សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ឡើងវិញ​ពី​ការ​ចាប់​ខ្លួន​យុវជន​ម្នាក់​បង្ហោះ​រិះគន់​ម្ចាស់​ហាង​មិន​ទទួល​លុយ​ខ្មែរ

ដោយ វ៉ែន សុមេធ
2018-11-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន ឈ្មោះ ម៉ៅ ឌីណា ដែល​នគរបាល​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លូន​កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា ឆ្នាំ ២០១៨។ រូបភាព៖ ហ្វេសប៊ុក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង
យុវជន ឈ្មោះ ម៉ៅ ឌីណា ដែល​នគរបាល​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លូន​កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា ឆ្នាំ ២០១៨។ រូបភាព៖ ហ្វេសប៊ុក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង


មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ស៊ើបអង្កេត​ឡើងវិញ​លើ សំណុំរឿង​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​បង្ហោះ​សារ​រិះគន់ ម្ចាស់​ហាង យីហោ ហេង ឡាយ មិន​ទទួល​ប្រាក់​រៀល​ខ្មែរ ដែល​ពួកគេ​ទៅ​ទិញ​កាត​ទូរស័ព្ទ។ ពួកគេ​អះអាង​ថា សមត្ថកិច្ច​ក៏​ត្រូវ​មាន​វិធានការ​ច្បាប់​ដល់​ម្ចាស់​ហាង យីហោ ហេង ឡាយ នោះ​ដែរ មាន​ចេតនា​មិន​ទទួល​ប្រាក់​រៀល​ខ្មែរ ខុសច្បាប់ និង​បំពាន​គោលការណ៍​ណែនាំ​របស់​ធនាគារ​ជាតិ។

មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ចង់ ឃើញ​សមត្ថកិច្ច និង​តំណាង​អយ្យការ​ខេត្ត​នេះ ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​លើ​សំណុំ​រឿង​នេះ ចៀសវាង​អនុវត្ត​ច្បាប់​មិន​គ្រប់​ជ្រុងជ្រោយ និង​ក្រោម​សម្ពាធ​បុគ្គល​​មាន​លុយ និង​មានអំណាច។ លោក​បញ្ជាក់​ថា ដើមហេតុ​រឿង​នេះ ម្ចាស់​ហាង យីហោ ហេង ឡាយ មិន​ទទួល​ប្រាក់​រៀល​ខ្មែរ​ពី​យុវជន​ខុសច្បាប់ ដែល​នាំ​ឲ្យ​គាត់​បង្ហោះ​សារ​រិះគន់​ក្នុង​បំណង​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរ៖ «សូម​អោយ​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើងវិញ ពី​ដើមចម​ឲ្យ​បាន​ច្បាស់លាស់​។ បើ​រក​ឃើញ​ថា ម្ចាស់​ហាង​ជាដើម​ហេតុ ធ្វើ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើតឡើង គួរតែ​សមត្ថកិច្ច​ធ្វើតាម​ច្បាប់ និង​ទទួលទោស​ទាន់​ដែរ។ ករណី​យុវជន​មិន​មាន​ចេតនា និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ គួរតែ​ដោះលែង​គាត់ ព្រោះ​អាច​មាន​ការ​យល់​ច្រឡំ»

កាលពី​ថ្ងៃ​ទី៦ វិច្ឆិកា យុវជន ឈ្មោះ ម៉ៅ ឌីណា បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លើ​គណនេយ្យ​ហ្វេសបុក ឈ្មោះ ម៉ៅ ឌីណា ដោយ​បាន​ថត​បង្ហោះ​ប្រាក់​រៀល​ខ្មែរ និង​សរសេរ​ថា លុយ​រៀល​ខ្មែរ​ទៅ​ទិញ​កាត​ទូរស័ព្ទ​នៅ​ទីតាំង​ប្តូរ​ប្រាក់ និង​វេរលុយ យីហោ ហេង ឡាយ គេ​មិន​យក​ទេ ព្រោះ​គេ​ថា​ខ្ជិល​រាប់។ ខ្លឹមសារ​បង្ហោះ​នោះ​បន្ថែម​ថា ចង់​សួរ​បងប្អូន​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង​តើ​យល់​យ៉ាងណា មាន​លុយ​ទៅ​ទិញ​គេ​ហើយ គេ​ថា ខ្ជិល​រាប់។

យុវជន ឈ្មោះ ម៉ៅ ឌីណា វ័យ ២១ឆ្នាំ រស់នៅ ភូមិ​ស្រែក្រសាំង ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ស្នងការ​ខេត្ត​ស្ទឹងត្រែង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា លោក​បាន​យក​លុយ​រៀល​ខ្មែរ ១៥​ម៉ឺន​រៀល​ទិញ​កាត​ទូរស័ព្ទ នៅ​ហាង​យីហោ ហេង ឡាយ ក៏ប៉ុន្តែ​ម្ចាស់​ហាង​បដិសេធ​មិន​ទទួល​ប្រាក់ ដោយ​លើក​ហេតុផល​ថា ខ្ជិល​រាប់​។ យុវជន ម៉ៅ ឌីណា​បន្ត​ថា ក្រោយមក​លោក​បាន​សរសេរ និង​ថត​បង្ហោះ​រឿង​នេះ តាម​បណ្ដាញ​សង្គម ស្រាប់​តែ​មាន​គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ បញ្ញា ហេងឡុង និយាយ​ក្នុង​ខ្ទង់​ខាំ​មិន​បំផ្លើស​ថា លុយ​ដែល​ទិញ​កាត់​ទូរស័ព្ទ​រហែក ធ្វើ​ឲ្យ​លោក​រឹតតែ​ខឹង​សម្បារ។ លោក​អះអាង​ថា ថ្វីត្បិតតែ​លោក​បាន​ទាមទារ​ប្រាក់មួយ​ពាន់​ដុល្លារ​មែន ប៉ុន្តែ​លោក​មិន​ចង់បាន​ប្រាក់​នោះ​ទេ៖ «គោល​គំនិត​ខ្ញុំ ចង់​បំផុស​ពញាក់​ស្មារតី ពូ និង មីង ឲ្យ​ចេះ​ស្រឡាញ់​រូបិយប័ណ្ណ​ខ្មែរ និង​ទទួលយក​ប្រាក់​រៀល ហើយ​ចំពោះ​អ្នកលក់​មិន​ត្រូវ​និយាយ​ថា ខ្ជិល​រាប់​នោះ​ទេ។ ចំពោះ​ប្រាក់​ខ្ញុំ​ទារ ១.០០០​ដុល្លារ ខ្ញុំ​នឹង​ជូន​​គាត់​វិញ គ្រាន់តែ​ចង់​ឲ្យ​ពូ​ចូលរួម​គាំទ្រ​រូបិយប័ណ្ណ​ខ្មែរ តែប៉ុណ្ណោះ»

យុវជន​រូប​នេះ​អំពាវនាវ​ឲ្យ​ព្រះរាជអាជ្ញា និង​តុលាការ​ខេត្ត​ស្ទឹងត្រែង ទម្លាក់​បទ​ចោទ​លើ​រូបលោក ព្រោះ​​លោក​គ្មាន​ចេតនា​​ប្រព្រឹត្ត​​កំហុស​​ដូច​​ការ​ចោទ​ប្រកាន់​​បែប​នេះ​ទេ៖ «ខ្ញុំ​យល់ថា អយុត្តិធម៌​ពេក​ហើយ គ្មាន​ការ​ដេញ​ដោលច្បាស់លាស់ គ្រាន់តែ​ណាត់​ជួប​ភ្លាម​ចាប់ខ្លួន​ភ្លាម វ៉ៃ​ខ្នោះ»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង ម្ចាស់​ហាង យីហោ ហេង ឡាយ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អធិការ​ក្រុង​ស្ទឹងត្រែង លោក ឈូក កុម៉ល បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ចាប់ខ្លួន​យុវជន​រូប​នោះ​ពី​បទ​​ជំរិត​​គំរាម​​ទារ​​លុយ​​គេ​តាម​​​ទូរស័ព្ទ។ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ពុំ​មែន​ធ្វើឡើង​ដោយសារ បង្ហោះ​ហ្វេសប៊ុក​នោះ​ទេ។ តែ​យ៉ាងណា​អធិការ​រូប​នេះ​បដិសេធ មិន​ឆ្លើយ​សំនួរ​របស់​អាស៊ីសេរី​ថា​តើ សមត្ថកិច្ច​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ហាង​ដែល​មិន​ទទួល​លុយ​រៀល​ខ្មែរ​ឬទេ​?«បទ​ជំរិត​លុយ​គេ។ មិនមែន​បទ​បង្ហោះ​ហ្វេសប៊ុក​ទេ ប្រធានបទ​គឺ​អ៊ីចឹង»

ទោះបីជា​យ៉ាងណា​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង​ធ្លាប់​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា ការ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ ផ្អែកលើ​សារ​បង្ហោះ​ក្នុង Facebook ឈ្មោះ ម៉ៅ ឌីណា ដោយ​និយាយ​បំផ្លើស​ការ​ពិត និង​គំរាម​ទារ​ប្រាក់​ពី​ទីតាំង​ប្តូរ​ប្រាក់ ហេង ឡាយ​ចំនួន ១.០០០ដុល្លារ ជា​ថ្នូរ ការ​មិន​ឲ្យ​បង្ហោះ​រូបភាព​បន្ត។

លោក សឹង សែនករុណា យល់​ថា សមត្ថកិច្ច​គួរតែ​អប់រំ​ណែនាំ​យុវជន​រូប​នោះ ប្រសើរ​ជាង​ដាក់​ទណ្ឌកម្ម​ច្បាប់ ព្រោះ​សំណុំ​រឿង​នេះ​អាច​មាន​ការ​យល់​ច្រឡំ ពី​ផ្នត់គំនិត​របស់​យុវជន និង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។ លោក​បន្ថែម​ថា ម្ចាស់​ហាង យីហោ ហេង ឡាយ ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​ខ្លួន​មិន​ទទួល​លុយ​រៀល​ខ្មែរ។

ថ្មីៗ​នេះ ធនាគារ​ជាតិ​បាន​ជូនដំណឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រមាន​ថា បើ​ជន​ណា មិន​ព្រម​ទទួល​ចាយ​ប្រាក់​រៀល​របស់​កម្ពុជា​នោះ​ទេ នឹង​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ។

ច្បាប់​ស្ដីពី​ការរៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​មាត្រា ៦៤ សរសេរ​ថា ជន​ណា​ពុំ​ព្រម​ទទួល​រូបិយវត្ថុ ឬ​ប្រាក់​រៀល​របស់​កម្ពុជា ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់ ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ឡើងវិញ​ពី​ការ​ចាប់​ខ្លួន​យុវជន​ម្នាក់​បង្ហោះ​រិះគន់​ម្ចាស់​ហាង​មិន​ទទួល​លុយ​ខ្មែរ"

  1. Anonymous says:

    I can tell that these two officers think why I do this to my brother he have no mistake . another though this time it is him next it can be me . this is we call law from haven you damp if do and you also damp if you don’t. GOD bless KAMPOUCHEA

Leave a Reply

Submit Comment