ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ ចូល​មក​​ជំរំ​​ធ្វើ​​ស្រែ​​នៅ​​ព្រំដែន​​ខេត្ត​​ស្វាយរៀង

ដោយ ទីន ហ្សាការីយ៉ា
2018-11-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ទីតាំងរោង​ចាំ​ស្រែ​របស់​ជនជាតិ​វៀតណាម​នៅ​ចំណុច​ក្បែរ​បង្គោល​ព្រំដែន​លេខ ២០០ ក្នុង ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថត​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ២០១៨។ រូបថត​ផ្ដល់​ដោយ​ប្រជាពលរដ្ឋ
ទិដ្ឋភាព​ទីតាំងរោង​ចាំ​ស្រែ​របស់​ជនជាតិ​វៀតណាម​នៅ​ចំណុច​ក្បែរ​បង្គោល​ព្រំដែន​លេខ ២០០ ក្នុង ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថត​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ២០១៨។ រូបថត​ផ្ដល់​ដោយ​ប្រជាពលរដ្ឋ


ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង​អះអាង​​ថា ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ បាន​នាំគ្នា​ចូល​មក​បោះជំរំ​​ធ្វើស្រែ​នៅ​លើដីខ្មែរ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​មិន​មាន​អាជ្ញាធរ​ណា​មាន​​វិធានការ​ទប់ស្កាត់ ចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ។ ពលរដ្ឋ​​ព្រួយ​បារម្ភ​ការ​បោះ​ជុំរុំ​យូរ​ទៅ​ធ្វើឲ្យ​បាត់បង់​ដី​នៅ​តាម​ព្រំដែន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់វៀតណាម​។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ស្រុក​ចន្ទ្រា​ ខែត្រស្វាយរៀង លោក ឃុត ថៃ​ហេង​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ថា ជនជាតិ​វៀតណាម​ចូល​មកបោះ​ជុំរុំ​បាន ​ដោយសារ​មេឃុំ​ចន្ទ្រា និង​មន្ត្រី​មាន​អំណាច​នៅ​ព្រំដែន​មួយ​ចំនួន​ទៀត​បាន​ជួល​ដី​ឲ្យ​វៀតណាម​ចូល​មក​ធ្វើ​ស្រែ។ ពលរដ្ឋ​រូប​នេះ បន្ត​ទៀត​ថា ជនជាតិ​វៀតណាម​ចំនួន​ ១២គ្រួសារ​ចូល​មក​បោះតង់​ស្នាក់​នៅ ចម្ងាយ​ប្រហែល​ ២គីឡូម៉ត្រ​ពី​ព្រំដែន​ដែន​កម្ពុជា​វៀតណាម​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២០០ នៅ​ក្នុង​ភូមិ​តែង​ម៉ៅ​ គោក​តែក និង​ភូមិ​ចន្ទ្រា ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង៖ «រឿង​ការ​ជួល​ដី​នេះ​ពិបាក​មែនទែន​ ហើយ​ខ្ញុំ​និយាយ​យ៉ាង​មិច​ក៏​មិន​ឈ្នះ​គេ​ដែរ​ ព្រោះ​គេ​មាន​អភិបាល​រង​ខេត្ត​ស្វាយរៀង​នៅ​ពីក្រោយខ្នង ហើយ​នៅ​មាន​ការ​ចូល​មក​ធ្វើ​ស្រែ​ទៀត​ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​​ណាស់​។សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ឲ្យ​បាន​រួសរាន់​ផង​ ព្រោះ​រឿង​នេះ​ពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​ចន្ទ្រា​មាន​ការ​ព្រួយបារម្ភ​ណាស់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​មេឃុំ​ចន្ទ្រា លោក សុខ ស៊ីថា បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ​ថា​ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​សព្វ​ថ្ងៃ​​ពលរដ្ឋ​ឈប់​ជួល​ដី​ឲ្យ​វៀតណាម ​ចូល​មក​ប្រមូល​ផ្ដុំ​គ្នា​បោះ​តង់​ស្នាក់​នៅ ដូច​ជា​នៅ​ក្នុង​ជុំរុំ​ជនភៀសខ្លួន ដើម្បីធ្វើ​ស្រែ​នៅ​លើ​ដីខ្មែរ ដែល​ពួក​គេ​បាន​ជួល ដូច​កាល​ពី​មុន​ដែរ៖ «តែ​បើ​ពាក់ព័ន្ធ​រឿង​ការ​ទិញ​ពូជ​ស្រូវ​និង​ទិញ​ជី​ពី​ជនជាតិ​វៀតណាម​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​ចង់​បាន​ជូន​ល្អ​យក​មក​ធ្វើ​ស្រែ ហើយ​ពួកគាត់​កុម្ម៉ង់​​ ពី​គេ​មក​ ហើយ​វៀតណាម​ក៏​ចុះ​មក​ពិនិត្យ​មើល​ដល់​ដីស្រែ​តែ​ម្ដង​ ព្រោះ​គេ​ខ្លាច​ខ្មែរ​យើង​ធ្វើ​ស្រែ​បាន​ផល​ហើយ​មិន​សង​គេ​ ព្រោះ​អី​កន្លង​មក​មាន​ពលរដ្ឋ​ខ្លះ​បាន​បោក​វៀតណាម​រួច​មក​ហើយ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​ លីកាដូ (Licadho) ខេត្ត​ស្វាយរៀង​លោក នុត ប៊ូពិនណារ័ត្ន​ មាន​ប្រសាសន៍​ថា ​លោក​ពុំ​បាន​ដឹង​ចំពោះ​ការ​ជួល​ដី​នៅ​ព្រំដែន​ស្រុក​ចន្ទ្រា​នោះ​ទេ ប៉ុន្តែ​ជនជាតិ​វៀតណាម​ធ្លាប់​​ចូល​មក​ជួល​ដី​ពី​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ខេត្ត​នេះ​ជា​ច្រើន​កន្លែង ហើយ​បាន​ធ្វើ​ខ្ទម​ចាំ​ស្រែ​​របស់​ពួកគេ​ជា​ហូរហែ​ទៀត​ផង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​មាន​ការ​ចូល​មក​បោះ​ជុំរុំ​ដូច្នេះ​ក៏​ដោយ​ ក៏​ពួកគេ​មិន​អាច​យក​ដី​ខ្មែរ​បាន​ដែរ ព្រោះ​ការ​ជួល​ភាគ​ច្រើន​មាន​ធ្វើ​កិច្ចសន្យា​ជួល​ដី​ពី​អាជ្ញាធរ​ដែនដី ដោយ​មាន​កំណត់​រយៈ​ពេល​ច្បាស់​លាស់៖ «តែ​គ្រាន់​តែ​បាន​ដឹង​ការ​ជួល​ដី​អី​នឹង​ដោយសារ​ជាប់​កិច្ច​សន្យា​ចាស់​ ហើយ​ពាក់ព័ន្ធ​នឹង​ការ​ដែល​ពួកគាត់​ចូល​មក​បោះ​ជុំរុំ​អី​គឺ​យើង​ពិបាក​ហាម​ពួកគាត់​ណាស់​ ព្រោះ​វៀតណាម​គាត់​មក​ការពារ​ផលដំណាំ​ដែល​បាន​ដាំដុះ​នៅ​លើ​ដី​ជួល​ គាត់​មក​មើល​ខ្លាច​មាន​គោ​ស៊ី​ដំណាំ​គាត់ ហើយ​ជា​ការ​ព្រួយបារម្ភ​ចេះ​តែ​ព្រួយ​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​​បើ​មាន​ឯកសារ​ផ្លូវ​ច្បាប់​ជួល​ហើយ​ដូច​មិន​មាន​បញ្ហា​អី​ទេ»

លោក​ បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​អាច​មក​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ ឬ​មក​ទាក់ទង​​ការិយាល័យ​អង្គការ លីកាដូ​ ខេត្ត​ ដើម្បី​ជួយ​រៀបចំ​សំណុំ​រឿង​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​បាន។

កន្លង​មក​ឧបនាយករដ្ឋមន្ត្រី​លោក​ ស ខេង បាន​ចេញ​បញ្ជា​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​បរទេស​នោះ​ទេ ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏​ដោយ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ ប៉ុន្តែ​ពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​នឹង​បទ​បញ្ជា​នេះ​ទេ ព្រោះ​ដី​នៅ​ជាប់​ព្រំដែន​ទាំង​ប្រទេស​ថៃ និង​វៀតណាម​នៅ​តែ​មាន​អ្នក​ជួល​ដី​ឲ្យ​បរទេស​យក​ទៅ​ធ្វើ​កសិកម្ម​ដដែល​ ហើយ​គ្មាន​អាជ្ញាធរ​ណា​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។

លោក ឃុត ថៃ​ហេង អះអាង​ថា​ សព្វ​ថ្ងៃ​ដី​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា​ចំនួន​ជាង​ ៤០០​ហិកតារ​ហើយ​ ដែល​ជនជាតិ​វៀតណាម​បាន​ជួល​យក​ទៅ​​ធ្វើ​ស្រែ​ ហើយ​ក្នុង​នោះ​ មាន​​ដី​របស់​មេឃុំ​ចន្ទ្រា​ផ្ទាល់​​ប្រហែល​ ៤០​ហិកតារ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles