អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ត្រៀម​ចែក​ស្រោមអនាម័យ​ក្នុង​ពិធី​អុំទូក

ដោយ ជាតិ ចំណាន
2018-11-09
RFA

អង្គការ PSI ចែក​ចាយ​ស្រោម​អនាម័យ​ការពារ​ជំងឺ​អេដស៍​ក្នុង​ពិធីបុណ្យ​អុំ​ទូក នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១២ វិច្ឆិកា ២០០៨។ RFA
អង្គការ PSI ចែក​ចាយ​ស្រោម​អនាម័យ​ការពារ​ជំងឺ​អេដស៍​ក្នុង​ពិធីបុណ្យ​អុំ​ទូក នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១២ វិច្ឆិកា ២០០៨។ RFA


អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ នឹង​ត្រៀម​ចែក​ស្រោមអនាម័យ​ចំនួន ៣​ម៉ឺន​ស្រោម ក្នុង​ថ្ងៃ​ព្រះ​រាជពិធី​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ។ គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​បាន​ដក​ស្រង​សម្ដី​របស់ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ លោក តែង គន្ធី កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា ក្រៅពី​ចុះ​ចែក​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ ក្រុម​ការងារ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ក៏​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ ពី​ជំងឺ​អេដស៍​នៅ​តាម​ទីប្រជុំជន សួនច្បារ​តំបន់​កោះ​ពេជ្រ ដែល​ជា​កន្លែង​ក្រុម​កីឡាករ​ទូកង​ស្នាក់នៅ និង​នៅ​តាម​តំបន់​ត្រើយ​ខាងលិច។ លោក តែង គន្ធី បន្ដ​ថា អាជ្ញាធរ​ជាតិ​ប្រឆាំង​ជំងឺ​អេដស៍​នឹង​រៀបចំ​កន្លែង​សម្រាប់​ធ្វើការ​តេស្ដ​ឈាម ដើម្បី​ស្វែងរក​ជំងឺ​អេដស៍​ដោយ​ឥតគិតថ្លៃ ហើយ​នឹង​ណែនាំ​ពី​របៀប​ដើម្បី​ទទួល​បាន​ថ្នាំ​ពី​ក្រសួងសុខាភិបាល។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ឲ្យ​ដឹង​ថា​ត្រឹម​ចុង​ឆ្នាំ​២០១៧ អ្នក​ផ្ទុក ជំងឺ​អេដស៍ មាន​សរុប​ចំនួន​ជិត ៦​ម៉ឺន​នាក់ ( ៥៨.៣២១)។ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ធ្លាប់​បាន​សម្ដែង​ក្ដី​បារម្ភ និង​បាន​ទទួល​ស្គាល់​អំពី​ការ​កម្រើក​ឡើងវិញ​នៃ​ការ​រីក​រាលដាល​និង​ការ​ឆ្លង​មេរោគ​អេដស៍។ ការ​លើកឡើង​ពី​កង្វល់​របស់​លោក ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​របាយការណ៍​របស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ អត្រា​ថ្មី​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​មាន​ចំនួន​ជិត ៦​រយ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles