ដោយ សុ ជីវី
2018-11-17
RFA
cnrp (Photo: RFA)
គណបក្សសង្រ្គោះជាតិ ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែង លោក កឹម សុខា ប្រធានគណបក្ស និងទម្លាក់ចោលរាល់ការចោទប្រកាន់អ្នកទោសមនសិកាដទៃទៀត ព្រមទាំងផ្ដល់សិទ្ធិឲ្យគណបក្សនេះបានចូលរួមការបោះឆ្នោតឡើងវិញ។ ការទាមទារនេះធ្វើឡើងនៅថ្ងៃខួបមួយឆ្នាំនៃការរម្លាយគណបក្សសង្រ្គោះជាតិ ដោយរបបក្រុងភ្នំពេញ ដែលគណបក្សប្រឆាំងចាត់ទុកថាជាថ្ងៃខួបនៃការសម្លាប់ប្រជាធិបតេយ្យ និងថាកម្ពុជាបានធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃជនផ្ដាច់ការ។
ថ្ងៃទី១៦ ខែវិច្ឆិកា គឺជាខួបមួយឆ្នាំគត់ ដែលគណបក្ស សង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ ដែលប្រជាពលរដ្ឋប្រសិទ្ធនាមថា ជាតុលាការតេឡេ រំលាយគណបក្សប្រឆាំងដ៏ធំ និងមានប្រជាប្រិយភាពមួយនេះ ចេញពីឆាកនយោបាយ ដើម្បីផ្តល់ឱកាសឲ្យគណបក្ស ប្រជាជន បានក្តោបក្តាប់អំណាចតែឯងបន្តទៀត។
គណបក្សសង្គ្រោះជាតិថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ វិច្ឆិកា នៅតែប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់ និងថ្កោលទោស ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលជាឧបករណ៍របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយចាត់ទុកថា វាគឺជាចេតនានយោបាយដ៏ពិតប្រាកដ និងជាទង្វើដ៏ទុច្ចរិតរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេខ្លោងក្នុងការសម្លាប់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាការរំលោភបំពានយ៉ាងកម្រោលលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
លើសពីនេះ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបោះឆ្នោតឡើងវិញ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគណបក្សប្រឆាំងដ៏ធំមួយនេះ នៅតែប្តេជ្ញារការពារឆន្ទៈប្រជាពលរដ្ឋជានិច្ច ដោយមិនងាករេជាដាច់ខាត់។
សមាជិកក្រុមការងារគណបក្ស សង្គ្រោះជាតិ និងជាមន្ត្រីនាយកដ្ឋាន កិច្ចការបោះឆ្នោត និងនីតិកម្ម លោក គង់ ម៉ាស់ បញ្ជាក់ថា ប្រសិនបើរបបលោក ហ៊ុន សែន មិនព្រមដោះស្រាយបញ្ហានយោបាយ និងផ្តល់សុពលភាពឲ្យគណបក្សប្រឆាំងទេនោះ គឺប្រទេសកម្ពុជានឹងប្រឈមការបែកបាក់ជាតិកាន់ តែធ្ងន់ធ្ងរ ហើយធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសឯកោទៀតផង៖ «វាមានន័យថា ស្ថានការណ៍ស្រុកខ្មែរនៅតែតានតឹងនយោបាយនៅតែបញ្ហារ៉ាំរ៉ៃនៅក្នុងប្រទេស ហើយអ្វីដែលសំខាន់នោះ ការអភិវឌ្ឍន៍ប្រទេសវាមានការធ្លាក់ចុះ អ្នករកស៊ីវិនិយោគក៏គេគ្មានជំនឿលើរដ្ឋាភិបាលក្លែងក្លាយដែរ។ អ៊ីញ្ចឹងស្ថានការណ៍វាកាន់តែធ្ងន់ទៅៗ ជាពិសេសសហគមន៍អន្តរជាតិដាក់សម្ភាធកាន់តែខ្លាំងទៅៗមកលើកម្ពុជា គឺកាន់តែធ្ងន់ធ្ងរ។»
នៅថ្ងៃរម្លឹកខួបនៃការរំលាយគណបក្សសង្គ្រោះជាតិនេះ ក៏មានកម្មជន និងមន្ត្រីគណបក្ស សង្គ្រោះជាតិ នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួន ជួបជុំគ្នានៅមុខអតីតទីស្នាក់ការគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដែរ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មិនចាប់អារម្មណ៍នឹងការទាមទារនេះទេ ដោយសំអាងថា គណបក្សសង្រ្គោះជាតិពុំមានតម្លៃ ឲ្យលោកឆ្លងឆ្លើយឡើយ។ លោកថា ការទាមទារទាំងឡាយរបស់គណបក្សនេះ មិនថាតែការទាមទារឲ្យដោះលែងលោក កឹម សុខា ឡើយ គឺជាការទាមទាររបស់ក្រុមដែលឋិតនៅក្រៅច្បាប់៖ «អ្វីដែលជាការលើកឡើងចំពោះគណបក្សខ្មោចនោះជាការលើកឡើងមិនឆ្លើយតបនឹងអ្វីដែលជាក់ស្ដែងនៅកម្ពុជាគឺកម្ពុជាហ្នឹងកំពុងតែ ការងាររបស់ខ្លួនទាំងវិស័យនយោបាយ ទាំងវិស័យសិទ្ធិមនុស្ស ទាំងវិស័យដទៃទាំងទាំងពេញមុខប្រកបដោយការពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ហើយរដ្ឋាភិបាលនេះក៏ទទួលស្គាល់ យ៉ាងតិចបំផុត ៩%នៃប្រជាពលរដ្ឋខ្មែរផង»។
ផ្ទុយពីការលើកឡើងនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន អះអាងថា មិនមានប្រជាពលរដ្ឋច្រើនគាំទ្ររបបលោក ហ៊ុន សែន នោះទេ សូម្បីតែខាងអង្គការជាតិ និងអន្តរជាតិរួមទាំងប្រទេសប្រកាន់របបប្រជាធិបតេយ្យធំៗ លើពិភពលោក សុទ្ធតែរិះគន់ខ្លាំងៗ ថា ការបោះឆ្នោតកន្លងមកជាការបោះឆ្នោតក្លែងក្លាយ និងទាមទារមឲ្យរបបលោក ហ៊ុន សែន រៀបចំការបោះឆ្នោតឡើងវិញដែរ។ ប្រជាពលរដ្ឋមើលឃើញថា ការរំលាយនេះ គឺដោយសារគណបក្ស ប្រជាជន បានដឹងខ្លួនថា នឹងចាញ់ការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ កន្លងមក៖ «គាត់បានរម្លាយ ឬរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋជាង៣លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិ ហើយក៏ដូចជារម្លាយតំណាងពលរដ្ឋ ដែលគាត់ជាតំណាងរាស្រ្តនីមួយៗ ដែលបានជាប់ឆ្នោតកឺយើងមានការសោកស្ដាយ។ គឺជាការបំផ្លាញប្រជាធិបតេយ្យព្រោះគណបក្សសង្រ្គោះជាតិហ្នឹងជាដៃគូប្រកួតដ៏ធំជាមួយគណបក្សប្រជាជន ដែលយើងមើលឃើញភាពជាក់ស្ដែងទៅគឺគាត់មិនមានកំហុសអីត្រូវរម្លាយគណបក្ស សង្រ្គោះជាតិហ្នឹងចោល ហើយខ្ញុំចង់សំណូមពរឲ្យខ្មែរយើងត្រូវគ្នាចេះរួមដៃគ្នាធ្វើការទៅ ដើម្បីរីកចម្រើនប្រទេសជាតិយើងទាំងអស់គ្នា។ ផលប៉ះពាល់យើងមើលឃើញទាំងអស់គ្នាហើយ មានសម្ពាធអន្តរជាតិផង សម្ពាធចេញពីប្រជាពលរដ្ឋផង។ អ្វីដែលសំខាន់នោះគឺប្រជាពលរដ្ឋដូចជាគ្មានសេរីភាពក្នុងចិត្ត។ ប្រសិនបើគណបក្សសង្រ្គោះជាតិមិនត្រូវបានរម្លាយខ្ញុំជឿជាក់ថាការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំជឿថា សង្រ្គោះជាតិពិតជាបានជោគជ័យ។»
តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២៩១៧ បានសម្រេចរម្លាយគណបក្ស សង្រ្គោះជាតិក្រោយអាជ្ញាធររបបនេះបានចាប់ខ្លួនលោក កឹម សុខា ដោយចោទប្រកាន់ពីបទក្បត់ជាតិ តាមរយៈការឃុបឃិតនឹងបរទេស ដើម្បីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។ ជាមួយគ្នានោះបានហាមប្រាមថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ព្រឹត្តិការណ៍នយោបាយកន្លងមកនេះ របបលោក ហ៊ុន សែន បានរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភលើឆន្ទៈប្រជារាស្ត្រម្ចាស់ឆ្នោត យ៉ាងធ្ងន់ធ្ងរ។ លោកយល់ថា របបលោក ហ៊ុន សែន គួរតែវិលទៅអនុវត្តតាមអនុសាសន៍របស់មជ្ឈដ្ឋានទូទៅ ដែលតម្រូវឲ្យរៀបចំការបោះឆ្នោត មានការចូលរួមពីគណបក្ស សង្គ្រោះជាតិ ឡើងវិញ ។ លោកបន្តថា ប្រសិនបើរបបក្រុងភ្នំពេញ នៅតែមានអ្នកដឹកនាំប្រទេសបញ្រ្ចាស ចរន្តអន្តរជាតិបញ្ច្រាស់គោលការណ៍ប្រជាធិបតេ្យ គឺស្មើនឹងបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួងឯងផង និងបំផ្លាញជាតិ និងប្រជារាស្ត្រផង៖ «បានន័យថាយើងទៅជាប្រទេសឯកកោ វិនិយោគក៏គ្មាន ទំនាក់ទំនងការទូតក៏គ្មានដូច្នេះហើយផលប៉ះពាល់ធំបំផុតពលរដ្ឋអត់ការងារធ្វើទេសចរណ៍ក៏ខ្សោយសេវាផ្សេងៗ ទៀត ក៏ធ្លាក់ចុះ ហើយអ្នកដឹកនាំខ្លួនឯងក៏គ្មានវិធីអ្វីដោះស្រាយក្រៅតែពីប្រឹងប្រែងច្បិចប្រមូលយកផលធនធានធម្មជាតិ ដែលនៅសេសសល់នោះលក់បន្ត មានន័យថាពលរដ្ឋក៏វេទនា ប្រទេសជាតិក៏ហិនហោច ស្ទើរតែខ្ទេចទាំងអស់។»
លោក គឹម សុខ ក៏ផ្តល់អនុសាសន៍អោយគណបក្សសង្គ្រោះជាតិដែរថា ដើម្បីទាមទារ ឬសង្គ្រោះប្រទេសកម្ពុជាពីរបបផ្តាច់ការ និងមានការបោះឆ្នោតឡើងវិញនោះគឺគណបក្សសង្គ្រោះជាតិ ត្រូវរឹងមាំ និងឯកភាពផ្ទៃក្នុង ដើម្បីរក្សាកម្លាំងធំដដែល ហើយធ្វើការឲ្យស្រុះគ្នាឈរលើគោលការណ៍ច្បាប់ និងបន្តពន្យល់សហគមន៍អន្តរជាតិអំពីសកម្មភាពកាន់តែខុសច្បាប់របស់ក្រុមលោក ហ៊ុន សែន ដើម្បីឲ្យអន្តរជាតិធ្វើប្រតិកម្មដោយផ្ទាល់ មិនមែនត្រឹមតែចេញសេចក្តីថ្លែងការណ៍។
បើទោះបីជាយ៉ាងណាមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងម្ដងហើយម្ដងទៀតថាការដោះលែង ប្រធានគណបក្សប្រឆាំង លោក កឹម សុខា គឺជារឿងដែលមិនអាចទៅរួច ឬថាចាំរហូតដល់សេះដុះស្នែង។
ក្រោយរំលាយគណបក្ស សង្គ្រោះជាតិ នេះរបបលោក ហ៊ុន សែន បានរងការរិះគន់ជុំទិសពីប្រទេសប្រជាធិបតេយ្យថា បានរៀបចំការបោះឆ្នោតបង្រ្គប់កិច្ច និងធ្វើឲ្យអន្តរាយដល់លទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស។ ចុងក្រោយនេះរបបនេះប្រឈមនឹងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។