ពលរដ្ឋមានប័ណ្ណក្រីក្រប្រតិកម្មចំពោះមន្ទីរពេទ្យរុស្ស៊ីមិនយកចិត្តទុកដាក់ពួកគេ


|
https://www.vodhotnews.com

សកម្មភាពរបស់ក្រុមបុគ្គលិក និងគ្រូពេទ្យ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)


ពលរដ្ឋមានប័ណ្ណក្រីក្រមួយចំនួន បាន​អះ​អាង​ថា​ បុគ្គលិកពេទ្យដែលបម្រើការងារនៅមន្ទីរពេទ្យរុស្ស៊ី មិនបាន​យកចិត្តដាក់ចំពោះពួកគេ​នោះ​ឡើយ ខណៈដែល​ពលរដ្ឋទាំងនោះទៅរកសេវាព្យាបាលនៅទីនោះ។

ពលរដ្ឋម្នាក់​រស់នៅ​ភ្នំពេញ​ អ្នកស្រី អ៊ំ សំបូរ បានប្រាប់វីអូឌីថា អ្នកស្រីបានទៅរកសេវាព្យាបាលភ្នែកនៅមន្ទីរពេទ្យខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ដោយមានប័ណ្ណបញ្ជាក់ភាពក្រីក្រ។ អ្នកស្រីបន្តថា ពេលបង្ហាញ​ប័ណ្ណក្រីក្រនោះទៅពេទ្យ គឺក្រុមគ្រូពេទ្យនៅទីនោះ មិនសូវយកចិត្តទុកដាក់មើលគាត់ឡើយ និងបានទាមប្រាក់ថ្លៃថ្នាំពីគាត់ថែមទៀត។

អ្នកស្រីបន្ថែមថា៖ «ពេទ្យនៅហ្នឹងវាឈ្លើយអញ្ចឹងហ្មង គេបញ្ជាក់ឲ្យយើងថា យើងក្រីក្រហើយវានៅតែមិនចង់មើលយើង ដោយរុញពីមួយទៅមួយ មិនដឹងមួយណាជាអ្នកទទួលខុសត្រូវពិតប្រាកដ ទុកយើងចោល មិនដឹងមួយទទួលខុសត្រូវរឿងថ្នាំដែលត្រូវឲ្យយើងហ្នឹង ដល់អញ្ចឹងខ្ញុំឡប់សតិតាមពួកវាដែរ ដើរឡើងចុះឡើងមួយថ្ងៃ ហើយទារលុយពីយើងទៀត នេះមិនមែនជាលើកទី១ទេ»

ពលរដ្ឋ​ម្នាក់ទៀត​មក​ពី​ខេត្តកំពង់ធំ អ្នក​ស្រី សុខ សាក់ ដែលអះអាងថា ពិការដៃជើង និងមាន​ស្វាមីពិការភ្នែកផងនោះ បាន​ប្រាប់វីអូឌីតាមទូរស័ព្ទថា អ្នក​ស្រី​ក៏​មិន​ទទួល​បាន​ការ​ផ្ដល់​សេវា​ល្អ​ពី​មន្ទីរ​ពេទ្យ​ផង​ដែរ នៅ​ពេល​អ្នក​ស្រី​នាំ​ស្វាមី​ទៅ​ព្យាបាល​ភ្នែក​នៅ​ទីនោះ​ដោយ​ប្រើ​ប័ណ្ណ​ក្រីក្រី។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ស្រី​សម្រេច​នាំ​ស្វាមី​ពិការ​ភ្នែក​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ពុំ​បាន​ព្យាបាល​ភ្នែក​នោះ​ឡើយ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ទាម​ទារ​តម្លៃ​វះ​កាត់ ក្រោយ​ឆ្លង​កាត់​ការ​ពិនិត្យ។

អ្នកស្រីប្រាប់​ថា៖ «ខ្ញុំអត់មានលុយឲ្យគេ គេក៏អត់​បានវះកាត់ឲ្យដែរ ហើយខ្ញុំអត់លុយ ខ្ញុំមកផ្ទះសិន។ គេទារយក ៨ម៉ឺន ហើយខ្ញុំថា ខ្ញុំគ្មាន​លុយទេ រួចហើយគេធ្វើសំបុត្រឲ្យខ្ញុំមកបើកថ្នាំ។ កន្លែងលោកគ្រូពេទ្យមួយកន្លែងទៀត លោកគ្រូពេទ្យ​ថា អត់មានថ្នាំ​បើកឲ្យទេ ឲ្យខ្ញុំទៅទិញថ្នាំ​«ហ៉្វាម៉ាស៊ី»មុខហ្នឹង តែខ្ញុំអត់លុយក៏យកប្តីមកផ្ទះវិញ។ ខ្ញុំមានប័ណ្ណក្រីក្រ។ ខ្ញុំឆ្ងល់ ខ្ញុំមានប័ណ្ណក្រីក្រដែរ ហេតុអី​បានជាគេចេះតែទារយកលុយ»

ប្រធានមន្ទីរពេទ្យរុស្ស៊ី លោក យ៉ៃ យ៉េង បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រី​ក្រ ដោយ​ថា ការ​ផ្តល់សេវាព្យាបាលនៅមន្ទីរពេទ្យ​រុស្ស៊ី ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ដោយ​ស្មើភាព​គ្នា និង​គ្មាន​ការ​រើស​អើង​នោះ​ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថា អត់យកចិត្តទុកដាក់ហ្នឹងយ៉ាងម៉េច? ខ្ញុំអត់យល់ដែរ។ នៅក្នុងប្រអប់សំបុត្រទាំងអស់ គាត់អាច Comment [រាយការណ៍]ចូល ឬហ្វេសប៊ុក ប្រអប់សំបុត្រគេមានដាក់ទាំងអស់ដូចជាការផ្តល់សេវាខ្វះខាត ឬយ៉ាងម៉េចៗ? សូម្បីតែមន្រ្តីដែលធ្វើការឬផ្តល់អាកប្បកិរិយាមិនល្អគាត់មានប៉ាក់​ស្លាក​ឈ្មោះនៅក យើងអាចកត់ឈ្មោះគាត់មក។ គេមានក្រុមប្រឹក្សាវិន័យគេ គេ​នឹងកោះហៅដើម្បីនិយាយរឿងហ្នឹង និងដាក់ពិន័យ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រសិនបើនៅមន្ទីររុស្ស៊ីមានករណីនេះដូចពលរដ្ឋលើកឡើងមែននោះ លោក​ថា ជា​សកម្មភាពផ្ទុយពីគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «ចំណុចនេះ បើនិយាយពីកម្រិតគោលនយោបាយវិញ គឺរដ្ឋាភិបាលបានយកចិត្តដាក់រហូតដល់បង្កើតឲ្យមានប្រភេទប័ណ្ណ​សមធម៌​សុខភាព។ អញ្ចឹង ការរើសអើងដែលបានកើតឡើង ខ្ញុំយល់ថា វាជាការប្រឆាំងទៅនឹងគោលនយោបាយសាធារណៈដែលមានស្រាប់ ហើយជាមួយគ្នានោះដែរ ស្ថាប័នដែលចេញ​ប័ណ្ណនោះ គួរតែបង្កើតយន្តការដោះស្រាយបញ្ហានេះ ប្រសិនបើមានការរើសអើង»

រដ្ឋាភិបាលមានគោលនយោបាយសាធារណៈមួយដោយបង្កើតឲ្យមានប័ណ្ណសមធម៌ ឬហៅសាមញ្ញថា ប័ណ្ណក្រីក្រី ក្នុងគោលបំណងជួយសម្រួលដល់ពលរដ្ឋក្រីក្រទទួលបានសេវាសាធារណៈដោយឥតគិតថ្លៃ។

ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ បាន​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានអះ​អាង​កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​មក​​ថា គ្រូ​ពេទ្យ​កម្ពុជា​​មិន​អាក្រក់​ភាគ​ច្រើន​នោះ​ឡើយ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles