អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ​​​នួន​​ ​ជា​​ ​និង ​​ខៀវ ​​សំផន​​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិ​ត​ជា​លើក​ទី​០២​

ដោយ វ៉ា សំណព្វ
16/11/2018
RFI

media
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​ នួន ជា​ មេមនោគមវិជ្ចាខ្មែរក្រហម
©REUTERS/Mark Peters/ECCC/Handout via Reuters


តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃទី ១៦ វិច្ឆិកា នេះ បាន​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពីររូប​គឺ លោក នួន ជា និង ខៀវ សំផន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ០២។ គួរ​ជំរាបជូន​ថា នេះ​គឺជា​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​​អស់​មួយជីវិត​ជា​លើក​ទី០២ បន្ទាប់ពី​សំណុំរឿង០០២វគ្គ០១ តុលាការ​ក៏បាន​កាត់​ទោស​​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីររូប ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដែរ។ ប៉ុន្តែ​​ផ្អែក​​តាម​ប្រការ៧៥និង៧៦នៃ​សេចក្តីសម្រេច​នេះ អង្គជំនុំជម្រះ​បានរួម​បញ្ចូល​គ្នា​នូវ​ការ​ផ្តន្ទាទោស​ទាំងពីរ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត តែមួយ។  

គឺ​បន្ទាប់ពី​បើកសវនាការ​អស់​រយៈពេល២៨៣ថ្ងៃ​រួចមក នៅ​ទីបំផុត​ទៅ អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីររូប គឺ​លោក នួន ជា និង ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ជា​លើក​ទី០២ នៅក្នុង​សំណុំរឿង ០០២/០២ ។ នៅក្នុង​សំណុំរឿង០០២/០១ កាលពី​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៤ ជនជាប់ចោទ​ទាំង​ពីររូប ក៏ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដែរ។ ប៉ុន្តែ ផ្អែក​តាម​ប្រការ៧៥និង៧៦នៃ​សេចក្តីសម្រេច​នេះ អង្គជំនុំជម្រះ​បានរួម​បញ្ចូល​គ្នា​នូវ​ការផ្តន្ទាទោស​ទាំងពីរ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត តែមួយ។

នៅក្នុង​សេចក្តីសម្រេច​ដែល​ធ្វើ​ឡើងជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី ១៦ វិច្ឆិកា លោក​ចៅ​ក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានប្រកាសថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន គឺជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​ខ្មែរក្រហម។ ជនជាប់ចោទ​ទាំង​ពីររូប ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ប្រឆាំងនឹង​មនុស្សជាតិ ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ តាមរយៈ​ការចូលរួម​នៅក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម ចន្លោះ​ពីថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី ០៦ មករា ឆ្នាំ ១៩៧៩​។ នៅ​អំឡុង​ពេលនោះ លោក នួន ជា ត្រូវបាន​គេ​ដឹងថា មាន​តួនាទី​ជាច្រើន រួមមាន ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​ពេញ​សិទ្ធ​នៃ​គណៈកម្មាធិការ​មជ្ឈិម និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ជា​ប្រធានសភា​តំណាង​ប្រជាជន ហើយ​ពេលខ្លះ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ។ ចំណែក លោក ខៀវ សំផន វិញ​ត្រូវបាន​ចោទប្រកាន់ថា មាន​តួនាទី​ជាច្រើន​នៅក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​ធ្លាប់​ធ្វើជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ផង។ នៅក្នុង​សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ពីររូប​ទៀត គឺ​លោក អៀ​ង សារី អតីតរដ្ឋមន្ត្រី​កាបរទេស​ខ្មែរក្រហម និង​លោកស្រី អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម។ ប៉ុន្តែ​​សំណុំរឿង​ប្រឆាំង​ជនជាប់ចោទ​ទាំង​ពីររូប​បាន​រលត់ទៅវិញ បន្ទាប់ពី លោក អៀង សារី បានទទួល​មរណភាព​នៅ​ដើមឆ្នាំ២០១៣ ហើយ​លោកស្រី អៀង ធី​រិ​ទ្ធ ដែលជា​ភរិយា ​​បានទទួល​មរណភាព​នៅ​ឆ្នាំ២០១៥ ។

គួរ​ជំរាបជូន​ថា សវនាការ​ពិនិត្យ​លើ​ភស្តុតាង​នៅក្នុង​សំណុំរឿង ០០២/០២ នេះ បាន​ចាប់​ផ្តើម​​ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់ នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ និង​បាន​បញ្ចប់​​នៅ​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ ។ សវនាការ​នេះ បាន​ចំណាយពេល​អស់ ២៨៣​ថ្ងៃ ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​បុគ្គល​ចំនួន ១៨៥នាក់ ក្នុង​នោះ​​មាន​សាក្សី​ចំនួន ១១៤នាក់ ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន ៦៣នាក់ និង​អ្នក​ជំនាញ​​ចំនួន ៨នាក់។ យ៉ាងណាក៏ដោយ ផ្អែក​តាម​វិធាន​ផ្ទៃក្នុង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​​តុលាការ​​កម្ពុជា អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ទាំង​ពីររូប មាន​សិទ្ធិ​ប្តឹង​សាទុក្ខ​តាម​ការកំណត់​នៃ​ច្បាប់៕

What Next?

Recent Articles