ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​ល្បាត​ព្រៃ​នៅ​ឧត្តរមានជ័យ​ប្រទះឃើញ​ដើម​ធ្នង់​ជាច្រើន​ដើម​ត្រូវ​បាន​ជនខិលខូច​លួច​កាប់

ដោយ មួង ណារ៉េត
2018-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមព្រះ​សង្ឃ​ដែល​ស្រលាញ់​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​ចុះ​ល្បាត​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា ប្រភេទ​ឈើ​ប្រណិត​ជាច្រើន​ដើម​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខវន្ត កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា ២០១៨។ Photo provided
ក្រុមព្រះ​សង្ឃ​ដែល​ស្រលាញ់​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​ចុះ​ល្បាត​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា ប្រភេទ​ឈើ​ប្រណិត​ជាច្រើន​ដើម​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខវន្ត កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា ២០១៨។ Photo provided


ក្រុមព្រះ​សង្ឃ​ដែល​ស្រលាញ់​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា ប្រភេទ​ឈើ​ប្រណិត​ជាច្រើន​ដើម​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខវន្ត ត្រូវ​បាន​ជនខិលខូច​លួច​កាប់​យក​ឈើ​ទៅ​លក់ ហើយ​រក្សាទុក​កំណាត់ឈើ​រាយប៉ាយ​ក្នុង​ព្រៃ​សហគមន៍ ខណៈ​ជន​ប្រព្រឹត្ត​បាន​រត់​គេច​ខ្លួន​បាត់។ ព្រះសង្ឃ​និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ឧត្ដរមានជ័យ ព្រួយបារម្ភ​ថា ប្រភេទ​ឈើ​ប្រណិត និង​សត្វព្រៃ​ដ៏​កម្រ​នៅ​ក្នុង​ព្រៃ​សង្ឃរុក្ខវន្ត ប្រឈម​នឹង​ការ​ហិនហោច​ដោយសារ​ជនខិលខូច​បាន​ចូល​ទៅ​លួច​ដាក់​អន្ទាក់​យក​សត្វ និង​លួច​កាប់​ឈើ​ជា​រៀងរាល់ថ្ងៃ ស្រប​ពេល​ដែល​អ្នក​ការពារ​មាន​ចំនួន​តិចតួច។

ព្រះសង្ឃ​ដែល​ស្រលាញ់​ព្រៃឈើ​ជាង ១០​អង្គ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ចុះ​ល្បាត​ព្រៃ​សង្ឃ​រុក្ខវន្ត​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ហើយ​ប្រទះឃើញ​កំណាត់ឈើ​ធ្នង់ និង​គល់​ជាច្រើន​ដើម​ដែល​ទើបតែ​កាប់​ថ្មីៗ​នៅ​រាយប៉ាយ​ពេញ​ព្រៃ។

ព្រះ​មេគុណ​ខេត្ត​ឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរដីកា​ថា ព្រះសង្ឃ​និង​សង្គម​ស៊ីវិល​មិន​អាច​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខវន្ត​ឲ្យ​គង់វង្ស​បានទេ ព្រោះ​ព្រៃឈើ​មួយ​នេះ​មាន​ទំហំ​ធំធេង ខណៈ​អ្នកការពារ​មាន​ប្រហែល​២០​នាក់ ហើយ​ចំនួន​កាន់តែ​តិច​ទៅ ដូច្នេះ​ជា​ឱកាស​របស់​ជនខិលខូច​ចូល​ទៅ​លួច​កាប់​ឈើ​យក​ទៅ​លក់​បន្ត​កើតមាន​ជា​ញឹកញាប់។ ព្រះតេជព្រះគុណ​បន្ថែម​ថា ឈើ​ដែល​ប្រឈម​នឹង​ហិនហោច​ឆាប់រហ័ស​គឺ​ប្រភេទ​ឈើ​ប្រណិត​ដូចជា​ធ្នង់ និង​បេង​ជាដើម រីឯ​សត្វព្រៃ​ប្រភេទ​សត្វ​កម្រ ដែល​រស់នៅ​ក្នុង​ព្រៃ​អភិរក្ស​ក៏​ប្រឈម​នឹង​វិនាស​ដូចគ្នា​ដែរ ជាពិសេស​ជ្រូកព្រៃ ប្រើស ឆ្លុះ និង​សត្វ​ទន្សោង​ត្រូវ​បាន​ជន​ប្រព្រឹត្ត​លួច​ចូល​ទៅ​ដាក់​អន្ទាក់​ចាប់​បានជា​ញឹកញាប់ ហើយ​មិន​ងាយ​ចាប់​បាន​ជន​ទាំងនោះ ដើម្បី​យក​ប្រគល់​សមត្ថកិច្ច​ចាត់​វិធាន​ផ្លូវច្បាប់​បានទេ ព្រោះ​ពួកគេ​បាន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ ហើយ​មាន​មេខ្យល់​ចាំ​ផ្ដល់​សញ្ញា​ដើម្បី​ឲ្យ​ពួកគេ​រត់គេច​ខ្លួន​បាន​ទាន់​ពេល​ទៀត​ផង៖ «ប្រជាពលរដ្ឋ​ដែល​រស់នៅ​ព្រៃ​យើង​នោះ​ផង និង​ពលរដ្ឋ​មកពី​តំបន់​ផ្សេង​ផង មាន​អ្នកខ្លះ​គេ​ដឹកនាំ​មកពី​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប មកពី​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​ក៏​មាន​ដែរ មាន​មេខ្លោង​គេ​អូសទាញ​មក ដោយ​មេខ្លោង​ចាំ​ទិញ​ទៅ ហើយ​គេ​ទៅ​នាំ​មនុស្ស​មក​លួច​កាប់​ឈើ​ឲ្យ​គេ»

ព្រះសង្ឃ​ការពារ​ព្រៃឈើ​អង្គ​នេះ​បន្ថែម​ទៀត​ថា មួយរយៈ​ចុងក្រោយ​នេះ​ជន​ប្រព្រឹត្ត​លួច​កាប់​ឈើ​ប្រណិតៗ​ដែល​មានមុខ​ប្រហែល ២០​សង់ទីម៉ែត្រ​ឡើង​អស់​ប្រមាណ​ពី ១៥ ទៅ​ជាង ៣០​ដើម​ក្នុង​មួយ​ខែ ហើយ​ព្រៃ​ដែល​ជា​មុខសញ្ញា​ជនខិលខូច​លួច​ធ្វើ​សកម្មភាព​ញឹកញាប់​ព្រៃ​នៅ​ក្នុង​ភូមិ​បាក់នឹម និង​ភូមិ​ចារ ក្នុង​ខេត្ត​ឧត្ដរមានជ័យ ហើយ​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​ខ្លាំង​ចាប់ពី​ពាក់​កណ្ដាល​ខែ​សីហា ដល់​ពាក់​កណ្ដាល​តុលា​ជា​រៀងរាល់​ឆ្នាំ ព្រោះ​ជា​រដូវ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អ្នកការពារ​ពិបាក​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ៖ «ពេលខ្លះ​តំបន់​ដែល​មាន​បញ្ហា​ហើយ​យើង​សុំ​អាជ្ញាធរ​ឲ្យ​ជួយ​ការពារ​យើង ជូន​កាល​គាត់​មក​បាន​ពីរ​បី​ថ្ងៃ​ក៏​បាត់​ទៅវិញ ហើយ​ធ្វើ​បញ្ហា​វា​កើតមក​ទៀត។ ដូច្នេះ​អាត្មា​ព្រួយបារម្ភ ខ្លាច​អស់​ព្រៃ ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ព្រៃឈើ​នេះ​បាត់​បង់ហើយ​ដើម្បី​ឲ្យ​ព្រៃឈើ​នេះ​នៅ​ជាមួយ​ពលរដ្ឋ​បន្តទៀត បានជា​អាត្មា​គិត​ថា មាន​តែ​កាយ​ធ្វើ​ព្រំប្រទល់​ព្រៃ​សហគមន៍​ដើម្បី​យើង​ការពារ​ទាំង​សត្វ​ផង​និង​ព្រៃឈើ​បាន​ល្អ​ផង»

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ហិនហោច​ព្រៃ និង​សត្វ​កម្រ​បន្តបន្ទាប់​នេះ មួយ​ផ្នែក​ដោយសារ​ខ្វះ​ការ​សហការ​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ហើយ​បណ្ដោយ​ឲ្យ​តែ​ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ការពារ​ព្រៃឈើ ម្យ៉ាងទៀត​កន្លងមក​អាជ្ញាធរ​ច្រើនតែ​យាយី​ដល់​អ្នកការពារ​ដូច​យក​អន្ទាក់​ទៅ​ដាក់​ពាំង​ផ្លូវ មិន​ឲ្យ​ចូល​ទៅ​ដល់​ទីតាំង​ដែល​ជន​ប្រព្រឹត្ត​ធ្វើ​សកម្មភាព​ជាដើម។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ លោក ភួង លីណា មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​អភិរក្ស​ព្រៃ​សង្ឃរុក្ខវន្ត បើទោះបី​ជា​មាន​កម្លាំង​ការពារ​តិច​ក៏ដោយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយនេះ បទល្មើស​បាន​ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ដោយសារ​មាន​ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ទប់ស្កាត់​បាន​ល្អ​ធ្វើ​ឲ្យ​ជនខិលខូច​មួយ​ចំនួន​មានការ​ខ្លាចរអា​មិន​ហ៊ាន​ចូល​ទៅ​ទន្ទ្រានព្រៃ។ លោក ភួង លីណា អះអាង​ទៀត​ថា សព្វថ្ងៃ​ការទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​មិន​មាន​ទេ តែ​នៅសល់​បទល្មើស​តិចតួច​កើតមាន​ចំពោះតែ​ការ​លួច​កាប់​ឈើ​ប្រណិត​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ និង​ព្រាន​លួច​ដាក់​អន្ទាក់​សត្វព្រៃ​ក៏​មាន​តិចតួច​ដែរ៖ «ប៉ុន្តែ​គ្រាន់តែ​ថា​ការ​ដំណើរ​របស់​យើង​វា​ជួបប្រទះ​បញ្ហា​មួយ​ចំនួន ទីមួយ​ខ្វះ​ប្រេង​សម្រាប់​ចាក់​អេស្កាវាទ័រ ហើយ​កន្លងមក​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ឧបត្ថម្ភ​ប្រេង​ខ្លះ​ដែរ ហើយ​ព្រះសង្ឃ​ទៅ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ខ្លះ និង​មាន​អ្នកស្ម័គ្រចិត្ត​មួយ​ចំនួន​គេ​បាន​ជួយ ហើយ​ត្រូវការ​ប្រេង​ច្រើន​ទៀត​ក្នុង​ការ​ជីក​ធ្វើ​ព្រំ​ដី។ ហើយ​មួយទៀត​យើង​រាំងស្ទះ​ដោយសារ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​អាស្រ័យ​នៅ​ទីនោះ គាត់​តែង​ធ្វើការ​ហាមឃាត់​យើង​ធ្វើ​ឲ្យ​ដំណើរ​រាំងស្ទះ ដោយសារ​គាត់​លើក​ឡើង​ថា ដី​របស់​គាត់​អាស្រ័យ​នៅ​តំបន់​នោះ»

មន្ត្រី​បរិស្ថាន​រូប​នេះ​បន្ថែម​ទៀត​ថា ចំពោះ​សំណើសុំ​ធ្វើ​ព្រំ​ដី​ព័ទ្ធជុំវិញ​ព្រៃ​ដើម្បី​ការពារ​ព្រៃ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​នោះ សព្វថ្ងៃ​ខាង​មន្ទីរ​បាន​ចាប់ផ្ដើម​យក​គ្រឿង​ច្រក​ទៅ​កាយ​ដី​ធ្វើ​ព្រំ​បណ្ដើរៗ​ហើយ​។​លោក​ថា បញ្ហា​ព្រៃឈើ​ជា​របស់​ទាំងអស់​គ្នា​ដូច្នេះ​ដើម្បី​ទប់​ការពារ​ព្រៃ​ឲ្យ​បាន​គង់វង្ស​ទាល់តែ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ហើយ​មិន​ត្រូវ​រំពឹង​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ព្រះសង្ឃ ឬ​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ប្រចាំ​ខេត្ត​ឧត្ដរមានជ័យ​លោក វ៉ាន់ រិម ដែល​បាន​ចុះ​ល្បាត​ព្រៃ​សង្ឃ​រុក្ខវន្ត​លើកឡើង​ថា ព្រៃ​មួយ​នេះ​នៅ​តែ​មាន​ការ​កាប់​បំផ្លាញ ហើយ​សត្វព្រៃ​ដ៏​កម្រ​ក៏​កាន់តែ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​អាច​នឹង​អស់​ក្នុង​ពេល​ឆាប់ៗ ប្រសិនបើ​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​មិន​រក​វិធី​ការពារ​ឲ្យ​បាន​ទាន់​ពេលនោះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា វិធី​ការពារ​ដែល​ប្រសើរ​លុះត្រាតែ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​សារៈសំខាន់​របស់​ព្រៃឈើ ហើយ​ជំរុញ​ឲ្យ​ពួកគាត់​ជួយ​ការពារ​ទាំងអស់​គ្នា​ដើម្បី​រក្សា​ព្រៃ​ទុក​ឲ្យ​បាន​គង់វង្ស៖ «ហើយ​មួយ​វិញ​ទាក់ទង​នឹង​កម្លាំង​មន្ត្រី​ជំនាញ​ដូចជា​ខាង​បរិស្ថាន​ជាដើម​នោះ​មាន​គ្នា​តិច​ដែរ​នៅ​ទីនោះ ហើយ​ប្រចាំការ​នៅតែ​មួយក​ន្លែង​អត់​បាន​ល្បាត​អត់​បាន​ចុះ​ជាប្រចាំ​ទេ ព្រោះ​ភាគច្រើន​ដែល​ចូល​កាប់​ឈើ​មាន​អ្នក​ចំណូលស្រុក​ហើយ​គាត់​អត់​ដឹង​ថា អ្វី​ជា​តម្រូវការ និង​ផលប្រយោជន៍​សម្រាប់​អ្នក​ដែល​រស់នៅ​តំបន់​នោះ​ទេ ដូច្នេះ​គាត់​មក​ចម្ងាយ​គាត់​គិតតែ​ផលប្រយោជន៍​ដែល​ទាញ​យក​ហើយ​ទៅវិញ ដូច្នេះ​សូម​ឲ្យ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ព្រះសង្ឃ​នៅ​ទីនោះ​ជួយ​គាំទ្រ​ទាំង​ផ្នែក​សម្ភារៈ​ទាំង​ផ្នែក​កម្លាំងកាយ​ផង​បាន​ទៅ​រួច»

របាយការណ៍​មន្ត្រី​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វន្ត​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន​៣​ស្រុក រួមមាន​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង និង​មាន​ផ្ទៃដី​ជាង​១​ម៉ឺន​៨​ពាន់​ហិកតារ​(១៨,០០០) ក្នុង​នោះ​ព្រៃឈើ​ប្រមាណ ៦​ពាន់​ហិកតារ​ត្រូវ​លិច​ទឹក​ងាប់​ដើមឈើ ដោយសារ​ទំនប់​របស់​ចិន​សម្រាប់​សម្រោច​សម្រប​ស្រូវប្រាំង​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន លើកឡើង​ថា ក្នុង​ខេត្ត​មួយ​នេះ​មាន​សហគមន៍​ព្រៃឈើ​ទាំងអស់​ចំនួន​១៣​កន្លែង និង​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ហើយ​សព្វថ្ងៃ​មន្ត្រី​សហគមន៍​មានការ​រុញរា​ក្នុង​ការ​ការពារ​ព្រៃឈើ ព្រោះ​ពួកគាត់​គ្មាន​អាវុធ និង​គ្មាន​អំណាច ដើម្បី​ទប់ស្កាត់​ជន​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ ដែល​ជា​ទូទៅ​មាន​អាវុធ​ហើយ​មានអំណាច តែងតែ​គំរាមកំហែង​ដល់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ការ​ការពារ​ព្រៃឈើ​មានការ​លំបាក ហើយ​បណ្ដាល​ឲ្យ​ព្រៃ​ចេះតែ​ហិនហោច​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment