តុលាការផ្តន្ទាទោសលោក នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង លេខ ០០២ វគ្គ ២

ដោយ ថន ថារ៉ូ
2018-11-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន (Photo courtesy of ECCC)
អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន (Photo courtesy of ECCC)


សាលាក្តី​ខ្មែរក្រហម​សម្រេច​ផ្ដន្ទាទោស​អនុលេខាបក្ស​កុម្មុយនិស្ត​កម្ពុជា លោក នួន ជា និង​ប្រមុខ​រដ្ឋនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង​ ០០២ វគ្គ ២។ របបលោក​ ហ៊ុន សែន និង​តំណាង​អង្គការ​សហប្រជាជាតិ​ ចាត់​ទុក​សាលក្រម​ផន្ទាទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់នៃ​របបខ្មែរ​ក្រហម​ទាំងពីរ​រូបនេះ​​ ថាជា​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ និង​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​ជាតិ។

អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (...) ឬសាលាក្តី​​ខ្មែរ​ក្រហម រក​ឃើញ​​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ​ នួន​ ជា និង​ ខៀវ សំផន ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​​​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ដែល​បាន​ប្រព្រឹត្តិ​នៅ​លើ​ទឹក​ដី​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩។

ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម លោក និល ណុន ប្រកាស​សាលក្រម​ផន្ទាទោស​អ្នក​ទាំង​ពីរ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក៏​ប៉ុន្តែ​បាន​​រួម​បញ្ចូល​ទោស​ក្នុង​សំណុំ​រឿង​នេះ​ជាមួយ​ទោស​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១៖ «អង្គជំនុំ​ជម្រះ​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ ខៀវ សំផន និង​ នួន​ ជា​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ដោយ​ពិចារណា​ទៅលើ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​គាត់​នៅក្នុង​សំណុំ​រឿង ០០២/០១ អង្គជំនុំ​ជម្រះ​សម្រេច​រួម​បញ្ចូល​គ្នានូវ​ការ​ផ្តន្ទាទោស​ទាំង​ពីរ​ទៅ​ជាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តែមួយ»

អង្គ​ជំនុំជម្រះ​បាន​សម្រេច​ទទួល​យក​ផ្នែក​ខ្លះ​នៃ​គម្រោង​ស្នើសុំ​​សំណង​ផ្លូវ​ចិត្ត និង​សមូហភាព ចំនួន​ ១៤ គម្រោង ដែល​មាន​ក្ខណៈ​​សមស្រប និង​​​អាច​អនុវត្ត​បាន។ គម្រោង​សំណង​ទាំង​នោះ មាន​ដូច​ជា ​ទិវា​នៃ​ការ​ចងចាំ​ចំពោះ​ជន​រងគ្រោះ និង​ពិធី​រំលឹក​ផ្សេងៗ​ចំពោះ​ការ​ឈឺ​ចាប់ ដែល​ពួក​គេ​បាន​ទទួល​រង ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដល់​​ជន​រងគ្រោះ ការ​ដាក់​តាំង​ឯកសារ​ពាក់​ព័ន្ធ​នឹង​រឿង​ខ្មែរ​ក្រហម និង​គម្រោង​អប់រំ​ជាដើម។ អង្គជំនុំ​ជម្រះ​បាន​បដិសេធ​គម្រោង​ស្នើសុំ​​សំណង​មួយ​ចំនួន​ ដែល​មិន​ស្រប​តាម​វិធាន​ផ្ទៃក្នុង​របស់​ខ្លួន និង​បើក​ផ្លូវ​ឱ្យ​ភាគី​នីមួយៗ ប្តឹង​សាទុក្ខ​ទៅ​តាម​នីតិវិធី។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រីនៃ​របប​ក្រុង​ភ្នំពេញ លោក ប៊ិន ឈិន បាន​អាន​សេចក្តី​ថ្លែង​ការណ៍​​​ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ​ថា របប​របស់​លោក​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ​​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ដើម្បី​លុប​បំបាត់​អំពើ​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ លោក​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បើ​ទោះ​ជា​តុលាការ​កូន​កាត់​មួយ​នេះ ប្រើ​ពេល​វេលា​យូរ និង​ចំណាយ​ថវិកា​អស់​ច្រើន​យ៉ាង​ណា​ក្តី៖ «ថ្ងៃ​នេះ​ប្រជាជន​កម្ពុជា និង​ពិភពលោក​ទាំង​មូល​ សូម​រំឭក​ចងចាំ ចំពោះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ព្រម​ទាំង​អ្នក​ដែល​បាន​រងគ្រោះ​ដោយសារ​តែ​ឧក្រិដ្ឋកម្ម​នៃ​របប​នោះ យើង​សង្ឃឹម​ថា ការ​ជំនុំ​ជម្រះ​ក្តី និង​ការ​ចេញ​សាលក្រម​នៃ​សំណុំរឿង ០០២ ដំណាក់​កាល​ទី ២ នៅ​ពេល​នេះ ពិត​ជា​អាច​រំលែក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​របស់​អស់​លោក​លោក​ស្រី បាន​ខ្លះ​ជាក់​ជា​ពុំខាន»

អ្នក​ជំនាញ​កិច្ច​ការ​ច្បាប់ និង​ជា​តំណាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក មីហ្គែល ឌឺ ស៊ឺប៉ា សួរ៉េ (Miguel de Serpa Soares) ថ្លែង​ថា អង្គការ​សហប្រជាជាតិ​តែងតែ​គាំទ្រ ចំពោះ​ជំហរ​មិន​ឱ្យ​មាន​អំពើ​និទណ្ឌភាព ចំពោះ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បែប​នេះ។ លោក​បន្ត​ថា សាលក្រម​ផ្តន្ទាទោស​នេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ លោក​បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន និង​សហគមន៍​អន្តរជាតិ ឱ្យ​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ទៅ​ទៀត ខណៈ​តុលាការ​កូន​កាត់​មួយ​នេះ​កំពុង​ឈាន​ដល់​ការ​បញ្ចប់​អាណត្តិ​យុត្តាធិការ​របស់​ខ្លួន៖ «សាលក្រម​ក្នុង​ថ្ងៃនេះ​ក៏​មាន​ន័យ​ដែរ​ថា មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ ភស្តុតាង និង​អង្គហេតុ​នានា ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​នេះ នឹង​ប្រើ​សម្រាប់​ជា​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ។ ជាមួយ​នឹង​ការ​ប្រកាស​សាលក្រម​របស់​ខ្លួន អ...ក ក៏​បាន​បង្ហាញ​នូវ​តួនាទី​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​វិធាន​ច្បាប់​របស់​ខ្លួន​នៅ​កម្ពុជា»

ក្នុង​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​នេះ តុលាការ​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​អស់​ជិត ៣០០លាន​ដុល្លារ​អាមេរិក ដោយ​កាត់​ទោស​បាន​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ៣រូប ក្នុង​សំណុំ​រឿង ៣ ដាច់​ដោយ​ឡែក​ពី​គ្នា។ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ឬ​គុក​ទួល​ស្លែង លោក កាំង ហ្គិចអ៊ាវ ហៅឌុច ជាប់​ក្នុង​សំណុំ​រឿង ០០១ ចំណែក​អនុលេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក នួន ជា និង​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន ជាប់​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ (០០២/) និង ០០២ វគ្គ ២ (០០២/)។ អ្នក​ទាំង​បី​សុទ្ធតែ​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​តុលាការ​រក​ឃើញ​ពី​ពិរុទ្ធភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ការ​បំពារបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្ស៊ឺណែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការ​រំពឹង​ទុក​សាល​ក្រម​សំណុំ​រឿង​០០២/0២​របស់​មន្រ្តី​ជំនាញ


What Next?

Recent Articles