ភាគី​ពាក់ព័ន្ធ​ជាតិ​ ​និង​អន្តរជាតិ ប្រតិកម្ម​ចម្រុះ​សាទរ និង​ខកចិត្ត ជុំវិញ​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម

ដោយ មាន ឫទ្ធិ
2018-11-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA


ម​តិ​ជាតិ​ និង​អន្តរជាតិ​ ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ ​គ្នា ​ជុំវិញ​សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ករណី ០០២ ​ភាគ ២។ ​មតិ​ខ្លះ​ស្វាគមន៍​សាលក្រម​នេះ​ ​ប៉ុន្តែ​បង្ហាញ​ការសោកស្តាយ​ ដោយ​សារតែ​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត ​មិន​ទាន់​ត្រូវបាន​នាំមក​ផ្តន្ទាទោស​នៅឡើយ​។

ជនរងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​ និង​ជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ​សម្រាប់​យុត្តិធម៌​ ​និង​ការបង្រួបបង្រួម​ កញ្ញា​ ​សេង ​ធារី​ ​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នកស្តាប់​អាស៊ី​សេរី​ ​កាលពី​យប់​ថ្ងៃសុក្រ ​ទី១៦ ​វិច្ឆិកា​​ថា​ ​កញ្ញា​ពុំ​មាន​ការចាប់អារម្មណ៍​ ​និង​ពុំ​ភ្ញាក់​ផ្អើល​ចំពោះ​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​លោក​ ​នួន​ ​ជា​ ​និង​លោក​ ​ខៀវ ​សំផន ​សម្រាប់​សំណុំរឿង​ទី​ពីរ​នេះ​ទេ​។ ​កញ្ញា​ ​គូសបញ្ជាក់​ថា​ ​ការប្រកាស​សាលក្រម​នា​ពេលនេះ​ ​ពុំ​មាន​អត្ថន័យ​អ្វី​ឡើយ​ ​ព្រោះ​អតីតៈ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប​នេះ​ ​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ ​ខណៈ​តុលាការ​កូនកាត់​ខ្មែរ​ក្រហម​នេះ​ ​បាន​ក្លាយទៅជា​ឧបករណ៍​ ​ឬ​គ្រាន់តែ​ជា​ឆាក​នយោបាយ​របស់​មេដឹកនាំ​នៃ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​តែ​ប៉ុណ្ណោះ​។ ​កញ្ញា​ ​សេង ​ធារី ​ចង់​ឃើញ​តុលាការ​កូនកាត់​មួយ​នេះ​ យក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរ​ក្រហម​ដទៃទៀត​មក​កាត់ទោស​បន្ថែម​ទៀត​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង ០០៣ ​និង ០០៤​៖​ «​ពីព្រោះ​នៅក្នុង​ការចំណាយ​រយ​លាន​ដុល្លារ​ ​ចំពោះ ៣នាក់​ ​ហើយ​ការធ្វើជា​និមិត្ត​រូប​នៅក្នុង​ភាគី​ជាតិ​នេះ​ ​វា​អត់​មាន​ន័យ​។ ​ខ្ញុំ​យល់​ថា​ ​យុត្តិធម៌​ជា​និមិត្ត​រូប​នៅក្នុង​តុលាការ​នេះ​។ ​យើង​អត់​អាច​ទាមទារ​យុត្តិធម៌​ពេញលេញ​ ​នៅក្នុង​ការទាមទារ​ជន​ដៃ​ដល់​ដែល​មាន​ដៃ​ប្រឡាក់​ឈាម​ទាំងអស់​គ្នា​…​ ​ដែល​បាន​សម្លាប់​​ពលរដ្ឋ​ក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ​ ​យើង​អត់​បាន​ទាមទារ​ដល់​ពាន់​នាក់​ទេ ​ប៉ុន្តែ​យើង​ទាមទារ​ធ្វើ​យ៉ាងម៉េច​ ​ឲ្យបាន ១០ នាក់​ ១២ នាក់​អី​ដែរ​។ ​ឥឡូវបាន​តែ ៣ នាក់​អី​ហ្នឹង​ ​ហើយ​ពួកគាត់​មាន​វ័យ​ចាស់ជរា​ដែល​កំពុង​​ឈឺ ​ហើយ​គង់តែ​ស្លាប់​នា​ពេល​អនាគត​ប៉ុន្មាន​ម៉ោង​ ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ហ្នឹង​។​»​

យ៉ាងណា​ក៏ដោយ​ ​អ្វី​ដែល​ធ្វើឲ្យ​កញ្ញា​ ​សេង ​ធារី ​មាន​ការព្រួយបារម្ភ​បំផុត​ ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​កេរ​ដំណែល​ដែល​តុលាការ​កូនកាត់​មួយ​នេះ​ ​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រល័យ​ពូជសាសន៍​នេះ​។ ​កញ្ញា​ផ្តល់​អំណះអំណាង​​ថា​ ​តុលាការ​បាន​កាត់សេចក្តី​ដោយ​ផ្តល់​តម្លៃ​ខ្ពស់​ឲ្យ​ទៅលើ​ក្រុម​រង​គ្រោះ​ដែល​ជា​ជនជាតិ​វៀតណាម​ និង​ជនជាតិ​ចាម ​ដោយ​មិន​បាន​ពិចារណា​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​ជនរងគ្រោះជនជាតិ​ដទៃ​ទៀតនោះឡើយ ​ ​ដោយសារតែ​អាច​មាន​មូលហេតុ​​នយោបាយ​នៅក្នុង​រឿង​នេះ​។ ​កញ្ញា​ក៏​បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​អនាគត​នៃ​ភាគី​ដែល​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​ឯកសារ​ភស្តុតាង​កាត់​ក្តី​នានា​របស់​តុលាការនេះ​ ​ជាពិសេស​បើ​ការទទួលខុសត្រូវ​នេះ​ធ្លាក់​ទៅលើ​របប​​​ក្រុង​ភ្នំពេញ​ ​ព្រោះថា​ភស្តុតាង​សំខាន់​ៗ​ខ្លះ​ ​អាច​ត្រូវបាន​គេ​បំបាត់​ចោល​ ​ក្រោយ​សាលា​ក្តី​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​៖​ ​«​តុលាការ​នេះ​ ​បាន​លើកឡើង​ ​ហើយ​វាយតម្លៃ​ខ្ពស់​ ​ផ្តោត​អារម្មណ៍​លើ​តែ​ក្រុម​ជនជាតិ​វៀតណាម​ ធ្វើឲ្យ​ខ្ញុំ​ព្រួយបារម្ភ ​ពីព្រោះ​​វា​អាច​មាន​នយោបាយ​នៅក្នុង​សាលក្រម​នេះ​។ ​ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អំពី​ឯកសារ​…​ ពីព្រោះ​ឯកសារ​ដែល​តុលាការ​បាន​បង្កើត​។ ​មាន​ន័យ​ថា​ ​អ្នកណា​គេ​គ្រប់គ្រង​ឯកសារ​ហ្នឹង​ ​អ្នក​ហ្នឹង​អាច​ផ្ទេរ​ ​ឬ​អាច​បំបាត់​ឯកសារ​ខ្លះ​ ​ជា​ឯកសារ​ក្រដាស​ស្នាម​ ​ឬ​ជា​ឯកសារ​តាម​អេឡិចត្រូនិក​។​»​

ដោយឡែក​ សម្រាប់​អ្នកឃ្លាំមើល​ដំណើរការ​ជំនុំជម្រះ​ក្តី​ ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ជា​អតីត​មន្ត្រី​កម្មវិធី​ ​នៃ​អង្គការ​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ ​លោក​ ឡុង​ ​បញ្ញា​វុធ ​ក៏​យល់ឃើញ​ថា​ ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​ ​នៅតែ​មិន​អាច​គេចផុត​ពី​ឥទ្ធិពល​នយោបាយ​​នៃ​របប​ដឹកនាំ​សព្វ​ថ្ងៃ​ ​ជុំវិញ​ឯករាជ្យភាព​នៃ​ដំណើរការ​ស៊ើបអង្កេត​ ​ឬ​ដំណើរការ​កាត់ក្តី​របស់​ខ្លួន​ឡើយ​។ ​លោក​ ​ហៅ​ក្តី​រំពឹង​ទាំងឡាយណា​ដែល​ថា​ ​តុលាការ​កូនកាត់​មួយ​នេះ​ផ្តល់​ភាពវិជ្ជមាន​ជា​គំរូ​ដល់​តុលាការ​ជាតិ​ ​ឬ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ​គឺជា​ក្តី​រំពឹង​មួយ​ដែល​មិន​មាន​ភាពច្បាស់លាស់៖ «កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ​គឺ​ត្រូវ​ការ​ពេល​វេលា​ ធនធាន​ ​និង​ធនធាន​មនុស្ស។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​ការណែ​ដែល​រំពឹង​ថា​ ​តុលាការ​សាលា​ក្តី​អន្តរជាតិ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​​​មួយ​ ​ហើយ​ដោយ​ឯកឯង​រំពឹង​ថា ​លទ្ធផល​នៃ​សាលា​ក្តី​នោះ​ ​នឹង​មាន​ភាពវិជ្ជមាន​ទៅលើ​ប្រព័ន្ធ​តុលាការ​ជាតិ​ វា​គឺជា​ការ​យល់​ដឹង​មួយ​បែប​មិន​ច្បាស់លាស់​ ពីព្រោះ​ដើម្បីឲ្យ​មាន​ផលចំណេញ​ជា​វិជ្ជមាន​ដល់​ប្រព័ន្ធ​តុលាការ​ជាតិ​ វា​ត្រូវការ​ផែនការ​សកម្មភាព​ច្បាស់លាស់។ វា​មិន​អាច​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ ហើយ​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​អាច​បញ្ជាក់​ ​សាលា​ក្តី​ខ្មែរ​ក្រហម​ កេរ​ដំណែល​ដ៏​អាក្រក់​ ​គឺ​នៅតែ​មិន​អាច​ធ្វើជា​តុលាការ​មួយ​ដែល​អាច​ជម្នះ​បាន​ នូវ​ឥទ្ធិពល​នយោបាយ​ទៅលើ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ​ឬ​មួយ​ដំណើរ​ការ​កាត់ក្តី​របស់​ខ្លួន»

អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​លោក​ ​នេត្រ ​ភក្ត្រា ថ្លែង​ការពារ​ចំពោះ​កេរ​ដំណែល​ដែល​សាលា​ក្តី​នេះ​ផ្តល់​ជូន​ដល់​សង្គម​កម្ពុជា​ ​និង​ពិភពលោក​ទាំងមូល។ លោក​ថា ទាំង​ជន​រង​គ្រោះ​ សហគមន៍​ជាតិ និង​អន្តរជាតិ និង​អ្នក​តាម​ដាន​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​នេះ​ ​បាន​ស្វាគមន៍ ចំពោះ​ការ​ប្រកាស​សាលក្រម​នេះ​ ​បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា​ ​សាលា​ក្តី​នេះ​ ​បាន​ផ្តល់​កេរ​ដំណែល​អវិជ្ជមាន​មួយ​ចំនួន​​ពិត​មែនក៏ដោយ«កេរ​ដំណែល​របស់​តុលាការ​របស់​យើង គឺ​ទី​មួយ​ យុទ្ធសាស្ត្រ​របស់​តុលាការ​ ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ ​ដែល​អនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ​ ​ដោយ​បាន​បង្ហាញ​អំពី​ព្យ​សនកម្ម ការ​ឈឺ​ចាប់​របស់​ពួក​គាត់​ដោយ​ផ្ទាល់​ ​ហើយ​ចូលរួម​ជា​ភាគី​នៅ​ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្តី។ ទី​ពីរ ​កេរ​ដំណែល​របស់​តុលាការ​នេះ​ ​គឺ​កំពុង​តែ​ជ្រៀប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ជាតិ​ តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ ​និង​ប្រព័ន្ធ​តុលាការ យើង​យល់​ថា ​វា​មាន​កេរ​ដំណែល​ល្អ​ និង​កេរ​ដំណែល​អាក្រក់។ ​ប៉ុន្តែ​យើង​មើល​ឃើញ​អំពី​កេរ​ដំណែល​ល្អ​ ច្រើន​ជាង​កេរ​ដំណែល​អាក្រក់​ ​ដែល​យើង​អាច​ទាញ​យក​នូវ​បទ​ពិសោធន៍​ពី​តុលាការ​នេះ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់​យើង​ដែល​នៅ​តុលាការ​ជាតិ​ ​ក៏​ដូច​ជា​គំរូ​មួយ​ ​សូម្បី​តែ​ការ​សរសេរ​សាលក្រម ​ការ​គ្រប់គ្រង​សំណុំ​រឿង​ ​សូម្បី​​តែ​ដំណើរ​ការ​នីតិវិធី​អ្វី​ផ្សេងៗ គឺ​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់»

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយចំនួន​ ​និង​សហគមន៍​អន្តរជាតិ​ ​ស្វាគមន៍​សាលក្រម​កាត់ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ទោះ​បី​ជា​យ៉ាង​ណា​ ​អង្គការ​អន្តរជាតិ​ក៏​ចង់​ឃើញ​ ​មេ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ ​ត្រូវ​បាន​ស៊ើប​អង្កេត និង​​កាត់​ក្តី​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤ ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​ដូច​គ្នា​នេះ​ដែរ។

មន្រ្តី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សាទរ​សាល​ក្រម​ផ្តន្ទាទោស​លោក​ ​នួន​ ​ជា​ ​និង​ ​ខៀវ ​សំផន ​តែ​ខក​ចិត្ត​រឿង​មិន​កាត់​ទោស​មេ​ខ្មែរ​ក្រហម​បន្ថែម។ នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​លោក​ ហ្វ៊ីល ​រ៉ូប៊ឺត​សុន ​(Phil Robertson) ​ចាត់ទុក​ការ​កាត់​ទោស​អតី​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​គឺ​ជា​ការ​លាត​ត្រដាង​ការ​ពិត​ជា​ប្រវត្តិសាស្រ ​ដែល​មិន​អាច​ប្រកែក​បាន​ថា អំពើ​ប្រល័យ​ពូជសាសន៍​ ​ពិត​ជា​កើត​មាន​នៅ​លើ​ទឹក​ដី​កម្ពុជា​មែន។ លោក​បន្ថែម​ថា យុត្តិធម៌​ដែល​ទទួល​បាន​ក្នុង​សាលក្រម​នេះ​ ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ ​ជា​លក្ខណៈ​អន្តរជាតិ​ ​និង​យុត្តិធម៌​សម្រាប់​ជន​ដៃ​ដល់​ ​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​លោក។ ទោះ​បី​ជា​លោក​ ​នួន​ ​ជា​ ​និង​លោក​ ​ខៀវ ​សំផន ​ត្រូវ​បាន​ផ្តន្ទាទោស​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ រហូត​ដល់​ទៅ​ពីរ​ដង​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ ​នៅ​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤ ​ប្រហែល​ជា​មិន​ត្រូវ​បាន​យក​ផ្តន្ទាទោស​នោះ​ទេ ​ដោយសារ​បញ្ហា​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។ បញ្ហា​នេះ លោក​ ហ្វ៊ីល ​រ៉ូប៊ឺត​សុន ​(Phil Robertson) ​ចាត់​ទុក​ជា​ការ​ខក​ចិត្ត​ ​និង​ជា​រឿង​អកុសល​មួយ​ព្រោះ​លោក​ ហ៊ុន ​សែន ​ជំទាស់។ លោក ហ៊ុន សែន តែង​តែ​​ចង់​ឲ្យ​ដំណើរ​ការ​ជំនុំជម្រះ​ក្តី​ខ្លី និង​ឆាប់​ចប់។

សហគមន៍​អន្តរជាតិ​ក៏​ស្វាគមន៍​សាលក្រម​នេះ​ដែរ

សហរដ្ឋ​អាមេរិក​ ​បាន​សាទរ​ចំពោះ​សាលា​ក្តី​ខ្មែរ​ក្រហម​ ​ដែល​បាន​ផ្តល់​វេទិកា​យុត្តិធម៌​សំរាប់​ជន​រង​គ្រោះ​ ​ដែល​បាន​ទទួលរង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ធ្ងន់ធ្ង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ អាមេរិក​ចាត់​ទុក​ថា​ ​សាលក្រម​នេះ​ ​ជា​ជំហាន​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​​កម្ពុជា។ ចំណែក​សហភាព​អឺរ៉ុប​ យល់​ថា សាលក្រម​ផ្តន្ទាទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ​ដោយ​តុលាការ​កូន​កាត់​មួយ​នេះ​ ​បាន​ធានា​ការ​ទទួល​ខុសត្រូវ​ ​ចំពោះ​បទ​ឧក្រិដ្ឋ​នានា ​ដែល​បាន​ប្រព្រឹត្តិ​ក្នុង​អំឡុង​ពេល​ដែល​របប​ខ្មែរ​ក្រហម​កាន់​អំណាច​ ​ខណៈ​ប្រទេស​ជប៉ុន​វិញ​ ​ចាត់​ទុក​សាលក្រម​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ ​ជា​សម្មិទ្ធផល​បន្ថែម​ទៀត​នៃ​ដំណើរ​ក្តី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។ ប្រទេស​ជប៉ុន​ថា​ ​ដំណើរ​ក្តី​នេះ​ ​គឺ​ជា​ជំហាន​សំខាន់​មួយ​ទៀត​ឆ្ពោះ​ទៅ​រក​ភាព​ទទួល​បាន​ទាំង​ស្រុង​នៃ​ដំណើរ​​ការ​សន្តិភាព​ពេញលេញ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ ​សាលក្រម​នេះ​នឹង​ចូលរួម​ចំណែក​ផ្តល់​យុត្តិធម៌​និង​ពង្រឹង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ​ហៅ​លទ្ធផល​នៃ​ដំណើរ​ការ​កាត់ក្តី​របស់​តុលាការ​កូន​កាត់​ខ្មែរ​ក្រហម​នៅ​ពេល​នេះ​ថា ជា «យុត្តិធម៌​ប្រកប​ដោយ​ភាពជូរចត់» មួយ។ នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​អាស៊ី​អគ្នេយ៍​ ​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty International ​លោក​ នីកូឡា ​បេហ្គឺ​លីន ​(Nicholas Bequelin) មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា​ «សាលក្រម​ថ្ងៃ​នេះ​ ​ផ្តល់​នូវ​វិធានការ​មួយចំនួន​ ​នៃ​យុត្តិធម៌​​ដល់​ជន​រង​គ្រោះ​ ក្រោយ​រយៈពេល​ ៤០ឆ្នាំ​បន្ទាប់​ពី​អំពើ​ដ៏​ឃោឃៅ​មិន​អាច​ថ្លែង​បាន​​ប្រព្រឹត្តិ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា»។ លោក​ នីកូឡា ​បេហ្គឺ​លីន ​បន្ត​ថា «ខណៈ​សំណុំ​រឿង​កាត់​ក្តី​ទី​ពីរ​ នៃ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម ​ដែល​នៅ​រស់រាន​​មាន​ជីវិត​ចុងក្រោយ​ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ចំនួន​ពីរ​ផ្សេង​គ្នា​ ​និង​ ​មាន​គម្រោង​សំណង​រដ្ឋប្បវេណី​ចំនួន​ ១៤ ការណ៍​នេះ​ ​គឺជា​យុត្តិធម៌​ប្រកប​ដោយ​ភាពជូរចត់​មួយ​»។ ​លោក​បន្ត​ថា​ ​ពិភពលោក​ ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​​ហើយ​ចំពោះ​ព្រឹត្តិការណ៍​នេះ​។ ​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​បន្ទាប់ពី​ឧក្រិដ្ឋកម្ម​ ​និង ១៣ ឆ្នាំ​ ក្រោយពី​អង្គ​ជំនុំជម្រះ​នេះ​ ​បាន​បង្កើត​ឡើង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) គួរ​តែ​សម្រេច​បាន​សមិទ្ធិ​ផល​ច្រើន​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ភាគី​ពាក់ព័ន្ធ​ជាតិ​ ​និង​អន្តរជាតិ ប្រតិកម្ម​ចម្រុះ​សាទរ និង​ខកចិត្ត ជុំវិញ​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម"

  1. Anonymous says:

    it is now can be some release for all Cambodian but there are more murder are hiding among Cambodian politician . we Cambodian knew that this Khmer Rue curt was not fare by having interference from Cambodian politician . as all of us seeing right now in HUN SEN regime there was some Cambodian still murder and we not yet find out who was those murder. after all Cambodian still be the tool for all these politician to gain their policy . the future of this nation still uncertainty under HUN SEN the whole world can see clearly what was wrong right now . for many decade this country still under communist control that right Cambodian never have seen what we call democracy . not even that Cambodia right now is wars then that it become a dictator regime under those communist politician . as a Cambodian I’m seeing this fragile nation will never be health if the communist nation beside it will not let it’s predator go away . GOD bless KAMPOUCHEA

Leave a Reply

Submit Comment