មរណៈភាព​របស់ ​លោក​តា ​ប្រាជ្ញ​ ឈួន ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សំដែង​ការ​សោក​ស្តាយ​

ដោយ អ៊ឹង ប៊ុនថន
17/11/2018
RFI

media
លោកតា ប្រាជ្ញ ឈួន
@RFI


ព្រឹទ្ធា​ចារ្យ​ចាប៉ី​ដង​វែង​របស់​កម្ពុជា​ គឺ​លោក​តា ​ប្រាជ្ញ ​ឈួន ​បាន​ទទួល​មរណភាព​នៅ​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​​ ក្នុង​ជន្មាយុ ​៨២​ឆ្នាំ​ ដោយ​ជរាពាធ​ ក្រោយ​ពី​ត្រូវ​បាន​នាំ​មកសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​អស់​ជា​ច្រើន​ថ្ងៃ​។​ មរណៈភាព​របស់​លោកតា​ ប្រាជ្ញ ​ឈួន​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សំដែង​ការ​សោក​ស្តាយ ​និង​ចាត់​ទុក​ថា​ជា​ការ​បាត់​បង់​ អ្នក​មាន​ហោវា​ ខាង​ចាប៉ី​ដង​វែង​ដ៏​កម្រ​របស់​ខ្មែរ​។​

លោក​ ប្រាជ្ញ ​ឈួន ​ឬ​គេ​ស្គាល់​ឈ្មោះថា​ លោក​តា ​ភារម្យ ​ប្រាជ្ញ ​ឈួន ​កើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​បងប្អូន៦​នាក់​ នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោកបានចាប់​ផ្តើម​រៀន​ចាប៉ី​តាំងពី​អាយុ​ ៩​ឆ្នាំ​ បន្តពី​ឪពុកមារ​ម្នាក់​ឈ្មោះ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។

​លោកតា​ ប្រាជ្ញ ​ឈួន ​គឺ​ជន​ពិការ​ភ្នែក​ទាំង​សង​ខាង​តាំងពី​អាយុ​៥​ឆ្នាំ​ ដោយ​សារ​រោគ​កញ្ជ្រិលតែ​លោក​អាច​មើល​ឃើញ​ព្រាលៗ​។

ចំពោះ​ការ​សិក្សា​វិញ ​លោកតា​ ទទួល​បាន​ការ​បង្ហាត់​បង្រៀន ខាង​សាភា​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ ពីព្រះ​សង្ឃ ​នៅពេល​ដែល​លោក​ស្នាក់​នៅតាម​ទីវត្ត​អារ៉ាម។​

​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​២០​នាក់។​

ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា ​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ​ជា​ច្រើន​ទៀត។

នៅក្នុង​​របប​ខ្មែរ​ក្រហម​ ​ លោកតា ​ប្រាជ្ញ ឈួន ត្រូវបានជម្លៀសចេញពីភ្នំពេញឲ្យទៅកាន់ស្រុកកំណើតវិញ តែ​ក្រោយ​ដួល​រំលំ​នៃ​របប​អាវ​ខ្មៅ​នេះ ​លោក​បាន​ត្រឡប់​មក​ភ្នំពេញ ​និង​បាន​ច្រៀង​នៅ​កម្ម​វិធី​វិទ្យុជាតិ​កម្ពុជាឡើងវិញ។​ ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​ដែរ។​

លើសពី​នេះ​ទៅ​ទៀត ​លោកតា ​ប្រាជ្ញ ឈួន ​ក៏​ធ្លាប់​ទៅច្រៀងចាប៉ី​នៅ​សហ​រដ្ឋ​អាមេរិកបាន​២​ដង ​ប្រទេស​បារាំង​បាន​៣​ដង​ និង​ទៅ​ប្រទេស​សឹង្ហ​បុរីបាន​ម្តង។​

លោក​តា ភារម្យ ប្រាជ្ញ​ ឈួន​ ត្រូវ​បាន​គេ​ចង​ចាំ​សំនៀង​របស់​លោក​កាន់​តែ​ច្បាស់​នៅ​ពេល​គាត់​ច្រៀង​រៀប​រាប់​ពី​ច្បាប់​ក្រម​ង៉ុយ និង​ច្បាប់​ស្រី​ជាដើម​ ហើយ​ ក៏​បាន​បង្ហាត់​បង្រៀន​កូន​សិស្ស​បាន​មួយ​ចំនួន​ដែរ។​

ពេញ​មួយ​ជីវិត​របស់លោកតា ប្រាជ្ញ ឈួន គាត់​បាន​បន្សល់​ទុក​នូវ​​មរតក​សំនៀង​ជាច្រើនដូចជា ​សាយ័នណារា​ ​ច្បាប់​ក្រម​ង៉ុយ​​ អាចារ្យ​ចុង​ រឿង​សុវណ្ណសាម​ ​ពុទ្ធ​ប្រវត្តិ និងរឿង​រាម​កេរ្តិ៍​ ជាដើម៕

What Next?

Recent Articles

Leave a Reply

Submit Comment