អ្នក​ជំនាញ​សិទ្ធិមនុស្ស និង​អ្នកវិភាគ ចង់​ឃើញ​របប​លោក ហ៊ុន សែន ទទួល​​អនុសាសន៍​អ្នកស្រី រ៉ូណា ស្មីត

ដោយ មាន ឫទ្ធិ
2018-11-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។ RFA
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។ RFA


អ្នក​ជំនាញ​វិស័យ​សិទ្ធិមនុស្ស និង​អ្នកវិភាគ ចង់​ឃើញ​របប​លោក ហ៊ុន សែន ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត យក​មក​អនុវត្ត​នៅ​កម្ពុជា តាមរយៈ​ការ​កែ​លម្អ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ។ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ថា របប​នេះ​មិន​ត្រូវការ​អ្នក​វាយ​តម្លៃ​ការងារ​នោះ​ទេ។

អ្នក​ជំនាញ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី៩ វិច្ឆិកា ព្រមាន​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ព្រម​ធ្វើ​ការ​កែ​លម្អ​វិស័យ​សិទ្ធិមនុស្ស និង​យុត្តិធម៌​នោះ​ទេ នោះ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន នឹង​លែង​ក្លាយ​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​បាន​ទៀតហើយ៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​ដែល​ជា​ម្ចាស់​អំណាច។ ប្រសិនបើ​យើង​នៅ​ទុក​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌ បាន ន័យ​ថា​តុលាការ​នៅ​របៀប​នេះ​តទៅទៀត គឺ​មានន័យថា ប្រជាពលរដ្ឋ​យើង មិនមែន​ជា​ម្ចាស់​ទេ អ្នក​ដែល​ជា​ម្ចាស់​គឺ​អ្នក​មាន​អំណាច​ទៅវិញ​ទេ ពីព្រោះ​ថា​ឥឡូវនេះ យើង​ឃើញ​ថា​សង្គម​យើង​បច្ចុប្បន្ន មាន​មនុស្ស​មួយ​ចំនួន​នៅ​ពីលើ​ច្បាប់​។ នេះ​ហើយ​ដែល​យើង​ធ្វើ​អី​អត់​កើត។ នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​នៅ​ពីលើ​ច្បាប់ គេ​ធ្វើ​អ្វី ក៏​មិន​ចេះ​ខុស​ដែរ។ ចំណែក​យើង​ដែល​ឥត​ដែល​ធ្វើ​អី​ខុស​សោះ ក៏​គេ​ថា​ខុស​បាន​ដែរ គេ​យក​យើង​ទៅ​ដាក់គុក​បាន​ដែរ។ នេះ​ហើយ​ដែល​ជា​បញ្ហា ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ហ្នឹង​ក៏​អ៊ីចឹង​ដែរ ប្រជាជន​ជា​ម្ចាស់ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​និយាយ​ស្អី ទាមទារ​តវ៉ា​ស្អី គេ​យក​ទៅ​ដាក់​ពន្ធនាគារ គេ​យក​ទៅ​ធ្វើ​ទុក្ខបុកម្នេញ បាន​គ្រប់​បែប​យ៉ាង នៅ​គ្រប់ពេលវេលា។ នេះ​ហើយ​ដែល​យើង​លែង​មាន​ភាពជា​ម្ចាស់»

លោក ធន សារាយ គូស​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ស្ថាប័ន​យុត្តិធម៌ និង​កងកម្លាំងប្រដាប់អាវុធ មិន​ឯករាជ្យ ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ប្រទេស​យក​ទៅ​ក្ដោបក្ដាប់​បាន នោះ​អ្នកដឹកនាំ​ប្រទេស​អាច​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត៖ «អ្វី​ដែល​គេ​សម្រេចចិត្ត​គឺជា​បញ្ជា ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​នៅ​ក្នុង​សង្គម​ត្រូវតែ​ស្តាប់​តាម ហើយ​អ្នកណា​មិន​ស្ដាប់​តាម​ត្រូវ​ចាត់ទុកជា​ខ្មាំង ជាស​ត្រូវ​ទាំងអស់​។ នេះ​ហើយ​ដែល​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​សង្គម​របស់​យើង»

កាលពី​ថ្ងៃ​ទី៨ វិច្ឆិកា ថ្លែង​ក្នុង​ពេល​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី ៦ របស់​អ្នកស្រី​មកកាន់​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មីត ផ្ដល់​អនុសាសន៍​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ​ពិតជា​ចង់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចិរភាព និង​សន្តិភាព​យូរអង្វែង​មែន​នោះ នោះ​របប​នេះ ចាំបាច់​ត្រូវតែ​ធ្វើការ​ដោយ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ចូលរួម​បាន​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ និង​ក្នុង​សង្គម ហើយ​ត្រូវ​ផ្ដោត​លើ​ការ​គោរព​សិទ្ធិមនុស្ស​ជា​ចំណុច​ស្នូល។

អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត នេះ ចង់​សំដៅ​ទៅលើ​របប​លោក ហ៊ុន សែន ដែល​បរាជ័យ​ក្នុង​ការ​លើកកម្ពស់​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិស័យ​នយោបាយ ក្នុង​សង្គម និង​ការអភិវឌ្ឍន៍​ប្រទេស តាមរយៈ​ការ​រម្លាយ​ចោល​គណបក្ស​ប្រឆាំង ដែល​មាន​អ្នកគាំទ្រ​ដល់​ទៅ​ជិត​ពាក់​កណ្ដាល​ប្រទេស ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង សកម្មជន​នយោបាយ សិទ្ធិមនុស្ស ដាក់​ពន្ធនាគារ និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក ធន សារាយ យល់ស្រប​ទៅ​នឹង​អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត នេះ ដោយ​លោក​ពន្យល់​ថា នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ តម្រូវ​ឲ្យ​មាន​នូវ​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​ទូទៅ​មកពី​គ្រប់​មជ្ឈដ្ឋាន។ លោក​គូស​បញ្ជាក់​ថា នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ និង​ការសម្រេចចិត្ត​របស់​អ្នកដឹកនាំ​ប្រទេស ឬ​អ្នក​មាន​អំណាច តែងតែ​មាន​ពលរដ្ឋ​ពេញចិត្ត និង​មិន​ពេញចិត្ត ដោយសារតែ​មានការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ៖ «នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​ត្រូវតែ​ទុក​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​មានការ​តវ៉ា មានការ​ទាមទារ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​គាត់​ឲ្យ​បាន​សមស្រប​ជូន​គាត់​វិញ។ ប៉ុន្តែ នៅ​ក្នុង​របប​ដែល​មិន​ប្រជាធិបតេយ្យ គឺ​គេ​វាយ​មនុស្ស​ដែល​ត្រៀម​តវ៉ា​ហ្នឹង គេ​បង្ខំ​ឲ្យ​អ្នក​ហ្នឹង​ទទួល​នូវ​អ្វី​ដែល​ជា​ដំណោះស្រាយ​ដែល​គេ​ប្រគល់​ឲ្យ។ នេះ​ហើយ​ជា​ភាព​ខុសគ្នា​ធំ​ណាស់​ត្រង់​កន្លែង​ហ្នឹង។ នេះ​ហើយ ដែល​អ្នកដឹកនាំ​របស់​យើង មានការ​ខ្វះ​ចន្លោះ ចេះតែ​គិត​ថា ឲ្យ​តែ​អ្នកណា​ហ៊ាន​មាន​មតិ ផ្ដល់​មតិយោបល់ ឬ​ទាមទារ​តវ៉ា​ហ្នឹង គឺថា​សុទ្ធតែ​ជា​អ្នកប្រឆាំង​នឹង​របប​របស់​គាត់។ មិនមែន​ទេ។ នេះ​ជា​សិទ្ធិ​មូលដ្ឋាន ដែល​យើង​ត្រូវតែ​ទទួល​ស្គាល់។ បើ​មិន​អ៊ីចឹង​ទេ យើង​កុំ​ប្រកាស​ថា​ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ!»

បន្ថែម​ពីលើ​នេះ លោក គឹម សុខ អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា អនុសាសន៍​ដាក់​ចេញ​ដោយ​អ្នកស្រី រ៉ូណា ស្មីត គឺជា​មេរៀន​ប្រជាធិបតេយ្យ​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​លើក​កម្ពស់ និង​ការលើកតម្កើង​នូវ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ជាធំ ហើយ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ។ លោក​បន្ត​ថា បើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ពិតជា​ដឹកនាំ​ប្រទេស ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​មែន​នោះ​អនុសាសន៍​ទាំងនោះ គឺជា​ជំនួយ​ដ៏​ធំ​សម្រាប់​ពួកគេ​ក្នុង​ការ​យក​មក​អនុវត្ត​តាម៖ «គាត់​ចង់​ឆ្លើយ​ទៅ​មេដឹកនាំ​កម្ពុជា​ថា គាត់​កុំ​ទន្ទេញ​ពាក្យ​សន្តិភាព​តែមួយ​មុខ​។ វា​ត្រូវ​មាន​ក្ដោប​នឹង​ពាក្យ​យុត្តិធម៌ ហើយ​នឹង​ស្ថាប័ន​រឹងមាំ។ នេះ​ជា​ចំណុច​ដែល​យើង​រៀន​សូត្រ ហើយ​ដែល​មេដឹកនាំ​ខ្មែរ​របស់​របប​លោក ហ៊ុន សែន ត្រូវ​រៀន​សូត្រ​ឲ្យ​ច្បាស់។ សិទ្ធិ​យុត្តិធម៌​របៀប​ណា? យុត្តិធម៌​ដែល​ច្បាប់​មាន​ស្មារតី​នីតិរដ្ឋ​ពិតប្រាកដ​គ្រប់គ្នា ស្មើមុខ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។ មិនមែន​ច្បាប់​និយាយ​ដោយ​បុគ្គល​ម្នាក់ ហើយ​ខ្ញុំ​គ្រាន់តែ​អត្ថាធិប្បាយ​នីតិមាត់​មួយ​ម៉ាត់ នៅ​ក្នុង​ស្រុក​មិនបាន​អ៊ីចឹង​ទេ។ ស្ថាប័ន​រឹងមាំ​គឺ​ចង់​បញ្ជាក់​ថា កាតព្វកិច្ច​របស់​អ្នកគ្រប់គ្រង​ស្ថាប័ន​មួយៗ​ហ្នឹង គឺ​គាត់​មាន​សិទ្ធិ​សេរីភាព​ធ្វើតាម​តួនាទី តាមច្បាប់​ដែល​មាន​ចែង​។ អត់​មាន​ចាំ​ស្ដាប់​នរណា​ម្នាក់​ទេ»

ទាំង​លោក គឹម សុខ និង​ទាំង​លោក ធន សារាយ មើលឃើញ​ថា ចំពោះ​ការដឹកនាំ​ប្រទេសជាតិ​មួយ​ដែល​ខ្វះ​ការចូលរួម​ពិតប្រាកដ​ពី​សំណាក់​ប្រជាពលរដ្ឋ នឹង​បណ្ដាល​ឲ្យ​សង្គមជាតិ​ទាំងមូល មិន​ត្រឹមតែ​គ្មាន​យុត្តិធម៌​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​ទាំងមូល ពុំ​មាន​ស្ថិរភាព ហើយ​សង្គម​មិន​អាច​មាន​សន្តិភាព​យូរអង្វែង​នោះ​ឡើយ។ ពួក​លោក​ចង់​ឃើញ របប​លោក ហ៊ុន សែន ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទៅ​រៀន​សូត្រ និង​អនុវត្ត​តាម ដើម្បី​ឲ្យ​របប​នេះ​ក្លាយ​ជា​ក្រុម​ពេញ​សិទ្ធិ​នៅ​លើ​ឆាក​អន្តរជាតិ និង​ទទួលស្គាល់​ដោយ​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​មជ្ឈដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment