​ឡើយ។

​​​​​ចំណែក​ពលរដ្ឋ​នៅ​ជាប់​ជើង​ភ្នំ​កងវ៉ា​ម្នាក់​ទៀត​ អ្នក​ស្រី ណាន់ ប៊ូគី​ ឲ្យ​ដឹង​ថា ភ្នំ​នេះ​ជា​ធនធាន​ធម្មជាតិ​ ដែល​ពួក​គាត់​រក​អនុផល​ព្រៃឈើ​​ត​ពី​ដូន​តា​មក គ្រាន់​បាន​ប្រាក់​ដោះ​ទាល់​ក្នុង​ជីវភាព​បាន​ខ្លះ តែ​សព្វ​ថ្ងៃ​អស់​ព្រៃ​ហើយ​ គឺ​នៅ​សល់​តែ​នៅ​លើ​កំពូល​​ភ្នំ​បន្តិច​ប៉ុណ្ណោះ​ ចំណែក​នៅ​ជើង​ភ្នំ​មិន​មាន​ព្រៃឈើ​ទេ​ ព្រោះ​ក្រុម​ឈ្មួញ​កាយ​ដី​ក្រហេងក្រហូង​អស់​ហើយ។អ្នក​ស្រី​ ណាន់ ប៊ូគី អះអាង​ទៀត​ថា ក្រុម​ហ៊ុន​មិន​បាន​យក​ចំណូល​ពី​លក់​ដី​ភ្នំ​នោះ​យក​មក​អភិវឌ្ឍន៍​នៅ​ក្នុង​ភូមិ​ជុំ​វិញ​ភ្នំ​នោះ​ទេ ហើយ​ថែម​ទាំង​​បាន​ប្រមូល​យក​​ដី​ដែល​កាយ​ភ្នំ​រាប​ស្មើ​​យក​ទៅ​លក់​ឲ្យ​អ្នក​មាន​លុយ​ថែម​ទៀត​ផង៖ «អូ! វា​ហុយ​គេ​ឡាន​ដឹក​ដី​មក​វា​ហុយ​ចូល​ផ្ទះ​ពលរដ្ឋ គឺ​វា​រំខាន​តែ​ម្ដង​ តែ​ពួកខ្ញុំ​រាស្ត្រ​សាមញ្ញ​ចេះ​មិន​ដឹង​គិត​ថា​យ៉ាង​ឲ្យ​គេ​បាន បើ​និយាយ​ជា​ច្រើន​ដង​ហើយ​​គេ​មិន​ដែល​ស្ដាប់​យើង​ផង​។ស្ដាយ​ណាស់​ខ្ញុំ​ ស្ដាយ​ភ្នំ​មើល​ទៅ​ឃើញ​តែ​កំពូលភ្នំ ហើយ​កៀន​ៗភ្នំ​ក្លាយ​ទៅ​ជា​ក្រហេងក្រហូង​អស់រលីង​មិន​ដឹង​គិត​ធ្វើ​យ៉ាង​បើ​បែប​នេះ»

កាល​ពី​ថ្ងៃ​ទី៧ ​វិច្ឆិកា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​លោក​​ បោន ប៊ិន បាន​សហការ​​ជា​មួយ​ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ លោក​ ធៀម ភក្តី និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត លោក មាស ច័ន្ទពិសិដ្ឋ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​កង​រាជ​អាវុធហត្ថ​ខេត្ត និង​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ទៅ​បញ្ឈប់​ការ​ជីក​កកាយ​ដី​ភ្នំ​ដោយ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន គង់ មាន​ នៅ​ភ្នំ​កង​វ៉ា សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ។ ការ​បង្ក្រាប​នេះ អាជ្ញាធរ​​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន ៦នាក់​ ហើយ​ដក​ហូត​អេស្កាវ៉ាទ័រ បាន​ចំនួន ៣គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន ៩គ្រឿង។ សមត្ថកិច្ច ​អះអាង​ថា​ ការ​ចាប់​នេះ​អ្នក​ពាក់ព័ន្ធ​នឹង​ត្រូវ​កសាង​សំណុំ​រឿង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី។

ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ជើង​ភ្នំ​កង​វ៉ា​អះអាង​​ថា​ ការ​ចាប់​នេះ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ព្រោះ​កន្លង​មក​ក្រោយ​ពី​ពួកគាត់​បាន​តវ៉ា​​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​មួយ​នេះ​ ហើយ​អាជ្ញាធរ​ក៏​បាន​ទៅ​បញ្ឈប់​ក្រុម​ហ៊ុន​​ខ្លះ​ដែរ​ ប៉ុន្តែ​ប្រមាណ​ ១ខែ​ក្រោយ​មក​ក្រុម​ឈ្មួញ​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដូច​ដើម​ឡើង​វិញ៖ «កន្លង​គេ​ថា​ឈប់​ចូក​ភ្នំ​ហើយ​ តែ​ចេះ​តែ​មាន​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ចេះ​តែ​មក​ចូល​ដី​ភ្នំ​បាន​ បើ​និយាយ​ទៅ​បង្ក្រាប​មិន​បាន​ជោគជ័យ​ទេ​ដូច​វែក​ចក​ក្នុង​បឹង​អីចឹង វែក​ហើយ​ក៏​មក​វិញ​ វា​មិន​ឃើញ​ថា​ឲ្យ​ឈប់​ទេ​ ហើយ​ថ្មីៗ​នេះ​ទៀត​ គេ​យក​ដី​ហើយ​វា​ចេញ​ទឹក​ហើយ​គេ​យក​ម៉ាស៊ីន​បូម​ទឹក​ទម្លាក់​មក​ខាង​ក្រោយ​លិច​ដំឡូង​មី​របស់​ពលរដ្ឋ​អស់​៩​គ្រួសារ»

អាស៊ី​សេរី​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​​តំណាង​ក្រុមហ៊ុន គង់ មាន ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា។

ប៉ុន្តែ​ពលរដ្ឋ​លើក​ឡើង​ថា ការ​ធ្វើ​អាជីវកម្ម​មួយ​នេះ​ធ្វើ​ឲ្យ​ដី​ភ្នំ​កង​វ៉ា​បាត់​រូប​រាង​ និង​ខូច​ខាត​​ប្រហែល​១០០​ហិកតារ និង​ខូច​ផល​ដំណាំ​របស់​ពលរដ្ឋ​ប្រមាណ​ ១០​ហិកតារ​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា​ អះអាង​ថា​ សមត្ថកិច្ច​ចាប់​បាន​តែ​កម្មករ​ស៊ីឈ្នួល​ឲ្យ​ក្រុម​ហ៊ុន​គង់​ មាន​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នោះ​ប៉ុន្តែ​មិន​បាន​​ចាប់​ម្ចាស់​ក្រុម​ហ៊ុន​នេះ​​ និង​ក្រុម​ហ៊ុន​ដទៃ​ទៀត​យក​ទៅ​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ លោក ស៊ុំ ច័ន្ទគា ថា វិធាន​បែប​នេះ​មិន​បាន​ជោគជ័យ​ឡើយ​ ហើយ​មិន​យូរ​ទេ​ក្រុម​ហ៊ុន​មួយ​នេះ​នឹង​បន្ត​សកម្មភាព​ដដែល ព្រោះ​មិន​បាន​ផ្ដន្ទាទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​កុំ​ឲ្យ​ជន​នោះ​ហ៊ាន​ធ្វើ​អាជីវកម្ម​​ល្មើស​ច្បាស់​​​បំផ្លាញ​ធនធាន​ធម្មជាតិ​បន្ត​ទៀត៖ «ប៉ុន្តែ​កន្លែង​ផ្សេងៗ​នៅ​តែ​ដំណើរ​ការ​ ដូច​ជា​ភ្នំ​នៅ​ស្រុក​ស្វាយ​ចេក​ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ផ្ដិត​ស្នាម​មេដៃ​តវ៉ា​ហើយ​នៅ​តែ​អាជ្ញាធរ​មិន​អើពើ ហើយ​សូម្បី​តែ​មេភូមិ​ និង​មេឃុំ​ក៏​មិន​ហ៊ាន​និយាយ​អំពី​បញ្ហា​ក្រុម​ហ៊ុន​នោះ​ដែរ​។ដូច្នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​អនុវត្ត​​ច្បាប់​ស្តង់ដារ​២ ស្តង់ដារ​ទី​អ្នក​ក្រ​ត្រូវ​ជាប់​គុក ហើយ​អ្នក​មាន​លុយ​មាន​អំណាច​ច្រើន​តែ​រួច​ខ្លួន»

សព្វ​ថ្ងៃ​ភ្នំ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ ដែល​មាន​ឃុបឃិត​ជា​មួយ​មន្ត្រី​មាន​អំណាច ធ្វើ​អាជីវកម្ម​ថ្មី​ភ្នំ​ មាន​ដូច​ជា​ភ្នំ​នៅ​ស្រុក​ព្រះនេត្រ​ ភ្នំស្រុក​ស្វាយចេក ភ្នំ​នៅ​ក្រុង​សិរីសោភ័ណ​ និង​ភ្នំ​ធំ​នៅ​ស្រុក​មង្គលបូរី ជា​ដើម​ ភ្នំ​ធំ​នៅ​ស្រុក​មង្គលបូរី​នេះ​មាន​ក្រុម​ហ៊ុន​រហូត​ដល់​ទៅ​ ៤ក្រុមហ៊ុន​ ដែល​កំពង់​ដណ្ដើម​គ្នា​កកាយ​ភ្នំ​យក​ថ្ម​ទៅ​លក់។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ​ លោក សុត វឌ្ឍនា ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅ​ភ្នំ​ធំ​​ស្រុក​មង្គលបូរី​ មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ត្រឹមត្រូវ។ លោក​បន្ថែម​ទៀត​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដោយសារ​តម្រូវ​ការ​របស់​ពលរដ្ឋ ដើម្បី​យក​ថ្ម​ទៅ​អភិឌ្ឍន៍​ឲ្យ​ប្រទេស​មាន​ការ​រីក​ចំរើន។

លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​នេះ​ដោយសារ​សមត្ថកិច្ច​​អនុវត្ត​ច្បាប់​ធូរ​លុង​ និង​បណ្ដាល​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ដោយ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ភ្នំ​មួយ​ចំនួន​នៅ​ទីប្រជុំ​ជន ​និង​ជា​ភ្នំ​ប្រវត្តិ​សាស្ត្រ​មាន​រៀបរាប់​​នៅ​ក្នុង​បទ​ចំ​រៀង​សម័យ​ពី​ដើម​ ដូច​ជា​ភ្នំ​តូច​ និង​ភ្នំ​ធំ​នៅ​ស្រុក​មង្គលបូរី​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment